លំនៅឋានតម្លៃ ៥ លានដុល្លារ ជាឈ្នាន់សម្រាប់ហោះទៅកាន់សង្គមអភិជន «ហៃសូ» នៅទីក្រុងឡុងដ៏ របស់ក្មួយស្រីបង្កើតលោក ហ៊ុន សែន
ការប្ដូរទៅរស់នៅរាជធានីនៃប្រទេសអង់គ្លេស បានអនុញ្ញាតឱ្យអ្នកស្រី ហ៊ុន ចន្ថា ប្រែធាតុដើមរបស់អ្នកស្រីចេញពីរង្វង់សែស្រឡាយលួចជាតិ ទៅក្នុងសង្គមអភិជននៃប្រទេសលោកខាងលិច
By Jack Davies
គណនី Instagram របស់អ្នកស្រី ហ៊ុន ចន្ថា បង្ហាញពីជីវិតរបស់នាង អោយមើលទៅដូចជាតារាបង្ហាញម៉ូដ ដែលថតរូបមិនចេះឆ្អែតឆ្អន់។ ថ្ងៃខ្លះគេឃើញក្មួយស្រីរបស់នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ដើរលើស្ពាន Brooklyn ដ៏ល្បីល្បាញនៅទីក្រុងញូវយ៉ក (New York) ក្នុងឈុតសំលៀកបំពាក់ សិចស៊ីស្រើបស្រាល។ ថ្ងៃខ្លះទៀត គេឃើញនាងពាក់មួកកន្តឹប ថតរូបជាមួយប្តីរបស់នាង ដែលលោកជាអ្នកវិនិយោគលើវិស័យធនាគារ នៅឯទីក្រុងទេសចរណ៍វ៉ឺនីស (Venice) ប្រទេសអ៊ីតាលី (Italy)។ ថ្ងៃខ្លះទៀត ប្តីប្រពន្ធចូលចិត្តថតរូបនេះ ត្រូវគេឃើញស្លៀកពាក់ចូលរួមកម្មវិធីអាហារពេលល្ងាច លើរទេះភ្លើងល្បីឈ្មោះ Orient Express។
ជាកូនស្រីរបស់លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ហ៊ុន ចន្ថា ថតរូបកំពុងសេពស្រាក្រឡុក Cocktails ជាមួយតារាហូលីវូដនាង Lindsay Lohan។ អ្នកស្រីបានថតរូបពេលកំពុងជិះរថភ្លើងជាមួយនិពន្ធនាយកទស្សនាវដ្ដី បង្ហាញម៉ូដរបស់អង់គ្លេស ឈ្មោះ Vogue។ អ្នកស្រី ក៏ទទួលបានការស្វាគមន៍ចូលក្នុងសង្គមអភិជន ដែលមនុស្សសម័យទំនើបហៅថា «ហៃសូ» នៅទីក្រុងឡុងដ៏ ជាទីដែលអ្នកស្រីតាំងទីលំនៅ ក្នុងលំនៅឋានធំស្កឹមស្កៃតម្លៃ ៥ លានដុល្លារ និងចូលរួមក្នុងកម្មវិធីសប្បុរសធម៌នានា។
អ្នកស្រី ហ៊ុន ចន្ថា និងប្តី លោក Gerald Dupuis
នៅទីក្រុង វ៉ឺនីស (Venice) ប្រទេសអ៊ីតាលី (Italy)។ ប្រភព៖
Instagram
អ្នកស្រី ហ៊ុន ចន្ថា និងប្តី លោក Dupuis
ពិសាអាហារពេលល្ងាចលើរទេះភ្លើងល្បីឈ្មោះ Orient Express។
ប្រភព៖ Instagram
អ្នកស្រី ហ៊ុន ចន្ថា និង
និពន្ធនាយកទស្សនាវដ្ដីបង្ហាញម៉ូដរបស់អង់គ្លេស Vogue លោក
Edward Enniful ជិះរទេះភ្លើងក្រោមសមុទ្រ Eurostar
ពីក្រុងឡុងដ៏ទៅក្រុងប៉ារីស។ ប្រភព៖ Instagram
អ្នកស្រី ហ៊ុន ចន្ថា បានមករស់នៅទីក្រុងឡុងដ៏ ជាងមួយទសវត្សរ៍ គឺក្រោយពីបានលែងលះជាមួយលោក ឌី វិជ្ជា ដែលសព្វថ្ងៃនេះ ជាឥស្សរជនជាន់ខ្ពស់ម្នាក់ទទួលបន្ទុកផ្នែកសន្តិសុខនៅក្រសួងមហាផ្ទៃ។ អ្នកស្រីបានទៅរួមរស់ជាមួយលោក Gerald Dupuis ជាអ្នកវិនិយោគលើវិស័យធនាគារ និងជាកូនកាត់ខ្មែរ-ប៊ែលហ្សិក។ ប្តីក្រោយរបស់អ្នកស្រីនេះ ក៏ជាអ្នកស្នងមរតកពីអាណាចក្រផ្គត់ផ្គង់ម្ហូបអាហារ មានសែស្រឡាយអាជីវកម្មជាមួយគ្រួសារត្រកូល ហ៊ុន។
