បើតាមសម្តីរបស់អ្នកធ្លាប់រស់នៅក្រោមរបប កម្ពុជាប្រជាធិបតេយ្យ បាននិយាយឲ្យដឹងថា នៅក្នុងសម័យនោះ រាល់សកម្មភាពទាំងឡាយដែលទាក់ទងនឹងវិស័យវប្បធម៌ ត្រូវបានបង្វែរទិសដៅទៅរកការបម្រើឲ្យបដិវត្តន៍របស់បក្សកុម្មុយនីស្តកម្ពុជា ។
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ត្រង់មាត្រា៣ បានចែងថា ៖ វប្បធម៌របស់ប្រទេសកម្ពុជាប្រជាធិបតេយ្យ មានលក្ខណៈជាតិ ប្រជាជន និងចម្រើនស្អាតស្អំ ដើម្បីបម្រើភារកិច្ចការពារប្រទេស និងកសាងប្រទេសកម្ពុជា ឲ្យបានរុងរឿងសម្បូរសប្បាយ ។ វប្បធម៌ថ្មីនេះ ប្រឆាំងដាច់ខាតនឹងវប្បធម៌ពុករលួយ ប្រតិកិរិយា របស់វណ្ណៈជិះជាន់ផ្សេងៗ និងរបស់អាណានិគមនិយម ចក្រពត្តិនិយមនៅកម្ពុជា ។
ក្រោយពេលបណ្តេញប្រជាជនចេញអស់ពីទីក្រុង របបកម្ពុជាប្រជាធិបតេយ្យ បានបិទលែងឱ្យមានរោងភាពយន្ត រោងមហោស្រព សម្រាប់សាធារណជនទាំងអស់ ។ ក្រៅពីសៀវភៅរៀនអក្សរ និងលេខសម្រាប់កុមារ និងទស្សនាវដ្តីដូចជា ទង់បដិវត្តន៍ និងទស្សនាវដ្តី កម្ពុជា សម្រាប់តែកម្មាភិបាលតែប៉ុណ្ណោះ ។ សៀវភៅ ទស្សនាវដ្តី ឬកាសែតឤន អំពីដំណឹងផ្សេងៗ ក៏ត្រូវបិទលែងបោះពុម្ពសម្រាប់ឱ្យសាធារណជនទូទៅបានឤនដែរ ។
លោក ទែន គីរី សាក្សីម្នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានប្រសាសន៍ឲ្យដឹងដូច្នេះថា ៖ «សម័យប៉ុលពត មានកាសែតមានស្អីណា បាត់ឈឹង អត់មានទាំងអស់តែម្តង អត់មានព័ត៌មានអីទាំងអស់ មានតែពលកម្ម ព្រឹកល្ងាចៗ រហូតតែម្តង អត់មានកាសែត អត់មានទស្សនាវដ្តី ស្អីទាំងអស់តែម្តង ។ គ្រាន់តែយើងអ្នកចេះដឹងបន្តិច ក៏គេយកទៅសម្លាប់ដែរ ដូច្នេះមានអ្នកណាហ៊ានធ្វើអី ។ គេបំបិទអត់ឱ្យមានតែម្តង ហើយគេមិនចូលចិត្តអ្នកចេះដឹង ដូច្នេះអ្នកណាមើលកាសែតអី អ្នកចេះដឹង គេយកទៅសម្លាប់ចោលបាត់ទៀតហើយ» ។
ស្ថានីយទូរទស្សន៍ក៏ត្រូវបិទ ហើយវិទ្យុផ្ទាល់ខ្លួនរបស់ប្រជាជន ត្រូវបានដកហូតដូចកម្មសិទ្ធិឯកជនដទៃទៀតដែរ ។
