ទិដ្ឋភាពច្បាប់ជុំវិញសំណុំរឿងចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍និងញុះញង់
2015.12.08
អ្នកច្បាប់អះអាងថា យោងតាមទិដ្ឋភាពច្បាប់ តុលាការអាចនៅចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងប្រឆាំងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បច្ចុប្បន្ន កាលពី ៧ឆ្នាំមុន ពីព្រោះព្រះរាជក្រឹត្យលើកលែងទោសឆ្នាំ២០១៣ មិនបានគ្របដណ្ដប់លើសំណុំរឿងនេះទេ។
ទោះជាយ៉ាងណា រដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានចំណែកទទួលខុសត្រូវក្នុងរឿងនេះ ដោយសារស្ថាប័នកំពូលទាំងពីរនេះជាអ្នកទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រពេញច្បាប់។
ដោយមិនគិតពីបណ្ដឹងពីរថ្មីទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្នាក់នៅក្រៅប្រទេស អាចវិលចូលស្រុកវិញបានដោយគ្មានការចាប់ខ្លួនតាមវិធីពីរយ៉ាង។ ច្រកទី១ គឺតាមរយៈក្តីសន្តោសប្រោសប្រណីពីព្រះមហាក្សត្រ ដែលធ្លាប់ប្រទានកន្លងមក។ ប្រសិនបើមិនទទួលបានការលើកលែងទោសទេ លោកមេធាវីចាស់វស្សា សួន វិសាល ឲ្យដឹងថា លោក សម រង្ស៊ី ត្រូវរង់ចាំរហូតដល់ផុតអាជ្ញាយុកាលនៃទោសមជ្ឈិមរបស់លោក ដែលមានរយៈពេល ៥ឆ្នាំគិតចាប់ពីថ្ងៃសាលក្រមចូលជាស្ថាពរ ទើបលោកអាចវិលចូលស្រុកវិញបាន៖ «»។
អាជ្ញាយុកាលនៃទោស គឺជារយៈពេលដែលច្បាប់មានសិទ្ធិអនុវត្តទណ្ឌកម្មលើទណ្ឌិត ឬអ្នកទោសដែលតុលាការជម្រះក្តីហើយ។ ការផុតអាជ្ញាយុកាលនៃទោស គឺរួចផុតអំពីការដាក់ទណ្ឌកម្មលើទណ្ឌិតខាងទោសពន្ធនាគារ។
ក្នុងអំឡុងឆ្នាំ២០១១ លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា កាត់ទោសកំបាំងមុខក្នុងបទព្រហ្មទណ្ឌចំនួន ៣សំណុំរឿងផ្សេងៗគ្នា ហើយត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារសរុបចំនួន ១១ឆ្នាំ។ ទោសទី១ គឺត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ បន្ទាប់ពីលោកដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កម្ពុជា-វៀតណាម។ ទោសទី២ គឺត្រូវជាប់ពន្ធនាគារចំនួន ៧ឆ្នាំ ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បន្ទាប់ពី លោក សម រង្ស៊ី បានលាតត្រដាងជាសាធារណៈនូវផែនទីរបស់ក្រុមហ៊ុនហ្គូហ្គោល (Google map) ដែលបង្ហាញថា បង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-វៀតណាម នោះ ចូលមកក្នុងទឹកដីកម្ពុជា។ ទោសទី៣ ត្រូវជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបាននិយាយជាសាធារណៈថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហម។
ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌទាំងបីនេះ មានបញ្ហាចម្រូងចម្រាសចោទសួរថា តើព្រះរាជក្រឹត្យលើកលែងទោសកាលពីខែកក្កដា ឆ្នាំ២០១៣ នោះ គ្របដណ្ដប់លើទោសសរុបទាំងបីនោះដែរឬទេ?
