នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម នារីទាំងឡាយណាដែលបានចូលរួមធ្វើបដិវត្តិន៍ ជារឿយៗបានទទួលការតបស្នងវិញដោយពេញចិត្តនិងយ៉ាងស័ក្តិសម ។
ក្រោយថ្ងៃជ័យជម្នះលើរបប លន់ នល់ ភ្លាម មាននារីជាច្រើនបានទទួលមុខនាទីជាអ្នកដឹកនាំ ។ ក៏ប៉ុន្តែសម្រាប់នារីប្រជាជនថ្មីវិញ បានទទួលការគាបសង្កត់បង្ខំឱ្យធ្វើការជាទម្ងន់ ។ ជារឿយៗនារីទាំងឡាយណា រឹងទទឹងនឹងអង្គការត្រូវគេចាប់ខ្លួនធ្វើទារុណកម្ម ព្រមទាំងដាក់ទោសរហូតដល់ស្លាប់បាត់បង់ជីវិត ។
អ្នកស្រី គង់ សារី នៅខេត្តបាត់ដំបង បានរៀបរាប់អំពីទារុណកម្មយ៉ាងធ្ងន់ធ្ងរធ្វើចំពោះនារី ប្រឆាំងនឹងអង្គការបដិវត្តន៍ ដូច្នេះថា ៖ «អ្នកដែលធ្វើខុស ខ្ញុំឃើញផ្ទាល់ភ្នែក គឺវ៉ៃហើយច្រកបាវ ។ មានម្នាក់នោះមិនដឹងឈ្មោះអី ខ្ញុំភ្លេចបាត់ហើយ គ្នាចង់ទៅលេងផ្ទះ ក៏ទៅមិនបានប្រាប់ ពេលទៅដល់ត្រឹមតែអូរមុន្នីទេ មិនទាន់ដល់តាប៉ុនផង ក៏គេតាមទាន់ៗ យកមកគេវ៉ៃៗ ធ្វើបាបចងដៃចងជើង ហើយដាក់ប្រមៀលនៅនឹងមុខហ្នឹង ។ ហើយគ្នាគេមូលដ្ឋានហ្នឹង នាំគ្នាឡើងជាន់ទាំងស្បែកជើងកង់ឡានហ្នឹង ។ ជាន់ម្នាក់ម្តងៗ វ៉ៃប្រហែលជាស្លាប់ហើយម្នាក់ហ្នឹង ព្រោះបាត់ទៅតាំងពីថ្ងៃហ្នឹងមក ។ ហ្នឹងហើយល្មើសនឹងអង្គការ» ។
ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ នារីខ្លះមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះតែឃើញគ្រួសាររបស់ពួកគេបែកបាក់ព្រាត់ប្រាសគ្នា ខ្លះទៀតឈឺនិងស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ។ រយៈពេល ៣០ឆ្នាំក្រោយមក នារីខ្លះនៅតែមានបញ្ហាតានតឹង និងឆាប់រំជួលចិត្ត នៅពេលគេរំឭកអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
អ្នកស្រី វ៉ា ហ៊ាង ជាប្រជាជនម្នាក់នៅខេត្តស្វាយរៀង បាននិយាយថា អ្នកស្រីមិនចង់ឮរឿងហ្នឹងទេ ពីព្រោះវាធ្វើឱ្យអ្នកស្រីតឹងតែងក្នុងឤរម្មណ៍ និងហូរទឹកភ្នែក ៖ «ខ្ញុំមានឤរម្មណ៍ឈឺចាប់ណាស់ ខ្ញុំមិនចង់នឹកឡើងទេ ។ ឱ្យតែឮរឿងហ្នឹងក្តៅក្រហាយក្នុងខ្លួន មិនឱ្យនឹកឃើញដល់ទេ ។ តឹងតែងណាស់ ខ្ញុំមិននិយាយទេ ។ ឱ្យតែនិយាយហូរទឹកភ្នែក ។ ព្រាត់ប្រាសកូនចៅម៉ែឪអស់រលីងហើយ ។ ប្តី ប្អូន ប្អូនថ្លៃ ទៅទាំងអស់គ្នា មកវិញតែឯង ។ នៅសុទ្ធតែមេម៉ាយពោះធំ» ។
ដូចគ្នានឹងសាសនាដែរ នារីប្រជាជនថ្មីត្រូវរបបកម្ពុជាប្រជាធិបតេយ្យបង្ក្រាបមិនឱ្យងើបមុខរួច ។ តម្លៃនារីនៅមុនសម័យបដិវត្តន៍ ដែលធ្លាប់តែទទួលបានកិត្តិយសចំពោះតួនាទីយ៉ាងសំខាន់របស់ខ្លួន នៅក្នុងជីវិតគ្រួសារក្នុងសាសនា និងពាណិជ្ជកម្មនោះ ត្រូវបានអង្គការបដិវត្តន៍បំផ្លាញ ឬបដិសេធចោល ។
