សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​អាមេរិក​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ឱ្យ​ឈប់​ធ្វើ​ទុក​បុក​ម្នេញ​ដល់​ខ្មែរ​ក្រោម

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​ប្រជុំ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី១៧ មករា កន្លង​ទៅ នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា អំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស ការ​រឹតត្បិត​សេរីភាព ផ្នែក​អ៊ីនធឺណិត និង​ករណី​ឃាតកម្ម លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឱ្យ​ក្រសួងការបរទេស​អាមេរិក និង គណៈកម្មការ​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ ជំរុញ​ឱ្យ រដ្ឋាភិបាល​វៀតណាម ផ្តល់​សិទ្ធិ​សេរី ផ្នែក សាសនា នយោបាយ និង​ការអប់រំ​ស្មើភាព​គ្នា ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​។ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ រដ្ឋាភិបាល​បន្ត​គាបសង្កត់​លើ​សិទ្ធិ​សេរី​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅឡើយ​។

លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ដឹកនាំ​ប្រតិភូ​ខ្មែរ​ក្រោម ចូល​ជួប​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក និង​មន្ត្រី​គណៈកម្មការ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) មានប្រសាសន៍ថា លោក​បាន​ជំរាប​ជូន​មន្ត្រី​អាមេរិក​នូវ​ក្តី​កង្វល់​ជាច្រើន ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​។ លោក​បន្ត​ថា ក្តី​បារម្ភ​ចម្បង​រួមមាន ការ​កេណ្ឌ​យុវជន​ខ្មែរ​ក្រោម ចូល​បម្រើ​ទាហាន វៀតណាម និង ការ​រឹត​បណ្តឹង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ ខ្មែរ​កម្ពុជា​ក្រោម ជាដើម​។ លោក​ប្រាក់ សេរីវុឌ្ឍ បន្ត​ថា កាលពី​ឆ្នាំមុន និង​ថ្មីៗ​នេះ មាន​យុវជន​ខ្មែរ​ក្រោម​ចំនួន​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សម្លុត​បំភ័យ ករណី​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ករណី យុវជន​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទាយ​ទាហាន​វៀតណាម សង្ស័យ​ថា ជនរងគ្រោះ​ស្លាប់​បណ្ដាល​មក​ពី​ការ​ធ្វើ​ទារុណកម្ម ដោយសារតែ​សាកសព មាន​ស្នាមរបួស ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ថា ស្លាប់​ដោយសារតែ​ជំងឺ៖ «ប៉ុន្តែ​អ្នក​ទាំងអស់​ដែល​គេ​ធ្លាប់​ស្គាល់​វេង យ៉ុង ហ្នឹង មាន​សុខភាព​ល្អ​អត់​មាន​បញ្ហា​សោះ​។ ដល់​សព​បញ្ជូន​មក​ហ្នឹង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ទាំងអស់ គឺ​ស្នាម​វាយ​ដុំ»។

ចំពោះ​វិស័យ​អប់រំ​វិញ លោក ប្រាក់ សេរីវុឌ្ឍ ក៏​ប្រាប់​មន្ត្រី​អាមេរិក​ដែរ​ថា វៀតណាម កំពុង​រឹតត្បិត​ខ្មែរ​ក្រោម​មិន​ឱ្យ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ឡើយ ហើយ​វៀតណាម ក៏​មិន​ផ្តល់​ភាព​យុត្តិធម៌ និង​តម្លាភាព​ដល់​សិស្ស​ខ្មែរ​ក្រោម ដើម្បី​អាច​បន្ត​ការសិក្សា​នៅ​បរទេស​បាន។ លោក​ស្នើ​ឱ្យ អាមេរិក​យកចិត្តទុកដាក់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ក្រោម ដែល​មាន​សមត្ថភាព​អាច​បន្ត​ការសិក្សា​នៅ​អាមេរិក ដូច​សិស្ស​វៀតណាម​ដែរ៖ «ខ្មែរក្រោម​មិនដែល​បាន​ទទួល​អាហារូបករណ៍​មក​រៀន​ទេ​។​ខ្មែរ​ក្រោម​យើង​រៀន​ពូកែ យើង​មិន​ឱ្យ​គេ​ពុករលួយ​ទេ ឱ្យ​យក​តែ​ខ្មែរ​ទេ តែ​បើ​ខ្មែរ​ក្រោម​យើង​រៀន​ពូកែ​ដែរ​ត្រូវ​យក​មក​។ យើង​ត្រូវ​ការ​ជ្រើសរើស​កុំ​ឱ្យ​ចាត់​ទៅ​ក្រសួង​អប់រំ​វៀតណាម ព្រោះ​គេ​ប្រកាន់​បក្សពួក»។

