សែស្រឡាយពួកអ្នកមានអំណាចខ្មែរ ៤ ត្រកូល យកលុយជិត ៣០លានដុល្លារពីកម្ពុជាទៅរក្សាទុកនៅអូស្ត្រាលី
ដោយ៖ ហ្សាក់ ដេវី (Jack Davies)
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងរយៈពេល ៥ឆ្នាំ ក្រោយគណបក្សប្រជាជនកម្ពុជា បានចិញ្ចឹមចិត្តបន្សាបឥទ្ធិពលរបស់គណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ពួកអ្នកមានលុយមានអំណាចនៅកម្ពុជា បានយកទ្រព្យសម្បត្តិមួយភាគធំរបស់ពួកគេទៅរក្សាទុកនៅទីនោះ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពលរដ្ឋខ្មែរដែលបានរត់ភៀសខ្លួនគេចចេញពីរបបដឹកនាំបែបផ្ដាច់ការតជំនាន់នៅកម្ពុជា បានមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។ ក៏ប៉ុន្តែ ប្រមាណជាង ៥ឆ្នាំមកនេះ ក្រុមមនុស្សដែលមានសម្ពន្ធភាពជិតស្និទ្ធទៅនឹងរបបដឹកនាំបច្ចុប្បន្ននេះ ក៏បានចាប់ផ្ដើមយកលំនាំតាមពលរដ្ឋខ្មែរដែលជាជនរងគ្រោះទាំងនោះ ដោយពួកគេបាននាំគ្នាទៅរស់នៅក្នុងប្រទេសដែលស្ថិតនៅចុងម្ខាងនៃផែនទីពិភពលោកមួយនេះដែរ។ ពួកអ្នកមានលុយមានអំណាចខ្មែរទាំងនោះបាននាំយកទៅជាមួយពួកគេនូវទ្រព្យសម្បត្តិដ៏មហាសាល។ ច្បាស់ណាស់ថា ប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេទាំងនោះ គឺគ្មានអ្វីក្រៅតែពីបានមកពីចំណងស្អិតល្មួតជាមួយនឹងសាច់សាលោហិតសែស្រឡាយរបស់ក្រុមអ្នកមានអំណាចនៅក្រុងភ្នំពេញនោះឡើយ។
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកឃើញថា បុគ្គលកម្ពុជា ១៤នាក់ មកពីត្រកូលក្រុមគ្រួសារពួកអ្នកមានអំណាចខ្មែរនៅកម្ពុជា កំពុងកាន់កាប់ទ្រព្យសម្បត្តិតម្លៃរាប់សិបលានដុល្លារ នៅប្រទេសអូស្ត្រាលី។
អគារផ្ទះល្វែងប្រណីត (អាផាតមិន) របស់អ្នកស្រី អ៊ឹម ប៉ូលីកា/លោក
អូន ព័ន្ធមុនីរាជ (នៅតំបន់ One Central Park)។ ប្រភព៖ Wikimedia
Commons
ភូមិគ្រឹះរបស់លោក ជា សុផាភាសា (ហៅ ផារ៉ា មង្គល) និងអ្នកស្រី តាវ
ម៉ាឌីណា។ ប្រភព៖ realestate.com.au
ភូមិគ្រឹះរបស់អ្នកស្រី ថៃ ជែកគី (Jackie Thai)។ ប្រភព៖ Google
Streetview
ក្នុងរយៈពេល ៥ឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៥មក ទ្រព្យធនរបស់ពួកគេនៅអូស្ត្រាលី មានដូចជាអចលនទ្រព្យ និងផលប្រយោជន៍ពីការវិនិយោគលើជំនួញ ឬអាជីវកម្មជាដើម ភាគច្រើនគឺជាកម្មសិទ្ធិកាន់កាប់ដោយសមាជិកក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។
យុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រង
រដូវក្ដៅឆ្នាំ២០១៥ ស្តែងឲ្យឃើញពីការចាប់ផ្តើមអនុវត្តយុទ្ធនាការ «ត្បកក្បាល អង្អែលខ្នង» ដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដើម្បីងាយស្រួលឲ្យពួកគេអាចគ្រប់គ្រងសហគមន៍ខ្មែរនៅក្រៅប្រទេសបាន ជាពិសេសគឺសហគមន៍ខ្មែរនៅអូស្ត្រាលីនេះតែម្ដង។
ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា មិនបានចាញ់ឆ្នោតទាំងស្រុងក៏ដោយ ក៏គណបក្សនេះបានបាត់បង់ប្រជាប្រិយភាព និងសំឡេងឆ្នោតដូចដែលស្ដែងឲ្យឃើញតាមរយៈលទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅ។ មួយភាគធំនៃជោគជ័យរបស់បក្សប្រឆាំង កាលណោះ គឺដោយសារតែពួកគេបានទទួលការឧបត្ថម្ភថវិកានៅមុនយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមរូបភាពជាវិភាគទានពីសំណាក់សហគមន៍ខ្មែរនៅក្រៅប្រទេសនេះតែម្តង។ ដោយប្ដេជ្ញាចិត្តមិនឲ្យទទួលរងនូវភាពអាម៉ាស់បែបនេះជាលើកទីពីរទៀត គណបក្សប្រជាជនកម្ពុជា បានបង្កើត«ក្រុមការងារ»ដើម្បីអូសទាញទឹកចិត្តពលរដ្ឋខ្មែរនៅក្រៅប្រទេស ឲ្យងាកមកគាំទ្រខ្លួនជាបណ្ដើរៗវិញ។ បើមិនដូច្នោះទេ ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនេះនឹងទទួលរងនូវការសម្លុតធ្វើបាប ក្នុងគោលដៅបំបិទមាត់ឲ្យឈប់និយាយរិះគន់គណបក្សកាន់អំណាចតទៅទៀត។
គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានបែងចែកប្រទេសអូស្ត្រាលី ជា ៧ តំបន់ផ្សេងៗគ្នា ដូចដែលមានប្រកាសក្នុងសារាចរណែនាំជាផ្លូវការមួយកាលពីខែមិថុនា ឆ្នាំ២០១៥។ តំបន់នីមួយៗ គ្រប់គ្រងដោយប្រធានក្រុមការងារមួយរូប ដែលមានប្រភពចេញមកពីវណ្ណៈអ្នកដឹកនាំនៅក្រុងភ្នំពេញ។
ការងាររបស់ប្រធានក្រុមការងារប្រចាំតំបន់នីមួយៗ គឺចាត់ចែងសកម្មភាពនានារបស់គណបក្សនៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង ក្នុងនោះមានដូចជា រៀបចំពិធីបង់កេ ឬជប់លៀង ដើម្បីអូសទាញទឹកចិត្តសហគមន៍ខ្មែរនៅតាមមូលដ្ឋាន ឬកៀរគរពលរដ្ឋទាំងនោះឲ្យងាកមកបង្ហាញការគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលទៅបំពេញទស្សនកិច្ចនៅទីនោះ។ ការធ្វើដូច្នេះ គណបក្សប្រជាជនកម្ពុជា សង្ឃឹមថា នឹងលែងមានទៀតហើយក្រុមអ្នករិះគន់តវ៉ាចំពោះការដឹកនាំប្រទេសរបស់ខ្លួន។
យ៉ាងណាក៏ដោយ សកម្មជនខ្មែរ-អូស្ត្រាលីជាច្រើននាក់ និយាយថា សកម្មភាពអស់ទាំងនេះ គ្រាន់តែជាគោលនយោបាយដែលធ្វើឲ្យល្អមើលពីខាងក្រៅឆាកតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ធាតុពិត គោលនយោបាយនេះកំពុងតែធ្វើឲ្យសមាជិកសហគមន៍ខ្មែរនៅទីនោះទទួលរងនូវការបំភិតបំភ័យ រហូតដល់ពួកគេមួយចំនួនរងនូវការគំរាមសម្លាប់ជាដើមក៏មាន។
លុយរត់តាមកម្មាភិបាល
មែលប៊ន (Melbourne) គឺជាទីក្រុងទីពីរដែលមានមនុស្សម្នារស់នៅច្រើនជាងគេនៅអូស្ត្រាលី។ គឺទីនោះហើយដែលមានសហគមន៍ខ្មែររស់នៅច្រើនជាងគេបង្អស់។ ពួកគេភាគច្រើនសុទ្ធសឹងតែជាក្រុមអ្នករិះគន់ឥតសំចៃមាត់ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា។
មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ លោក ឡាវ វ៉ាន់ គឺជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជានៅទីនោះ។ លោកក៏ទំនងជាកូនចៅជំនាន់ក្រោយមួយរូបនៃក្រុមគ្រួសារដ៏មានអំណាចក្នុងមជ្ឈដ្ឋានអ្នកជំនួញខ្មែរនៅប្រទេសអូស្ត្រាលីផងដែរ។ គ្រួសារលោក គឺគ្មាននរណាក្រៅតែពីសមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន និងម្តាយចុងលោក គឺអ្នកស្រី ជឹង សុភាព ហៅ «យាយភូ»។ អ្នកស្រី ជឹង សុភាព គឺជាឈ្មួញរកស៊ីដ៏កាក់កប និងជោគជ័យម្នាក់ដែលអ្នកស្រីអះអាងថា ភាពជោគជ័យនេះកើតចេញពីការខឹតខំប្រឹងប្រែងខ្លួនឯង។ ក៏ប៉ុន្តែ ឯកសារតេឡេក្រាមការទូតផ្ញើដោយស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញទៅឲ្យទីក្រុងវ៉ាស៊ីនតោន (Washington) កាលពីឆ្នាំ២០០៧ ពណ៌នាថា អ្នកស្រីគឺជាដៃគូជំនួញជាមួយប្រពន្ធរបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី។
