សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម ដែលធ្វើបាបយុវជនខ្មែរក្រោម
2022.02.01
សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានគំរាមកំហែងមិនឲ្យយុវជនខ្មែរក្រោម ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រ ការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន។ ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បានសម្រេចផាកពិន័យយុវជនខ្មែរក្រោមម្នាក់ ដែលសកម្មក្នុងការជួយការពារសិទ្ធិ និងរក្សាវប្បធម៌ពលរដ្ឋខ្មែរក្រោម។
អាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង បានផាកពិន័យយុវជន ថាច់ កឿង ជាលើកទីពីរក្រោយលោកប្រកាសប្រមូលផ្ដុំថវិកា ដើម្បី សាងសង់ សាលាឆទានមួយ ដែលបច្ចុប្បន្នត្រូវអាជ្ញាធរវៀតណាមផ្អាកការសាងសង់។ អាជ្ញាធរវៀតណាមចោទប្រកាន់ យុវជនខ្មែរក្រោមពីបទផ្សាយព័ត៌មានមិនពិត ក្រោយពេលរូបលោកបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយដំណើររបស់លោករួមទាំង ព្រះសង្ឃ និងពលរដ្ឋ ប្រមាណ ២០នាក់មកពីស្រុកចំនួន៥ នៅខេត្តព្រះត្រពាំង ដើម្បីប្រមែប្រមូល ថវិកាកសាងសាលាឆទាននៅខេត្ត លង់ ហោរ កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅ។ យុវជន ថាច់ កឿង ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ មេសាថា វៀតណាមចង់សងសឹកលោក ដែលហ៊ានចេញមុខប្រមូលថវិកាកសាងសាលាឆទាន ដែលអាជ្ញាធរវៀតណាម ហាមឃាត់ខ្មែរក្រោមមិនឲ្យកសាង៖ «យួនវាមិនឲ្យយើងបង្កើតវប្បធម៌យើងទេ។ វាចង់រំលាយចោល ប៉ុន្តែយួនវិញវាចង់សង់កន្លែង អាចសង់កន្លែងហ្នឹងបានហើយរដ្ឋវាផ្តល់ថវិកាឲ្យទៀត»។

ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាម នៅមិនទាន់ប្រាប់ យុវជន ថាច់ កឿង ឲ្យសងប្រាក់ពិន័យចំនួនប៉ុន្មាននៅឡើយទេ។ កាលពីខែកក្កដាកន្លងទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម និងតំណាងព្រះសង្ឃខ្មែរក្រោមបានស្នើឲ្យវៀតណាមអនុញ្ញាតឲ្យខ្មែរក្រោមកសាងសាលាឆទាន ដែលបានសង់ជិតរួចរាល់ហើយ។ តំណាងពលរដ្ឋខ្មែរក្រោមថា ទង្វើអាជ្ញាធរវៀតណាមខេត្តលង់ហោរ គ្មានសីលធម៌ ដែលហាមឃាត់ពលរដ្ឋខ្មែរក្រោមមិនឲ្យកន្លែងប្រតិបត្តិព្រះពុទ្ធសាសនា។ តំណាងពលរដ្ឋខ្មែរក្រោមថា ការសាងសង់សាលាឆទានក៏ទុក ធ្វើជាកន្លែងបង្រៀនអក្សរសាស្ត្រដល់កូនខ្មែរ ដោយសារតែតំបន់ដែលពួកគេរស់នៅ នៅជនបទដាច់ស្រយាល ពិបាកធ្វើដំណើរទៅវត្ត ឬសាលារៀននៅតំបន់ឆ្ងាយ។
យុវជន ថាច់ កឿង ក៏ឲ្យដឹងទៀតថា មូលហេតុមួយទៀត ដែលវៀតណាមខឹងនឹងលោកដែរនោះ គឺដោយសារតែលោកបានទាមទារឲ្យវៀតណាមកសាងក្លោងទ្វារខេត្តព្រះត្រពាំង ដែលវៀតណាមបានបំផ្លាញចោលកាលពី ៧ឆ្នាំមុន ដោយយកលេសថា ចង់ពង្រីកផ្លូវ។ អាជ្ញាធរវៀតណាមពេលនោះបានសន្យាកសាងខ្លោងទ្វារឲ្យវិញ ប៉ុន្តែមិនបានគោរពពាក្យសន្យាមកទល់សព្វថ្ងៃនេះ។ នេះជាលើកទីពីរហើយដែលយុវជន ថាច់ កឿង ត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យ។ កាលពីឆ្នាំ២០២០ យុវជនរូបនេះ ត្រូវវៀតណាមផាកចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែអាជ្ញាធរវៀតណាមចោទលោកថា ល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាមទៅវិញ។
យុវជន ថាច់ កឿង ប្ដេជ្ញាថា ទោះបីវៀតណាមធ្វើទុក្ខម្នេញលោកមិនចេះចប់មិនចេះហើយក្តី ក៏លោកបន្តធ្វើការតស៊ូមតិ ដើម្បីបុព្វហេតុខ្មែរកម្ពុជាក្រោម៖ «ឃើញប្អូនអំពាវនាវជួយបងប្អូនជនក្រីក្រដូច្នោះបងប្អូនជ្រោមជ្រែងទាំងក្នុងនិងក្រៅប្រទេស និងជួយឧបត្ថម្ភ ដល់គេឃើញកសាងវត្ត និងសាលាឆទាន»។
ពាក់ព័ន្ធនឹងការគំរាមកំហែងយុវជនខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់វៀតណាមកុំឲ្យរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ជាបន្ទាន់ នូវការគំរាមកំហែងយុវជនខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្ដឹងទៅអង្គការសហប្រជាជាតិ ដើម្បីអន្តរាគមន៍ និងដាក់គំនាបលើរដ្ឋាភិបាលវៀតណាមដែលរំលោភសិទ្ធិមនុស្សខ្មែរក្រោម»។
ទោះបីវៀតណាមបានខំប្រឹងប្រែង មិនឲ្យខ្មែរក្រោមកសាង សាលាឆទាន វត្តដើម្បីគោរពសាសនាក៏ដោយ ប៉ុន្តែ មកទល់នឹងឆ្នាំ ២០២២នេះ ខ្មែរក្រោមបានបន្តកសាងវត្ត បានជាង ៤៦០វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយអង្គ។ “វត្ត សម្បូររង្ស៊ី” នៅខេត្តព្រះត្រពាំង មានអាយុកាល ១៦៤៨ឆ្នាំហើយ។ តំណាងព្រះសង្ឃខ្មែរក្រោមធ្លាប់លើកឡើងថា ប្រសិនបើខ្មែរក្រោមបាត់បង់វត្តអារាម មានន័យស្មើនឹងបាត់បង់ទឹកដី វប្បធម៌ និងពូជពង្សខ្មែរក្រោមតែម្ដង។ ខ្មែរក្រោមបានបាត់បង់ទឹកដីអស់រយៈពេល ៧២ឆ្នាំហើយ។របាយការណ៍គណៈកម្មការសេរីភាពសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០២១ ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនា។ ការធ្វើទុក្ខបុកម្នេញទាំងនោះ រួមមានទាំង ការបង្ករបួសស្នាម ធ្វើទណ្ឌកម្ម និងចាប់ដាក់ពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។