ពួកគេសាងជីវិតនៅលើគំនរនៃភាពហ៊ឺហា។ នៅខែកញ្ញា ឆ្នាំ២០១១ អ្នកស្រី ហ៊ុន ចន្ថា និងប្តីលោក Dupuis បានទិញលំនៅដ្ឋានតម្លៃ ៣,៩៥ លានផោន (៥,១៨ លានដុល្លារ) តាំងនៅពីរជាន់ខាងលើបំផុត ដែលសង់ក្នុងសតវត្សទី១៩ នៅទល់មុខអគារស្នងការជាន់ខ្ពស់នៃប្រទេស ហ្សំប៊ី (Zambian High Commission) និងចម្ងាយមួយនាទីពីឧទ្យាន Hyde ដ៏ល្បីល្បាញនៅទីក្រុងឡុងដ៏។ ពីរឆ្នាំកន្លះក្រោយមកទៀត ពួកគេបានទិញយកបន្ទប់ជាន់ក្រោមដី នៃអគារដដែលនេះ ដោយចំណាយប្រាក់ចំនួន ១,៣ លានផោន (១,៣ លានដុល្លារ)។ លំនៅឋានដែលអ្នកស្រី ហ៊ុន ចន្ថា ទិញយកមកធ្វើជាកម្មសិទ្ធិនេះ ដំបូងឡើយ ត្រូវភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) រាយការណ៍ កាលពីខែតុលា ឆ្នាំ២០១៩។
សម្រង់បញ្ជីប្លង់កម្មសិទ្ធិអចលនទ្រព្យលំនៅឋានដែលអ្នកស្រី
ហ៊ុន ចន្ថា និងលោក Dupuis បានទិញនៅក្រុងឡុងដ៏។ ប្រភព៖
មន្ទីរសុរិយោដី HM Land Registry
លំនៅឋាននេះ ជាទីកន្លែងដ៏ល្អឥតខ្ចោះមួយ ផ្ដល់ឱកាសអោយនាងកែប្រវត្តិរូបរបស់នាងឡើងវិញ។ គឺការប្រែក្លាយធាតុពីក្មួយស្រីបង្កើតនៃជនផ្ដាច់ការ ទៅជាអ្នកដែលអែបជាមួយនឹងក្រុមតារាល្បីៗ និងអ្នកដែលមានមុខមានមាត់ក្នុងសង្គមអភិជននៅក្រុងឡុងដ៏ និងថតរូបទន្ទឹមគ្នានឹងក្រុមអ្នកមាន និងអ្នកនយោបាយដ៏មានឥទ្ធិពលនៅរដ្ឋធានីអង់គ្លេស។
អ្នកស្រីបានបង្ហាញមុខនៅក្នុងកម្មវិធីមនុស្សធម៌ធំៗ បើទោះជាដើម្បីចូលរួមក្នុងពិធីបែបនេះបាន ត្រូវចំណាយលុយសន្ធឹកសន្ធាប់បែបណាក៏ដោយ។ នៅរដូវផ្ការីក ឆ្នាំ២០១៥ អ្នកស្រី ហ៊ុន ចន្ថា និងប្តី បានចេញមុខផ្ដល់ប្រាក់សម្រាប់កម្មវិធីទទួលទានអាហារថ្ងៃត្រង់នៅក្នុងក្លឹបផ្តាច់មុខមួយក្នុងទីក្រុងឡុងដ៏ នៅផ្លូវ Hertford ជាមួយសមាជិកសភាអង់គ្លេស ដែលនាំឲ្យពួកគេជួបជាមួយក្រុមអ្នកនយោបាយ ដែលជាស្ថាបនិកបង្កើតគណៈកម្មការ Westminster Autism Commission។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយនាង Tanja Gullestrup កូនស្រីរបស់មហាសេដ្ឋីដឹកជញ្ជូនជនជាតិដាណឺម៉ាក (Denmark) ម្នាក់ ឈ្មោះ Per Gullestrup និងជាស្ថាបនិកនៃមូលនិធិសប្បុរសធម៌ The Giving Tree ដែលជាអង្គការសប្បុរសធម៌ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺអូទីហ្ស៊ឹម (Autism)។