នៅខែតុលា ឆ្នាំ២០១៥ រយៈពេល ៤ ខែ ក្រោយលោក ឡាវ វ៉ាន់ ត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់មែលប៊នរួចមក ប្លង់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ បង្ហាញថា ប្រពន្ធរបស់លោក គឺអ្នកស្រី ជឹង សុគន្ធាវី ដែលត្រូវជាប្អូនស្រីចុងរបស់លោកផងដែរនោះ បានទិញផ្ទះល្វែងប្រណីត ឬអាផាតមិន នៅជាន់ទី២៤ ក្នុងប្លុកអគារខ្ពស់ៗ (Tower) ផ្ដាច់មុខមួយនៅទីក្រុងនេះ ក្នុងតម្លៃ ៤លានដុល្លារអូស្ត្រាលី (ស្មើនឹងជាង ២,៩លានដុល្លារអាមេរិក)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត លោក ឡាវ វ៉ាន់ និងអ្នកស្រី ជឹង សុគន្ធាវី បានចុះបញ្ជី អាផាតមិន នោះ ធ្វើជាអាសយដ្ឋានផ្ទះ នៅពេលដែលប្តីប្រពន្ធមួយគូនេះ បង្កើតអាជីវកម្មនៅអូស្ត្រាលីចំនួន ២ កន្លែង ក្នុងនោះក៏រួមមាន ហាងនំ មែលប៊ន (Melbourne bakery) ដែលបានបើកដំណើរការតាំងពីខែធ្នូ ឆ្នាំ២០១៩ មក ដោយមានកូនស្រីបង្កើតរបស់ពួកគេម្នាក់ឈ្មោះ ឡាវ ជៀជីន (Lau Jai Zhen) ជាអ្នកគ្រប់គ្រង។
នាង ឡាវ ជៀជីន ដែលកាលពីខែតុលា ឆ្នាំទៅ មានអាយុ ២០ ឆ្នាំ បានភ្ជាប់ពាក្យនៅដើមឆ្នាំនេះជាមួយនឹងលោក អូន ព័ន្ធមុនីរាជ អាយុ ២៣ ឆ្នាំ ដែលជាកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងប្រពន្ធជាពាណិជ្ជករ គឺអ្នកស្រី អ៊ឹម ប៉ូលីកា។ ក្រុមគ្រួសាររបស់គូស្រករវ័យក្មេងមួយគូនេះ មានចំណងពាណិជ្ជកម្មដ៏សន្ធឹកសន្ធាប់ជាមួយគ្នារួចស្រាប់ទៅហើយនៅកម្ពុជា។ ក្រុមគ្រួសារទាំងពីរនេះ បានចូលរួមក្នុងនិន្នាការដែលពួកអ្នកមានលុយមានអំណាចខ្មែរ នាំគ្នាយកលុយមករក្សាទុកនៅប្រទេសអូស្ត្រាលី។
ឈ្មោះរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រពន្ធរូបនេះ បានល្បីសុះសាយនៅទំព័រកាសែតអន្តរជាតិ ម្តងរួចមកហើយ កាលពីឆ្នាំ២០១៩ នៅពេលដែលសារព័ត៌មាន រ៉យទ័រ (Reuters) បានលាតត្រដាងថា ពួកគេបានទិញសញ្ជាតិស៊ីប (Cyprus) តាមរយៈកម្មវិធីវិនិយោគដ៏ចម្រូងចម្រាសមួយរបស់ប្រទេសនេះ។ វិទ្យុអាស៊ីសេរី អាចលាតត្រដាងបានថា នៅដើមឆ្នាំ២០១៨ កូនប្រុសរបស់ប្តីប្រពន្ធមួយគូនេះ គឺលោក អូន ព័ន្ធមុនីរាជ ក៏បានដាក់ពាក្យសុំសញ្ជាតិស៊ីបនេះផងដែរ។ តាមច្បាប់របស់ប្រទេសនេះ រាល់អ្នកដាក់ពាក្យសុំសញ្ជាតិទាំងអស់ ត្រូវប្រកាសអំពីបំណងរបស់ពួកគេអំពីការចង់ទទួលបានសញ្ជាតិរបស់ប្រទេសនេះ នៅលើទំព័រសារព័ត៌មានមួយក្នុងចំណោមសារព័ត៌មាននានារបស់ប្រទេសដែលជាដែនដីកោះមួយនេះ។ កាលណោះ លោក អូន ព័ន្ធមុនីរាជ បានជ្រើសរើសប្រកាសពីបំណងចង់បានសញ្ជាតិស៊ីបនេះ នៅលើទំព័រកាសែតមួយឈ្មោះ ហារ៉ាហ្វហ្គី (Haravgi)។ សេចក្តីសម្រេចនៃពាក្យសុំសញ្ជាតិស៊ីបរបស់លោក អូន ព័ន្ធមុនីរាជ យ៉ាងណានោះ មិនត្រូវបានគេដឹងឮឡើយ។
នៅខែកក្កដា ឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា បានចំណាយលុយ ២,១ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ១,៥ លានដុល្លារអាមេរិក) ទិញអាផាតមិនមួយ ក្នុងតំបន់ វ័ន សេនត្រល ផាក (One Central Park) នៅក្រុងស៊ីដនី (Sydney)។ នេះបើយោងតាមឯកសារប្លង់កាន់កាប់កម្មសិទ្ធិអចលនទ្រព្យ។ តំបន់ វ័ន សេនត្រល ផាក គឺជាតំបន់អភិវឌ្ឍន៍ប្រណីតមួយ ព័ទ្ធជុំវិញដោយសួនឧទ្យាន និងហាងទំនិញ Shopping Mall ទំនើបៗ។ លោក អូន ព័ន្ធមុនីរាជ បានរស់នៅក្នុងតំបន់ វ័ន សេនត្រល ផាក នេះ ក្នុងអំឡុងពេលដែលលោកកំពុងរៀនសូត្រនៅឡើយ។ កាលណោះ លោកបានពណ៌នាអាគារដែលលោករស់នៅនេះ នៅក្នុងកិច្ចការសាលារបស់លោកថា ជា «និមិត្តសញ្ញានៃយុគសម័យក្រោយសម័យទំនើប»។
