រដ្ឋបាលក្រុងព្រះសីហនុ ស្នើឲ្យវិស័យឯកជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមការងារថែរក្សាអនាម័យបរិស្ថានក្នុងមូលដ្ឋាននេះឲ្យមានសោភ័ណភាពទាំងអស់គ្នា ព្រោះខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ឲ្យចូលរួមប្រកួតប្រជែងយកជ័យលាភី ទីក្រុងស្អាតនៅអាស៊ាន នៅដើមឆ្នាំ២០១៨។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ជាការឆ្លើយតបនឹងការប្រកាសរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ដែលកម្ពុជា បានសម្រេចដាក់បេក្ខភាពទីក្រុងចំនួន៧ ដើម្បីចូលរួមការប្រកួតប្រជែងទីក្រុងស្អាតនៅអាស៊ាន នឹងចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខ។
លោក យន្ត មីន ស្នើដល់ផ្នែកពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋ វិស័យឯកជន និងមន្ត្រីរាជការគ្រប់ស្ថាប័ន ត្រូវសហការគ្នាថែរក្សាអនាម័យទាំងនៅលើដីគោក និងលើដីកោះឲ្យបានទាំងអស់គ្នា ដើម្បីអាចឲ្យខេត្តព្រះសីហនុ ឈ្នះជ័យលាភីក្នុងកម្មវិធីប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតនៅអាស៊ានលើកទី១ ដែលនឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ៖ « ទាំងអស់គ្នាត្រូវតែចូលរួមក្នុងការងារអភិវឌ្ឍន៍ ការងារថែរក្សាខេត្ត ក្រុងរបស់យើងឲ្យមានអនាម័យ និងសោភ័ណភាព ព្រោះខេត្ត ក្រុងរបស់យើងមិនមែនធម្មតានោះទេ គឺត្រូវបានរដ្ឋាភិបាលចាត់ឲ្យចូលរួមប្រកួតប្រជែងទីក្រុងស្អាតជាមួយបណ្ដាប្រទេសនៅអាស៊ាន។ ហើយនៅប្រទេសអាស៊ាន ក៏គេកំពុងល្បីល្បាញក្រុងព្រះសីហនុ យើងដែរ »។
លោក យន្ត មីន សង្កត់ធ្ងន់ថា ទីក្រុងស្អាត មានអនាម័យ និងមានសោភ័ណភាព គឺត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា សហការគ្នាថែរក្សាការពារឲ្យបានជាប្រចាំ ទោះនៅទីសាធារណៈ ឬនៅជុំវិញលំនៅឋានរស់នៅរបស់ខ្លួនក្តី៖ « តាំងពីខ្ញុំបានមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ មានរយៈពេលជាង ២១ខែមកហើយ ហើយមានការចូលរួមច្រើនណាស់អំពីប្រជាពលរដ្ឋ ទៅលើការងារថែរក្សាសម្អាតអនាម័យបរិស្ថានទាំងនៅលើដីគោក និងនៅលើដីកោះ។ ចំពោះការងារថែរក្សាបរិស្ថានអនាម័យនៅតាមឆ្នេរ ឬការវេចខ្ចប់កាកសំណល់សំរាម ទាំងនៅតាមផ្ទះ និងភ្ញៀវទេសចរ ជាដើម គឺមានការចូលរួមច្រើន និងមានការយល់ដឹងខ្ពស់ ដោយបានវេចខ្ចប់កាកសំណល់បានត្រឹមត្រូវ និងទុកដាក់មានរបៀបរៀបរយល្អ។ ប៉ុន្តែចំពោះមុខ សូមឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរក្តី ស្នើឲ្យចូលរួមការងារថែរក្សាអនាម័យបរិស្ថានឆ្នេរឲ្យបានច្រើនថែមទៀត ដើម្បីសោភ័ណភាពឆ្នេរខេត្តព្រះសីហនុ របស់យើងទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ - អន្តរជាតិ។ ក្នុងនោះក៏មានចំណុចជាច្រើនដែលរដ្ឋបាលខេត្តកំពុងខិតខំពុះពារធ្វើការអភិវឌ្ឍ ដូចជាធ្វើលូបង្ហូរទឹកចូលទៅសមុទ្រឆ្លងកាត់អាងចម្រោះទឹកស្អាត ប៉ុន្តែការងារនេះទាល់តែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទើបទទួលបានជោគជ័យ »។

ចំណែកអភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ក៏ស្នើដល់ម្ចាស់សត្វពាហនៈ ឬម្ចាស់សត្វចិញ្ចឹមទាំងអស់ មិនត្រូវលែងឲ្យដើរអនាធិបតេយ្យពាសពេញក្រុង នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រមួយនេះទៀតទេ៖ « បច្ចុប្បន្នម្ចាស់សត្វចិញ្ចឹមនៅតែលែងគោ ពពែ របស់ខ្លួនឲ្យដើរពាសពេញក្រុង។ អ៊ីចឹងហើយយើងគិតថា បើសិនជាយើងនៅបណ្តោយឲ្យគាត់នៅលែងសត្វចិញ្ចឹមទាំងនោះឲ្យដើរពេញក្រុងទៀត គឺវាអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់បរិស្ថាន និងកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ជាដើម។ អ៊ីចឹងហើយទើបរដ្ឋបាលក្រុងគិតថា បើសិនជាអាជ្ញាធរចាប់សត្វចិញ្ចឹមទាំងនោះគ្រាន់តែធ្វើការពិន័យម្ចាស់ និងអប់រំ គឺមិនរាងចាលទេ ទើបដំណាក់កាលនេះ យើងគិតថាការអប់រំយើងនៅតែបន្តធ្វើ ប៉ុន្តែយើងលែងពិន័យជាប្រាក់ទៀតហើយ គឺថាពេលយើងចាប់បានគោ ឬពពែជាដើមនោះ ប្រគល់ជូនកងទ័ពនៅតាមព្រំដែនចាត់ចែង ដោយមិនផាកពិន័យទៀតទេ »។
កម្ពុជា បានដាក់បេក្ខភាពទីក្រុងស្អាតចំនួន៧ ឲ្យចូលរួមប្រកួតប្រជែងទីក្រុងស្អាតនៅអាស៊ាន រួមមានទីក្រុងភ្នំពេញ ទីក្រុងសៀមរាប ទីក្រុងព្រះសីហនុ ទីក្រុងកែប ទីក្រុងកំពត ទីក្រុងបាត់ដំបង និងទីក្រុងកំពង់ចាម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មានប្រសាសន៍ថា បេក្ខភាពរាជធានី-ខេត្តទាំង៧ របស់កម្ពុជា ដែលបានដាក់ឲ្យចូលរួមប្រកួតទីក្រុងស្អាតនៅអាស៊ាននេះ គឺបេក្ខភាពនីមួយៗត្រូវមានការងារជាច្រើនត្រូវពង្រឹង ឬធ្វើការអភិវឌ្ឍនៅតាមមូលដ្ឋានរៀងៗខ្លួន រួមមានអភិបាលរាជធានី ខេត្ត ក្រុងទាំង៧ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងធ្វើចលនាកៀរគរឲ្យប្រជាពលរដ្ឋ ឬវិស័យឯកជន ដើម្បីរួមគ្នាឈានទៅគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនូវកាកសំណល់រឹងរាវ គ្រប់គ្រងរក្សាការពារអនាម័យបរិស្ថានឲ្យបានស្អាតជាប្រចាំ។ ក្នុងនោះ ក៏រាប់បញ្ចូលការស្ថាបនាបង្គន់អនាម័យសាធារណៈឲ្យបានច្រើន និងត្រូវពង្រឹងសកម្មភាពរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលទៅទស្សនានៅតាមមូលដ្ឋាននីមួយៗឲ្យមានសុវត្ថិភាព ជាដើម។
ឆ្លើយតបបញ្ហានេះ លោក ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដ ប៊ូត កម្ពុជា (GTVC Speed Boad Cambodia) ដែលជាក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានានៅខេត្តព្រះសីហនុ ឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតឲ្យមានក្រុមការងារមួយក្រុម ដើម្បីចុះសម្អាតបរិស្ថានអនាម័យនៅតាមឆ្នេរកោះឋានសួគ៌ជាប្រចាំថ្ងៃ និងបានពង្រាយកម្លាំងសន្តិសុខរង់ចាំការពារសុវត្ថិភាពជូនភ្ញៀវទាំងយប់ថ្ងៃ។
ជាការរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យមកកម្សាន្តខេត្តព្រះសីហនុ បានច្រើនថែមទៀតនាថ្ងៃអនាគត លោក ទៀ វិចិត្រ ដែលជាម្ចាស់ស្ថាបនិកអភិវឌ្ឍន៍ទីតាំងកម្សាន្តតាមបែបធម្មជាតិមានឈ្មោះថា កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ឲ្យដឹងថា ឆ្នេរកម្សាន្តទើបអភិវឌ្ឍថ្មីនេះបានផ្ដោតការយកចិត្តទុកដាក់ទៅលើការងារថែរក្សាអនាម័យបរិស្ថានឆ្នេរឲ្យមានសោភ័ណភាពជាប្រចាំ ក្នុងនោះបញ្ហាសន្តិសុខសុវត្ថិភាពភ្ញៀវ ត្រូវបានរឹតបន្តឹងទាំងយប់ថ្ងៃ។
ចំណែកម្ចាស់អាជីវកម្មឈ្មោះ ខ័ររ៉ល រីហ្សត កោះរ៉ុង (Coral Resort Koh Rong) មានទីតាំងនៅឆ្នេរឡុងសិត ស្ថិតក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ លោក ឡុក វណ្ណារិន បានគាំទ្រសារអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាននេះ ក្នុងការងារថែរក្សាសម្អាតអនាម័យបរិស្ថានឲ្យមានអនាម័យ ឲ្យមានសោភ័ណភាពជាប្រចាំ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរដែលចូលមកដល់មូលដ្ឋាននេះ។
លោក វណ្ណារិន ក៏ស្នើដល់ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវរួមសហការគ្នាថែរក្សាអនាម័យបរិស្ថាននៅតាមឆ្នេរនានាឲ្យមានសោភ័ណភាពជាប្រចាំ ដោយមិនត្រូវបោះចោលកាកសំណល់ពាសវាលពាសកាល៖ « ស្នើឲ្យទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅពេលបានចូលមកកម្សាន្តដល់ឆ្នេរនៅលើកោះរ៉ុង ក៏ដូចជាឆ្នេរឡុងសិត ឬឆ្នេរដទៃទៀត សូមឲ្យពួកគាត់ជួយថែរក្សាការពារបរិស្ថានយើង ជាពិសេសការវេចខ្ចប់កាកសំណល់រឹង ស្នើឲ្យយកទៅទុកដាក់នៅទីតាំងនីមួយៗឲ្យមានរបៀបរៀបរយត្រឹមត្រូវ ជៀសវាងបោះចោលក្នុងទឹកសមុទ្រ ឬតាមឆ្នេរជាដើម ដើម្បីឈានទៅជួយការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ហើយឲ្យពិភពលោកបានស្គាល់ថា ឆ្នេរសមុទ្រកម្ពុជា មានសោភ័ណភាពទាក់ទាញធំប៉ុនណា ជាពិសេសឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រដ៏ថ្លាខ្វង់នេះតែម្តង »។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា គណៈកម្មការទីក្រុងទេសចរណ៍ស្អាតអាស៊ាន នឹងធ្វើការវាយតម្លៃប្រទេសជាសមាជិកអាស៊ានដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងលើលក្ខន្តិកៈ រហូតដល់ទៅជាង ១០០ចំណុច ដោយផ្ដោតទៅលើលក្ខណៈពិសេសរបស់បេក្ខភាពទីក្រុងទេសចរណ៍ទាំងឡាយណាដែលបានចូលរួមចំណែកបង្កលក្ខណៈល្អប្រសើរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភាពទាក់ទាញ ឬចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយនឹងភាពប្រសើរនៃការងារថែរក្សាការការពារអនាម័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាដើម។ លោករដ្ឋមន្ត្រីថា ការប្រកួតជាលក្ខណៈអាស៊ានបែបនេះមានសារប្រយោជន៍បំផុតសម្រាប់កម្ពុជា ពិសេសការពង្រីកគោលដៅទេសចរណ៍របស់ខ្លួននាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