អ្នកស្រី ហ៊ីង កន ជាសាក្សីក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ទៀត នៅខេត្តកណ្តាល បានឲ្យដឹងថា វិទ្យុរបស់អ្នកស្រីត្រូវខ្មែរក្រហមដកហូតដូចកម្មសិទ្ធិដទៃទៀតដែរ ដោយអ្នកស្រីមានប្រសាសន៍ដូច្នេះ ៖ «ជំនាន់ហ្នឹង គេដកយកអស់ សូម្បីតែផ្តិលផឹកទឹក គេដកយកដែរ បាននៅស្អីខ្ញុំនោះ» ។
សាក្សីជាច្រើនបានឲ្យដឹងស្រដៀងគ្នាថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានតែកម្មាភិបាលខ្មែរក្រហមទេ ដែលមានវិទ្យុប្រើ ហើយចំពោះប្រជាជនវិញ បើទោះជាមានវិទ្យុក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើដែរ ។
លោក ទែន គីរី មានប្រសាសន៍ឲ្យដឹងបន្ថែមដូច្នេះថា ៖ «មានអ្នកមូលដ្ឋាន គេមានខ្លះអ៊ីចឹងទៅ តែចំពោះខ្ញុំអត់សោះ អត់ដែលស្គាល់ បានស្តាប់វិទ្យុអីតែម្តង ។ គេចាត់ទុកជាខ្មាំង អ្នកណាប្រើវិទ្យុអីជាខ្មាំងតែម្តង ។ អត់ឱ្យប្រើវិទ្យុ អត់ឱ្យប្រើអីទេ ទម្លាក់ចោលតែម្តង អត់ឱ្យមានព័ត៌មានទាំងអស់ បើមានក៏ប្រើលួចលាក់ដែរ អត់ប្រើជាចំហទេ មានតែកម្មាភិបាលអីមួយចំនួន ហើយប្រើ ក៏ប្រើលួចលាក់ដែរ អត់ប្រើជាចំហទេ ឤថ៌កំបាំងមែនទែន» ។
ទោះជាបែបនោះក្តី របបកម្ពុជាប្រជាធិបតេយ្យ បានរក្សាឲ្យមានវិទ្យុផ្សាយសំឡេងជាផ្លូវការមួយ សម្រាប់បម្រើការឃោសនានយោបាយរបស់ខ្លួន ដែលនៅក្នុងកម្មវិធីផ្សាយ ភាគច្រើន ច្រើនតែផ្សាយអំពីសុន្ទរកថានយោបាយ និងចម្រៀងបដិវត្តន៍ ។
នៅក្នុងកម្មវិធីផ្សាយនាពេលយប់មួយ ក្នុងឆ្នាំ១៩៧៧ ដែលត្រូវបានថតទុក អ្នកផ្សាយវិទ្យុ បានឤនកម្មវិធីដូច្នេះ ៖ «បងប្អូនកសិករ សហករ យុទ្ធជន យុទ្ធនារី មិត្តកម្មាភិបាលយើង នៅស្រុកស្វាយរៀង សម្រុកបង្ហើយការច្រូតកាត់ ទុកដាក់ផលស្រូវ និងបន្តលើកទំនប់ ជីកប្រឡាយ លើកភ្លឺ ដាស់ស្រែទុក យ៉ាងខ្លាំងក្លា និងចម្រៀងបដិវត្តន៍ ។ ម៉ោង៨យប់ ...រឿងក្រោមចំណងជើងថា "វីរភាពតាមី និងយាយឡា បូជាជីវិតដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុបដិវត្តន៍ និងចម្រៀងបដិវត្តន៍ ។ ម៉ោង៩យប់ កម្មវិធីនយោបាយដដែល និងចម្រៀងបដិវត្តន៍ ។ ម៉ោង១០យប់ ចប់កម្មវិធី» ។
