សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានបង្ខំពលរដ្ឋខ្មែរក្រោមមិនឲ្យប្រើប្រាស់ហ្វេសប៊ុក
2020.04.27
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ចែកចាយព័ត៌មានពីសកម្មភាពសហព័ន្ធ និងព័ត៌មានផ្សេងៗ ទៀត ដែលអាចឲ្យខ្មែរក្រោម ឈានទៅទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ទៅថ្ងៃអនាគត។
មន្ត្រីនាំពាក្យ សហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ សឺង យ៉ឹងរតនា ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានបន្តរំលោភសិទ្ធិសេរីភាព ពលរដ្ឋខ្មែរក្រោម ក្នុងការប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មានរបស់សហព័ន្ធទៅដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាក្រោម។ ការថ្កោលទោសនេះ ដោយសារតែអាជ្ញាធរវៀតណាម បានឲ្យយុវជនខ្មែរក្រោមម្នាក់ ឈ្មោះ គឹម ហុងមីល ចុះហត្ថលេខាឈប់ប្រើប្រាស់បណ្តាញសង្គម (Facebook) ទាំងបង្ខំ កាលពីថ្ងៃទី២៣ មេសា ក្រោយអាជ្ញាធរបានសួរចម្លើយយុវជននេះអស់រយៈពេលជាច្រើនម៉ោងរួចមក។ ព្រះអង្គបន្តថា អាជ្ញាធរវៀតណាម ចង់បំបិទព័ត៌មានទាំងស្រុងមិនឲ្យខ្មែរកម្ពុជាក្រោម ចេះដឹងពីសិទ្ធិមនុស្ស និងការស្វែងរកសិទ្ធិស្រ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត៖ «អាជ្ញាធរយួនគេថា ការប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុករបៀបនេះ ជាទង្វើខុសច្បាប់ដោយសារតែគេចោទថា អ្នកនៅក្រៅប្រទេស ឬសហព័ន្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់គេ ដូច្នោះហើយគេនឹងមានវិធានការ ដើម្បីគ្រប់គ្រងតាមបណ្ដាញសង្គម។ គេតាមដានទាំងអស់កុំឲ្យខ្មែរក្រោមយើងនឹងពីប្រភពខាងក្រៅ ដើម្បីទាមទារសិទ្ធិជាម្ចាស់ស្រុក»។
អាជ្ញាធរវៀតណាម បានចាប់ផ្ដើមគាបសង្កត់ខ្មែរក្រោមមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មាន ក្រោយសហព័ន្ធខ្មែរក្រោម បានចាប់ផ្ដើមយុទ្ធនាការ ទាមទារសិទ្ធិស្វ័យសម្រេចទៅអនាគត កាលពីឆ្នាំ២០១៩ ក្នុងខួប ៧០ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមរួចមក។ កាលពីពេលថ្មីៗ ព្រះអង្គខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី ដែលបាននិមន្ត ទៅចូលរួមមង្គលការ បងប្អូនត្រូវបានអាជ្ញាធរវៀតណាមដកហូត លិខិតឆ្លងដែន ដោយសារតែ វៀតណាមចោទព្រះអង្គថា បានចែករំលែកព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលបានសម្ភាសមន្ត្រី សហព័ន្ធខ្មែរក្រោម ជជែកអំពីសិទ្ធិរបស់ជនជាតិខ្មែរដើម និងការចែករំលែកខ្លឹមសារខួបទី ៧០ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងខ្លឹមសាររបស់សារព័ត៌មានព្រៃនគរ។ វៀតណាមបានព្រមផ្ដល់លិខិតឆ្លងដែនទៅឲ្យព្រះអង្គ សឺន ទី ដោយសារតែអន្តរាគមន៍ពីសហព័ន្ធទៅសហរដ្ឋអាមេរិក និងស្ថានទូតខ្មែរនៅវៀតណាម។ វៀតណាមក៏បានធ្លាប់បង្ខំឲ្យយុវជនខ្មែរជាច្រើនរូបឲ្យលុបរូបភាព ពាក់ព័ន្ធនឹងសហព័ន្ធចេញពីបណ្ដាញសង្គម (Facebook) និងមានហាមឃាត់ខ្មែរក្រោមមិនឲ្យពាក់អាវ មានរូបសញ្ញាសហព័ន្ធខ្មែរក្រោមផងដែរ។ កន្លងមកព្រះអង្គ ជាច្រើនអង្គក៏ត្រូវវៀតណាមចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរខ្មែរ និង ប្រវត្តិសាស្ត្រខ្មែរក្រោម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្ថែមទៀតថា បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចំរើនធ្វើឲ្យពលរដ្ឋខ្មែរក្រោម ជាពិសេស យុវជនជ្រើសរើសប្រើប្រាស់បណ្ដាញសង្គម ដូចជា (Facebook) ដើម្បីសិក្សា និងស្វែងយល់ព័ត៌មានទូទៅនៅខាងក្រៅប្រទេសវៀតណាម ពីព្រោះពួកគេគ្មានជំនឿលើព័ត៌មានរបស់អាជ្ញាធរវៀតណាម៖ «នៅក្នុងប្រទេសវៀតណាមហ្នឹងជាព័ត៌មានបន្លំភ្នែក។ ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ របស់វៀតណាម ជាខ្មែរមានក្លែងក្លាយ និងជាការបំភិតបំភ័យពលរដ្ឋ ដូច្នោះហើយ ពលរដ្ឋខ្មែរក្រោមចូលចិត្តប្រើប្រាស់បណ្ដាញសង្គម ដើម្បីទទួលព័ត៌មានពីខាងក្រៅ»។
យុទ្ធនាការរបស់វៀតណាមរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្មែរក្រោមនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលវៀតណាម កំពុងជំរិតបង្ខំឲ្យក្រុមហ៊ុន (Facebook) លុបចោលខ្លឹមសារតែរិះគន់រដ្ឋាភិបាលវៀតណាម។
កាលពីថ្ងៃទី២៣ មេសា អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានរិះគន់ក្រុមហ៊ុន Facebook ដែលសុខចិត្ត រឹតត្បិតសេរីភាពរបស់អ្នកជំទាស់នឹងរដ្ឋាភិបាលវៀតណាម ក្នុងការប្រើប្រាស់ បណ្ដាញសង្គម Facebook ជាថ្នូរដើម្បីកុំឲ្យរដ្ឋាភិបាលវៀតណាម ប៉ះពាល់ដល់ដំណើរការរបស់ក្រុមហ៊ុន។ អង្គការសិទ្ធិមនុស្ស (Human Rights Watch) យល់ថា ទង្វើរបស់ក្រុមហ៊ុន (Facebook) បានបង្កើតជាឧទាហរណ៍មួយយ៉ាងអាក្រក់មួយ ដែលព្រមទៅតាមការជំរិតចង់បាន របស់វៀតណាម។ សេចក្ដីថ្លែងការណ៍របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ផ្សាយកាលពីថ្ងៃទី២៣ មេសាបន្តថា វៀតណាម តែងតែទាមទារឲ្យក្រុមហ៊ុនបណ្ដាញសង្គម ដកចេញ ឬលុបចោល ការសរសេរ ឬគណនី ដែលរិះគន់រដ្ឋាភិបាល ឬមេដឹកនាំវៀតណាម ដោយសំអាងថា ជាការរំលោភលើច្បាប់ព្រហ្មទណ្ឌ ដែលច្បាប់នេះ ក៏រងការរិះគន់ថា មានលក្ខណៈទូលំទូលាយ និងមិនច្បាស់លាស់។ កាលពីដើម ឆ្នាំ២០១៩ ច្បាប់ គ្រប់គ្រងចោរកម្មតាមអ៊ិនធឺណែត (cybersecurity law) របស់វៀតណាម បានចូលជាធរមាន ដែលច្បាប់នេះតម្រូវឲ្យ ក្រុមហ៊ុនអ៊ិនធឹណិត ត្រូវតែលុបចោល ខ្លឹមសារតែដែលអាជ្ញាធរវៀតណាមគិតថា មិនត្រឹមត្រូវ ក្នុងរយៈពេល ២៤ម៉ោង ក្រោយពេលអាជ្ញាធរវៀតណាមធ្វើសំណើ។ ជុំរិញការរឹតត្បិតសិទ្ធិសេរីបញ្ចេញមតិនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានស្នើឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ប្រើប្រាស់ឥទ្ធិពលការទូត ដើម្បីប្រឆាំង នឹងការគាបសង្កត់របស់វៀតណាម។ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បារម្ភថា វៀតណាម នឹងបន្តទាមទារការរឹតត្បិតសេរីភាពអ៊ិនធឹណិតនេះ ទៅលើក្រុមហ៊ុនផ្សេងទៀត មិនត្រឹមតែក្រុមហ៊ុន (Facebook) ប៉ុណ្ណោះទេ។ អង្គការនេះយល់ថា ដើម្បីឲ្យវៀតណាមឈប់បង្ខំក្រុមហ៊ុនឲ្យរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិទៀតនេះ វៀតណាមគួរត្រូវគេពិន័យចំពោះទង្វើទាំងនេះ។
ទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាពខ្មែរក្រោមវិញ ព្រះ ភិក្ខុ សឺង យ៉ឹងរតនា ឲ្យដឹងថា ក្រៅពីប្រើប្រាស់ធម៌ក្ដៅប្រឆាំងនឹងខ្មែរក្រោម វៀតណាមក៏កំពុងប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ដើម្បីបំបាត់ពូជសាសន៍ខ្មែរក្រោម៖ «គេលួងលោមខ្មែរក្រោម ឲ្យជឿជាក់បក្សរដ្ឋ គេថា រដ្ឋរបស់គេហ្នឹងល្អ ហើយដោយសារតែខ្មែរយើង ៩៥ភាគរយហើយ ជាអ្នកស្រែចម្ការ នៅពេលខ្មែរក្រោមយើងធ្វើស្រែចម្ការ និងដាំផ្លែឈើ ហើយនៅពេលទទួលផល រដ្ឋាភិបាលគេ (វៀតណាម) ឲ្យតម្លៃថោក»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមទាំងអស់ត្រូវងើបឡើង កុំឲ្យចុះចាញ់ការគំរាមកំហែងរបស់វៀតណាម ពីព្រោះខ្មែរក្រោមជាជនជាតិដើមកំណើត មានសិទ្ធិគ្រប់យ៉ាងរស់នៅលើទឹកដីកំណើតរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។