នៅគ្រាដែលអ្នកស្រី អ៊ឹម ប៉ូលីកា បានបង្កើតក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីមួយកាលពីឆ្នាំ២០១៦ ដោយដាក់ឈ្មោះថា Camtrade Enterprises Pty Ltd អ្នកស្រីមិនបានដាក់អាសយដ្ឋានអាផាតមិននៅតំបន់ One Central Park នោះទេ។ អ្នកស្រីបានប្រើអាសយដ្ឋានភូមិគ្រឹះនៅក្រុងភ្នំពេញ។ ឥឡូវនេះ ក្រុមហ៊ុននេះលែងដំណើរការហើយ។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០១៨ នៅពេលដែលលោក អូន ព័ន្ធមុនីរាជ បានចុះបញ្ជីក្រុមហ៊ុនមួយដើម្បីធ្វើជាឈ្នាន់ឲ្យលោកអាចឈានទៅកាន់កាប់ភោជនីយដ្ឋានរបស់ចិន ដែលអាចប្រើប្រាស់យីហោពាណិជ្ជកម្ម «Fun House» បាន លោកបានចុះបញ្ជីអាផាតមិននៅក្រុងស៊ីដនីនេះ ធ្វើជាអាសយដ្ឋានស្នាក់នៅរបស់លោក។
អាណាចក្រអាជីវកម្មត្រកូល ហ៊ុន
នៅចុងម្ខាងនៃមែកធាងក្រុមគ្រួសាររបស់លោក ឡាវ វ៉ាន់ លោកមានបងប្អូនស្រីម្តាយទីទៃម្នាក់ឈ្មោះ ឡាវ សុខហ៊ុយ (Lau Sok Huy) (ហៅ ឡាវ មីសែល (Michelle Lau)) ដែលអ្នកស្រីមានបងប្អូនប្រុសម្នាក់ឈ្មោះ ឡាវ អៀវចុង (Lau Yao Zhong) (ហៅ អាឡិច)។ ប្តីរបស់អ្នកស្រី ឡាវ សុខហ៊ុយ គឺលោក ពេជ អភិរៈ (Pich Aphirak)។ ពួកគេទាំងនេះ ម្នាក់ៗសុទ្ធតែកាន់កាប់ ឬគ្រប់គ្រងមុខជំនួញសំបូរបែបនៅអូស្ត្រាលី បង្កើតឡើងចាប់តាំងពីឆ្នាំ២០១៥ រហូតមក។
បងថ្លៃលោក ពេជ អភិរៈ គឺលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក ហើយជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវគេដឹងឮជាទូទៅថា គឺជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីបន្តវេនពីលោក។ បងជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ត្រូវគេដឹងឮថា ជាបងធំនៃក្រុមជើងកាងនៃគ្រួសារអ្នកដឹកនាំប្រទេសនៅកម្ពុជា។ កេរ្តិ៍ឈ្មោះអាក្រក់របស់លោកជា «មនុស្សទុច្ចរិត» គឺគ្មាននៅកន្លែងណាល្បីដូចជាងនៅប្រទេសអូស្ត្រាលីនោះទេ។
ឈ្មោះរបស់លោក ហ៊ុន តូ ត្រូវអ្នកកាសែតម្នាក់ឈ្មោះ នីក ម៉ាកឃែនហ្ស៊ី (Nick McKenzie) ដែលសរសេរអត្ថបទបែបវិភាគឲ្យទស្សនាវដ្ដី The Sting លាតត្រដាងកាលពីឆ្នាំ២០១២ ឲ្យដឹងថា លោកបានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវ ដែលតម្រូវឲ្យអាជ្ញាធរអនុវត្តច្បាប់នៅប្រទេសអូស្ត្រាលី បើកយុទ្ធនាការបង្ក្រាបអំពើជួញដូរគ្រឿងញៀនជាអន្តរជាតិ។ យោងតាមលោក នីក ម៉ាកឃែនហ្ស៊ី កាលពីឆ្នាំ២០០៣ លោក ហ៊ុន តូ បានក្លាយជាមុខសញ្ញានៃការស៊ើបអង្កេតរបស់នគរបាលអូស្ត្រាលី ពាក់ព័ន្ធនឹងការរត់ពន្ធអាភៀនពីប្រទេសកម្ពុជាចូលមកប្រទេសអូស្ត្រាលី ក្រោមរូបភាពនៃការដឹកជញ្ជូនឈើហ៊ុប។
លោក នីក ម៉ាកឃែនហ្ស៊ី អះអាងថា លោក ហ៊ុន តូ បានគេចរួចពីការចាប់ខ្លួនដោយសារតែមានអន្តរាគមន៍ពីមន្ត្រីស្ថានទូតអូស្ត្រាលីនៅក្រុងភ្នំពេញ ក្នុងបំណងព្យាយាមបញ្ចៀសកុំឲ្យមានជម្លោះការទូតជាមួយកម្ពុជា។ យ៉ាងណា កូនចៅ និងជាអង្គរក្សរបស់លោក ហ៊ុន តូ គឺលោក ថៃ ផានី (Thai Phany) ត្រូវបានតុលាការអូស្ត្រាលីផ្ដន្ទាទោសពីបទប៉ុនប៉ងនាំចូលអាភៀនទម្ងន់ ៣០០ ក្រាមពីប្រទេសកម្ពុជា ដែលករណីនេះក៏ជាផ្នែកមួយនៃប្រតិបត្តិការបង្ក្រាបដូចគ្នានោះដែរ។
នៅពេលប្រឈមមុខនឹងសំណួរជុំវិញការចោទប្រកាន់នានា កាលពីឆ្នាំ២០១២ លោក ហ៊ុន តូ អះអាងថា លោកពុំបានជាប់ពាក់ព័ន្ធនឹងជំនួញអាភៀននៅអូស្ត្រាលីនោះទេ។ លោកថែមទាំងបានបដិសេធថា លោកក៏មិនដែលធ្លាប់ស្គាល់ លោក ថៃ ផានី ជានរណានោះដែរ។ ការអះអាងបែបនេះ ទំនងជាលោក ហ៊ុន តូ មិនអាចនិយាយដូច្នេះបានទៀតទេ នាពេលបច្ចុប្បន្ននេះ ព្រោះ លោក ថៃ ផានី បានរៀបការជាមួយនឹងបងប្អូនស្រីជីដូនមួយរបស់លោក គឺនាង ហ៊ុន ចាន់ថុល។
