ការយកចិត្តទុកដាក់របស់បារាំងក្នុងវិស័យអប់រំនិងព្រះពុទ្ធសាសនានៅកម្ពុជាក្រោម (ភាគ១៣)
2014.05.08
ក្នុងពេលដែលដែនដីកម្ពុជាក្រោម ឬដែនដីកូសាំងស៊ីន ស្ថិតក្រោមការត្រួតត្រារបស់បារាំង បារាំង មិនត្រឹមតែយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំចំណេះដឹងទូទៅសម្រាប់កូនខ្មែរនោះទេ ពួកគេថែមទាំងបានពង្រឹងការអប់រំផ្នែកព្រះពុទ្ធសាសនា និងពង្រីកការបណ្ដុះបណ្ដាលផ្នែកភាសាបាលី នៅទីនោះទៀតផង។
ការយកចិត្តទុកដាក់របស់បារាំង រួមផ្សំនឹងការខិតខំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម និងដោយមានការសហការគ្នាយ៉ាងស្អិតល្មួតជាមួយព្រះសង្ឃនៅប្រទេសកម្ពុជា ផងនោះ សមាគមខ្មែរកម្ពុជាក្រោម មួយត្រូវបានបង្កើតឡើងនៅកូសាំងស៊ីន ហើយក្រោយមកទៀត វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរង ដែលជាសាខារបស់ពុទ្ធសាសនបណ្ឌិត្យនៅកម្ពុជា ក៏ត្រូវបានបង្កើតឡើងនៅកម្ពុជាក្រោម ផងដែរ។
តើសមាគមខ្មែរកម្ពុជាក្រោម និងពុទ្ធសាសនបណ្ឌិត្យរងនៅកម្ពុជាក្រោម ត្រូវបានបង្កើតឡើងដោយរបៀបណា?
ឆ្លៀតក្នុងឱកាសដែលពួកអាណានិគមនិយមបារាំង ងាកមករកខ្មែរក្រោមកាន់តែខ្លាំង បន្ទាប់ពីពួកគេមានទំនាក់ទំនងពុំសូវល្អជាមួយជនជាតិយួន នោះ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ក៏បានឆ្លៀតឱកាសដ៏ល្អនេះបង្កើតជាសមាគមខ្មែរមួយនៅឆ្នាំ១៩៣៤ ដែលមានឈ្មោះថា ក្រុមសមាគមសិក្សាវិទ្យាល័យខេមរៈជាតិ នៅដែនដីកូសាំងស៊ីន ឬហៅម្យ៉ាងទៀតថា សមាគមខ្មែរកម្ពុជាក្រោម។
បើពិនិត្យតាមស្ថានការណ៍នៅពេលនោះ សមាគមខ្មែរក្រោមមួយនេះមិនមែនបង្កើតឡើងដើម្បីធ្វើជាចលនានយោបាយប្រឆាំងបារាំង ឬប្រឆាំងភាគីណាមួយផ្សេងទៀតនោះទេ តែបង្កើតឡើងដើម្បីថែរក្សា និងលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិខ្មែរនៅកម្ពុជាក្រោម ប៉ុណ្ណោះ។
ជុំវិញរឿងរ៉ាវនៃការបង្កើតសមាគមខ្មែរកម្ពុជាក្រោម នេះ បើផ្អែកតាមឯកសារស្រាវជ្រាវរបស់សាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោកបានលើកឡើងថា សមាគមនេះត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្នាក់នៅខេត្តឃ្លាំង ឈ្មោះ ឡឹម ឯម ឬអ្នកខ្លះទៀតហៅគាត់ថា លោកតា ឡឹម ឯម ដោយរួមមានព្រះសង្ឃ និងមិត្តភ័ក្ដិជិតស្និទ្ធរបស់គាត់មួយចំនួនចូលរួមផងដែរ។ បន្ទាប់ពីសមាគមនេះត្រូវបានបង្កើតឡើង លោកតា ឡឹម ឯម ក៏បានយកផ្ទះរបស់គាត់ដែលស្ថិតក្នុងទីរួមខេត្តឃ្លាំង ធ្វើជាទីស្នាក់ការរបស់សមាគមតែម្តង។
