អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ រំឭក​អ្នក​មើល​បាល់​ទាត់​តាម​អ៊ីនធឺណិត​ឲ្យ​​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ពី​អ៊ីនធឺណិត

0:00 / 0:00

ស្រប​ពេល​ដែល​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​ឆ្នាំ​២០១៨ ​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​អ្នកប្រើប្រាស់​អ៊ីនធឹណិត​ជាច្រើន​បាន​ស្វះស្វែងរក​វែបសាយ ​ឬ​វិធីសាស្ត្រ​ដែល​អាច​ជួយ​ឱ្យ​ពួកគេ​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​ដោយ​ឥត​គិត​​ថ្លៃ។​

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ីនធឹណិត​ ​រំឭក​ដល់​អ្នក​ទស្សនាការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​លើ​អ៊ីនធឹណិត​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ពី​អ៊ីនធឹណិត​ ​ដែល​បង្ក​ដោយ​ក្រុម​ចោរ​បច្ចេកវិទ្យា ​ឬ​ Hacker ​តាមរយៈ​តំណ​ភ្ជាប់​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​។​

ចាប់​តាំងពី​ការប្រកួត​បាល់ទាត់​ពិភពលោក​បាន​ចាប់ផ្ដើម​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ស្វះស្វែងរក​តំណ​ភ្ជាប់​​​កម្មវិធី​ ​ឬ​គន្លឹះ​ខ្លី​ៗ​នៅ លើ​វែបសាយ​ Google ​ឬ​បណ្ដាញ​សង្គម ​ដើម្បី​អាច​ទស្សនា​ការប្រកួត​បាល់ទាត់​បាន​ ​និង​ដោយ​ឥត​គិត​ថ្លៃ​។​
អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​បារម្ភ​ថា ​កម្មវិធី​តំណ​ភ្ជាប់​ ​ឬ​គន្លឹះ​ខ្លី​ៗ ជាច្រើន ​ដែល​បាន​ចែកចាយ​នៅ​​លើ​​អ៊ីនធឹណិត​ ​និង​​ដាក់​ឲ្យ​​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។​
ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​លោក​ ង៉ែត ​ម៉ូសេ ​លើកឡើង​ថា​កម្មវិធី​កុំព្យូទ័រ ​ទូរស័ព្ទ​ ​និង​តំណ​ភ្ជាប់​មួយ​ចំនួន​ដែល​អ្នកប្រើប្រាស់​បាន​ឃើញ​នៅ​លើ​ Google ​ឬ​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក ​អាច​នាំ​ពួក​គេ​ទៅកាន់​វែបសាយ​ដែល​មាន​មេរោគ ​ឬ​ហៅ​ថា​ Malicious Website ៖ "​ ភាគ​ច្រើន​នៃ​អ្នក​ដែល​ចូលចិត្ត​ទស្សនា​បាល់ទាត់​ ​នាំគ្នា​ស្វែងរក​តំណ​ភ្ជាប់​ដើម្បី​ទស្សនា​​បាល់ទាត់​ពី​បរទេស​មក​តែ​ម្តង​ ​ដូច្នេះ​ហើយ​អាច​អោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បន្លំ ​ឬ​ទាមទារ​ឱ្យ​អ្នក​កំពុង​ស្វែងរក​តំណ​ភ្ជាប់​ដើម្បី​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នោះ​ ​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​ដំឡើង​កម្មវិធី​ណាមួយ​ ​ដើម្បី​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នោះ​ឯង​ ​"​

វែបសាយ​មួយ​ចំនួន​ដែល​យក​ការផ្សាយ​ផ្ទាល់​ការប្រកួត​បាល់ទាត់​ទៅ​ចាក់​បញ្ចាំង​អាច​ជា​ប្រភេទ​វែបសាយ​ខុស​ច្បាប់​ ​ដែល​មាន​បង្កប់​នូវ​ពពួក​មេរោគ​ហៅ​ថា​ Malware ​ឬ​ជា​វែបសាយ​ត្រឹមត្រូវ​ តែ​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​លួច​បង្កប់​នូវ​បណ្តុំ​នៃ​កូដ​មេរោគ​រួច​ទៅ​ហើយ​ ​។​

