សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការប្រឆាំងការរំលោភសិទ្ធិជនជាតិដើមសម្រាប់ឆ្នាំ២០២២
2022.01.10
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការទាមទារ សិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រឆាំងការរំលោភសិទ្ធិជនជាតិដើម ដែលបង្កឡើងដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ២០២២ នេះ។ សហព័ន្ធសង្កេតឃើញថា កាលពីឆ្នាំ២០២១ កន្លងទៅ ករណីរំលោភសិទ្ធិ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ នៅពេលពិភពលោក កំពុងជាប់រវល់ ដោះស្រាយវិបត្តិជំងឺ កូវីដ (Covid 19)។
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តសុំកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក (US) អូស្ត្រាលី (Australia) សហភាពអឺរ៉ុប (EU) និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីដាក់សំពាធលើរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើម លុបបំបាត់ការរើសអើង និងឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ មករាថា ទោះបីពិភពលោក កំពុងជួបវិបត្តិជំងឺ កូវីដ១៩ ក៏ដោយ ក៏សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តយុទ្ធនាការតស៊ូមតិដោយអហិង្សាសម្រាប់ខ្មែរក្រោមរស់នៅលើទឹកដីកំណើត នៅឆ្នាំ២០២២ នេះ។ គម្រោងសម្រាប់ឆ្នាំ២០២២ រួមមាន ការសិក្សាតាមគំរូប្រទេសមួយចំនួន ដែលទទួល បានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង បន្តសុំធ្វើជាអ្នកសង្កេតការណ៍របស់គណៈកម្មាធិការអង្គការ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (ECOSOC) តាមដានការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព របស់អង្គការសហប្រជាជាតិដើម្បីធានាថា រដ្ឋាភិបាលវៀតណាមអនុវត្តគោលដៅ នេះ ឲ្យស្មើភាពរវាងខ្មែរក្រោម និងជនជាតិវៀតណាម។ សហព័ន្ធក៏នឹងជ្រើសរើសយុវជនខ្មែរក្រោម ធ្វើការងារស្ម័គ្រចិត្តដើម្បីតាមដានការអនុវត្តសន្ធិសញ្ញាអន្តរជាតិដូចជា សន្ធិសញ្ញាការពារសិទ្ធិកុមារ និងសន្ធិសញ្ញាផ្សេងទៀតរបស់ រដ្ឋាភិបាល វៀតណាម។ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា យុទ្ធនាការចម្បងរបស់សហព័ន្ធនៅឆ្នាំនេះ គឺការធ្វើដំណើរឆ្ពោះទៅរកសិទ្ធិស្វ័យដោយខ្លួននៅថ្ងៃអនាគត៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមក្រោយពីការប្រជុំកាលពីខែ១២ ជាកិច្ចប្រជុំប្រចាំឆ្នាំហ្នឹងយើងមានផែនការជាច្រើនចំណុច ទីមួយគឺ សហការនឹងសហគមន៍អឹរ៉ុប និងបន្តការទំនាក់ទំនងជាមួយប្រទេសធំៗ ដែលមានពាណិជ្ជកម្មនឹងប្រទេសវៀតណាម ដើម្បីអំពាវនាវឲ្យប្រទេសទាំងអស់នោះ ដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម។ ទីពីរ សហព័ន្ធនឹងបន្តការស្រាវជ្រាវទៅប្រទេសមួយចំនួន ដែលទើបទទួលបានការសម្រេចវាសនាដោយខ្លួនឯងហ្នឹង សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងទៅសិក្សាបន្ថែមពីច្បាប់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯង»។