ភ្លាមៗក្រោយពីសមាគមបានលេចចេញជារូបរាង ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមទូទៅ បានចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឲ្យសមាគមមួយនេះដំណើរការទៅមុខ។ ក្រៅតែពីការគាំទ្រផ្នែកស្មារតី ពួកគេក៏បានចូលរួមជួយជាថវិកា សម្រាប់បម្រើដល់ការចំណាយទូទៅរបស់សមាគម។ ក្រោមការជួយជ្រោមជ្រែងរបស់សមាគម កូនចៅខ្មែរក្រោមជាច្រើន មានឱកាសបានសិក្សាអក្សរសាស្ត្រជាតិខ្មែររបស់ខ្លួន។ លើសពីនេះ សមាគមថែមទាំងបានជួយផ្តល់អាហារូបករណ៍តាមរយៈការបញ្ជូនព្រះសង្ឃ និងសិស្សានុសិស្សខ្មែរក្រោមជាច្រើន ឲ្យមកបន្តការសិក្សានៅរាជធានីភ្នំពេញផងដែរ។
ក្រោមការគ្រប់គ្រងរបស់បារាំង បារាំង បានបើកចំហឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជា មានឱកាសគ្រប់គ្រាន់ធ្វើដំណើរទៅជួប និងសួរសុខទុក្ខព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ហើយព្រះសង្ឃខ្មែរក្រោមជាច្រើន ត្រូវបានសម្ដេចព្រះសង្ឃរាជ និងព្រះមហាក្សត្រខ្មែរសម័យនោះ បានផ្តល់អាហារូបករណ៍ឲ្យមកបន្តការសិក្សាក្នុងសាលាបាលីជាន់ខ្ពស់នៅកម្ពុជា ទៀតផង។ លើសពីនេះ ព្រះសង្ឃខ្មែរក្រោមក៏ត្រូវបានអាជ្ញាធរកម្ពុជា និមន្តចូលរួមក្នុងពិធីពុទ្ធសាសនាសំខាន់ៗជាច្រើន។
ជាក់ស្តែង នៅឆ្នាំ១៩២៨ សម្ដេចព្រះពោធិវ័ង្ស ហួត តាត អមដំណើរដោយប្រធានអភិរក្សព្រះរាជបណ្ណាល័យកម្ពុជា កញ្ញា ស៊ុយសាន ការប៉ឹឡែស និងមន្ត្រីព្រះរាជបណ្ណាល័យមួយចំនួនទៀត ព្រះអង្គបានយាងទៅជួបព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជាក្រោមរយៈពេល ១ខែ ដើម្បីផ្សព្វផ្សាយឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរនៅទីនោះ យកចិត្តទុកដាក់អំពីការថែរក្សា និងការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ដំណើរទស្សនកិច្ចនោះ ក៏មានបំណងសិក្សាអំពីការបង្កើតសាលារៀននៅតាមបណ្ដាវត្តអារាមរបស់ខ្មែរ ដើម្បីពង្រីកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា។ ក្រោយទស្សនកិច្ចរបស់ព្រះអង្គ ព្រះសង្ឃខ្មែរក្រោមប្រមាណ ៣០អង្គ ត្រូវបានបញ្ជូនមកស្នាក់នៅវត្តឧណ្ណាលោម ក្នុងក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា។ នៅឆ្នាំ១៩២៩ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ក៏បាននិមន្តទៅកម្ពុជាក្រោម ម្តងទៀត ដែលពេលនោះ ព្រះអង្គបានយាងទៅកាន់ខេត្តព្រះត្រពាំង ដើម្បីធ្វើការពន្យល់ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម អំពីគោលបំណងនៃការបង្កើតពុទ្ធសាសនបណ្ឌិត្យនៅកម្ពុជា និងអំពីផលប្រយោជន៍ផ្សេងៗរបស់ពុទ្ធសាសនបណ្ឌិត្យនេះ។