កម្មវិធីវប្បធម៌ទាក់ទងនឹងពិធីបុណ្យផ្សេងៗ ដែលធ្លាប់មានមុនសម័យបដិវត្តន៍ ក៏ត្រូវបានហាមឃាត់មិនឱ្យមានទៀតឡើយ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យទាក់ទងនឹងពុទ្ធសាសនា ហើយក៏ជាបុណ្យដ៏មានតម្លៃក្រៃលែងចំពោះប្រជាជនខ្មែរ សម្រាប់រំឭកដល់គុណូបការៈរបស់បុព្វបុរស ដែលបានស្លាប់ទៅនោះ បានឤក់ខានពេញមួយសម័យបដិវត្តន៍ កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ហើយជំនួសមកវិញ នូវពិធីបុណ្យផ្សេងៗ ទាក់ទងនឹងបដិវត្តន៍ ដែលផ្តោតជាសំខាន់តែលើវិស័យកសិកម្ម ដូចជាការបង្កបង្កើនផល និងការកសាងប្រព័ន្ធភ្លឺស្រែ ជាក្រឡាឈើត្រង់ ការលើកទំនប់ និងជីកប្រឡាយជាដើម ។
អ្នកស្រី ហ៊ីង កន បានបញ្ជាក់បន្ថែមដូច្នេះថា ៖ «អត់ទេ មានតែបុណ្យកាប់ជ្រូក កាប់មាន់ស៊ី វាស៊ីតែគ្នាវាហ្នឹង បុណ្យអីមានលោកសង្ឃឯណា ? បើព្រះអង្គ វាសែងយកទៅទម្លាក់ចោល នៅក្នុងស្រះ» ។
ជាមួយគ្នានោះដែរ សកម្មភាពកីឡា ការរាំកម្សាន្ត ទំនាក់ទំនងមិត្តភាព ជាលក្ខណៈឯកជន ត្រូវរបបកម្ពុជាប្រជាធិបតេយ្យ ហាមមិនឱ្យមានដែរ ដោយចាត់ទុកសកម្មភាពខាងលើនេះថា សុទ្ធសឹងជាសកម្មភាពរបស់ពួកសក្តិភូមិ មូលធននិយម ដែលជាពួកវណ្ណៈជិះជាន់ និងមិនចេះធ្វើស្រែចម្ការ ។
ការតុបតែងខ្លួនឆើតឆាយហ៊ឺហា តាមបែបអ្នកទីក្រុង និងការលាបក្រេមម្សៅរបស់នារី ក៏ត្រូវបានហាមឃាត់ដែរ ដោយចាត់ទុកសកម្មភាពទាំងនោះថា ជាសកម្មភាពពិសពុល ដែលពួកចក្រពត្តិ និងបរិវាពង្វក់ស្មារតីយុវជន យុវនារីខ្មែរ ឲ្យវិលវល់ភ្លេចគិតអំពីបញ្ហារបស់ប្រទេសជាតិ ហើយម្តងម្កាលពាក្យស្លោកមួយឃ្លា ត្រូវបានលើកឡើងប្រឆាំងនឹងសម្ផស្សនារី ដូច្នេះថា ៖ "សម្ផស្សគឺជាឧបសគ្គចំពោះឆន្ទៈប្រយុទ្ធ" ឬថា "នារីសក់វែងស្នេហាប្តី នារីសក់ខ្លីស្នេហាជាតិ" ។
អ្នកស្រី អ៊ូច ប៉ាច សាក្សីម្នាក់ដែលធ្លាប់រស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ បានលើកពាក្យខាងលើ មកអធិប្បាយដូច្នេះថា ៖ «សក់វែងសម្រាប់ប្តីហ្នឹងឯង ប្តីស្រឡាញ់សក់វែង ហើយដល់យើងរវល់តែសក់វែង ទៅស្នេហាជាតិម៉េចបាន សក់អន្តេអន្តាយហ្នឹង ទៅច្បាំងគ្នាយ៉ាងម៉េចទៅ រវល់តែសិតសក់ រវល់តែស្អីហ្នឹង វាម៉េចនឹងបានទៅស្រួល ។ អ៊ីចឹងសក់ខ្លី គេគ្រាន់តែរលាស់ទៅប្រុយ មិនបាច់សិតមិនបាច់អីទេ ប្រញ៉េបប្រញ៉ាប់ទៅហើយ នារីកងទ័ពនោះមានអ្នកណារវល់តែសិតច្រើន ចងតែក្បាលក្រមារ៉ុយ ។ ត្រូវសែងសែង ត្រូវលីលី ទៅហើយ បើគេដាច់ខាតហើយ» ។
សាក្សីក៏បានឲ្យដឹងទៀតថា នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ នារីៗត្រូវអង្គការតម្រូវឱ្យកាត់សក់ខ្លីត្រឹមកញ្ចឹងកទាំងអស់គ្នា ។ រាល់សកម្មភាពវប្បធម៌ទាំងអស់ បានស្ថិតនៅក្នុងកណ្តាប់ដៃរបស់បក្សកុម្មុយនីស្តកម្ពុជា ហើយសកម្មភាពវប្បធម៌ទាំងនោះ គឺមានទម្រង់ជាចម្រៀងបដិវត្តន៍ ការសម្តែងល្ខោនខ្លីៗ ឬហៅថាការសម្តែងសិល្បៈ ។
រីឯពាក្យពេចន៍ក្នុងបទចម្រៀង និងការសម្តែងសិល្បៈ បានផ្តោតជាសំខាន់តែលើការលើកសរសើរអំពីតម្លៃនៃសកម្មភាពសមូហភាព វីរភាពតស៊ូធ្វើពលីកម្ម និងវីរភាពប្រយុទ្ធក្នុងសមរភូមិ ទាំងក្នុងសមរភូមិសង្គ្រាម និងសមរភូមិបង្កបង្កើនផល ដូចជាក្នុងបទចម្រៀងនេះជាដើម ។
ចមៀងបដិវត្តន៍ ៖ «យើងប្តេជ្ញាច្រូតស្រូវឱ្យហើយឆាប់ ប្រមូលផលទុកដាក់គ្រប់សព្វកុំកន្តើយ បន្ទាប់ពីច្រូតកាត់ទុកដាក់ផលរួចហើយ សម្រុកឥតធ្លោយលើកភ្លឺស្រែថ្មី» ។
ការលេងសើចលែបខាយត្រូវបានហាមស្ទើរតែទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
អ្នកស្រី ហ៊ីង កន បានរំឭកឡើងវិញដូច្នេះថា ៖ «គេប្រាប់ដែរថា កុំឱ្យប្រើចម្រៀងពីសង្គមអី គេមិនឱ្យច្រៀង ហើយរាំក៏គេមិនឱ្យ គេនិយាយអ៊ីចឹងដែរតើ ។ គេថា កុំឱ្យយកប្រវត្តិពីសង្គម យកមកលេងសើចអីទៀត ឈប់» ។
ចម្រៀងស្នេហា ៖ ប្រុស ៖ «ឱស្នេហាអើយ យប់ហើយព្រលឹង អូនស្តាប់ចម្រៀង រាត្រីស្ងាត់ឈឹង ព្រលឹងបងច្រៀងបំពេរថ្លើមថ្លៃ» ។ ស្រី ៖ «អូនគេងចាំស្តាប់ ស្តាប់ពាក្យភក្តី ចម្រៀងប្រុសស្នេហ៍...» ។
បទចម្រៀងមានខ្លឹមសារស្នេហាអូនបង ឧទាហរណ៍ដូចមានក្នុងបទចម្រៀងនេះ ត្រូវបានហាមឃាត់ដាច់ខាត ហើយជំនួសវិញដោយចម្រៀងបដិវត្តន៍ ដែលចម្រៀងទាំងនោះ ច្រើនតែច្រៀងក្នុងលក្ខណៈជាក្រុម ជាជាងការច្រៀងទោល ដោយអ្នកចម្រៀងម្នាក់ឯង ។
គ្មានបទចម្រៀង និងការសម្តែងណាមួយ មានខ្លឹមសារដូចបទចម្រៀងខ្មែរ កាលពីសម័យមុនបដិវត្តន៍ឡើយ ៕