សន្តានចិត្តសប្បុរសរបស់អ្នកស្រី ហ៊ុន ចន្ថា បានធ្វើឲ្យនាងកាន់តែមានមុខមានមាត់ ហើយត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីសប្បុរសធម៌លំដាប់ខ្ពស់ និងក្នុងពិធីជប់លាងរាំរែក ដែលគេអាចផឹកស្រា Champagne ដោយសេរី ហើយដែលជាឱកាសដល់ក្រុមអភិជននៅក្រុងឡុងដ៏នាំគ្នាបង្អួតឈុតសំលៀកបំពាក់ដ៏ហ៊ឺហារ។
អ្នកស្រី ហ៊ុន ចន្ថា (ឆ្វេង)
ចូលរួមក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ក្នុងក្លឹបផ្តាច់មុខមួយក្នុងទីក្រុងឡុងដ៏
តំបន់ Mayfair ផ្លូវ Hertford។
អ្នកចូលរួមក្លឹបនេះត្រូវបង់ថ្លៃសមាជិកភាព ១.៨០០ ផោន (ឬជាង
២.៣៥០ ដុល្លារ) ក្នុងមួយឆ្នាំ។ ប្រភព៖ មូលនិធិ The Giving
Tree Foundation
អ្នកស្រី ហ៊ុន ចន្ថា (ស្តាំ) ចូលរួមក្នុងកម្មវិធី charity
masked ball ប្រព្រឹត្តិទៅនៅសាលា Eaton House pre
school។ ប្រភព៖ មូលនិធិ The Giving Tree Foundation
អ្នកស្រី ហ៊ុន ចន្ថា (ស្តាំ) ចូលរួមក្នុងកម្មវិធី charity
masked ball ប្រព្រឹត្តិទៅនៅសាលា Eaton House pre
school។ ប្រភព៖ មូលនិធិ The Giving Tree Foundation
កាលពី ខែមិថុនា ឆ្នាំ២០១៧ អ្នកស្រី បានជួបជាមួយនឹងតារាហូលីវូដដ៏ល្បីឈ្មោះដើរតួក្នុងរឿង «Mean Girls» គឺនាង Lindsay Lohan។ នេះគឺជាក្លឹប “សម្ងាត់បំផុតមួយ” នៅទីក្រុងឡុងដ៏ ដែលតែងតែទទួលភ្ញៀវ ភាគច្រើនជាសែស្រឡាយរាជវង្ស និងកំពូលមហាសេដ្ឋី និងបុគ្គលដទៃទៀត ដែលអាចមានលទ្ធភាពបង់ថ្លៃសមាជិកប្រចាំឆ្នាំ ក្នុងតម្លៃ ១,៨០០ ផោន (២,៣៦១ ដុល្លារ) ក្នុងមួយឆ្នាំ។ ប៉ុន្តែ ការជួបជុំជាមួយនឹងតារាល្បីៗរបស់ប្តីប្រពន្ធមួយគូរនេះ គឺជារឿងធម្មតារបស់ពួកគេ។
អ្នកស្រី ហ៊ុន ចន្ថា
និងតារាហូលីវូដដ៏ល្បីឈ្មោះដើរតួក្នុងរឿង “Mean
Girls” គឺនាង Lindsay Lohan
អង្គុយរួមតុគ្នានៅក្លឹបផ្តាច់មុខមួយនៅផ្លូវ
Hertford ដែលគេស្គាល់ថាជាក្លឹប “សម្ងាត់បំផុតមួយ”។
ប្រភព៖ Instagram
កាលពីដើមឆ្នាំ ២០១២ ប្តីប្រពន្ធមួយគូរនេះ បានដាក់ពាក្យប្ដឹងតារាហូលីវូដ លោក Rick Yune ក្នុងជម្លោះមួយទាក់ទងនឹងរឿងរ៉ាវទិញកាបូបយួរដៃប្រណិត។ លោក Rick Yune គឺជាតួសម្ដែង ក្នុងរឿងប្រណាំងរថយន្តរបស់ហូលីវូដ «Fast and Furious» ហើយជាតួចិត្តអាក្រក់នៃកូរ៉េខាងជើង តទល់នឹង James Bond ក្នុងរឿង«Die Another Day»។
