សង្គម​ស៊ីវិល​បារម្ភថា​ក្មេងស្រី​ជាច្រើន​នៅ​ជនបទ​នឹង​បោះបង់​ការសិក្សា​ដោយសារ​វិបត្តិជំងឺកូវីដ-១៩

ដោយ សុជីវី
2020-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សនៅ​វិទ្យាល័យបាគងមុនមានវិបត្តិកូវីដ-១៩
សិស្សនៅ​វិទ្យាល័យបាគងមុនមានវិបត្តិកូវីដ-១៩
សុជីវី

ក្រុមអង្គការ​ផ្នែក​អប់រំ​មើល​ឃើញ​ដូចៗ​គ្នា​ថា​បញ្ហា​ជីវភាព​ធ្លាក់​ចុះ​ដោយសារពិបាក​រក​ចំណូល​ក្នុងពេល ដែល​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាតនេះ​នឹង​ធ្វើ​អោយ​ក្មេង​ស្រី​គ្មាន​លទ្ធភាព​បន្ត​ការសិក្សា ហើយ​ត្រូវ​ងាក​ទៅ​ជួយ​ការងារ​ឪពុក ម្ដាយ ឬ​ជួយរក​ប្រាក់​ចំណូល​គ្រួសារ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា​ក្នុងពេលនេះ​បញ្ហា​ចម្បង​ពីរ ដែល​ពលរដ្ឋកំពុង​ប្រឈម​នេះ​គឺ​បញ្ហាសុខភាព និង​សេដ្ឋកិច្ច។ នៅពេល​ដែល​សេដ្ឋកិច្ច​គ្រួសារ​ជួប​ការលំបាក​នោះ​ផលប៉ះពាល់​នឹង​កើតមាន​ទៅ​លើសមាជិក​គ្រួសារ៖«ដោយសារកូវីដ-១៩​ទៅ​លើ​បញ្ហាសុខភាព និង​សេដ្ឋកិច្ចនេះយើង​មាន​ការបារម្ភ​ក្នុងកម្រិតខ្ពស់​ទៅលើ​លទ្ធភាព​នៃការបោះបង់​ការសិក្សា ហើយ​សេដ្ឋកិច្ចនេះ​វាជាចលករ​ដ៏សំខាន់​មួយសម្រាប់​អោយកូនសិស្ស អោយ​មនុស្ស​ហ្នឹង​ទៅរៀន​នៅឯសាលា។»

ចំណែក​មន្រ្តីផ្នែក​អភិវឌ្ឍន៍​កម្មវិធី និងរៃអង្គាស​ថវិកា​នៃអង្គការ​អ្នកជិតខាងល្អកម្ពុជា (Good Neighbor Cambodia) លោក សុខ ឌូ អោយ​ដឹងថា ការពន្យារពេល​ចូលសិក្សា​តាមសាលារដ្ឋ និង​ការតម្រូវ​អោយ​សិក្សា​តាម​អនឡាញ (Online) ក៏ជា​បញ្ហា​ចោទសម្រាប់​សិស្ស​នៅ​តាមទីជនបទដែរ ដ្បិត​នាំអោយ​ពួកគាត់​ចាប់​ផ្ដើម​ណាយការរៀនសូត្រ។ លោកថា កុមារជាច្រើន​នៅ​ក្នុង​ខេត្តគោលដៅ​របស់​អង្គការ​លោក​គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​មណ្ឌល​គិរីនោះ ពួកគេ​កំពុង​ចំណាយ​ពេលវេលា​ជួយ​ការងារ​គ្រួសារ ហើយ​គ្មាន​លទ្ធភាព​ទទួល​បាន​ការសិក្សា​ទៀតឡើយ។ ស្របពេល​ជាមួយគ្នា​នេះ លោកថា​ឳពុកម្ដាយ​ពួកគេ​ក៏​ពុំមានលទ្ធភាព​ជួយ​ពួកគេ​អោយ​ស្រឡាញ់​ការសិក្សារៀនសូត្រ​ឡើងវិញ ឬ​ត្រឡប់​ទៅ​រៀន​ឡើងវិញ​បាន​ដែរ៖«ការអូសបន្លាយ​នៃ​កូវីដ បូកជាមួយ​នឹង​រដូវកាល​ធ្វើស្រែចម្ការ​នេះ​ គឺ​ជាផ្នែក​មួយ​ដ៏​សំខាន់ដែរ ដែលធ្វើអោយ​ក្មេងស្រី​ ដូចគ្នា​នឹង​កុមារទូទៅដែរ​គឺគាត់ចាប់ផ្ដើម​លែងចង់​ទៅសាលាច្រើន បើទោះបីជា​ក្រសួង​យើង​ចាប់​ផ្តើមមាន​កម្មវិធីពាក់ព័ន្ធ​ជាមួយការបង្រៀនអនឡាញ​ក្ដី ប៉ុន្តែ​ពួកគាត់​មិន​អាចទទួល​បាន​ទេ ទី១បញ្ហា​សេវាអិនធឺណិត(Internet)ទី២គឺ​ស្ថានភាព​ជិវភាពរបស់​គាត់​គឺ​គាត់​មិន​មាន​ទូរស័ព្ទត្រឹមត្រូវ​ស្មាតហ្វូន ដែល​អាចរៀនបាន។ មួយទៀត​កត្តាឳពុកម្ដាយ​ក៏សំខាន់ដែរ​។ យើង​ឃើញ​ថា​ឳពុកម្ដាយ​មួយចំនួនធំ​​នៅ​តាម​ជនបទ​ហ្នឹង​គឺ​គាត់​មិន​បាន​ទទួល​ការអប់រំច្រើន គាត់​អត់អាចមាន​សមត្ថភាព ឬ​មាន​បច្ចេកទេស​ក្នុង​ការជំរុញលើកទឹកចិត្ត​កូនគាត់ទេ។»