គិតរហូតមកទល់នឹងឆ្នាំនេះ គេនៅពុំទាន់ឃើញមានឈ្មោះរបស់លោក ហ៊ុន តូ ឈរធ្វើជាម្ចាស់អាជីវកម្មណាមួយនៅក្នុងប្រទេសអូស្ត្រាលីនៅឡើយទេ។ ក៏ប៉ុន្តែ ប្រពន្ធរបស់លោក គឺអ្នកស្រី ថៃ ជែកគី (Jackie Thai) ដែលត្រូវជាសាច់ញាតិរបស់លោក ថៃ ផានី កំពុងកាន់កាប់ភូមិគ្រឹះជាច្រើនកន្លែងនៅជុំវិញក្រុងមែលប៊ន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ចុងក្រោយបំផុតគឺក្នុងឆ្នាំ២០១៦ នាងបានទម្លាក់លុយជិត ១ លានដុល្លារអូស្ត្រាលី (ស្មើនឹង ៨០៩.០០០ ដុល្លារអាមេរិក) ទិញដីឡូត៍ពីរកន្លែងជាប់គ្នា ដែលឥឡូវនេះនាងកំពុងតែសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនៅទីនោះ។ នេះបើយោងតាមប្លង់សម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះ។
អ្នកស្រី ថៃ ជែកគី បានបង្កើតមុខជំនួញនៅអូស្ត្រាលីជាលើកដំបូងមួយរបស់នាង កាលពីឆ្នាំ២០១៥ ហើយបានបង្កើតមុខជំនួញ ២ បន្ថែមទៀត ក្នុងឆ្នាំ២០២០។ នាងបានដាក់ឈ្មោះអាជីវកម្មមួយនោះ ថា J & H Capital Investment Pty Ltd ដែលនាងបានបង្កើតវារួមគ្នាជាមួយនឹងប្តីដ៏ចម្រូងចម្រាសរបស់នាង គឺលោក ហ៊ុន តូ នេះឯង។
ជាប់ឈ្មោះលើទំព័រកាសែត
នៅខែកញ្ញា ឆ្នាំ២០១៦ ព្រឹត្តិបត្រជំនួញអចលនទ្រព្យអូស្ត្រាលី បានចុះផ្សាយព្រោងព្រាតនូវព័ត៌មានដែលថា ប្តីប្រពន្ធមួយគូ «ដែលមានប្រភពចេញមកពីសែស្រឡាយក្រុមគ្រួសារមេដឹកនាំនៅកម្ពុជា» បានជះលុយទិញភូមិគ្រឹះមួយកន្លែងទល់មុខនឹងមាត់ទឹកនៅតំបន់ជាយក្រុងស៊ីដនី ក្លណាហ្វ (Clonarf)។ ការទិញដូរភូមិគ្រឹះនេះ បានល្បីខ្ចរខ្ចាយក្លាយជាព័ត៌មាន ដោយសារតែតម្លៃទិញថ្លៃរហូតដល់ទៅ ១១ លានដុល្លារអូស្ត្រាលី (៨,១ លានដុល្លារអាមេរិក)។ ប្តីប្រពន្ធមួយគូនេះ បានបំបែកឯតទគ្គកម្មតម្លៃអចលនទ្រព្យនៅតំបន់នោះ។ ពួកគេបានក្លាយជាអ្នកទិញអចលនទ្រព្យដែលហ៊ានចំណាយថ្លៃខ្ពស់បំផុត រហូតដល់ទៅ ២៦ ភាគរយ ថ្លៃជាងតម្លៃចុងក្រោយនៃអចលនទ្រព្យដែលថ្លែបំផុតនៅតំបន់នោះ ដែលកាលណោះមានតម្លៃត្រឹម ៨,៧ លានដុល្លារអូស្ត្រាលី។
កាលពីឆ្នាំទៅ អ្នកទិញភូមិគ្រឹះនោះ គឺគ្មាននរណាក្រៅពីលោក ជា សុផាភាសា (ហៅ ផារ៉ា មង្គល) និងអ្នកស្រី តាវ ម៉ាឌីណា នោះទេ។ អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ ចលនាមាតាធម្មជាតិ បានលាតត្រដាងឲ្យដឹងថា អ្នកទាំងពីរគឺជាកូនប្រុស និងជាកូនប្រសាស្រីរបស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។ ចលនាមាតាធម្មជាតិ កត់សម្គាល់ថា ជាមួយនឹងប្រាក់បៀវត្សរ៍ផ្លូវការរបស់លោក ជា សុផាភាសា ជានាយកខុទ្ទកាល័យរបស់ឪពុកលោក ប្តីប្រពន្ធមួយគូនេះ ទំនងជាមិនអាចយកប្រាក់ខែនេះទៅទិញអចលនទ្រព្យតម្លៃដល់ទៅ ៨,១ លានដុល្លារអាមេរិកនោះបានឡើយ។ ចលនាមាតាធម្មជាតិ បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ឲ្យបើកការស៊ើបអង្កេត ថាតើលោក ជា សុផាភាសា បានលុយនោះមកពីណា។