ព្រះរាជក្រឹត្យលើកលែងទោស លោក សម រង្ស៊ី ដែលវិទ្យុអាស៊ីសេរី ទទួលបាន មានខ្លឹមសារគ្របដណ្ដប់ត្រឹមតែទោសទី១ និងទោសទី២ ប៉ុណ្ណោះ។ ចំណែកទោសទី៣ ស្តីពីបទបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហមនោះ មិនបានបញ្ជាក់នៅក្នុងព្រះរាជក្រឹត្យលើកលែងទោសនោះឡើយ។
មេធាវីរបស់ លោក សម រង្ស៊ី គឺលោក ជូង ជូងី ឲ្យដឹងថា លោកពិតជាបានដឹងអំពីខ្លឹមសារក្នុងព្រះរាជក្រឹត្យលើកលែងទោសនោះ ប៉ុន្តែអះអាងថា លោកមិនដឹងទេថា លោក សម រង្ស៊ី ដឹងឬអត់នោះទេ៖ «»។
ទោះជាយ៉ាងណា មេធាវីដែលតែងចេញមុខការពារមន្ត្រី និងសកម្មជនបក្សប្រឆាំងរូបនេះ សម្ដែងការខកចិត្តថា នៅពេលព្រះមហាក្សត្រប្រទានការលើកលែងទោសហើយ បែរជាកូនក្តីរបស់លោកនៅតែមានទោស។ ដូច្នេះ ព្រះរាជក្រឹត្យលើកលែងរបស់ព្រះមហាក្សត្រនោះ គ្មានប្រយោជន៍អ្វីសោះឡើយ៖ «»។
មានសំណួរជាច្រើនចោទឡើងថា បើ លោក សម រង្ស៊ី នៅតែមានទោស បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសហើយនោះ ហេតុដូចម្តេចបានជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទទួលលោកជាបេក្ខជនតំណាងរាស្ត្រ? បន្ទាប់មក សម័យប្រជុំពេញអង្គរដ្ឋសភា ក៏បានបោះឆ្នោតទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រ។ មិនត្រឹមតែ គ.ជ.ប និងរដ្ឋសភាប៉ុណ្ណោះទេ ដែលទទួលស្គាល់សមាជិកភាពតំណាងរាស្ត្ររបស់ លោក សម រង្ស៊ី មេដឹកនាំស្ថាប័នជាតិកំពូលៗ មានព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល និងប្រធានព្រឹទ្ធសភា ក៏ទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្ត្រអាណត្តិទី៥ ដែរ បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោសកាលពីខែកក្កដា ឆ្នាំ២០១៣។
តាមច្បាប់បោះឆ្នោត ទណ្ឌិត ឬមនុស្សមានទោស មិនអាចឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្របានទេ មិនចាំបាច់និយាយទៅដល់ទទួលបានការទទួលស្គាល់ជាឱឡារិករួចហើយបែបនេះផង ប៉ុន្តែនៅពេលស្ថាប័នជាតិកំពូលៗទាំងនេះទទួលស្គាល់សមាជិកភាពតំណាងរាស្ត្ររបស់ លោក សម រង្ស៊ី ហើយ បែរជានាំគ្នាប្រែក្រឡាស់វិញដូច្នេះ វាអាចនឹងជះឥទ្ធិពលអាក្រក់ដល់ការជឿជាក់ និងភាពមាំមួនស្ថិតស្ថេរនៃការអនុវត្តិច្បាប់នៅក្នុងសង្គមកម្ពុជា។ សហគមន៍ជាតិ និងអន្តរជាតិ មានអ្នកវិនិយោគិន ជាដើម អាចនឹងបាត់បង់ជំនឿលើប្រព័ន្ធនីតិរដ្ឋនៅក្នុងប្រទេសតូចមួយនេះ។
ទោះជាយ៉ាងណាក៏ដោយចុះ លោកមេធាវី សួន វិសាល បានដាក់ការបន្ទោសដល់ លោក សម រង្ស៊ី ដែលជាសាមីខ្លួន ថាមិនបានពិនិត្យមើលខ្លឹមសារក្នុងព្រះរាជក្រឹត្យលើកលែងទោស ឬមើលហើយ តែមិនតវ៉ា។ លោកមេធាវីរូបនេះ ក៏បានឲ្យដឹងដែរថា វាជាក៏កំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័ននីតិប្បញ្ញត្តិដែរ៖ «»។
ធ្វេសប្រហែស? ចំពោះ លោក ជូង ជូងី មេធាវីរបស់ លោក សម រង្ស៊ី វិញ វាមិនមែនជាការធ្វេសប្រហែសរបស់ គ.ជ.ប និងរដ្ឋសភានោះទេ តែវាជាល្បិចកលទៅវិញទេ៖ «»។
