សហព័ន្ធខ្មែរក្រោមស្នើវៀតណាមឱ្យជួយខ្មែរក្រោម ដែលរងគ្រោះដោយសារជំងឺកូវីដ១៩
2021.08.17
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើវៀតណាមឱ្យជួយខ្មែរក្រោមដោយឥតរើសអើងពូជសាសន៍ក្រោយមានពលរដ្ឋខ្មែរក្រោមមួយចំនួនបានស្លាប់ និងឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម ក៏កំពុងប្រឈមមុខនឹងបញ្ហាជីវភាព និងខ្វះខាតស្បៀងអាហារដោយសារតែវៀតណាម បានដាក់វិធានការរាំងខ្ទប់ភូមិឃុំ មិនឲ្យពួកគេឲ្យចេញក្រៅផ្ទះ។
យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរក្រោមបីនាក់ នៅខេត្តផ្សេងគ្នា បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានឆ្លងជំងឺ កូវីដ១៩ ក្នុងពេលដែលជំងឺនេះ កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ និងបានបណ្ដាលឲ្យជនជាតិវៀតណាមប្រមាណជាងមួយពាន់នាក់បានស្លាប់ និងជាងមួយសែននាក់ឆ្លងជំងឺនេះ គិតត្រឹមថ្ងៃទី៣១ កក្កដា។ វៀតណាមមានកំណើនអ្នកឆ្លងជំងឺ covid-19នេះ ចាប់ពីចុងខែមេសា ហើយកើនកាន់តែខ្លាំងថែមទៀត កាលពីខែមិថុនា។
សហព័ន្ធ និងពលរដ្ឋខ្មែរក្រោមប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមមិនសូវយកចិត្តទុកដាក់ និងជួយឧបត្ថម្ភខ្មែរក្រោម ដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ នោះទេ។
ប្រធាននាយកដ្ឋានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ចាប់តាំងពីជំងឺកូវីដ១៩ វាយប្រហារប្រទេសវៀតណាមខ្លាំងមក ពលរដ្ឋខ្មែរក្រោមក៏រងគ្រោះដែរ៖ «សហព័ន្ធខ្មែរក្រោមតែងតែមានការព្រួយបារម្ភ ចំពោះពលរដ្ឋខ្មែរក្រោម ដែលឆ្លងជំងឺកូវីដ ១៩។ ពលរដ្ឋខ្មែរក្រោមបានអាក់ខានការងារ ខ្លះជាប់នៅផ្ទះ និងកន្លែងការងារត្រូវបានបិទ ធ្វើឲ្យពលរដ្ឋខ្មែរក្រោមលំបាកក្នុងជីវភាព»។
ពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជាក្រោមនេះ យុវជនខ្មែរក្រោមម្នាក់ ដែលកំពុងជាប់ការរាំងខ្ទប់នៅទីក្រុងព្រៃនគរឲ្យដឹងថា លោកបានជាប់នៅក្នុងផ្ទះអស់រយៈពេលពីរខែមកហើយ ដោយមិនហ៊ានចេញទៅក្រៅ ដើម្បីប្រកបរបររកស៊ីនឹងគេទេ ដោយខ្លាចអាជ្ញាធរវៀតណាមយកលេសដើម្បីចាប់ខ្លួន ដោយសារអាជ្ញាធរវៀតណាមធ្លាប់ចោទប្រកាន់លោករឿង ប្រើប្រាស់បណ្ដាញសង្គមនិយាយរឿងប្រវត្តិសាស្ត្រខ្មែរក្រោមម្ដងរួចហើយ។
យុវជន ថាច់ កឿង ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមបង្ខំឲ្យបង់ប្រាក់វិន័យ ៣០០ដុល្លារ ដោយចោទលោកថា ល្មើសច្បាប់សន្តិសុខអ៊ិនធឹណិតវៀតណាម អះអាងថា អាជ្ញាធរវៀតណាមហាក់មិនអើពើ មិនព្រមជួយពលរដ្ឋខ្មែរក្រោម ដែលកំពុងជួបវិបត្តិដោយសារតែ ជំងឺកូវីដ១៩ នៅឡើយទេ៖ «សំណូមពរទៅខាងរដ្ឋាភិបាលវៀតណាមប្រសិនបើមានជំនួយជួយដល់កម្មករខ្មែរក្រោមហ្នឹង ត្រូវជួយឲ្យទាន់ពេល ឮតែផ្សាយព័ត៌មានថា ជួយ ប៉ុន្តែមិនទាន់ឃើញធ្វើ»។