អង្គការភ្លែន​អន្តរជាតិ​កម្ពុជា (Plan International Cambodia) កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ក្ដីបារម្ភ​ថា​ក្មេងស្រី​នៅ​តាម​ទីជនបទ​ដាច់ស្រយ៉ាល​នៅ​ក្នុង​ខេត្តរតនគិរី ស្ទឹងត្រែង និង​ខេត្តសៀមរាប​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩នេះ។ ការបារម្ភ​នេះ​បន្ទាប់​ពី​អង្គការ​នេះ​បាន​ពិភាក្សា​ជាមួយ​ក្រុម​សិស្សស្រី​មួយចំនួន​ក្នុង​ខេត្ត​ទាំងនេះ ប៉ុន្តែ​អង្គការ​នេះ​នៅ​មិនទាន់មាន​ទិន្នន័យ​ជាក់លាក់​ថា​សិស្ស​ស្រី ដែល​ជួប​បញ្ហា​នោះ​មាន​ចំនួន​ប៉ុន្មាន​ជាក់លាក់​នៅ​ឡើយទេ។ មូលហេតុ​ចម្បង​នៃ​បញ្ហា​ប្រឈម​នេះ​គឺ​កត្តាជីវភាព និង​ខ្វះខាត​មធ្យាបាយ​រៀន​តាម​អនឡាញ ហើយ​ពួកគេ​អាច​នឹង​ធ្វើ​ចំណាកស្រុក​រកកាងារធ្វើ ឬ​អាចត្រូវ​បង្ខំ​អោយ​រៀបការ​នៅវ័យក្មេង។ ការប៉ាន់ប្រមាណ​យ៉ាងឆាប់រហ័ស​របស់​អង្គការ​ដដែលនេះ​បង្ហាញ​ថា ចាប់តាំង​ពីមាន​វិបត្តិ​កូវីដ-១៩​មក នៅ​ទូទាំង​ប្រទេស​គឺ​មាន​កុមារ​ជាង​៣៣​ភាគរយ(៣៣,៧៩)អាច​រៀនសូត្រ​បាន​ធម្មតា តែ​ចាំ​បាច់ណាស់ ដែល​ពួកគេ​មាន​ទូរស័ព្ទ​ទំនើប ឬទូរទស្សន៍។

តើការសិក្សានៅផ្ទះរបស់ក្មេងស្រី និងក្មេងប្រុសមានស្ថានភាពយ៉ាងណាដែរ? តាមការប៉ាន់ប្រមាណរហ័សទាក់ទងនឹងកូវីដ១៩ បានរកឃើញថា...