ជាទូទៅ​គេ​សង្កេតឃើញ​ថា​ ​វែបសាយ​ដែល​បង្កប់​នូវ​បណ្ដុំ​កូដ​មេរោគ​ដែល​គេ​ហៅ​ថា​ Malicious Website ​ព្យាយាម​អូសទាញ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ឱ្យ​ ​ចុច​លើ​ទីតាំង​មេរោគ​ដែល​ភាគ​ច្រើន​គេ​តែង​បង្កប់​នៅលើ​ផ្ទាំង​ពាណិជ្ជកម្ម​ ​នៅលើ​សញ្ញា​ខ្វែង​បិទ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​បាំង​ពី​មុខ​វីដេអូ ​ឬ​នៅ​ពីលើ​ប៊ូតុង​សម្រាប់​ចុច​មើល​វីដេអូ​នោះ​តែម្តង​។​

ក្រៅពី​នេះ​ក្រុម​ចោរ​បច្ចេកវិទ្យា​ក៏​ប្រើ​វិធី​ផ្សេងទៀត​ដូចជា​ ​បង្ហាញ​សារ​ជូនដំណឹង​ថា​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​របស់​អ្នក​ខ្វះខាត​នូវ​កម្មវិធី​ ​ឬ​កូដ​ជំនួយ​ ​(Add-On/​Extension) ​សម្រាប់​ទស្សនា​វីដេអូ ​ដែល​តម្រូវឲ្យ​អ្នកប្រើប្រាស់​ដំឡើង​កម្មវិធី​ ​ឬ​កូដ​ជំនួយ​ជាមុន​សិន ​ទើប​អាច​ទស្សនា​វីដេអូ​របស់​ពួក​គេ​បាន​។​

ពេល​អ្នកប្រើប្រាស់​បាន​ចុច​លើ​ប៊ូតុង​ក្លែងក្លាយ​ទាំងនោះ​ ​បណ្ដុំ​កូដ​នឹង​ចាប់ផ្ដើម​ទាញ​យក​ និង​ដំឡើង​កម្មវិធី​មេរោគ​ ​ឬ​បណ្តុំ​នៃ​កូដ​ដែល​គេ​ហៅ​ថា​ Malware ​នៅលើ​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​។​

Malware ​ឬ​មកពី​ពាក្យ​ថា​ Malicious Software ​ត្រូវបាន​គេ​ឱ្យ​និយមន័យ​សំដៅលើ​ប្រភេទ​កម្មវិធី​ ​ឬ​បណ្តុំ​នៃ​កូដ​ដែល​បង្កើត​មក​ក្នុង​គោលដៅ​បំផ្លាញ​ប្រព័ន្ធ​ដំណើការ​របស់​ម៉ាស៊ីន ​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ ​និង​គ្រប់គ្រង​ដំណើរការ​នៅក្នុង​ម៉ាស៊ីន​។​
ពពួក​មេរោគ​ Malware ​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា​ដូចជា​ពពួក​ Spyware,​ Ransomware,​ Virus,​ Worms,​ Trojan Horses,​ Adware ​និង​ប្រភេទ​ Scareware ​ជាដើម​។ ​ពពួក​មេរោគ​ទាំង​នេះ​មាន​វិធី​វាយប្រហារ​ និង​របៀប​លាក់​ខ្លួន​នៅ​ទីតាំង​ផ្សេង​ៗ​ គ្នា​ក្នុង​ម៉ាស៊ីន​ ​និង​លើ​គេហទំព័រ​ដែល​មាន​មេរោគ​។​

ក្រៅពី​នេះ​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដែល​បើក​វែបសាយ​មេរោគ​ ​ឬ​ Malicious Website ​អាច​ប្រឈម​នឹង​ការវាយប្រហារ​មួយ​ប្រភេទ​ទៀត​គឺ​ Drive-By Downloads ។​

ក្រុមហ៊ុន​លក់​កម្មវិធី​កម្ចាត់​មេរោគ​ Norton ​បាន​ចាត់ទុក​ Drive-By Download ​នេះ​ថា​មាន​លក្ខណៈ​គួរឲ្យ​បារម្ភ​ជាង​គេ​ ​ដោយសារ​ Drive-By Download ​អាច​លួច​ដំឡើង​កម្មវិធី​មេរោគ​នៅលើ​ម៉ាស៊ីន​របស់​លោក​អ្នក​ដោយ​ស្ងាត់​ៗ​ ​នៅពេល​អ្នក​កំពុង​មើល​វែបសាយ ​បើ​ទោះបីជា​អ្នក​មិន​បាន​ចុច​លើ​តំណ​ភ្ជាប់​មេរោគ​ក៏​ដោយ​។​