ខ្មែរ​ក្រោម​មិន​ត្រឹមតែ​រង​ការ​រើសអើង​ក្នុង​វិស័យ​អប់រំ​នោះ​ទេ វៀតណាម​ក៏​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សម្រាក​ថ្ងៃបុណ្យ​ជាតិខ្មែរ​ផង​ដែរ។

កាល​ពី​ដើម​ឆ្នាំ ២០២០​នេះ តំណាង​ខ្មែរ​ក្រោម បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​ដែល​ធ្វើ​ការងារ​នៅ​ទីក្រុង អាច​ឈប់​សម្រាក​ពេល​បុណ្យជាតិ​សំខាន់ៗ​ដូចជា បុណ្យ​ចូលឆ្នាំថ្មី និង បុណ្យ​សែន​ដូនតា ជាដើម​។ ញត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម​បញ្ជាក់​ថា ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ដើម មាន​វប្បធម៌ ទំនៀមទម្លាប់ និង​ពិធី​បុណ្យជាតិ​ផ្សេង​ពី​ជនជាតិ​វៀតណាម ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ជាតិ ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ ញត្តិ​បញ្ជាក់​ទៀត​ថា វៀតណាម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឈប់សម្រាក​ក្នុង​រយៈពេល​ខ្លី នៅ​ក្នុង​ខេត្ត ៣ រួមមាន ខេត្ត ព្រះ​ត្រពាំង ឃ្លាំង និង​ពលលាវ ចំណែក​ខេត្ត ១៨​ទៀត​ខ្មែរ​ក្រោម​មិន​បាន​ឈប់​សម្រាក​ឡើយ។

ញត្តិ​បន្ថែម​ទៀត​ថា កម្មករ​ខ្មែរ​គ្មាន​កាលបរិច្ឆេទ​ឈប់សម្រាក​ក្នុង​កម្មវិធី​របស់​រដ្ឋាភិបាល​វៀតណាម ជា​មូលហេតុ​បណ្ដាល​ឱ្យ​ប៉ះពាល់ ការលើកតម្កើង​វប្បធម៌ និង​ប្រពៃណី​ជាតិ ដោយសារតែ​វប្បធម៌​និង​ប្រពៃណី​ជាតិខ្មែរ ត្រូវ​ពលរដ្ឋ​បង្ហាញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី និង​បុណ្យ​សែន​ដូនតា។ ញត្តិ​ស្នើ​ឱ្យ​វៀតណាម​ផ្ដល់​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម និង​ចេញ​បញ្ជា​ឱ្យ​ក្រុមហ៊ុន និង​រោងចក្រ​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​បាន​ឈប់សម្រាក​ពេល​បុណ្យជាតិ​។ មន្ត្រី​វៀតណាម​កន្លងមក​បាន​អះអាង​ថា វៀតណាម​មិនបាន​ដាក់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ក្នុង​ថ្ងៃ​ឈប់​សម្រាក​រដ្ឋ​ឡើយ ដូច្នោះ​ប្រសិនបើ​ខ្មែរ​ក្រោម​ឈប់​សំរាក​ថ្ងៃបុណ្យ​ជាតិខ្មែរ ពួកគេ​នឹង​បាត់បង់​ផលប្រយោជន៍​ការងារ និង​ប្រាក់ខែ។

