សេង ធារី៖ ពិភពលោក​កំពុង​សម្លឹង​មើល​ករណី​តុលាការ​កោះហៅ​នាង​ពី​បទ​រួមគំនិត​ក្បត់

ដោយ សុជីវី
2020.11.20
សេង សុធារី ៦២២ កញ្ញា សេង ធារី ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ២០២០។
RFA

ស្ត្រី​ខ្មែរ​ល្បីឈ្មោះ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ គឺកញ្ញា សេង ធារី មានឈ្មោះ​នៅ​ក្នុង​បញ្ជី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ចំនួន ៤៦​នាក់ ដែល​ត្រូវ​កោះហៅ​អោយ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​។ បើ​ទោះ​បី​ជា​កញ្ញា​លើកឡើង​ថា ការ​ចោទប្រកាន់​នោះ​ពុំ​មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ​យ៉ាងណាក្ដី ក៏កញ្ញា សេង ធារី អះអាង​ថា នឹង​ចូល​ទៅ​ប្រឈម​មុខ​ជាមួយ​តុលាការ។

តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​កញ្ញា សេង ធារី ជ្រើស​រើស​យក​ការ​តតាំង​តាម​ផ្លូវ​តុលាការ​នេះ​?

កញ្ញា សេង ធារី ឬ​ឈ្មោះ​ក្នុង​អត្តសញ្ញាណប័ណ្ណ សេង ចន្ទធារី ដែល​ជា​មេធាវី និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​អះអាង​ថា នឹង​ចូល​ទៅ​តុលាការ​តាម​ពេល​កំណត់ គឺ​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​វិច្ឆិកា។

កញ្ញា​សម្អាង​ហេតុផល​ថា ពុំ​មាន​កំហុស​ដូច​ការចោទប្រកាន់​ឡើយ រាល់​ការចោទប្រកាន់​របស់​តុលាការ​របប​គ្រប់គ្រង​ដោយ លោក ហ៊ុន សែន ​នោះ​ គឺជា​ការចោទប្រកាន់​ដោយ​ពុំ​មាន​មូលដ្ឋាន ជា​ការ​បំភ្លៃ​ការពិត ជា​​ការ​គំរាមកំហែង ធ្វើបាប​ដល់​អ្នកគាំទ្រ​គណបក្សប្រឆាំង៖ «ចា៎​!​ជាក់ស្ដែង​ខ្ញុំ​នឹង​មាន​វត្ត​មាននៅ​ថ្ងៃ​ហ្នឹង ពីព្រោះ​ខ្ញុំ​ចង់​បង្ហាញ​ថា គាត់​អត់​អាច​បំភិតបំភ័យ​ខ្ញុំ​បាន​។ ខ្ញុំ​នឹង​ឆ្លើយតប​ដោយ​មាន​វត្តមាន ហើយ​ខ្ញុំ​ចង់​បង្ហាញ​ថា ខ្ញុំ​អត់​ខ្លាច​អ្វី​ដែល​ជា​អាវុធ​នយោបាយ ដោយ​ការ​​​ប្រើ​តុលាការ​មក​លើ​រូប​ខ្ញុំ​នេះ​ទេ»។

ព្រះរាជា​អាជ្ញា​រង​អម​តុលាការ​ក្រុងភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា កោះហៅ​មនុស្ស​មួយ​ក្រុម​ដាក់​ក្នុង​បញ្ជី​រួមមាន​ចំនួន ​៤៦​នាក់ ក្នុង​​នោះ​មាន​កញ្ញា សេង ធារី ផង អោយ​ចូល​​​​​ទៅ​សវនាការ​នៅ​ថ្ងៃ​​​​​ទី​២៦ ខែ​វិច្ឆិកា ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

នៅ​ពេល​អះអាង​ថា នឹង​ចូល​ទៅ​បំភ្លឺ​នេះ កញ្ញា សេង ធារី បាន​ការ​គាំទ្រ​ពី​មេធាវី​អាមេរិកាំង​ល្បីឈ្មោះ​ម្នាក់​ការពារ​ក្ដី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​នឹង​ការពារ​ក្ដី​ឱ្យ​​កញ្ញា​ដោយ​មិន​គិត​ប្រាក់ គឺ​លោក ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser)​។ លោក​គឺជា​មេធាវី ការពារ​ក្ដី​ឱ្យ​ជនជាតិ​អាមេរិកាំង​ក្នុង​រឿងក្ដី​នយោបាយ​​ក្នុង​ប្រទេស​មិនតិ​ចជាង ​២៥​ប្រទេស​នៅ​ក្នុង​ពិភពលោក។

