សង្គមស៊ីវិលនិងអ្នកជំនាញជំរុញឱ្យយុវជនចាប់អារម្មណ៍នឹងគោលនយោបាយរបស់បក្សនីមួយៗ
2017.04.01
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកជំនាញជំរុញឱ្យយុវជនពិនិត្យ និងតាមដានឱ្យបានដិតដល់ចំពោះគោលនយោបាយ ឬរបៀបវារៈនយោបាយរបស់គណបក្សនីមួយៗ ថាតើពួកគេបានដាក់បញ្ចូលនូវរាល់បញ្ហាជាអាទិភាពរបស់យុវជនហើយ ឬនៅ? ការធ្វើបែបនេះ គឺដើម្បីឱ្យពួកគេអាចសម្រេចចិត្តជ្រើសរើសមេដឹកនាំមួយដ៏ត្រឹមត្រូវ ដែលអាចជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេបាន។
នៅរៀងរាល់ការបោះឆ្នោតម្ដងៗ គណបក្សនយោបាយនីមួយៗ តែងអូសទាញយុវជនឱ្យក្លាយជាកម្លាំងគាំទ្ររបស់ខ្លួនដោយប្រកាសថា ពួកគេគិតគូរអំពីយុវជនឱ្យតម្លៃចំពោះសក្តានុពលយុវជន ឬក៏ថាគណបក្សរបស់ពួកគេដាក់បេក្ខភាពយុវជនចូលក្នុងសមាសភាពនៃថ្នាក់ដឹកនាំរបស់គណបក្ស។
នៅក្នុងបរិបទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដ៏ស្រួចស្រាល់ដែលនឹងមកដល់នៅដើមខែមិថុនា ខាងមុខនេះ អ្នកជំនាញ និងមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកយុវជនជំរុញឱ្យយុវជនយកចិត្តទុកដាក់លើគោលនយោបាយរបស់គណបក្សនីមួយៗ ហើយព្យាយាមធ្វើយ៉ាងណាឱ្យពួកគេមានសំឡេង និងការសម្រេចចិត្តក្នុងគណបក្សដែលពួកគេគាំទ្រ។
មន្ត្រីផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា កត់សម្គាល់ថា ការបោះឆ្នោតលើកមុនៗ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនសូវមានបេក្ខភាពយុវជនច្រើននោះទេ។ លោកថា នេះគឺជាចំណុចសំខាន់ដែលយុវជនត្រូវចាប់អារម្មណ៍ ដើម្បីឆ្លុះបញ្ចាំងអំពីគណបក្សនយោបាយណាដែលអះអាងថា ខ្លួនគិតគូរអំពីយុវជន ហើយសំខាន់ជាងនេះ យុវជនត្រូវពិនិត្យមើលគោលនយោបាយរបស់គណបក្សទាំងនោះ ថាតើមានដាក់បញ្ចូលនូវបញ្ហាប្រឈមរបស់យុវជនក្នុងរបៀបវារៈនយោបាយរបស់ខ្លួនហើយ ឬនៅ? ហើយបើមាន តើការអនុវត្តជាក់ស្ដែងបានដល់កម្រិតណា៖ «គណបក្សនយោបាយហ្នឹង គាត់ត្រូវតែបង្កើនជំនឿចិត្ត ព្រោះនេះជាយុទ្ធសាស្ត្ររបស់គណបក្សនយោបាយ។ អាចថាទីមួយ គោលនយោបាយ។ ទីពីរ ការអនុវត្ត ថាតើគោលនយោបាយដែលគាត់ដាក់ចេញហ្នឹង ការអនុវត្តរបស់គាត់ឆ្លើយតបគ្នាដែរឬអត់ និងក្នុងកម្រិតណា។ បើសិនជាគាត់ដាក់ចេញមក ការអនុវត្តរបស់គាត់អត់មានឆ្លើយតបគ្នា វាអាចធ្វើឲ្យក្រុមយុវជនបាត់ជំនឿចិត្តលើគណបក្សនយោបាយហ្នឹងដែរ»។