លើសពីនេះ នៅឆ្នាំ១៩៣៣ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលកាលណោះព្រះអង្គមានតួនាទីជាចាងហ្វាងរងសាលាបាលីជាន់ខ្ពស់ ព្រះអង្គក៏បានយាងទៅកាន់ដែនដីកម្ពុជាក្រោម ជាមួយ កញ្ញា ស៊ុយសាន ការប៉ឹឡែស ដែរ។ ដំណើរទស្សនកិច្ចរបស់សម្ដេច ជួន ណាត និងកញ្ញា ការប៉ឹឡែស ពេលនោះ ធ្វើឡើងដើម្បីពិនិត្យមើលដំណើរការរបស់សាលារៀនមួយចំនួន ដែលបានបង្កើតឡើងក្រោយទស្សនកិច្ចរបស់សម្ដេចព្រះពោធិវ័ង្ស ហួត តាត។ ក្រៅពីនោះ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គក៏បានពន្យល់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម អំពីការបកប្រែព្រះត្រៃបិតក ពីភាសាបាលី ទៅជាភាសាខ្មែរ ដោយព្រះអង្គបានធានាថា ការបកប្រែព្រះត្រៃបិតក ទៅជាភាសាខ្មែរ នឹងមិនធ្វើឲ្យសាបរលាបព្រះពុទ្ធសាសនាឡើយ តែផ្ទុយទៅវិញ ការបកប្រែនេះ នឹងធ្វើឲ្យពុទ្ធបរិស័ទខ្មែរដែលមិនចេះភាសាបាលី រឹតតែយល់ច្បាស់អំពីព្រះពុទ្ធសាសនាថែមទៀត។ នៅឆ្នាំ១៩៣៣ ដដែលនេះ នៅឯព្រះរាជបណ្ណាល័យក្នុងក្រុងភ្នំពេញឯណេះវិញ ក៏មានធ្វើពិធីចែករង្វាន់ដល់ព្រះសង្ឃខ្មែរក្រោម ប្រមាណជាង ២០អង្គ ដែលទើបប្រឡងជាប់ ដោយក្នុងពិធីនោះមានការចូលរួមអបអរសាទរពីសំណាក់ព្រះរាជវង្សានុវង្សខ្មែរ ពីមន្ត្រីជាន់ខ្ពស់ពុទ្ធសាសនបណ្ឌិត្យ និងពីមន្ត្រីសាលាបាលីជាន់ខ្ពស់ផងដែរ។
ក្រៅពីមន្ត្រីសង្ឃជាន់ខ្ពស់របស់កម្ពុជា នៅឆ្នាំ១៩៤២ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានយាងទៅជួបកូនចៅរបស់ព្រះអង្គនៅកម្ពុជាក្រោម ដែរ ដែលនៅពេលនោះ ព្រះអង្គបានយាងធ្វើជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មន្ទីរពុទ្ធសាសនបណ្ឌិត្យរង ដែលស្ថិតក្នុងទីរួមខេត្តឃ្លាំង បច្ចុប្បន្ន។ ពុទ្ធសាសនបណ្ឌិត្យរងនៅខេត្តឃ្លាំង នេះ ត្រូវបានចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ១៩៤០ និងចប់សព្វគ្រប់នៅឆ្នាំ១៩៤២ ក្រោមការជួយឧបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ និងអាជ្ញាធរបារាំង នៅកូសាំងស៊ីន។ ពុទ្ធសាសនបណ្ឌិត្យរងនេះ ត្រូវបានបង្កើតឡើង១២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីពុទ្ធសាសនបណ្ឌិត្យនៅកម្ពុជា ត្រូវបានបង្កើតនៅឆ្នាំ១៩៣០។
សព្វថ្ងៃ ទីតាំងអតីតក្រុមសមាគមសិក្សាវិទ្យាល័យខេមរៈជាតិ នៅដែនដីកូសាំងស៊ីន ឬសមាគមខ្មែរកម្ពុជាក្រោម និងអគារពុទ្ធសាសនបណ្ឌិត្យរង ស្ថិតនៅជាមួយគ្នាក្នុងទីរួមខេត្តឃ្លាំង ហើយអគារនេះត្រូវបានប្រើប្រាស់ធ្វើជាសារមន្ទីរខ្មែរទៅវិញ៕