ដើម្បីពន្យល់អំពីប្រភពលុយមិនច្បាស់លាស់របស់ពួកគេ អង្គការចលនាមាតាធម្មជាតិ អះអាងថា ប្តីប្រពន្ធមួយគូនេះ ពុំមានអាជីវកម្មណាមួយចុះបញ្ជីក្រោមឈ្មោះរបស់ពួកគេនោះឡើយ។ ការអះអាងនេះ អាចជាការអះអាងពិតនៅមុនពេលដែលពួកគេទិញភូមិគ្រឹះទំហំ ៣.៦៦៨ ម៉ែត្រការ៉េរបស់ពួកគេកាលនោះ។ ក៏ប៉ុន្តែ ក្នុងឆ្នាំបន្តបន្ទាប់មកទៀតចាប់ពីពេលនោះមក ប្តីប្រពន្ធមួយគូនេះ បានឈរឈ្មោះជាម្ចាស់ក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីមួយចំនួន។
ឯកសារផ្សាយពាណិជ្ជកម្មឲ្យអាជីវកម្មវិនិយោគរបស់ពួកគេចុងក្រោយ ពណ៌នាក្រុមហ៊ុន Express Asset Management ថា «ជាក្រុមហ៊ុនវិនិយោគលើការជួញដូរភាគហ៊ុន ក្នុងគោលដៅសម្រេចបាននូវផលចំណេញជាទីគាប់ប្រសើរបំផុត ដោយប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋាននានាដែលពាក់ព័ន្ធ»។
ចំណែកដ៏តូចមួយនៃទ្រព្យសម្បត្តិដ៏មហាសាល
បើទោះជាមានការវាយតម្លៃថាទឹកប្រាក់របស់ពួកគេមានរហូតដល់ទៅរាប់សិបលានដុល្លារយ៉ាងណាក៏ដោយ ទ្រព្យធនដែល អាស៊ីសេរី និងស្ថាប័នព័ត៌មានដទៃទៀត បានលាតត្រដាងនាពេលនេះ គ្រាន់តែតំណាងឲ្យចំណែកដ៏តូចមួយនៃភាពមានបានដ៏មហាសាល ដែលពួកអ្នកមានលុយមានអំណាចខ្មែរបាននាំគ្នាយកទៅរក្សាទុកនៅប្រទេសអូស្ត្រាលី ចាប់តាំងពីពេលដែលគណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមអនុវត្តនូវយុទ្ធនាការជាសាធារណៈរបស់ខ្លួនកាលពីឆ្នាំ២០១៥។
ក៏ដូចជាប្រទេសជាច្រើនទៀតដែរ អូស្ត្រាលី ផ្ដល់ទិដ្ឋាការដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់មកបណ្ដាក់ទុនវិនិយោគលើសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន។ ទិន្នន័យផ្តល់ឲ្យ អាស៊ីសេរី ដោយក្រសួងមហាផ្ទៃអូស្ត្រាលី បង្ហាញថា ទឹកប្រាក់សរុបចំនួន ៣៨,៥ លានដុល្លារអូស្ត្រាលី (ស្មើនឹង ២៩,៧ លានដុល្លារអាមេរិក) ត្រូវបានពលរដ្ឋកម្ពុជា យកមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសអូស្ត្រាលី។ ទិន្នន័យនេះ ប្រមូលបានមកពីផ្នែកមួយនៃពាក្យសុំទិដ្ឋាការប្រភេទវិនិយោគិន ដែលទទួលបានការឯកភាពពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងចន្លោះពីខែកក្កដា ឆ្នាំ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ២០២០។
កញ្ញា កឹម មនោវិទ្យា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់ប្រធានគណបក្សនេះ គឺលោក កឹម សុខា ប្រាប់ អាស៊ីសេរី ថា កញ្ញាពុំបានភ្ញាក់ផ្អើលទៅនឹងតួលេខនេះទេ។
កញ្ញា និយាយថា កញ្ញាមិនភ្ញាក់ផ្អើលទេ ដោយសារតែប្រទេសអូស្ត្រាលីគឺជាគោលដៅទីមួយរបស់ឧក្រិដ្ឋជនជាអ្នកកាន់អំណាចនៅកម្ពុជា។ កញ្ញាបន្តថា កញ្ញាអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដើមទុន ឬមូលធនរបស់ពលរដ្ឋកម្ពុជាដែលយកទៅវិនិយោគក្នុងសេដ្ឋកិច្ចអូស្ត្រាលី។ កញ្ញានិយាយថា ប្រភពនៃទឹកប្រាក់នេះ បានមកពីការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភបំពានសិទ្ធិមនុស្ស។
អាស៊ីសេរី បានផ្ញើសារអេឡិចត្រូនិក (Email) ដើម្បីសុំការបកស្រាយលម្អិតពីលោក ឡាវ វ៉ាន់ លោក ជា សុផាភាសា និងបានផ្ញើទៅអាសយដ្ឋានសារអេឡិចត្រូនិកមួយចំនួនទៀតនៃអាជីវកម្ម ២ កន្លែងនៅកម្ពុជារបស់លោក ហ៊ុន តូ។ ក៏ប៉ុន្តែ អាស៊ីសេរី ពុំទទួលបានការឆ្លើយតបណាមួយពីពួកគេនោះឡើយ។ លោក អូន ព័ន្ធមុនីរាជ និងអ្នកស្រី អ៊ឹម ប៉ូលីកា ក៏មិនអាចទាក់ទងបានដើម្បីសុំអត្ថាធិប្បាយបានដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអូស្ត្រាលី មិនឆ្លើយតបចំទៅនឹងសំណួររបស់ អាស៊ីសេរី ពាក់ព័ន្ធទៅនឹងកង្វល់ដែលថា