ពលរដ្ឋខ្មែរក្រោមក្នុងប្រទេសមួយចំនួនមាន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ថៃ កូរ៉េខាងត្បូង និងកម្ពុជា បាននាំគ្នាប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ទៅក្រោមនឹមត្រួតត្រារបស់ប្រទេសកុម្មុយនិស្តវៀតណាម។ ពួកគេអះអាងថា សារសំខាន់នៃខួប ៧០ឆ្នាំ គឺការស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ត្រូវបានពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតបានស្វែងយល់គ្រប់ជ្រុងជ្រោយ។ ចំណែករដ្ឋាភិបាលវៀតណាម ក៏បានដឹងឮ ហើយនឹងមិនសូវហ៊ានធ្វើបាបពលរដ្ឋខ្មែរក្រោមដូចបច្ចុប្បន្ននេះដែរ។
មន្ត្រីសំខាន់ៗ មួយចំនួនរបស់សមាគមខ្មែរកម្ពុជាក្រោមអះអាងថា ពលរដ្ឋខ្មែរក្រោមបានសាមគ្គីគ្នាជាសំឡេងធ្លុងមួយឆ្ពោះទៅការស្វែងរកសិទ្ធិកំណត់ជោគវាសនាអនាគតឯងខ្លួន ឲ្យពលរដ្ឋដើមកំណើតខ្មែរក្រោម ដែលកំពុងឋិតក្រោមការគ្រប់គ្រងរបស់កុម្មុយនិស្តវៀតណាម។ ពលរដ្ឋខ្មែរកម្ពុជាក្រោម បានប្រើប្រាស់ព្រឹត្តិការណ៍ខួប ៧០ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីនេះ ដើម្បីធ្វើជាយុទ្ធនាការមួយនៅជុំវិញពិភពលោក ដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិដឹងថា ពលរដ្ឋខ្មែរក្រោមកំពុងស្រែកឃ្លាន សិទ្ធិ សេរីភាព ផ្នែកសាសនា អក្សរសាស្ត្រ ជំនឿ និងប្រពៃណី។ កាលពីដើមខែមិថុនា ខ្មែរក្រោមជុំវិញពិភពលោក បានជួបជុំគ្នាថ្លែងទាមទារសារសិទ្ធិសេរីភាព។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក បានប្រមូលមន្ត្រីជំនាញលើពិភពលោក សិក្សាស្វែងយល់ពីច្បាប់ជាតិ និងអន្តរជាតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួន។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃទី១ មិថុនា នៅទីក្រុង ឡាអេ ប្រទេស ហូឡង់ ក្នុងវិមានសន្តិភាព នៃតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីជជែកពីបញ្ហាទាមទារសិទ្ធិសេរីភាពនេះ។ គណ:កម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះចៅអធិការវត្ត ខេមររង្សី នៅទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California): ព្រះអង្គ សឺង យ៉ឹង រតនា ជាមានថេរដីកា ខ្មែរក្រោមទូទាំងពិភពលោកបានជោគជ័យផ្ញើសារសំខាន់ដល់បងប្អូនខ្មែរក្រោមរស់នៅលើទឹកដីកំណើត និងរដ្ឋាភិបាលវៀតណាម៖ «សារ សម្រេចវាសនាដោយខ្លួនឯងនេះ យើងបានផ្ញើទៅដល់រដ្ឋាភិបាលវៀតណាម ក៏ដូចជា បងប្អូនយើងនៅក្នុងស្រុកយល់ថា ពួកគេជាជនជាតិដើម ដូច្នោះយើងមានសិទ្ធិគ្រប់បែបយ៉ាងតាំងពីការប្រតិបត្តិជំនឿសាសនា ប្រពៃណី ការពារវប្បធម៌ និងទំនៀមទម្លាប់របស់យើង ដោយគ្មានការន័យខ្លាចអ្វីទេ ?»។