លោកបន្តថា ចំនួនយុវជនជាង ២លាននាក់ ឬស្មើនឹងជាង ៣៤ភាគរយនៃអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោត គឺជាបរិមាណមួយដ៏ច្រើនដែលគណបក្សនយោបាយមិនត្រូវមើលរំលងសំឡេងឆ្នោតរបស់យុវជន។ លោកថា លទ្ធផលឆ្នោតអាចនឹងមានការប្រែប្រួល បើសិនជាពួកគេបានចេញទៅបោះឆ្នោតទាំងអស់គ្នា៖ «គណបក្សនយោបាយមិនត្រូវមើលរំលងការចូលរួមរបស់យុវជនទេនៅក្នុងការបោះឆ្នោតហ្នឹងទេ មិនត្រឹមតែផ្សារភ្ជាប់ពួកគាត់ឲ្យទៅជាអ្នកគាំទ្រទេ គឺត្រូវតែផ្តល់ប្រយោជន៍ ដូចជា ឋានៈ និងតួនាទី ឬក៏មានគោលនយោបាយជាក់លាក់ ដើម្បីដោះស្រាយបញ្ហាយុវជន ព្រោះទៅមុខទៀត គេនឹងក្លាយជាអ្នកស្នងតំណែង។ បើសិនជាអត់មានការបណ្តុះបណ្តាលយុវជនហ្នឹងជាថ្នាលមួយឲ្យបានរឹងមាំទេ នៅពេលពួកគេក្លាយជាអ្នកស្នងតំណែងហ្នឹង ពួកគេនឹងមិនបានរឹងមាំនោះទេ»។
យុវជនមានបញ្ហាប្រឈមជាអាទិភាពចំនួន ៣ បើតាមការស្រាវជ្រាវរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ កាលពីឆ្នាំ ២០១៥។ នោះគឺជាបញ្ហាការអប់រំ ការងារ និងបញ្ហាសន្តិសុខ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ និងជានាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា សង្កេតឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នបានដើរមកដល់ចំណុចរបត់ថ្មីមួយដែលគ្រប់គណបក្សនយោបាយ ត្រូវចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយណាដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងយុវជន។
លោកថា គណបក្សនយោបាយនីមួយៗ មិនត្រូវតាក់តែងរបៀបវារៈនយោបាយដោយផ្អែកលើទស្សនៈរបស់ខ្លួនតែមួយនោះទេ បើមិនដូច្នេះទេ ពួកគេនឹងបាត់បង់ការគាំទ្រ៖ «ពេលនេះគឺជាឱកាសដែលគណបក្សនយោបាយត្រូវផ្ដោតទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ។ មានន័យថា របៀបវារៈនយោបាយមិនមែនតាក់តែងឡើង ឬក៏បង្កើតឡើងដោយគណបក្សនយោបាយខ្លួនឯងទេ គឺរបៀបវារៈនយោបាយត្រូវបានដឹកមុខដោយតម្រូវការរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងបើសិនជាគណបក្សនយោបាយណាក៏ដោយ ឲ្យតែយកតម្រូវការរបស់ប្រជាពលរដ្ឋមកដឹកមុខក្នុងការតាក់តែងរបៀបវារៈនយោបាយសម្រាប់ការឃោសនាបោះឆ្នោត ខ្ញុំសង្ឃឹមថាគណបក្សនយោបាយនោះនឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ»។