នៅក្នុងវប្បធម៌ប្រពៃណីខ្មែរ នារីខ្មែរត្រូវបានអប់រំប្រៀនប្រដៅឱ្យកាន់កិរិយាមារយាទឱ្យបានល្អទៅតាមតម្រា ដូចមានចែងនៅក្នុងច្បាប់ស្រី ។ នារីត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងស្វាមីរបស់ខ្លួនចាត់ចែងកិច្ចការផ្ទះ ព្រមទាំងបង្ហាញនូវភាពរម្យទមរបស់ខ្លួនទៅដល់ពិភពលោក ។
អ្នកស្រី ទេស សាម៉ុន អ្នកស្រុកស្វាយរៀងម្នាក់ទៀត បានមានប្រសាសន៍អំពីការគោរពឪពុកម្តាយរបស់អ្នកស្រីដូច្នេះ ៖ «ឪពុកម្តាយខ្ញុំគាត់ទូន្មានគឺត្រូវ ។ ខ្ញុំគោរពទៅតាមគាត់ ឧបមាថាពេលមានបុណ្យទានអី ខ្ញុំថា "ឪខ្ញុំសុំទៅបុណ្យ" គាត់ថា "ទេ បើម៉ែងឯងទៅ អញឱ្យទៅ តែបើម៉ែឯងអត់ទៅ កូនស្រីអញអត់ឱ្យទៅទេ" ខ្ញុំគោរពខ្ញុំអត់ហ៊ាន ។ តាំងពីខ្ញុំកើតមកគាត់ថា មនុស្សស្រីគេមិនឱ្យនិយាយឮ សើចឮទេ ។ ហើយទីពីរស្លៀកសំពត់ កុំឱ្យហៀរកែង ។ កុំឱ្យដើរលាន់ឮ ហើយកុំឱ្យដើរលេងផ្ទះគេ ហ្នឹងបញ្ហាម៉ែឪខ្ញុំប្រដៅ ។ ហើយយើងស្រីចេះបោសសម្អាត ចេះតុបតែងផ្ទះ ចេះដឹងមានភ្ញៀវមានពន្លឺមក មានទឹកក្តៅទឹកត្រជាក់រៀបចំ ។ ហ្នឹងម៉ែឪខ្ញុំ» ។
ក៏ប៉ុន្តែនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ អ្នកស្រី ទេស សាម៉ុន បាននិយាយថា ពួកខ្មែរក្រហមបានចាត់ទុកតម្រាការទូន្មានទាំងនោះ ថាជារឿងចាស់គំរិល ហើយថែមទាំងនិយាយថា ការចោះត្រចៀកពាក់ក្រវិលរបស់នារី ជាការសម្គាល់អំពីភាពខ្ញុំគេ ។
អ្នកស្រីបានមានប្រសាសន៍ឱ្យដឹងដូច្នេះ ៖ «ប៉ុល ពត វាច្រើនថា ជឿអីគំរិលចែត្រ ចាស់គំរិលចែត្រ និយាយអ៊ីចឹងហើយ ។ វានិយាយដែរថា អ្នកចោះត្រចៀកហ្នឹង កាលពីជំនាន់ហ្នឹងវាក្រពេក ទៅនៅខ្ញុំគេ ។ ដល់ចេញពីខ្ញុំគេមក គេចោះត្រចៀកឱ្យចាំថា ឤហ្នឹងឤអ្នកក្រ ។ ប៉ុល ពត និយាយថា ក្រវិលអីពាក់ធ្វើអី ពាក់ហ្នឹងដើម្បីតែខ្ញុំគេទេ ។ ម្ល៉ោះហើយដោះមកឱ្យអង្គការឱ្យអស់មក ហ្នឹងជំនាន់ហ្នឹង» ។
នារីខ្មែរមិនសូវមានបំណងប្រាថ្នាលោភលន់ ឬមហិច្ឆតាធំដុំទេ ។ ជាទូទៅពួកគេចង់បានត្រឹមតែការគោរពក្នុងនាមជាភរិយា ជាម្តាយ ជាយាយ និងជាបងស្រីប៉ុណ្ណោះ គឺមិនដូចមនុស្សនៅក្នុងសតវត្សរ៍ទី២១នេះទេ ។ នៅក្នុងសម័យមុនបដិវដ្តន៍ ការអប់រំរៀនសូត្រជាផ្លូវការ នារីនៅចាញ់ប្រៀបបុរសឆ្ងាយណាស់ ។