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្ត យុទ្ធនាការក៏ស្វិតស្វាញនៅឆ្នាំនេះ ដោយសារតែកាលពីឆ្នាំ២០២១ កន្លងទៅ សហព័ន្ធសង្កេតឃើញថា រដ្ឋាភិបាលវៀតណាមបានបន្តរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ ដោយសារតែពិភពលោក កំពុងដោះស្រាយជំងឺកូវីដ១៩។ យ៉ាងហោចណាស់ ក៏មានខ្មែរក្រោមពីរនាក់ ត្រូវបាន អាជ្ញាធរវៀតណាមចាប់ខ្លួនដាក់ពន្ធនាគារ និងជាច្រើននាក់ទៀតត្រូវបានវៀតណាម គំរាមកំហែងមិនឲ្យបញ្ចេញមតិរឿងជនជាតិដើម និងប្រវត្តិសាស្ត្របាត់បង់ទឹកដីខ្មែរក្រោម។
អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង កាលពីថ្ងៃទី១៤ ខែតុលា បានចាប់ខ្លួនលោក ថាច់ រីន ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ទៅដល់កិត្តិយស អតីតមេដឹកនាំវៀតណាម»។ បច្ចុប្បន្នវៀតណាមកំពុងដាក់ពន្ធនាគារលោក ដើម្បីរង់ចាំការកាត់ទោស។ សហព័ន្ធខ្មែរកម្ពុជាក្រោមបដិសេធការចោទប្រកាន់នេះ ហើយថា ការចាប់ខ្លួនលោក ថាច់ រីន នេះ គឺដោយសារតែលោកបានផ្សព្វផ្សាយចំណេះដឹងពីសិទ្ធិជនជាតិដើម។ អាជ្ញាធរវៀតណាម កាលពីថ្មីៗនេះ ក៏បានចាប់ខ្មែរក្រោមម្នាក់ទៀតឈ្មោះ ហ្វិន វ៉ាំង ឌែប ពីចោទជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ។ មុនពេលចាប់ខ្លួន លោក ហ្វិន វ៉ាំង ឌែប ធ្លាប់បដិសេធថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ លោកថា វៀតណាមចោទប្រកាន់លោកដោយសារតែលោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គម ហ្វេសប៉ុក (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ចំណែកយុវជនខ្មែរក្រោមជាច្រើនរូបផ្សេងទៀត ត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យជាច្រើនរយដុល្លារ រឿងនិយាយពីសិទ្ធិជនជាតិតាមបណ្ដាញសង្គម។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន ថេរដីកា ការបង្ក្រាបលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ គឺដោយសារតែវៀតណាមមានចេតនា បំបាត់ពូជសាសន៍ខ្មែរក្រោមនៅលើកទឹកដីកំណើត៖ «ប្រទេសវៀតណាមនៅតែបន្តការរំលោភសិទ្ធិមនុស្ស នៅលើទឹកដីកម្ពុជាក្រោម ចំពោះពលរដ្ឋកម្ពុជាក្រោម។ នៅវៀតណាមឲ្យតែមានអ្នកណាមានគំនិតផ្ទុយនឹងវៀតណាម គឺរដ្ឋាភិបាលវៀតណាម មានការចោទប្រកាន់ ចំពោះពលរដ្ឋខ្មែរក្រោម ក៏ដូចជា យុវជនខ្មែរក្រោមនិងអ្នកការពារសិទ្ធិមនុស្សនៅលើទឹកដីកម្ពុជាក្រោម»។
កាលពីខែធ្នូកន្លងទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងឈប់ធ្វើទុក្ខបុកម្នេញជនជាតិដើម។ សំណើនោះធ្វើឡើងក្នុងពេលរដ្ឋាភិបាល អូស្ត្រាលី និងវៀតណាម បានចាប់ផ្ដើមកិច្ចសន្ទនា លើកទី១៧ ស្ដីពីបញ្ហាសិទ្ធិមនុស្ស។
អង្គការសិទ្ធិមនុស្ស (Human Rights Watch) រកឃើញថា យ៉ាងហោចណាស់ក៏មានមនុស្សជាងមួយរយនាក់ កំពុងជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់ សិទ្ធិមូលដ្ឋាន និងការប្រើប្រាស់បណ្តាញសង្គម។ វៀតណាមក្រៅពីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯង រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ក៏បានធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមផងដែរ។ មន្ត្រីអង្គការ (Human Rights Watch) ថា វៀតណាមធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយគ្មានពេលស្រាកស្រាន្តឡើយ។ វៀតណាមបានគាបសង្កត់ខ្មែរក្រោមមិនឲ្យសំដែងមតិរឿង វប្បធម៌ជនជាតិដើម សិទ្ធិសាសនា និងគាបឲ្យខ្មែរក្រោម ទទួលយកនិងសម្របសម្រួលការរស់នៅតាមបែបជនជាតិវៀតណាមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។