លោក ជាង សុខា កត់សម្គាល់ថា ការងាកមកចាប់អារម្មណ៍ និងផ្ដោតការយកចិត្តទុកដាក់លើយុវជនក្នុងបរិបទនៃការបោះឆ្នោតឆ្នាំ២០១៧ នេះ ហាក់ដូចជាបានកម្រើកឡើងនៅគ្រប់គណបក្សនយោបាយទាំងអស់ ក៏ប៉ុន្តែលោកយល់ឃើញថា នេះគ្រាន់តែជាយុទ្ធសាស្ត្រនៃការកៀរគររកសំឡេងគាំទ្រតែប៉ុណ្ណោះ តែធាតុពិត តម្រូវការរបស់យុវជននៅមិនទាន់ត្រូវបានលើកឡើងឱ្យមានភាពប្រាកដប្រជានៅឡើយ៖ «យើងបានជួបជាមួយគណបក្សនយោបាយ ៤ ទៅ ៥ ដើម្បីស្វែងយល់ និងរៀនសូត្រអំពីគណបក្ស ថាតើគណបក្សមានធ្វើគោលនយោបាយពិតប្រាកដដែរឬទេ? អ៊ីចឹងហើយយើងមិនទាន់ឃើញមានគណបក្សនយោបាយណាមួយមានភាពជាក់លាក់ទេ ហាក់បីដូចជាស្ថិតនៅក្នុងស្ថានភាពមួយដែលយុវជនមិនទាន់មានការជឿជាក់។ វាហាក់ដូចជាជាការកៀរគរយុវជន ជាជាងយកចិត្តទុកដាក់លើយុវជន ដើម្បីឲ្យយុវជនមានតួនាទីក្នុងការសម្រេចចិត្ត ដែលធ្វើឲ្យគាត់មានឥទ្ធិពលទៅលើអ្វីដែលបញ្ហារួមរបស់យុវជន»។
និស្សិតផ្នែកនីតិសាស្ត្រ កញ្ញា សាំង លីណែត ចាប់អារម្មណ៍ថា គោលនយោបាយរបស់គណបក្សនីមួយៗ បង្ហាញអំពីការយកចិត្តទុកដាក់លើយុវជន ប៉ុន្តែការអនុវត្តជាក់ស្ដែងបែរជាផ្សេងពីនេះ។ នាងកត់សម្គាល់ថា អ្នកនយោបាយមួយចំនួននៅប្រកាន់ទស្សនៈថា យុវជនគ្រាន់តែក្មេង មិនមានបទពិសោធន៍ដូចខ្លួនជាមនុស្សចាស់ ដូច្នេះមិនអាចកាន់ការងារធំដុំបានឡើយ។ នាងគិតថា នេះជាទស្សនៈមួយដែលខុសឆ្គង ព្រោះយុវជនគឺអ្នកដែលមានកម្លាំងកាយរឹងមាំ មានចំណេះដឹង និងមានគំនិតច្នៃប្រឌិតខ្ពស់។ នាងចង់ឃើញគ្រប់គណបក្សដាក់បញ្ចូលបេក្ខភាពយុវជនឱ្យបានច្រើន ព្រមទាំងផ្ដោតលើបញ្ហាប្រឈមរបស់យុវជន គឺការអប់រំ ការងារ និងសន្តិសុខ៖ «សន្លឹកឆ្នោតរបស់ខ្ញុំមានតម្លៃ។ ខ្ញុំនឹងបោះឆ្នោតឲ្យគណបក្សណាដែលគាត់មានគោលនយោបាយត្រឹមត្រូវ ហើយមួយទៀតវិញ មេដឹកនាំមានតម្លាភាព ស្មោះត្រង់ ហើយគាត់អាចបំពេញនូវអ្វីដែលគាត់បានសន្យា ហើយគាត់យល់ពីតម្រូវការរបស់យុវជន ក្នុងនាមខ្ញុំជាយុវជន និងម្ចាស់សន្លឹកឆ្នោត»។
អ្នកជំនាញជំរុញឱ្យយុវជនប្រើប្រាស់សក្ដានុពលរបស់ខ្លួន និងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីអាចទាមទារឱ្យមានដំណោះស្រាយលើបញ្ហាប្រឈមរបស់ខ្លួន ហើយចាំបាច់ណាស់យុវជនត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោត។ ក្រោយពេលបោះឆ្នោត យុវជនត្រូវខិតខំសង្កេត និងតាមដានសកម្មភាពអនុវត្តរបស់មន្ត្រីជាប់ឆ្នោត ឬរដ្ឋាភិបាល ដើម្បីចូលរួមវាយតម្លៃលទ្ធផលនៃសកម្មភាពទាំងនោះ ហើយផ្ដល់ព័ត៌មានទាំងនេះទៅដល់អ្នកបោះឆ្នោតដទៃទៀត សម្រាប់ធ្វើជាទុនពិចារណាក្នុងការសម្រេចចិត្តបោះឆ្នោតលើកក្រោយទៀត៕