មេដឹកនាំខ្មែរក្រហមជឿជាក់ថា ឯកសារនានាដូចជាច្បាប់ជាដើម គឺជាប្រព័ន្ធកេងប្រវ័ញ្ច និងធ្វើឱ្យប្រជាជនកម្ពុជាទូទៅជាទាសករ ។ ពួកមេដឹកនាំខ្មែរក្រហម បានសន្យាថា ក្រោមការដឹកនាំរបស់អង្គការបដិវដ្តន៍ ប្រជាជនកម្ពុជាគ្រប់រូបនឹងបានស្មើភាពគ្នា ហើយរាល់ការកេងប្រវ័ញ្ចលើនារីនឹងត្រូវបញ្ចប់លែងឱ្យមាន ។ ក្រោយឆ្នាំ១៩៧០ គំនិតស្មើភាពគ្នាដែលខ្មែរក្រហមបានលើកឡើងនោះ បានទទួលការគាំទ្រ និងការគោរពយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពខ្មែរក្រហម នៅក្នុងរោងចក្រ និងកងចល័ត ។
ភាពស្មើគ្នាត្រូវបានដាក់តម្កល់ជាផ្លូវការ នៅក្នុងមាត្រាទី១៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ប្រជាធិបតេយ្យ ដែលបានចែងថា ៖ "ត្រូវមានសមភាពពេញទីរវាងប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្គមកម្ពុជាមួយស្មើភាព យុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា មានសុភមង្គល ក្នុងមហាសាមគ្គីជាតិទាំងមូល ដើម្បីការពារប្រទេស និងកសាងប្រទេសទាំងអស់គ្នា" ។
មាត្រានេះបានចែងបន្តទៀតថា ៖ "បុរស និងនារី ស្មើភាពគ្នាពេញទីលើគ្រប់វិស័យទាំងអស់ ។ មិនអនុញ្ញាតឱ្យមានប្រពន្ធច្រើន និងប្តីច្រើនឡើយ" ។
នៅក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិល សំណូមពរដ៏តឹងរ៉ឹងរបស់អង្គការបានអំពាវនាវដល់នារីក្មេងៗ ជាពិសេសនារីទាំងឡាយណាដែលគ្មានបន្ទុកគ្រួសារ ហើយនារីរាប់ពាន់នាក់ បានចូលរួមក្នុងកងទ័ពប្រដាប់ឤវុធខ្មែរក្រហម ។ យុទ្ធនារីទាំងនោះបានទទួលការហ្វឹកហាត់ផ្នែកយោធា និងបំពេញភារកិច្ចយោធា ដូចគ្នានឹងយុទ្ធជនដែរ ។ យុទ្ធនារីមួយចំនួន បានចូលរួមប្រយុទ្ធផ្តាច់ព្រ័ត្រនៅសមរភូមិចុងក្រោយ ពេលវាយចូលទីក្រុងភ្នំពេញ និងទីក្រុងធំៗនានារបស់ប្រទេស ហើយក្នុងចំណោមពួកយុទ្ធនារីទាំងនោះ មានមួយចំនួនបានទទួលឋានៈជាមេបញ្ជាការកងវរសេនាតូច ។ យុទ្ធនារីខ្លះទៀតបានទទួលឋានៈជាមេកងចល័ត ជាគណៈនយោបាយ ឬជាប្រធានគ្រប់គ្រងមន្ទីរពេទ្យ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
សម្រាប់អ្នកស្រី អ៊ុម ស៊ីណាត អតីតយុទ្ធនារីនៅខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពេលចប់សង្គ្រាម អ្នកស្រីបានទទួលឋានៈជាមេកងចល័តនៅខេត្តពោធិ៍សាត់ ៖ «គេថាអស់មានច្បាំងមានអីទៀតហើយ យើងទៅបង្កបង្កើតផលម្តង ។ ឡើងតាមតាប៉ុនហ្នឹង មកនៅនរា ។ ដល់រួចទៅគេថា ទ័ពស្រីហ្នឹងគេសុំមួយចំនួន ទៅកាន់ខាងតំបន់ ៦ ខេត្តពោធិ៍សាត់ គេហៅភូមិបាក់ត្រា កន្លែងដែលខ្ញុំរស់នៅហ្នឹងណា៎ ។ គ្រាន់ចប់បានប្រហែលជាមួយខែអីហ្នឹងទៅ ។ ទៅដល់ហ្នឹងគេថាឱ្យខ្ញុំចុះអប់រំប្រជាជនតាមភូមិ ហើយយើងចុះទៅ ទៅនៅតាមភូមិទៅ ទៅកាន់ចល័តកាន់អីនៅនឹងភូមិហ្នឹងទៅណា៎...។ ចល័តហ្នឹងគេយកតាមភូមិអីហ្នឹង យកគ្រប់ភូមិទៅឱ្យយើងកាន់ ។ ចល័តហ្នឹងច្រើន ចល័តប្រហែលជា៥០០នាក់អីទៅ ទាំងប្រុសទាំងស្រី ។ គេមានប្រុសមួយសម្រាប់កាន់ដែរ ឈ្មោះ ធឹង ។ ធឹងហ្នឹង គេកាន់ខាងប្រុស ប៉ុន្តែយើងមើលពីលើទាំងប្រុសទាំងស្រីហ្នឹង ។ មើលពីលើឈ្មោះ ធឹងហ្នឹងទៀត» ។
