សហព័ន្ធ​ខ្មែរ​ក្រោម​ប្រជុំ​បន្ត​យុទ្ធនាការ​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ទឹកដី​កំណើត​

ការ​រៀបចំ​ប្រជុំ​គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។​
ការ​រៀបចំ​ប្រជុំ​គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។​ (ហ្វេសប៊ុក)

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នឹង​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រយៈពេល​ពេល​ពីរ​ថ្ងៃ​ ចាប់ពី​សៅរ៍​ទី​ ៣១ដល់​ថ្ងៃអាទិត្យ​ទី១​ ខែ​ កញ្ញា​ខាងមុខ​ នៅ​ទីក្រុង​ ឡា​សវើ​ហ្វា​ស រដ្ឋ​ ណេ​វា​ដា​ ​(Nevada​)។ ក្នុង​កិច្ចប្រជុំ​នេះ​ សហព័ន្ធ​នឹង​ពិភាក្សា​លើ​របាយការណ៍​សកម្មភាព​ និង​សមិទ្ធិ​ផល​សម្រាប់​ឆ្នាំ​ ២០១៩​។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ លោក​ ប្រាក់​ សេរី​វុឌ្ឍ​ មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា​ ខ្មែរក្រោម​មក​ពី​ប្រទេស​មួយចំនួន​ ទូទាំង​ពិភពលោក​ នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​។ លោក​ថា​ កិច្ចប្រជុំ​នឹង​ផ្តោត​លើ​យុទ្ធនាការ​ដើម្បី​ការពារ​សិទ្ធិពល​រដ្ឋ​ខ្មែរក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​ដែល​វៀតណាម​កំពុង​គ្រប់គ្រង​ និង​ការស្វែងរក​សិទ្ធិ​ស្វ័យ​សម្រាប់​ដល់​ពលរដ្ឋខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត​។ ​

"កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៩របស់​យើង​នេះ​ យើង​នឹង​ធ្វើ​សេច​ ក្ដី​ រាយការណ៍​ជូន​សាធារណៈ​ជន​របស់​សកម្មភាព​យើង​ក្នុងរយៈពេល​មួយឆ្នាំ​ ២០១៩មកទល់​ពេលនេះ​។ ទី២យើង​បាន​ចូល​រួម​សន្និ​សិទ​អន្តរជាតិ​ ស្ដី​ ការបាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​។ ពេលនោះ​យើង​បាន​រក​យុទ្ធ​សាស្ដ្រ ដើម្បី​ស្វែង​សិទ្ធិស្វ័យសម្រេច​វាសនា​ដោយខ្លួនឯង​ដល់​ខ្មែរក្រោម​។ឥឡូវនេះ​ យើង​យក​យុទ្ធ​សាស្រ្ដយើង​បាន​គិតទុក​នោះ​ ហើយនឹង​ចាប់ផ្តើម​អនុវត្ត​។" ​

ខ្មែរក្រោម​នៅ​ជុំវិញ​ពិភពលោក​ បាន​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ រយៈពេល​ ៧០ឆ្នាំ​ កាលពីដើម​ខែមីនា​ ឆ្នាំ២០១៩​។ ពួកគេ​សម្រេច​រួមគ្នា​ថា​ ពួកគេ​ចង់បាន​និង​ទាមទារ​សិទ្ធិស្វ័យសម្រេច​ដោយខ្លួន​នៅ​លើទឹក​ដី​កំណើត​របស់​ពួកគេ​៕