ចំណែក យុវជន តោ ហ្វាងចឿង រស់នៅខេត្ត ព្រះត្រពាំងវិញ ក៏អះអាងថា ស្រដៀងគ្នានេះដែរថា លោក និងអ្នកភូមិផ្សេងទៀត កំពុងជួបវិបត្តិកូវីដ១៩ នេះដែរ។ លោកថា អាជ្ញាធរវៀតណាមមិនត្រឹមមិនជួយឧបត្ថម្ភពលរដ្ឋខ្មែរក្រោម វៀតណាមថែមទាំងតម្រូវឲ្យពលរដ្ឋខ្មែរក្រោម បង់ថ្លៃសេវាសុខភាព ពេលពិនិត្យរកជំងឺកូវីដ១៩ ថែមទៀតផង៖ «បច្ចុប្បន្នគ្មានសោះ ជីវភាពវាទាល់ធ្វើការងារអ្វី ក៏មិនបាននៅតែផ្ទះ។ យើងធ្វើមិនបាន ហើយហូបចុក គ្មានចំណូល មានតែចំណាយ គ្មានធ្វើអ្វីបាន។ ចុងក្រោយចង់ឲ្យរដ្ឋាភិបាលផ្តល់ជំនួយមិនថា ពលរដ្ឋខ្មែរក្រោម ឬក៏យួនអ្វីទេ»។
ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត រស់នៅខេត្ត ឡុងហោ ប្រាប់អាស៊ីសេរីថា ភូមិស្រុកលោក ឋិតនៅតំបន់ដាច់ស្រយាល មិនទាន់មានជំងឺ Covid-19 ឆ្លងក្នុងតំបន់លោកនៅឡើយទេ ប៉ុន្តែលោកថា ពលរដ្ឋតំបន់លោកក៏ជួបនឹងបញ្ហាខ្វះខាតជីវភាពដែរ៖ «វាប៉ះពាល់ព្រោះយើងនៅស្រុកស្រែ យើងពឹងនៅលើការស៊ីឈ្នួល។ ក្រៅពីធ្វើស្រែ ពួកខ្ញុំក៏ទៅធ្វើពលកម្មនៅតាមរោងចក្រ។ រោងចក្រ គេក៏បិទដែរ វាលំបាកណាស់ ប៉ុន្តែគ្រាន់បើជាងទីក្រុងបន្តិច ពីព្រោះយើងនៅមានខ្យង ក្ដាម និងមានបន្លែយើងអាចរស់បាន»។
ទាក់ទងនឹងវិបត្តិជំងឺកូវីដ១៩ នេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្តថា បច្ចុប្បន្នសហព័ន្ធកំពុងធ្វើយុទ្ធនាការស្វែងរកជំនួយ និងថវិកាជួយដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងជួបប្រទះបញ្ហាជីវភាព និងម្ហូបអាហារ។ ព្រះអង្គស្នើដល់អាជ្ញាធរវៀតណាមឱ្យជួយចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរក្រោម និងជួយអ្នក ដែលកំពុងរងគ្រោះ ដោយសារតែជំងឺកូវីដ១៩ ដោយគ្មាន ការរើសអើងពូជសាសន៍៖ «សំណូមដល់រដ្ឋាភិបាលវៀតណាមហ្នឹង ត្រូវតែយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្មែរក្រោមក្ដី និងពលរដ្ឋទូទៅនៅលើដែនដីកម្ពុជាក្រោម ត្រូវតែរកជំនួយនឹងមធ្យោបាយសង្គ្រោះដល់ពលរដ្ឋខ្មែរក្រោម ដែលជួបការលំបាកក្នុងជីវភាព»។
បច្ចុប្បន្នខ្មែរក្រោមរាប់លាននាក់ ជាជនជាតិដើម កំពុងរស់នៅលើទឹកដីកំណើត ចំនួន ២១ខេត្តក្រុង។ ខ្មែរក្រោមភាគច្រើនរស់នៅពឹងពាក់អាស្រ័យលើមុខរបរកសិកម្ម និងមួយចំនួនទៀតជាយុវជនបានចាកចេញពីស្រុកទៅធ្វើការងារនៅរោងចក្រតាមទីក្រុងធំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។