នៅ​ពេល​ចោទ​សួរ​ថា តើ​ហេតុអ្វី​ចាំបាច់​ស្វែងរក​មេធាវី​ពូកែ​បែបនេះ​នៅ​ពេល​ដែល​រឿង​នេះ​ត្រូវ​កញ្ញា​ចាត់ទុកថា​ជា​ការ​គំរាមកំហែង ជា​រឿង​នយោបាយ​សុទ្ធសាធ​ហើយ​នោះ​? កញ្ញា​ឆ្លើយ​ថា អ្វី​ដែល​កញ្ញា​ធ្វើ​នឹង​បង្ហាញ​ថា សច្ចភាព​គឺជា​អំណាច៖ «សេចក្ដី​ពិត​ក៏​ជា​អំណាច ក៏​ជា​អាវុធ​មួយ ហើយ​ខ្ញុំ​មានអំណាច​ក្នុង​ការ​និយាយ​ការពិត​ទាញអារម្មណ៍​ពលរដ្ឋ​ក្នុងស្រុក ហើយ​ពួកម៉ាក​ក្នុង​ឆាក​អន្តរជាតិ​ដែល​ស្រឡាញ់​យុត្តិធម៌ ស្រឡាញ់​សេចក្ដី​ពិត​មក​ជួយ​គាំទ្រ​ខ្ញុំ​នៅ​ក្នុង​ការ​ឆ្លើយ​តប​នេះ»។

លើស​ពី​នេះ​កញ្ញា​ថា​គួរតែ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​រូប​កញ្ញា រួម​ទាំង​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ផ្សេងទៀត​ដែរ៖ «ខ្ញុំ​មិនមែន​ទាមទារ​យុត្តិធម៌​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​ក្នុង​ការ​ឆ្លើយតប​នឹង​ភាព​អយុត្តិធម៌​លើ​ខ្ញុំ​នេះ នឹង​ជួយ​ជះ​ជា​ពន្លឺ​លើ​ភាព​អយុត្តិធម៌ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង​តែម្ដង»។

មិន​ខុសគ្នា​នេះ​ដែរ លោក​មេធាវី ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser )​បាន​សរសេរ​សារ​បង្ហោះ​តាម​ធ្វីតធឺ (Tweeter) របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ថា មិត្ត​រួម​ថ្នាក់​របស់​លោក គឺ​កញ្ញា ធារី ដែល​ក្លាហាន ហ៊ាន​រិះគន់​លោក ហ៊ុន សែន មិន​សំចៃ​មាត់​នោះ​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ក្លែងក្លាយ​ថា រួមគំនិត​ក្បត់ ដែល​បទចោទប្រកាន់​នេះ​គួរតែ​ត្រូវ​ទម្លាក់​ចោល។

កញ្ញា ធារី គឺជា​មេធាវី​ម្នាក់ បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ច្បាប់​នៅ​សហរដ្ឋអាមេរិក​ ជាទី​ដែល​កញ្ញា​បាន​ទៅ​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ ដោយ​រត់​ភៀសខ្លួន​ចេញពី​របប​ខ្មែរក្រហម។ កញ្ញា​បាន​វិល​ទៅ​កម្ពុជា​ជា​ស្រុកកំណើត​របស់​កាលពី​ឆ្នាំ​១៩៩៥​។ កញ្ញា​បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន​ជួយ​ទៅដល់​ការ​កសាង​សន្តិភាព អប់រំ​ពី​ច្បាប់ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ធ្លាប់​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា។ កញ្ញា​ក៏​ធ្លាប់​ជា​ប្រធាន​សមាគម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​កញ្ញា​ក៏​ជា​បណ្ដឹង​ម្នាក់​ដែរ ដោយសារ​ខ្មែរក្រហម​បាន​សម្លាប់​ឪពុកម្ដាយ​របស់​កញ្ញា និង​រូប​កញ្ញា​ផ្ទាល់​ក៏​ត្រូវ​ចាប់​ដាក់គុក​រយៈពេល ៥​ខែ​នៅ​គុក​បឹងរៃ ក្នុង​ខេត្ត​ស្វាយរៀង​។ ពេលនេះ​កញ្ញា​ជា​ប្រធាន​ស្ថាបនិក​នៃ​អង្គការ​តស៊ូ​មតិ​ឈ្មោះថា​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ ហៅ​កាត់​ថា ស៊ីវីខើស (CIVICUS)​។