ក្នុង​កិច្ចប្រជុំ​នឹង​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ក៏​ស្នើ​ឱ្យ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ។ បច្ចុប្បន្ន យ៉ាងហោចណាស់​ក៏​ជនភៀសខ្លួន​ជនជាតិ​ខ្មែរ​ក្រោម​ជាង ២០០​រយ​នាក់ បន្ត​ជាប់​ផុង​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី មិន​ទាន់​បានសម្រេច​។ ជនភៀសខ្លួន​មួយ​ចំនួន​អះអាង​ថា ពួកគេ​ភៀសខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ ដោយសារតែ​ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ទាំង​សិទ្ធិ ដីធ្លី ការ​បញ្ចេញ​មតិ ការប្រើប្រាស់​បណ្ដាញ​សង្គម និង​សាសនា​ជាដើម​។ មូល​ហេតុ​ដែល​ខ្មែរ​ក្រោម មិន​អាច​រស់នៅ​កម្ពុជា​បាន​នោះ ដោយសារតែ​ភ្នាក់ងារ​វៀតណាម អាច​បន្ត​មក​ចាប់ខ្លួន​ពួកគេ​នៅ​កម្ពុជា​ទៅ​វៀតណាម​ដើម្បី​ដាក់​ពន្ធនាគារ​បាន។ កន្លងមក​រដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ជា​ពលរដ្ឋ​វៀតណាម ហើយ​អះអាង​ថា កម្ពុជា​មិន​លូកដៃ​ចូល​កិច្ចការ​របស់​វៀតណាម​នោះ​ទេ។

លោក ប្រាក់ សេរីវុឌ្ឍ សង្ឃឹមថា សំណូមពរ​ខ្មែរ​ក្រោម​នឹង​ត្រូវ​អាមេរិក​ដាក់​បញ្ជូល​ក្នុង​របៀប​វារៈ​ជជែក​គ្នា ក្នុង​វេទិកា សន្ទនា​អាមេរិក​និង​វៀតណាម ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ ស្ថានទូត​វៀតណាម នៅ​អាមេរិក​ធ្លាប់​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ក្រោយ​កិច្ចប្រជុំ​សន្ទនា​អាមេរិក​និង​វៀតណាម ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស កាល​ពី​ខែ​ឧសភា កន្លង​ទៅ​ថា វៀតណាម បាន​ជ្រើសរើស​យក​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​នេះ។ ហើយ​រដ្ឋាភិបាល​កុម្មុយនិស្ត នឹង​ស្វាគមន៍​ការ​ផ្តល់​អនុសាសន៍​ជា​លក្ខណៈ​ស្ថាបនា រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ​។ វៀតណាម បាន​ចោទប្រកាន់​ក្រុម​មួយ​ចំនួន​មាន​មូលដ្ឋាន​នៅ​អាមេរិក ដោយ​មិន​បញ្ចេញ​ឈ្មោះថា មាន​បំណង​មិនល្អ​នឹង​រដ្ឋាភិបាល​វៀតណាម ក្នុង​បំណង​បំផ្លាញ​ទំនាក់ទំនង​អាមេរិក និង វៀតណាម​។ ទោះបី​យ៉ាង​ក៏ដោយ របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស​សម្រាប់ ឆ្នាំ ២០១៨ រកឃើញ​ថា វៀតណាម​មាន​ជាប់​ពាក់​ពន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី​រួមមាន អំពើ​ឃាតកម្ម​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​អនាធិបតេយ្យ ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ជាដើម។

បច្ចុប្បន្ន​ខ្មែរ​កម្ពុជា​ក្រោម ជាច្រើន​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ខេត្ត​២១ ដែល​ជា​ទឹកដី​កំណើត​របស់​ខ្មែរ​។ ខ្មែរ​ក្រោម​ជុំវិញ​ពិភពលោក គ្រោង​នឹង​ប្រារព្ធ​ខួប ៧១​ឆ្នាំ បាត់បង់​ទឹកដី​ខែ​មិថុនា ខាងមុខ​។ ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខាងក្រៅ​និង​ក្នុង​ប្រទេស កំពុង​ជំរុញ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។