Posted by Plan International Cambodia on Wednesday, July 15, 2020

ពលរដ្ឋម្នាក់​នៅ​ស្រុកអង្គរធំ ក្នុង​ខេត្តសៀមរាប លោក ប៉ក់ ថូ អោយ​ដឹង​ថា នៅ​ក្នុង​ភូមិ​ស្រុក​របស់​លោក​ក្មេងស្រីជំទង់​អាចនឹងបោះបង់​ការសិក្សា​ច្រើនជាង​ក្មេងស្រី​រៀននៅថ្នាក់តូច។ លោក​ថា បញ្ហា​ជីវភាព និង​តម្រូវការ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជំរុញ​អោយ​ក្មេងស្រី​បោះបង់​ចោលការសិក្សា ជាពិសេស​នៅក្នុងដំណាក់​កាល​វិបត្តិជំងឺ-កូវីដ១៩នេះ​បញ្ហាបំណុល​ក៏កំពុង​ចោទឡើង និង​ជាអាទិភាព​ជំរុញ​អោយ​ក្មេងស្រី​បោះបង់ចោល​ការសិក្សា​បន្ថែមទៀត៖«ជួយដោះស្រាយ​ជីវភាព​គ្រួសារ ជួយដោះស្រាយ​បំណុលឳពុកម្ដាយ ព្រោះ​ប្រជាពលរដ្ឋ តាមពិត​ចង់៩០ភាគរយទៅហើយ​ ដែល​ខ្ចីលុយធនាគារ​យក​មក​​រកស៊ី យកមកធ្វើអីផ្សេងៗ ប៉ុន្តែ​ដោយាសរវិបត្តិ​កូវីដ-១៩​ហ្នឹងធ្វើ​អោយ​ជួបបញ្ហា​បាត់បង់ការងារ​ធ្វើ​ច្រើន ក៏​ធ្វើ​អោយ​ក្មេងស្រីៗ​ហ្នឹង​ក៏ត្រូវ​បង្ខំចិត្ត។»

អាស៊ីសេរី​បានព្យាយាម​ទាក់ទងទៅ​អ្នកនាំពាក្យ​ក្រសួងអប់រំ លោក រស់ សុវាចារ និង​លោក ឌី ខាំបូលី ប៉ុន្តែ​លោក​មិនលើក​ទូរស័ព្ទ។

ក្រុមអង្គការសង្គមស៊ីវិល​ជំរុញដល់​ភាគីពាក់ព័ន្ធ និង​រដ្ឋាភិបាល​អោយរួមគ្នា​ដោះស្រាយ​បញ្ហានេះ​អោយ​បាន​ទាន់ពេលវេលា។ ពួកគេ​បារម្ភ​ថា​ចំនួន​សិស្ស​ស្រី​បោះបង់ការសិក្សា​ទំនងថា​មាន​ចំនួន​កាន់​តែច្រើន​ទៀត នៅពេលដែល​ចំនួន​ពលរដ្ឋ​ក្រីក្រ​នឹងកើនឡើងច្រើន​ដោយសារវិបត្តិ​ជំងឺកូវីដ-១៩។ ការប៉ាន់​ប្រមាណ​របស់​ធនាគារពិភពលោក​វិបត្តិជំងឺកូវីដ-១៩​នឹង​ធ្វើ​អោយ​ចំនួន​អ្នកក្រីក្រ​នៅ​កម្ពុជា​កើនឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ គឺអាចកើន​ដល់៤លាននាក់។ ចំណែក​ក្រសួង​ផែនការ​វិញ​កាលពី​ចុងខែមិថុនា​បានកំណត់អត្តសញ្ញាណ​គ្រួសារក្រីក្រ​ថា​មាន​ចំនួន​ជាង៥៦ម៉ឺនគ្រួសារ(៥៦២.៦៨៦) ដែល​ស្មើ​ប្រមាណ​ជាង២លាន៣សែននាក់។ មន្រ្តីក្រសួងផែនការ​ការ​ថា​ចំនួនគ្រួសារ​ក្រីក្រទាំងនេះ​អាចនឹងប្រែប្រួលទៀត ដ្បិត​ក្រសួង​បន្តស្រង់​ស្ថិតិ​បន្ថែមទៀត។