ជា​មេធាវី​ម្នាក់ និង​ជា​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្គម ដោយមាន​មិត្តភ័ក្ដិ មាន​អ្នក​ជួយ​គាំទ្រ​ច្រើន​ដែល​ភាគច្រើន​ជា​អ្នកច្បាប់​អន្តរជាតិ​ល្បីៗ និង​មិត្ត​ខ្លះ​កំពុង​កាន់ការ​ផ្នែក​ច្បាប់​នៅ​អង្គការ​ច្បាប់​អន្តរជាតិ​ផង ធារី មើល​ឃើញ​ថា​រឿងក្ដី​របស់​កញ្ញា នៅ​តុលាការ​ក្រុងភ្នំពេញ​នេះ​កំពុងតែ​មានការ​ចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ឬ​អាច​និយាយ​បាន​ថា ពិភពលោក​កំពុង​សម្លឹង​មើល​រឿង​នេះ។

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ថា កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ករណី​កើន​ឡើង​នូវ​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ទៅលើ​អ្នក​សកម្ម​ការងារ​សង្គម អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ធំ​ជាងគេ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ និង​ថា​អាជ្ញាធរ​ត្រូវ​ចាត់​វិធាន​ជាក់លាក់​ក្នុង​ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​ឡើងវិញ។

អតីត​នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ កត់​សម្គាល់​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ជ្រើស​រើស​យក​ការ​ប្ដឹងប្តល់​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន​ដូច​កញ្ញា សេង ធារី នេះ​។ អ្នកស្រី​ជឿជាក់​ថា រឿង​នេះ​នឹង​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា នៅ​ក្នុង​ឆាក​អន្តរជាតិ៖ «រឿង​តុលា​ការ​មិន​យុត្តិធម៌ រឿង​តុលាការ​បាន​ធ្វើ​ដោយ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ជ្រើសរើស ​(ផ្នែក​នយោបាយ)​ ហ្នឹង​វា​មួយ​រួច​ទៅ​ហើយ ក៏ប៉ុន្តែ​កញ្ញា ធារី គាត់​មាន​ទំនាក់ទំនង​ច្រើន​ទៅលើ​ពិភពលោក​នៅ​ខាងក្រៅ អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​រឿងរ៉ាវ​ហ្នឹង​វា​កាន់តែ​ខ្ចរខ្ចាយ​ទៅទៀត ដែល​វា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ជួប​បញ្ហា​មិន​ស្រួល​វា​កាន់តែ​ច្រើន​ទៀត»។

អ្នកស្រី​ថា​គួរតែ​បញ្ឈប់​ការចោទប្រកាន់​បែបនេះ ហើយ​ងាក​មក​ជំរុញ​លើកទឹកចិត្ត​ស្ត្រី​ក្លាហាន និង​មាន​សមត្ថភាពឱ្យ​បំពេញ​ការងារ​ជួយ​ដល់​សង្គម នឹង​ធ្វើជា​គំរូ​ភាព​ដល់​ក្មេង​ស្រី​ផ្សេងទៀត។

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​ត្រូវ​តុលាការ​កោះហៅ​ដែរ ប៉ុន្តែ​ស្ថិតនៅ​ក្រៅ​ប្រទេស និង​ត្រូវ​រារាំង​គ្រប់​មធ្យោបាយ​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អាច​វិល​ទៅ​កម្ពុជា​វិញ​បាន​ផ្ញើ​សារ​លើកទឹកចិត្ត កញ្ញា សេង ធារី ពី​ចម្ងាយ​។ អ្នកស្រី​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​គាំទ្រ និង​តាមដាន​រឿងក្ដី​នេះ ជាពិសេស​នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ចូល​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី​២៦ ខាងមុខ៖ «ខ្ញុំ​អំពាវនាវ​ឱ្យ​ទាំងអស់​គ្នា​ទៅ​ជួយ​កញ្ញា សេង ធារី មិនមែន​ជួយ​តែ​បុគ្គល​នាង​ទេ គឺ​ជួយ​ទៅដល់​អ្នក​ដែល​មាន​ឧត្ដមគតិ​ដូចគ្នា​។ យើង​ត្រូវតែ​យក​ពេលវេលា​មួយ​ចំណែក​ណាមួយ ដើម្បី​ទៅ​រួម​ជាមួយ​ហ្នឹង​ការ​ប្រយុទ្ធ ដើម្បី​ឱ្យ​មាន​យុត្តិធម៌ មិនមែន​ទុក​ឱ្យ​អ្នក​ប្រយុទ្ធ​ហ្នឹង​គាត់​ប្រយុទ្ធ​តែម្នាក់​ឯង​ទេ»។