ការវាយប្រហារ​ប្រភេទ​ Drive By Download ​នេះ​អាច​ធ្វើ​ទៅ​កើត​ ​នៅពេល​ដែល​អ្នក​នៅ​បន្ត​ប្រើប្រាស់​កម្មវិធី​សេរី​ចាស់​ ​ដែល​មាន​ចំណុច​ចន្លោះប្រហោង​ ​និង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កត់សម្គាល់​ពពួក​មេរោគ​សេរី​ថ្មី​ៗ​។​ ទាំង​នេះ​​ជា​​ទម្រង់​​ផ្សេង ​ដែល​នាំឲ្យ​​ពពួក​​មេរោគ​​ឆ្លង​​មក​​ម៉ាស៊ីន​​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ តាមរយៈ​ការ​ចូល​ទៅកាន់​វែបសាយ​ដែល​មាន​មេរោគ​។​

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​លោក​ ង៉ែត ​ម៉ូសេ ​ក៏​​យល់ឃើញ​ថា​អ្នក​ចូលចិត្ត​ទស្សនា​បាល់ទាត់​មួយ​ចំនួន ​អាច​ស្វែងរក​កម្មវិធី​ទូរស័ព្ទ​ទាំង​ក្នុង​ ​ហាង​កម្មវិធី​ផ្លូវការ​របស់​ទូរស័ព្ទ​ Android ​និង​ iOS ​ឬ​កម្មវិធី​ពី​កន្លែង​ផ្សេង​មក​ដំឡើង​លើ​ទូរស័ព្ទ​របស់​ពួកគេ​សម្រាប់​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី​លើ​ទូរស័ព្ទ​តែម្តង​៖"​ ជាទូទៅ​ប្រសិនបើ​ការ​ជា​កម្មវិធី​នោះ​ ​ឬ​ក៏​ការចុច​ Install ​(​ដំឡើង​)​កម្មវិធី​នោះ​នៅលើ​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​ដៃ​ដែល​ជា​ Malware ​ឬ​ Spyware។ ​តួនាទី​របស់​ Spyware ​នឹង​អាច​ចូល​មក​ ដើម្បី​ទាញយក​ទិន្នន័យ​របស់​ទូរស័ព្ទ​ដៃ​យើង​ ​ដែល​មាន​ដូចជា​ Contact ​(​បញ្ជី​លេខ​ទូរស័ព្ទ​) ​ការឆ្លើយឆ្លង​សារ ​អាច​ជា​ Credential Information ​(​ព័ត៌មាន​គណនី​)​ ​មួយចំនួន​ដូចជា​ក្រេឌីត​កាត​ CVV ​ឬ​ Username ​និង​ Password ​មួយចំនួន​ដែល​យើង​ទុក​នៅលើ​ទូរស័ព្ទ​"​។

ពពួក​មេរោគ​ Malware ​ដែល​ឆ្លង​ចូល​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​ ​នឹង​ចាប់ផ្តើម​ធ្វើ​ការងារ​ផ្សេង​ដូចជា​ ​ពង្រាយ​ពពួក​មេរោគ​នៅ​ទីតាំង​សំខាន់​ៗ ​របស់​ម៉ាស៊ីន​ ​ដំឡើង​កម្មវិធី​សម្រាប់​តាមដាន​សកម្មភាព​ ​និង​លួច​ព័ត៌មាន​សំខាន់​ៗ ​របស់​អ្នកប្រើប្រាស់ ​រួម​មាន​​ការ​ឆ្លើយឆ្លង​ ​ការ​បញ្ចូល​ព័ត៌មាន​សំខាន់​ ព័ត៌មាន​គណនី​បណ្តាញ​សង្គម ​អ៊ីមែល ​ឬ​គណនី​ធនាគារ​ជាដើម​។​