ទោះជាយ៉ាងណាក៏ដោយចុះ ប្រសិនបើគិតត្រឹមតែទោសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ដែលប្ដឹងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្រៅប្រទេស អាចវិលចូលស្រុកវិញបាននៅក្នុងខែមីនា ឆ្នាំ២០១៨ នៅពេលអាជ្ញាយុកាលនៃទោសរបស់លោកបានផុតរលត់។ នេះបើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ លោក សម រង្ស៊ី នោះ គឺតុលាការកម្ពុជា បន្តចោទប្រកាន់ផ្ទួនៗពីរករណីបន្ថែមទៀត ដោយភ្ជាប់មេបក្សប្រឆាំងរូបនេះ ទៅនឹងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ដែលកំពុងជាប់ក្នុងពន្ធនាគារ ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ទាក់ទងនឹងការបង្ហោះឯកសារព្រំដែនកម្ពុជា-វៀតណាម លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបណ្ដឹងរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ពីបទបរិហារកេរ្តិ៍នាពេលថ្មីៗនេះ ជុំវិញការសរសេររបស់ លោក សម រង្ស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា "យើងចងចាំថា របបកើតថ្ងៃ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្ដម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ"។ ក្រោយការដួលរលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ របបថ្មីមួយមានឈ្មោះថា "សាធារណរដ្ឋប្រជាមានិតកម្ពុជា" ត្រូវបានបង្កើតឡើង ដែលមានវៀតណាម នៅពីក្រោយខ្នង និងលោក ហេង សំរិន ជាប្រមុខរដ្ឋ។
ទោះជាយ៉ាងណា បើផ្អែកលើបណ្ដឹងថ្មីទាំងពីរ បន្ថែមទៅលើសំណុំរឿងចាស់ដែលមិនទាន់ផុតរលត់អាជ្ញាយុកាលនៃទោសនោះ គេមានការពិបាកក្នុងការទស្សន៍ទាយថា តើ លោក សម រង្ស៊ី អាចវិលចូលស្រុកបាននៅពេលណា? ប្រហែលជាមានតែផ្លូវកាត់តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ដែលជាដំណោះស្រាយនយោបាយប៉ុណ្ណោះទេ ទើបធ្វើឲ្យមេបក្សប្រឆាំងរូបនេះ អាចវិលចូលស្រុកវិញបានលឿន។ ចំពោះសំណួរថា តើអាចទៅរួចទៀតទេតាមមធ្យោបាយនេះ?
បើផ្អែកតាមព្រឹត្តិការណ៍កើតមានកន្លងមក អ្វីៗក៏អាចទៅរួចដែរ ពីព្រោះតែចរន្តនយោបាយប្រែប្រួលបត់បែនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ក្នុងន័យនេះ មេបក្សប្រឆាំង គឺលោក សម រង្សី អាចវិលចូលស្រុកវិញបានក្នុងរយៈពេលខ្លីខាងមុខ ឬជិតដល់ពេលថ្ងៃបោះឆ្នោត ក៏ថាបាន ប្រសិនបើលោកនាយករដ្ឋមន្ត្រីសប្បាយចិត្ត ឬលោក សម រង្ស៊ី មានអ្វីដែលអាចដោះដូរជាមួយ លោក ហ៊ុន សែន ដូចពេលមុនទៀត។ ទោះជាយ៉ាងណា ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយបក្សប្រឆាំងលើកនេះ បានធ្វើឲ្យរំជើបរំជួលប៉ះពាល់អារម្មណ៍របស់តួឯកសំខាន់ៗក្នុងឆាកអន្តរជាតិ ក្នុងនោះមាន ប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) រដ្ឋាភិបាលសហរដ្ឋអាមេរិក សភាអាស៊ាន និងសហគមន៍អឺរ៉ុប ដែលគំរាមផ្តាច់ជំនួយរាប់រយលានដុល្លារមកកម្ពុជា ប្រសិនបើរដ្ឋអំណាចក្រុងភ្នំពេញ មិនលើកលែងការចោទប្រកាន់ លោក សម រង្ស៊ី និងមិនផ្តល់សមាជិកភាពតំណាងរាស្ត្រឲ្យលោកវិញទេនោះ។ សហគមន៍អឺរ៉ុប គឺជាទីផ្សារមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា នាំសម្លៀកបំពាក់ចេញទៅលក់៕