ទឹកប្រាក់ជាច្រើនដែលវិនិយោគដោយពលរដ្ឋកម្ពុជានៅក្នុងប្រទេសអូស្ត្រាលី អាចជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិអំពើពុករលួយ ឬអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃអូស្ត្រាលី ពន្យល់ថា រាល់ពាក្យសុំទិដ្ឋាការទាំងអស់ ត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យផ្នែកសន្តិសុខ និងអាកប្បកិរិយា រួមទាំង «ការពិនិត្យពិច័យយ៉ាងដិតដល់ទៅលើសាវតារ និងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុនានារបស់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទវិនិយោគិន»។ លោកបន្ថែមថា ក្រសួងមហាផ្ទៃអូស្ត្រាលី ក៏ពិនិត្យផ្ទៀងផ្ទាត់មើលពីប្រភពថវិការបស់អ្នកដាក់ពាក្យសុំ ដោយប្រើប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់មជ្ឈមណ្ឌលវិភាគ និងវាយតម្លៃចរាចរណ៍សាច់ប្រាក់នៅអូស្ត្រាលី (ហៅកាត់ថា AUSTRAC)។ អ្នកនាំពាក្យរូបនោះ បានជំរុញឲ្យអាស៊ីសេរី សួរបន្តទៅនគរបាលរដ្ឋសហព័ន្ធរបស់អូស្ត្រាលី។
ប្រភពលុយដ៏គួរឲ្យសង្ស័យ
កញ្ញា កឹម មនោវិទ្យា មិនមែនជាមនុស្សតែម្នាក់ទេដែលបានចោទសួរអំពីថាតើលុយទាំងនោះមានប្រភពចេញមកពីណា។ តំណាងរាស្ត្រអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ដែលមានកំណើតកើតជានៅក្រុងមែលប៊ន និងតំណាងឲ្យមណ្ឌលជាយក្រុង ដានដឺណង់ (Dandenong) បានព្យាយាមលើកយកបញ្ហានេះមកស្វែងរកដំណោះស្រាយ។ លោកបានធ្វើយុទ្ធនាការតាងនាមឲ្យសហគមន៍ខ្មែរនៅទីនោះ ដែលពួកគេគឺជាមូលដ្ឋានគាំទ្រដ៏ធំមួយនៅក្នុងមណ្ឌលឈរឈ្មោះបោះឆ្នោតរបស់លោក។
កាលពីខែកញ្ញា អាស៊ីសេរី បានចេញផ្សាយអត្ថបទស៊ើបអង្កេតស៊ីជម្រៅមួយលាតត្រដាងថា អគ្គនាយកពន្ធដារកម្ពុជា លោក គល់ វិបុល និងលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានជាប់ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគពីរ ដែលត្រូវបាននិយតករអូស្ត្រាលីបិទលែងឲ្យប្រតិបត្តិការដោយសារតែភាពមិនប្រក្រតី និងរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងអំពើបោកប្រាស់។
ក្នុងសម័យប្រជុំសួរដេញដោលមួយនៅសភាអូស្ត្រាលីកាលពីចុងខែវិច្ឆិកា លោក ជូលៀន ហ៊ីល បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យស៊ើបអង្កេតគម្រោងវិនិយោគរបស់មន្ត្រីកម្ពុជាទាំងនោះបន្ថែមទៀត។ លោកបានថ្លែងថា ការស៊ើបអង្កេតនានាបានបង្កើតឲ្យមាននូវកង្វល់កាន់តែខ្លាំងដែលថាគម្រោងវិនិយោគទាំងនោះ «អាចត្រូវបានគេប្រើប្រាស់ខុសគោលដៅ យកមកធ្វើជាមធ្យោបាយដើម្បីលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលី»។
លោកបានចោទសួរថា តើរដ្ឋាភិបាលអូស្ត្រាលីមានផែនការបញ្ជាឲ្យទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ខ្លួនស៊ើបអង្កេត «រកប្រភពដើមនៃទឹកប្រាក់ដែលផ្ដល់ដល់គម្រោងវិនិយោគទាំងនោះ និងលទ្ធភាពដែលគម្រោងវិនិយោគទាំងនោះ អាចត្រូវបានប្រើប្រាស់ដើម្បីលាងលុយកខ្វក់ឲ្យពួកអ្នកមានអំណាចខ្មែរដែលអសោចកេរ្តិ៍ខាងប្រព្រឹត្តិអំពើពុករលួយទាំងនោះដែរឬទេ»។
ក្តីរំពឹងជុំវិញលទ្ធភាពបង្កើតច្បាប់ដាក់ទណ្ឌកម្មកំពុងលេចចេញជារូបរាងបណ្ដើរៗ