លោក សន ជ័យ លើកឡើងថា ការផ្ដល់ការអប់រំ​ប្រកបដោយគុណភាព ការគិតគូរពី​សមភាពយេនឌ័រ ការកាត់បន្ថយវិសមភាព ជាចំណុចសំខាន់ ដែល​មានចែង​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព ដែលចាំបាច់​រដ្ឋាភិបាល​យកចិត្តទុកដាក់ ចៀសវាង​បញ្ហានេះ​នាំអោយខកខាន​ដល់​គម្រោង​ផែនការរបស់ខ្លួន។ លោក សន ជ័យ ផ្ដល់យោបល់ថា គួរតែ​បង្កើតអោយមាន​ក្រុមប្រឹក្សា​ពីគ្រោះយោបល់​ដល់សិស្ស ដើម្បី​សិស្ស​ជាពិសេស​សិស្សស្រី​អាច​បង្ហាញពី​បញ្ហាដែល​ពួកគេ​កំពុង​ជួបប្រទះ និង​អាចផ្ដល់​ដំណោះស្រាយ​តាមគោលដៅជាក់លាក់៖«រាល់ការលើកឡើង រាល់​សំណូមពរ​នឹង​ក្លាយទៅជាកម្មវិធី​មួយ​ជាពិសេស​វាជាការបោះជំហាន​មួយ​ទៅ​រកការដោះស្រាយ​បញ្ហា​ទាំង​ក្នុងពេល និង​ក្រោយ​ពេល​វិបត្តិ​កូវីដ-១៩។»

លោក សន ជ័យ ថា​តម្រូវការ​របស់​សិស្សស្រី ក៏គួរ​ដាក់​បញ្ចូលក្នុង​ក្រុមដែលត្រូវទទួល​បាន​ជំនួយពី​រដ្ឋាភិបាល​បន្ថែម​ទៅលើ​តម្រូវ​ការរបស់​អ្នកងាយរងគ្រោះ និង​គ្រួសារក្រីក្រ។

ចំណែក​លោក សុខ ឌូ វិញយល់ថា ពេលនេះ​តម្រូវការ​ចំពោះមុខ​គឺការប្រមូលទិន្នន័យ​ពីចំនួនក្មេងស្រី ដែលប្រឈម​នឹងបោះបង់​ចោលការសិក្សា។ លោកថា​គ្រប់ភាគី​គឺទាំង​អង្គការមិនមែន​រដ្ឋាភិបាល ផ្នែកឯកជន និង​រដ្ឋាភិបាល​គួរជ្រើសរើស​មធ្យោបាយ​រួមគ្នា​ធ្វើការអោយមាន​ប្រសិទ្ធិភាព៖«យើងឃើញ​ក្រសួង​គាត់បានចាប់ផ្ដើម​រៀបចំអោយ​មាន​ក្រុមការងារ​ចុះបង្រៀនតាម​មូលដ្ឋាន ដែល​អាច​ថាមួយសប្ដាហ៍​ទៅចុះទៅដាក់វិញ្ញាសារ និង​មេរៀនអោយសិស្ស ហើយ​អាទិត្យក្រោយគាត់​យកមកអោយគ្រូចឹង។ ខ្ញុំគិតថាជាការប្រឹងប្រែង​មួយដ៏ល្អ ហើយ​អ្វីដែលល្អ​គឺ​ក្រសួង​គួរតែចាប់​ផ្ដើមមាន​មធ្យោបាយ​បង្កើត​ប្រព័ន្ធតាមដានថាគ្រូគាត់ធ្វើការកើត ទី១គឺអាច​អន្តរាគមន៍​ទាន់ពេល​វេលា និង​ទី២មាន​ប្រសិទ្ធភាព។»

ស្ថិតិអប់រំ​របស់​ក្រសួងអប់រំសម្រាប់​ឆ្នាំ២០១៩-២០២០​បង្ហាញ​ថា​នៅទូទាំង​ប្រទេស​អត្រា​កុមារបោះបង់ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​មាន​ចំនួន៦,៨ភាគរយ នៅ​អនុវិទ្យាល័យ​ចំនួន១៨,៦ភាគរយ និង​នៅ​វិទ្យាល័យចំនួន១៦,៩ភាគរយ។ ក្នុងអំឡុងពេលនេះដែរ ចំនួនសិស្ស​នៅ​ទូទាំង​ប្រទេស​មានចំនួន​ជាង៣លាន២សែននាក់(៣.២១០.២៨៥)ក្នុងនោះ​មានសិស្សស្រី​ចំនួនជាង១លាន៥សែននាក់(១.៥៩៥.០៤៧)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល