សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបង្កើតយុទ្ធនាការផ្តល់សៀវភៅដល់កូនខ្មែរក្រោមនៅលើទឹកដីកំណើត
2020.03.01
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពបានបង្កើតយុទ្ធនាការផ្តល់សៀវភៅសិក្សាអក្សរខ្មែរដល់កូនខ្មែរក្រោម នៅទឹកដីខ្មែរកម្ពុជាក្រោម ដើម្បីអាចឱ្យពួកគេអាចរៀនភាសា និងអក្សរខ្មែរបាន។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មក ហើយបានបង្រៀនកូនខ្មែរកម្ពុជាក្រោមរាប់ពាន់នាក់ឱ្យចេះភាសា និងអក្សរខ្មែរ។ នៅដើមឆ្នាំ២០២០នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពបានផ្ញើសៀវភៅសិក្សាចំណោះដឹងទូទៅបាន ៥ពាន់ក្បាលទៅដល់សិស្សខ្មែរក្រោម។
មន្ត្រីជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកឱ្យដឹងថា តាមរយៈយុទ្ធនាការប្រមូលថវិកាទិញសម្ភារៈសិក្សា និងសៀវភៅជូនសិស្សនៅកម្ពុជាក្រោមរយៈពេលពីរឆ្នាំនេះ កូនខ្មែរក្រោមរាប់ម៉ឺននាក់ បានសិក្សាអក្សរសាស្ត្រ និងភាសាខ្មែរ។ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អង្គការរបស់លោក បានចំណាយថវិកាក្នុងមួយឆ្នាំ ប្រមាណ ៨ពាន់ដុល្លារ ចាប់ពីឆ្នាំ២០១៨ ហើយគ្រោងនឹងបង្កើនថវិកា រហូតដល់មួយម៉ឺនដុល្លារសម្រាប់ឆ្នាំ២០២០ នេះ។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា ការផ្ដល់ចំណោះដឹងផ្នែកភាសាដល់កុមារខ្មែរក្រោម នឹងជំរុញឱ្យខ្មែរក្រោមអាចរក្សាអត្តសញ្ញាណខ្មែរក្រោមទៅថ្ងៃអនាគតបាន៖ «ភាសាខ្មែរខ្ញុំគិតថា មិនអាចបាត់បង់បានទេ ព្រោះពីមុនរដ្ឋាភិបាលយួនហ្នឹងបានគាបសង្កត់គ្រប់ជ្រុងជ្រោយទាំងអស់នៅតែភាសាហ្នឹងមិនបាត់បង់។ រដ្ឋាភិបាលវៀតណាមឥឡូវនេះ ត្រូវការជំនួយពីអន្តរជាតិដើម្បីស្ដារសេដ្ឋកិច្ច ដូច្នោះត្រូវតែគោរពសិទ្ធិជនជាតិនីមួយៗ»។
កម្មវិធីផ្ដល់សៀវភៅរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដល់កុមារខ្មែរក្រោមនេះ គឺចាប់ពីថ្នាក់ទីមួយរហូតដល់ឆ្នាំទី៧ នៅខេត្តចំនួន៥។ សៀវភៅសិក្សាទាំងអស់នោះ គឺជាសៀវភៅបង្រៀនចំណេះដឹងទូទៅរបស់ក្រសួងអប់រំនៅព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់សៀវភៅនេះ ធ្វើឡើងតាមរយៈព្រះសង្ឃ ដែលជាគ្រូបង្គោលនៅតាមវត្តចំនួន ៣០វត្ត។ ក្រៅពីផ្ដល់សៀវភៅសិក្សា សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកក៏ផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃខ្មែរក្រោមដើម្បីអាចទៅសិក្សានៅបរទេសទៀតផង។
លោក ថាច់ ង៉ុកថាច់ សង្ឃឹមថា តាមរយៈការផ្តល់សៀវភៅសិក្សានេះ អក្សរសាស្ត្រខ្មែរនឹងមិនបាត់បង់នៅលើកទឹកដីកម្ពុជាក្រោមឡើយ៖ «បើកុមារខ្មែរយើងមិនចេះភាសាកំណើតយើង តើយើងសម្រេចយ៉ាងម្ដេច ដូច្នោះយើងត្រូវកុមារា និងកុមារី ព្រះសង្ឃត្រូវមានជំហរដដែល ខ្ញុំជឿថា កាលណាកូនៗខ្មែរក្រោម មានការចេះដឹង លទ្ធិប្រជាធិបតេយ្យនៅប្រទេសវៀតណាមក៏មានក៏មានការទូលំទូលាយ»។
ព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះត្រពាំង មានថេរដីកាថា កូនខ្មែរកម្ពុជាក្រោមចូលចិត្តរៀនភាសាខ្មែរ។ ពួកគេតែងតែមករៀនជារៀងរាល់ថ្ងៃ។ ព្រះអង្គកត់សំគាល់ថា ឪពុកម្ដាយកុមារខ្មែរក្រោមក៏ជំរុញឱ្យកូនៗ របស់ពួកគេមកសិក្សាផងដែរ ហើយកុមារា និងកុមារី បានមកសិក្សាអក្សរខ្មែរដូចគ្នា៖ «សំខាន់យើងត្រូវសិក្សារៀនសូត្រ អក្សរសាស្ត្រខ្មែរយើងខាងដើម។ កូនខ្មែរយើងចាំបាច់ត្រូវតែរៀនតាំងពីថ្នាក់ទីមួយ ពីរ និងបីរហូត។ យើងការរៀនសូត្រឱ្យចេះច្បាស់ហ្នឹង គឺយើងរក្សាអត្តសញ្ញាណជាតិរបស់យើងហើយ»។
ព្រះសង្ឃស្នើឱ្យពលរដ្ឋខ្មែរក្រោមចូលរួមបរិច្ចាគថវិកា ទិញសម្ភារៈសិក្សាដល់កូនខ្មែរ ដើម្បីរក្សាអក្សរសាស្ត្រខ្មែរទៅអនាគត៖ «បើយើងរៀនគ្មានសៀវភៅ យើងរៀនមិនចេះ។ អាត្មាសង្ឃឹមថា យើងនឹងចេះជួយជ្រោមជ្រែងគ្នា»។
លោក ថាច់ ង៉ុកថាច់ អះអាងថា ទោះបីអាជ្ញាធរវៀតណាមហាក់បន្ធូរបន្ថយការរឹតត្បិតលើសិទ្ធិសេរីភាពសិក្សាភាសាខ្មែរក៏ដោយ ប៉ុន្តែ ការចែកចាយសៀវភៅភាសាខ្មែរនេះ ធ្វើឡើងក្នុងលក្ខណៈលាក់លៀមនៅឡើយទេ។ លោកថា នៅតាមព្រំដែនអាជ្ញាធរវៀតណាមនៅតែបន្តហាមឃាត់មិនឱ្យយកសៀវភៅខ្មែរចូលដដែល។ លោក ថាច់ ង៉ុកថាច់ ឱ្យដឹងថា អង្គការរបស់លោកនឹងធ្វើកម្មវិធីមួយក្នុងឱកាសបុណ្យឆ្នាំថ្មី នៅថ្ងៃទី១២ ខែមេសាខាងមុខ នៅទីក្រុងឡងប៊ិច ដើម្បីអំពាវនាវរកថវិកាទិញសៀវភៅភាសាខ្មែរជួយដល់កូនចៅខ្មែរក្រោម៕