លោក ជូលៀន ហ៊ីល ក៏គឺជាសមាជិកមួយរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះមួយរបស់រដ្ឋសភាអូស្ត្រាលី ទទួលបន្ទុកកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្ម ផងដែរ។ កាលពីថ្ងៃទី០៧ ខែធ្នូ គណៈកម្មាធិការចម្រុះនេះ បានចេញផ្សាយនូវរបាយការណ៍មួយអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឲ្យធ្វើច្បាប់សំដៅដាក់ទណ្ឌកម្មតាមគោលដៅដល់អ្នករំលោភបំពានសិទ្ធិមនុស្សនានា។ ច្បាប់នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងច្បាប់ ក្លូប៊ល ម៉ានីតស្គី (Global Magnitsky Act) នៅសហរដ្ឋអាមេរិក និងច្បាប់ដាក់ទណ្ឌកម្ម ដែលសភាអឺរ៉ុបទើបនឹងបានអនុម័តរួចរាល់កាលពីពេលថ្មីៗនេះផងដែរ។
របាយការណ៍កម្រាស់ជិត ២០០ទំព័ររបស់គណៈកម្មាធិការចម្រុះនេះ ភាគច្រើនផ្អែកទៅលើសេចក្តីពន្យល់ដាក់ជូនដោយសហគមន៍ខ្មែរ ដែលបានរៀបរាប់អំពីករណីគំរាមសម្លាប់ ការបំភិតបំភ័យ និងការលាងលុយកខ្វក់ពីសំណាក់បុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា។
សេចក្តីពន្យល់រួមគ្នាមួយដាក់ជូនទៅគណៈកម្មាធិការចម្រុះនៃរដ្ឋសភាអូស្ត្រាលី ដោយសហព័ន្ធខ្មែរ-អូស្ត្រាលី និងសមាគមខ្មែរប្រចាំក្រុងមែលប៊ន អះអាងថា ក្រុមមនុស្សដែលគណបក្សប្រជាជនកម្ពុជា បញ្ជូនមកប្រទេសអូស្ត្រាលី សុទ្ធសឹងតែមាន «ប្រវត្តិយូរលង់ពាក់ព័ន្ធនឹងករណីបំភិតបំភ័យទៅលើសមាជិកសហគមន៍ខ្មែរ ក្នុងអំឡុងពេលដែលពួកគេបានធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី»។
សេចក្តីពន្យល់ដាក់ជូនដោយសហគមន៍ខ្មែរនោះ អះអាងថា ហេតុការណ៍នៃករណីទាំងនេះស្ដែងឲ្យឃើញក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីឆ្នាំ២០១៨ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ប្រទេសអូស្ត្រាលី។ នៅមុន និងក្រោយពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី មានករណីគំរាមសម្លាប់ប្រឆាំងនឹងអ្នកនយោបាយខ្មែរ-អូស្ត្រាលី ក្រុមអ្នករិះគន់ និងអ្នកស្រី ប៊ូ រចនា។ គឺអ្នកស្រី ប៊ូ រចនា នេះហើយដែលទើបតែបានទទួលនូវសិទ្ធិភៀសខ្លួនផ្នែកនយោបាយមករស់នៅក្នុងប្រទេសអូស្ត្រាលី ក្រោយពេលដែលប្តីរបស់អ្នកស្រី គឺអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់សម្លាប់ កាលពី ១៨ខែមុនពេលអ្នកស្រីមកដល់អូស្ត្រាលី នៅពេលដែលលោកកំពុងទទួលទានកាហ្វេពេលព្រឹកថ្ងៃអាទិត្យ នៅហាងសាំងមួយកន្លែងក្នុងក្រុងភ្នំពេញ។
ប្រសិនបើអនុសាសន៍នៃរបាយការណ៍នោះ ត្រូវរដ្ឋាភិបាលអូស្ត្រាលីទទួលយក ហើយឈានទៅធ្វើច្បាប់ដាក់ទណ្ឌកម្មដើម្បីទុកអនុវត្តនៅប្រទេសអូស្ត្រាលីមែននោះ នោះវានឹងក្លាយជាសម្ពាធដ៏សម្បើមមួយដល់រដ្ឋាភិបាលនៃប្រទេសនេះ ឲ្យប្រើប្រាស់ច្បាប់នេះ ប្រឆាំងនឹងក្រុមមនុស្សដែលពាក់ព័ន្ធនឹងការជួយទ្រទ្រង់ដល់របបផ្តាច់ការរបស់លោក ហ៊ុន សែន នៅក្រុងភ្នំេពញ។ ប្រសិនបើថ្ងៃនោះមកដល់មែននោះ ពេលនោះក្រុមគ្រួសាររបស់គណបក្សកាន់អំណាចនៅកម្ពុជា អាចនឹងមានអារម្មណ៍សោកស្ដាយដោយសារតែពួកគេបានប្រើប្រាស់ទឹកដីនៃប្រទេសអូស្ត្រាលីធ្វើជាកន្លែងរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេ៕
គេហទំព័ររចនាដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ក្រាហ្វិក៖ វីនស៍ មីដូវស៍ (Vince Meadows)
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
រូបថត៖ អាស៊ីសេរី
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី
© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២១