សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​កុំ​ឱ្យ​ខ្មែរ​ក្រោម ចាញ់​សម្លុត​អាជ្ញាធរ​វៀតណាម​ពេល​ទៅលេង​ស្រុក​កំណើត

ដោយ យន់ សាមៀន
2020.02.23
សឺន ទី ខ្មែរក្រោម ព្រះ​តេជគុណ សឺន ទី ព្រះ​សង្ឃ​ខ្មែរ​ក្រោម ដែល​អាជ្ញាធរ​វៀតណាម​ដក​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់​ព្រះ​អង្គ កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ដែល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត តាមរយៈ​ការ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​មិន​ប្រឆាំង​ទាមទារ​វៀតណាម ដើម្បី​រំដោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា វៀតណាម​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ គំរាមកំហែង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​បងប្អូន និង​ឪពុកម្ដាយ​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​លើទឹក​ដី​កម្ពុជា​ក្រោម។ កាលពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង ដែល​ក្រោយ​មក​វៀតណាម​ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​សុកត្រាំង បាន​កោះហៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ជា​ខ្មែរ​អាមេរិកាំង ទៅ​សួរចម្លើយ​ពេល​លោក​ទៅ​លែង​ស្រុកកំណើត​។ មន្ត្រី​វៀតណាម​បាន​សាកសួរ លោក​អស់​រយៈពេល ប្រមាណ ៣​ម៉ោង និង​បង្ខំ​ឱ្យ​លោក​ធ្វើ​កិច្ចសន្យា​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ទើប​អាច​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​បាន។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) មាន​ថេរដីកា​ថា អាជ្ញាធរ​វៀតណាម​បាន​បង្ខំ​និង​លួងលោម​ខ្មែរ​ក្រោម​មក​ពី​កម្ពុជា និង​សហរដ្ឋអាមេរិក​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ប្រឆាំង នឹង​វៀតណាម ដោយ​សន្យា​ឱ្យ​ផលប្រយោជន៍​។ ព្រះអង្គ​បន្ត ទង្វើ​របស់​វៀតណាម​ជា ការ​រំលោភបំពាន​សិទ្ធិមនុស្ស ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​បាន​បង្ក​អំពើ​ហិង្សា ឬ​ប្រើប្រាស់​មធ្យោបាយ​ហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​នោះ​ទេ​៖ «ការ​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​យើង ដែល​ធ្វើដំណើរ​ពី​អាមេរិក ក្រៅ​ប្រទេស ក៏​ដូច​ពី​កម្ពុជា ចុះទៅ​ស្រុកកំណើត​សួរសុខទុក្ខ​ឪពុកម្ដាយ ឬ​វត្ត​អារាម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ហើយ​រដ្ឋអំណាច​វៀតណាម​តែងតែ​កោះហៅ និង​គំរាមកំហែង ហៅ​ទៅ​សួរ​ចម្លើយ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម»។ព្រះអង្គ​បន្ត​ទៀត​ថា វៀតណាម​ចាប់ផ្ដើម​លាប​ពណ៌​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​អង្គការ​នយោបាយ​ស្របច្បាប់​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ដើម្បី​តស៊ូ​មតិ ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត៖ «និយាយ​រួម​គេ​រៀបរាប់ អំពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រៅ​ប្រទេស​ហ្នឹង គេ​ទាញ​យក​ហេតុផល​ផ្សេងៗ​របស់​សហព័ន្ធ ហើយ​គេ​ពន្យល់​ថា សហព័ន្ធ​ធ្វើ​ហ្នឹង​ដើម្បី​ប្រឆាំង​ប្រទេស​វៀតណាម ដើម្បី​រំដោះ​ទឹក​ដី»

សហព័ន្ធ​ខ្មែរ​កម្ពុជា កាលពី​ខែ​មិថុនា​កន្លង​ទៅ បាន​រៀបចំ​បុណ្យ​រំលឹក​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម លើក​ទី ៧០​ឆ្នាំ ហើយ​ប្រកាស​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ឱ្យ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត។

ការ​បង្ខំ​របស់​វៀតណាម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​មាន​លិខិតឆ្លងដែន​អាមេរិក​ធ្វើ​កិច្ចសន្យា​មិន​ប្រឆាំង​នឹង​វៀតណាម​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយពេល វៀតណាម​បាន​រឹបអូស​លិខិត​ឆ្លង​ខ្មែរ​ពី ព្រះសង្ឃ​ខ្មែរ​​ក្រោម​មួយ​អង្គ ដែល​និមន្ត​ពី​កម្ពុជា​ទៅ​ចូលរួម​មង្គលការ​បងប្អូន។

កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម សឺន ទី ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ចោទប្រកាន់​ថា ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​ច្បាប់​អ៊ីនធឺណិត (Cyber law) ដោយសារតែ​ព្រះអង្គ បាន​ចែកចាយ​ព័ត៌មាន​ស្ដីពី​ការ​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​ទៅ​ឱ្យ​វៀតណាម និង​ខ្លឹមសារ​កិច្ច​សម្ភាសន៍​មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​របស់​វិទ្យុ​អាស៊ីសេរី​នៅ​តាម​បណ្ដាញ​សង្គម (Facebook) ពេល​ព្រះអង្គ​គង់​នៅ​កម្ពុជា។ ប៉ុន្តែ​ដោយសារតែ​ព្រះអង្គ សឺន ទី និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ទើប​អាជ្ញាធរ​វៀតណាម ប្រគល់​លិខិតឆ្លងដែន​ព្រះអង្គ​វិញ និង​សូម​ទោស​ព្រះអង្គ ដោយ​អាជ្ញាធរ​វៀតណាម​អះអាង​ថា ការ​រឹបអូស​លិខិតឆ្លងដែន​នេះ ធ្វើឡើង​ដោយសារតែ​ការ​យល់​ច្រឡំ​។ ព្រះអង្គ សឺន ទី មាន​ថេរដីកា​ថា វៀតណាម​ចង់​បំបាក់​ស្មារតី​ខ្មែរ​ក្រោម ទើប​ធ្វើ​យុទ្ធនាការ​បង្ខំ​ឱ្យ​ខ្មែរ​សារភាព និង​ធ្វើ​កិច្ចសន្យា មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម។​

ព្រះភិក្ខុ សឺង យ៉ឹងរតនា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់ កុំ​ចាញ់​សម្លុត​របស់​វៀតណាម ហើយ​បន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ទៅ​ថ្ងៃ​អនាគត៖ «យើង​កុំ​ចុះហត្ថលេខា​ទទួល​ស្គាល់​អ្វីមួយ​ដែល​រដ្ឋអំណាច​ដែល​រដ្ឋអំណាច​យួន​គេ​ចោទប្រកាន់»

សហព័ន្ធ​ខ្មែរ​ក្រោម​ធ្លាប់​ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា ខ្មែរ​ក្រោម​នឹង​តវ៉ា​ទៅ​ប្រទេស មហាអំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក កុំ​ឱ្យ​បន្ត​ជួយ​សេដ្ឋកិច្ច​វៀតណាម ប្រសិនបើ​ប្រទេស​មួយ​នេះ បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា វៀតណាម​នឹង​បាត់បង់​ផលប្រយោជន៍​ធំ​ប្រសិនបើ​ប្រទេស​នេះ បន្ត​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ទៅលេង​ស្រុកកំណើត​ជា​បន្ត​ទៀត។

រដ្ឋាភិបាល​វៀតណាម​កំពុងតែ​ព្យាយាម​ចាប់ដៃ​នឹង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដោយមាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល ជា​ថ្នូរ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​។ កាលពី​សប្ដាហ៍​កន្លង​ទៅ​សហភាព​អឺរ៉ុប បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​វៀតណាម​ឱ្យ​អនុគ្រោះ​ពន្ធ ៩៩​ភាគរយ លើ​ទំនិញ​នាំចូល​របស់​វៀតណាម​។ ចំណែក​សហរដ្ឋអាមេរិក ក៏​គ្រោង​នឹង​បើក​វេទិកា សន្ទនា​អាមេរិក និង​វៀតណាម ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​២០២០​ខាងមុខ ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​វៀតណាម ដើម្បី​អាច​ធានា​វៀតណាម អាច​ធ្វើ​ពាណិជ្ជកម្ម​នឹង​អាមេរិក​លុះត្រាតែ ការ​គោរព​សិទ្ធិមនុស្ស​មាន​លក្ខណៈ​រីកចម្រើន​។ ទោះ​បី​យ៉ាងណា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​ថា វៀតណាម​មិន​សម​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ ដោយសារតែ វៀតណាម​មិនបាន​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​នោះ​ទេ ពិសេស ការ​បន្ត​ឃុំខ្លួន​អ្នក​ទោស​នយោបាយ​ប្រមាណ ៣​រយ​នាក់​ក្នុង​ពន្ធនាគារ គាបសង្កត់​សេរីភាព​បញ្ចេញមតិ​ជាដើម។ អង្គការ​សង្គម​ស៊ីវិល​សង្ឃឹមថា ស្ថានភាព​អាក្រក់​ស្ដីពី​សិទ្ធិមនុស្ស​នៅ​វៀតណាម នឹង​ជំរុញ​ឱ្យ​សភា​សហភាព​អឺរ៉ុប​នឹង​ដក​សេចក្ដីទុកចិត្ត​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។