ពពួក​មេរោគ​ទាំងនេះ​ ​ក៏​មាន​លទ្ធភាព​ ក្នុង​ការ​បង្កើត​ផ្ទាំង​ពាណិជ្ជកម្ម​រំខាន​ផ្សេង​ៗ ​នៅ​​ទូរស័ព្ទ​ ​និង​​កម្មវិធី​​បើក​​អ៊ីនធឺណិត​​លើ​​កុំព្យូទ័រ​​ពេល​​អ្នក​លេង​​អ៊ីនធឺណិត​​ផង​ដែរ​។​

អ្វី​ដែល​អាក្រក់​ជាង​នេះ Malware ​ប្រភេទ​ Ransomware ​ដែល​ឆ្លង​ចូល​ម៉ាស៊ីន​របស់​អ្នក​ ធ្វើ​ការ​ចាក់​សោ​ឯកសារ​របស់​អ្នក​ ​ដើម្បី​ជំរិត​ទារ​ប្រាក់​សម្រាប់​ដោះដូរ​ឯកសារ​ទាំងស្រុង​មកវិញ​។​

លោក​ ង៉ែត ​ម៉ូសេ ​លើកឡើង​ថា​ពពួក​មេរោគ​ Malware ​ដែល​ឆ្លង​ចូល​ទៅក្នុង​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​ ​មិន​ត្រឹមតែ​បង្ក​គ្រោះ​ដល់​អ្នកប្រើប្រាស់​នោះ​ប៉ុណ្ណឹង​ទេ​។​ ពពួក​មេរោគ​ទាំងនោះ​ ​អាច​ឆ្លៀត​ឱកាស​គ្រប់គ្រង​ទូរស័ព្ទ​ ​កុំព្យូទ័រ​ និង​កម្មវិធី​មួយ​ចំនួន​ ​ឬ​គណនី​ហ្វេសប៊ុក ​ដើម្បី​ចម្លង​មេរោគ​ទៅកាន់​អ្នកដទៃ​ដែល​មាន​នៅក្នុង​បញ្ជី​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​នោះ​ តាមរយៈ​ការ​ផ្ញើ​អ៊ីមែល ​សារ​ទៅ​ទូរស័ព្ទ​ ​ឬ​ផ្ញើ​សារ​ទៅកាន់​មិត្តភ័ក្ដិ​ហ្វេសប៊ុក​របស់​អ្នកប្រើប្រាស់​ទៀតផង​។​

អ្នកតាមដាន​ ​និង​សិក្សា​ផ្នែក​បច្ចេកវិទ្យា​រូប​នេះ​ ​សង្កេតឃើញ​ថា​ពពួក​មេរោគ​អ៊ីនធឺណិត​ទាំងនេះ​មាន​ឱកាស​ឆ្លង​ចូល​មក​កុំព្យូទ័រ​ និង​ទូរស័ព្ទ​របស់​អ្នក​បាន​ ​នៅពេល​ដែល​ប្រព័ន្ធ​ការពារ​ និង​បណ្តុំ​កូដ​នៃ​កម្មវិធី​ទូរស័ព្ទ​ ​និង​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​ទន់ខ្សោយ​ ​និង​មាន​ចន្លោះប្រហោង​ច្រើន​។​

លោក​ ង៉ែត ​ម៉ូសេ ​ផ្តល់​យោបល់​ថា​ដើម្បី​ទប់ស្កាត់​ ​និង​ចៀសវាង​ការឆ្លង​មេរោគ​ពីលើ​អ៊ីនធឺណិត​ទាំងនេះ​ ​អ្នកប្រើប្រាស់​គួរ​ដំឡើង​កម្មវិធី​ម៉ាស៊ីន ​ឬ​ហៅ​ថា​ OS ​ពី​ក្រុមហ៊ុន​ ​ធ្វើ​ការដំឡើង​ ​ឬ​ហៅ​ថា​ Update ​កម្មវិធី​ទៅ​ជំនាន់​ចុងក្រោយ​ ​គួរ​មាន​កម្មវិធី​កំចាត់​មេរោគ​ ​និង​គួរ​ផ្ទៀត​ផ្ទាត់​កម្មវិធី​ឱ្យ​បាន​ច្បាស់លាស់​ ​មុននឹង​ទាញ​យក​ និង​ដំឡើង​កម្មវិធី​នោះ​នៅ​លើ​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។