នារីខ្លះទៀតបានទទួលមុខតំណែងខ្ពស់នៅក្នុងក្រសួងការបរទេស ។ នៅក្នុងករណីជាច្រើន ពួកគេកាន់កាប់មុខតំណែងទាំងនេះដោយសារតែប្តីឬឪពុកម្តាយរបស់ពួកគេ ជាជនបដិវត្តន៍ ដឹកនាំនយោបាយជាន់ខ្ពស់ ដែលនារីទាំងនោះមានចំណែកអស់រយៈពេលជាច្រើនឆ្នាំ ។
មិត្តនារីជាពាក្យសម្រាប់ហៅនារីទូទៅ នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ។ អតីតមិត្តនារីជាច្រើន ដែលរួចជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បានរំឭកអំពីបទពិសោធន៍ជីវិតរបស់គេ កាលពីសម័យបដិវត្តន៍ ថាជាគ្រាដ៏លំបាកយ៉ាប់យ៉ឺនបំផុត ។ ក៏ប៉ុន្តែគ្រាលំបាកនោះ ក៏ជាការ រំដោះឱ្យមានសេរីភាពផងដែរ ។ ពួកគេសប្បាយរីករាយនឹងការទទួលខុសត្រូវ ដែលពួកគេបានទទួល ព្រមទាំងគំនិតដែលឱ្យតម្លៃពួកគេស្មើនឹងបុរសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គេក្នុងការបម្រើបដិវត្តន៍ ។
ចម្រៀងបដិវត្តន៍និងពាក្យស្លោកជាច្រើន បានសរសើរដល់តួនាទីរបស់មិត្តនារី ដែលបានរួមចំណែកនៅក្នុងជ័យជម្នះរបស់ខ្មែរក្រហម ដូចជាចម្រៀងមួយមានចំណងជើងថា សីលធម៌ប្រយុទ្ធរបស់យុវជន យុវនារីបដិវត្តន៍កម្ពុជា ក៏បានលើកសរសើរដល់តួនាទីរបស់នារី ទាំងក្នុងពេលតស៊ូធ្វើសង្គ្រាម៥ឆ្នាំ និងទាំងក្នុងពេលកសាងរបបកម្ពុជាប្រជាធិបតេយ្យ ៖ "យុវជន យុវនារីបដិវត្តន៍ថ្លៃថ្លា រួមសាងកម្ពុជាប្រជាធិបតេយ្យ ដាច់ខាត បងប្អូនរក្សាប្រពៃណី តស៊ូតាំងពីសម័យបដិវត្តន៍" ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តួនាទីនេះបានបន្តដល់នារីក្មេងៗ ដែលទៅពីទីក្រុង ហើយក្មេងៗប្រជាជនថ្មី ក៏រីករាយនឹងធ្វើការជាមួយនារីដទៃទៀត មានឤយុស្របាលៗគ្នាដែលកំពុងពេញរូបរាង ។ ភាពស្មើគ្នារវាងបុរស នារី ទាំងពីរភេទ គឺជាគំនិតថ្មីមួយ ដែលមាននារីជាច្រើនពេញចិត្ត ។ នៅពេលជាមួយគ្នានោះដែរ ពួកគេក៏បានដឹងបានឮនូវរឿងរ៉ាវតក់ស្លុតនានានៅជុំវិញខ្លួន ។ តាមការធ្វើសម្ភាសន៍នារីមួយចំនួន បានលើកឡើងនូវទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើចំពោះនារីប្រឆាំងនឹងវិន័យរបស់អង្គការ ។ ហេតុផលនេះបានធ្វើឱ្យនារីៗខ្លះ តែងតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវធ្វើអ្វីមួយប្រឆាំងនឹងអង្គការបដិវត្តន៍ខ្មែរក្រហមឡើយ ៕