បើ​ទោះ​ជា​យ៉ាងណា​ផ្ទុយ​ពី​ការ​ចោទប្រកាន់​ថា តុលាការ​ជា​អាវុធ​របស់​អ្នកនយោបាយ​កាន់អំណាច​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​បាន​ចេញ​មុខការ​ពារ​ជាច្រើនលើក​ច្រើន​សា​មក​ហើយ​ថា តុលាការ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ រាល់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​គឺជា​ការអនុវត្ត​ច្បាប់​ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់។

ចំពោះ​កញ្ញា សេង ធារី កញ្ញា​នៅតែ​សង្ឃឹមថា​តុលាការ នឹង​ទម្លាក់​ចោល​បទចោទប្រកាន់ ដើម្បី​លុបចោល​នូវ​រាល់​ពាក់​ចោទប្រកាន់ ដែល​ថា​តុលាការ​នេះ​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​បាន​។ បើ​ពុំ​នោះ​សោត​តុលាការ​មួយ​នេះ​នឹង​នៅតែ​ត្រូវ​ចាត់​បាន​ទុកថា​ជា​អាវុធ​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ ជាពិសេស​ គឺ​លោក ហ៊ុន សែន៖ «បើ​អ៊ីចឹង​យើង​ប្រើ​ពាក្យ​តុលាការ ប៉ុន្តែ​ជា​តុលាការ​អាវុធ អយុត្តិធម៌ មិនមែន​ជា​តុលាការ ដែល​អាច​ផ្ដល់​យុត្តិធម៌​បានទេ​។ ជា​តុលាការ​បាយឡុកបាយឡ ជា​ស្ថាប័ន​អេតចាយ»។

កញ្ញា​លើកឡើង​ទៀត​ថា គួរតែ​ដល់ពេល​ហើយ ​ដែលលោក ហ៊ុន សែន បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​ខ្មែរ​គ្នាឯង ​ហើយ​ងាក​មក​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​បាន​ត្រឹមត្រូវ៖ «គាត់​បាន​ចោទប្រកាន់​លើ​ពួក​ខ្ញុំ​ថា​យើង​ក្បត់ជាតិ នេះ​គឺ​គួរ​ឱ្យ​អស់សំណើច ពីព្រោះ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​លើ​ប្រទេស​យើង​នេះ​គឺ​គាត់​ទេ​ដែល​កំពុង​សម្លាប់​ជាតិ​ក្នុង​ការ​បើក​ចំហ​ឱ្យ​ចិន ឱ្យ​​យួន​មក​យក​ប្រទេស​យើង​ទាំងស្រុង​ជាពិសេស​ចិន»។

ក្រៅ​តែ​ពី​បាន​ការ​គាំពារ​ផ្នែក​ច្បាប់​ ដើម្បី​ទៅ​តតាំង​ក្នុង​សវនាការ​ពេលនេះ​កញ្ញា សេង ធារី ក៏​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ថវិកា​ដែរ ដោយមាន​មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ផ្ដល់​ថវិកា​តាមរយៈ​យុទ្ធនាការ​កៀរគរ​ថវិកា ដែល​កញ្ញា​បាន​បង្កើត​តាម​អនឡាញ​កាលពី​ថ្ងៃ​​ទី​១៩ វិច្ឆិកា​។ បើ​តាមកញ្ញា ធារី លើស​ពី​ថវិកា ដែល​បាន​ផ្ដល់​មក​អ្វី​ដែល​កញ្ញា​ទទួល​បាន​ពី​យុទ្ធនាការ​នេះ​គឺជា​ទឹកចិត្ត​នៃ​ការ​គាំទ្រ ជួយ​ឱ្យ​កញ្ញា​រឹងមាំ​តតាំង​រឿងក្ដី​នេះ។

កញ្ញា សេង ធារី បញ្ជាក់​ថា បទពិសោធន៍ ដែល​ធ្លាប់​ជាប់គុក​ខ្មែរក្រហម​បាន​ធ្វើ​ឱ្យ​កញ្ញា​គ្មាន​ការភ័យខ្លាច​ចំពោះ​ការ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​នៅ​ក្រោម​របប​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទាល់តែ​សោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Nov 22, 2020 09:16 PM

ម្តងនេះ សូមកញ្ញា សេង​ ធារី ព្រលះតុលាការអាយ៉ងក្រុងភ្នំពេញអោយបះជើងម្តងមើល