ព្រះអង្គ សឺង យ៉ឹង រតនា មានថេរដីកាបន្តទៀត សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងសិក្សាអនុសាសន៍នានារបស់មន្ត្រីជំនាញ ដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាមនៅពេលខាងមុខដ៏ខ្លីទាមទារសិទ្ធិស្វ័យសម្រេចអនាគតដោយខ្លួនឯងពីវៀតណាម តាមច្បាប់កំណត់របស់អង្គការសហប្រជាជាតិ។ ព្រះសង្ឃបន្ថែមទៀតថា ជោគជ័យរបស់ពលរដ្ឋខ្មែរក្រោមនៅមិនយូរទេ៖ «សង្ឃឹមថា នឹងបាន ព្រោះថា កាលពីយើងរៀបចំកិច្ចប្រជុំនៅវិមានសន្តិភាពហ្នឹង យើងបានអញ្ជើញមន្ត្រីជំនាញបរទេស ថ្លែងអំពីការសម្រេចជោគវាសនាដោយខ្លួនឯង មានច្បាប់ជាច្រើន ដែលអាចឲ្យខ្មែរក្រោមអាចមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯងបាន»។
មិនមែនមានតែពលរដ្ឋខ្មែរកម្ពុជាក្រោមនៅអាមេរិក និងអឺរ៉ុបទេ ដែលធ្វើពិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរ។ ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ថៃ និងកូរ៉េខាងត្បូង ក៏បានចូលរួមដែរ។ សហគមន៍ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក ថាច់ សេដ្ឋា បានប្រមូលខ្មែរក្រោមប្រមាណពីរពាន់នាក់ ធ្វើពិធីបាត់បង់ទឹកដីកាលពីថ្ងៃទី៤ ខែមិថុនា។ អាជ្ញាធរនៃរបបទីក្រុងភ្នំពេញ បានហាមឃាត់សហគមន៍ខ្មែរក្រោមមិនឲ្យធ្វើពិធីនេះ នៅទីធ្លាសាធារណៈនោះទេ ដោយតម្រូវឲ្យសហគមន៍ធ្វើពិធីនេះ ក្នុងទីស្នាក់ការ ដែលមានទីកន្លែងចង្អៀតណែន។ អាជ្ញាធរទីក្រុងភ្នំពេញ ក៏បានដាក់ភ្នាក់ងារតាមស៊ើបការណ៍ពីការប្រមូលផ្តុំនេះដែរ ទោះបីក្នុងពិធីនេះ មានព្រះរាជតំណាងរបស់ព្រះមហាក្សត្រចូលរួមក៏ដោយ។ លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅក្នុងពិធីនោះថា ពលរដ្ឋខ្មែរលើបច្ចុប្បន្នត្រូវមានសាមគ្គីភាព និងឯកភាពជាតិចៀសវាងការបែកបាក់គ្នា ខ្លាចក្រែងកម្ពុជានឹងបាត់បង់ទឹកដីបន្ថែមទៀតទៅឲ្យប្រទេសវៀតណាម។ លោក ថាច់ សេដ្ឋាថា ពិធីរំលឹកខួបនៃការបាត់បង់ទឹកដីខ្មែរក្រោម មានសារសំខាន់ណាស់ដល់ពលរដ្ឋខ្មែរក្រោម ដើម្បីឲ្យពួកគេដឹងពីប្រវត្តិនៃការផ្តល់ទឹកដីខ្មែរពីសំណាក់បារាំងទៅប្រទេសវៀតណាមទាំងខុស និងគ្មានការយល់ព្រមពីភាគីកម្ពុជា។ អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរ។ វៀតណាមក៏បានធ្វើទុក្ខបុកម្នេញចាប់ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាដាក់ពន្ធនាគារ ដើម្បីកុំឱ្យងើបប្រឆាំងការតវ៉ាសិទ្ធិជាជនជាតិដើមកំណើត។
ជុំវិញការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះ គណបក្ស សង្គ្រោះជាតិ បានប្រកាសផ្ដល់ក្ដីសង្ឃឹមជាថ្មីម្ដងទៀត ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ គណបក្ស សង្គ្រោះជាតិ បានថ្លែងការណ៍បញ្ជាក់ថា ទឹកដីខ្មែរកម្ពុជាក្រោម គឺជាទឹកដីរបស់ខ្មែរ បើទោះបីជាអស់រយៈពេល ៧០ឆ្នាំ កន្លងទៅហើយ ដែលអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យអាណានិគមវៀតណាមត្រួតត្រារហូតមកដល់សព្វថ្ងៃនេះក៏ដោយ។
នៅក្នុងសេចក្ដីថ្លែងការគណបក្ស សង្គ្រោះជាតិ ដែលចេញផ្សាយកាលថ្ងៃទី៤ មិថុនាបញ្ជាក់ថា រយៈពេល ៧០ឆ្នាំកន្លងទៅនេះ ប្រជារាស្ត្រខ្មែរមិនអាចបំភ្លេចទឹកដីខ្មែរក្រោមឡើយ ហើយគណបក្សប្រឆាំងមួយនេះ នឹងនៅជាមួយបងប្អូនរួមឈាមខ្មែរជានិច្ច ទោះបីជាខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ គឺជាខ្មែរតែមួយ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា បើគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាល នៅតែទាមទារឱ្យមានសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរក្រោម និងទាមទារឱ្យប្រទេសកុម្មុយនិស្តវៀតណាមប្រគល់ទឹកដីខ្មែរក្រោមមកឱ្យកម្ពុជាត្រួតត្រាវិញ៖ «គណបក្សសង្គ្រោះជាតិ កាលណាកាន់កាប់រដ្ឋាភិបាលយើងនឹងយករឿងនេះទៅលើឆាកអន្តរជាតិ។ ដោយយកគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិធ្វើជាទឡ្ហីករណ៍ក្នុងការការពារសិទ្ធិបងប្អូនខ្មែរកម្ពុជាក្រោមនូវសិទ្ធិមនុស្សមានន័យថា សិទ្ធិក្នុងការស្វ័យសម្រេចខ្លួនឯងដោយគ្មានការបង្ខិតបង្ខំពីនរណាមួយ » ។
ការប្រកាសរបស់គណបក្ស សង្គ្រោះជាតិ នេះ មន្ត្រីរបបលោក ហ៊ុន សែន មិនគាំទ្រឡើយ។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចំអកថា ការចង់បានទឹកដីខ្មែរក្រោមពីវៀតណាមវិញ ជាការយល់សប្ដិតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ចំអកឲ្យបក្សប្រឆាំងថា លោកនឹងផ្ដល់ក្ដារមឈូស ដោយឥតគិតប្រាក់ ទៅឲ្យជនណាដែលចង់ទាមទារទឹកដីខ្មែរកម្ពុជាក្រោមមកវិញ។ កន្លងមករបបលោក ហ៊ុន សែន តែងតែបដិសេធធ្វើអន្តរាគមន៍ជួយខ្មែរកម្ពុជាក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ដោយសារតែពួកគេទាមទារសិទ្ធិផ្នែកសាសនា និងការចង់រៀនចេះដឹងអក្សរខ្មែរ។ មន្ត្រីនាំពាក្យលោក ផៃ ស៊ីផាន ថ្លែងថា ពលរដ្ឋខ្មែរកម្ពុជា ជាជនជាតិវៀតណាម ដូច្នោះរដ្ឋាភិបាលកម្ពុជា មិនជ្រៀតជ្រែកចូលអធិបតេយ្យភាពវៀតណាមឡើយ។ ដោយឡែករដ្ឋាភិបាលវៀតណាមវិញ មិនបានឆ្លើយតបទៅនឹងការប្រារព្ធខួប ៧០ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម ជាផ្លូវការនោះទេ ប៉ុន្តែរដ្ឋាភិបាលកុម្មុយនិស្តបានប្រើប្រាស់អាជ្ញាធរមូលដ្ឋាន កោះហៅខ្មែរកម្ពុជាក្រោមនៅវៀតណាម ដើម្បីមកសាកសួរ ដោយគ្រាន់តែពួកគេពាក់អាវមានរូបសញ្ញា ៧០ឆ្នាំក៏ដោយ។ ពលរដ្ឋខ្មែរក្រោមផ្សេងទៀត ក៏ត្រូវបានវៀតណាមកោះមកហៅ រឿងការប្រើប្រាស់បណ្ដាញសង្គម បញ្ចេញមតិពាក់ព័ន្ធថ្ងៃនៃការបាត់បង់ទឹកដីខ្មែរក្រោមនេះដែរ។
កាលពីខែមេសា កន្លងទៅរដ្ឋាភិបាលវៀតណាមបានចេញលិខិតស្វាគមន៍ពលរដ្ឋខ្មែរក្រោមប្រារព្ធពិធីចូលឆ្នាំថ្មី ប៉ុន្តែអះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមជាជនជាតិភាគតិច មិនមែនជនជាតិដើមឡើយ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមថា ការអះអាងរបស់វៀតណាមនេះ ដោយសារតែវៀតណាមមិនចង់ផ្ដល់សិទ្ធិស្វ័យសម្រេចជាជនដើមកំណើតទៅឲ្យខ្មែរកម្ពុជាក្រោម។
ទោះបីរបបលោក ហ៊ុន សែន មិនគាំទ្រការចង់បានសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោម ក៏ដោយ ប៉ុន្តែតំណាងសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិធ្លាប់បានគាំទ្រសមាជិកភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកគណៈកម្មាធិការអង្គការ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ដើម្បីបម្រើពលរដ្ឋជនជាតិដើមកំណើតនៅកម្ពុជាក្រោម ក្នុងវិស័យសង្គម សិទ្ធិមនុស្ស និងអប់រំ។ ប្រសិនបើសហព័ន្ធអាចក្លាយជាសមាជិក ECOSOCមែននោះ សហព័ន្ធនឹងមានសិទ្ធិ តវ៉ាការធ្វើទុក្ខបុកម្នេញរបស់វៀតណាមទៅលើខ្មែរក្រោម ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិជាប្រចាំឆ្នាំ។ តំណាងអាមេរិកអះអាងថា បេសកកម្មសហព័ន្ធគឺដើម្បីការពារ និងរក្សាវត្តមានរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ដែលកំពុងរងគ្រោះដោយអាជ្ញាធរវៀតណាម។
មន្ត្រីជំនាញ ដែលបានចូលរួមក្នុងវេទិកាខួបបាត់បង់ទឹកដីខ្មែរក្រោម ៧០ឆ្នាំនៅឯវិមានសន្តិភាព តុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ថា កិច្ចប្រជុំនេះ ជាកិច្ចចាប់ផ្តើមការពិភាក្សាការស្វែងសិទ្ធិស្វ័យសម្រេចដល់ខ្មែរក្រោម។ អ្នកជំនាញថា ខ្មែរក្រោមមានលក្ខណៈពិសេស ដោយសារពួកគេគោរពប្រតិបត្តិវប្បធម៌ និងសាសនាយ៉ាងខ្ជាប់ខ្ជួន។ គុណតម្លៃរបស់ពួកគេនេះហើយ បានក្លាយជាទស្សនៈវិស័យ សម្រាប់ជ្រើសរើសផ្លូវទៅថ្ងៃអនាគតរបស់ពួកគេ។ បច្ចុប្បន្ន ខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីលាតត្រដាងប្រាប់ពិភពលោកអំពីការជិះជាន់របស់វៀតណាមទៅលើពលរដ្ឋជនជាតិដើមកំណើត ដែលបានក្លាយជាភស្តុតាងដ៏សំខាន់មួយ ដើម្បីឲ្យមន្ត្រីការពារសិទ្ធិមនុស្សប្រើប្រាស់តវ៉ានឹងរដ្ឋាភិបាលវៀតណាម ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សនៅខែកក្កដាខាងមុខនេះ ដើម្បីធានាថា ពលរដ្ឋខ្មែរក្រោមមិនត្រូវវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែការប្រតិបត្តិវប្បធម៌ និងសាសនា។ មន្ត្រីជំនាញបន្តទៀតថា ការងើបឡើងតវ៉ាទាមទារសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម រឹតតែធ្វើពិភពលោក ដឹងឮ ហើយរដ្ឋាភិបាលវៀតណាមក៏ញញើតធ្វើទុក្ខបុកម្នេញខ្មែរក្រោមដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។