គេហទំព័រនិយាយរឿងតារាៗ ឈ្មោះ TMZ រាយការណ៍ថា លោក Yune រងការចោទប្រកាន់ពីបទឆរបោក ប្តីប្រពន្ធនៅទីក្រុងឡុងដ៏នេះ ក្នុងទឹកប្រាក់ជិត២សែនដុល្លារ ($១៩៨,០០០) ដោយសារតែមិនបានប្រគល់កាបូបយួរដៃយីហោរ Hermes Birkin ចំនួន ៨។ កាលណោះ វែបសាយត៍ TMZ ពុំបានបញ្ជាក់ថា ដើមបណ្ដឹងម្នាក់ក្នុងចំណោមដើមបណ្ដឹងទាំងពីរ គឺជាក្មួយស្រីបង្កើតរបស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។
កាបូបយួរដៃយីហោរ Birkin តំណាងឲ្យនិមិត្តរូបនៃអំណាចក្នុងចំណោមក្រុមតារាបង្ហាញមូដ និងអ្នកសម្ញែងទ្រព្យសម្បត្តិល្បីៗ។ អតិថិជនជាច្រើននាក់ត្រូវចុះឈ្មោះក្នុងបញ្ជីរង់ចាំយូរឆ្នាំគ្រាន់បើ ដើម្បីគ្រាន់តែទទួលបានឱកាសទិញកាបូបយួរដៃមួយក្នុងតម្លៃមធ្យម $៦០,០០០ ដុល្លារ។
នៅខែតុលា ឆ្នាំ២០១១ អ្នកស្រី ហ៊ុន ចន្ថា ចង់ទិញកាបូបយួរដៃប្រភេទនេះ ចំនួន១០។
យោងតាមឯកសាររបស់មេធាវីរបស់អ្នកស្រី ដែលបានដាក់ពាក្យប្ដឹងទៅតុលាការប្រចាំតំបន់ Los Angeles បានអោយដឹងថា អ្នកស្រីបានព្រមព្រៀងគ្នាជាមួយលោក Yune ពីដំបូងឡើយ ចង់ទិញកាបូបយួរដៃប្រភេទនេះចំនួន ៨ ពីលោក ក្នុងតម្លៃសរុបជិត២សែនដុល្លារ ($១៩៧,៨០០)។ នៅខែបន្ទាប់ អ្នកស្រីបានព្រមព្រៀងទិញកាបូបយួរដៃប្រភេទនេះចំនួនពីរបន្ថែមទៀត ក្នុងតម្លៃជិត១សែនដុល្លារ (៩៥.០០០ ដុល្លារ)។
គ្មានភាគីណាមួយនៅក្នុងសំណុំរឿងនេះ ជំទាស់ថា កាលពីចុងខែតុលា អ្នកស្រី ហ៊ុន ចន្ថា បានផ្ទេរប្រាក់អោយលោក Yune ក្នុងចំនួនជិត ២សែនដុល្លារ (១៩៨,០០០ ដុល្លារ) សម្រាប់តម្លៃកាបូបយួរដៃទាំង ៨ ដំបូងនេះទេ។ ពួកគេក៏មិនជំទាស់នឹងការណ៍ដែលថា កាលពីខែធ្នូ ឆ្នាំ២០១១ លោក Yune បានជួបជាមួយតំណាងរបស់អ្នកស្រី ហ៊ុន ចន្ថា នៅឯទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម (United Arab Emirates) ដើម្បីប្រគល់កាបូបយួរដៃទាំង ១០ នេះនោះដែរ។
អ្វីដែលអ្នកស្រី ហ៊ុន ចន្ថា និងលោក Dupuis បានខ្វែងយោបល់គ្នានោះ គឺនៅត្រង់ថា លោក Yune បានសន្យាថា កាបូបទាំងនោះជាកាបូបសុទ្ធ ហើយថាលោកអាចបញ្ជាក់ថារបស់ទាំងអស់នោះជាទំនិញសុទ្ធ ឥតក្លែងក្លាយ។ ក៏ប៉ុន្តែ ក្រោយមក គ្មានការផ្ទៀងផ្ទាត់ណាមួយនោះទេ។
ចំណែកឯលោក Yune វិញ លោកបានប្ដឹងទាស់ដោយបានកត់សំគាល់នៅក្នុងឯកសារតាមផ្លូវច្បាប់របស់លោកថា អ្នកស្រី ហ៊ុន ចន្ថា គឺជាកូនចៅសែស្រឡាយផ្ទាល់នៃរបបខ្មែរក្រហម ដោយសារពូបង្កើតរបស់អ្នកស្រី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអតីតមេបញ្ជាការ និងកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហម ហើយលោកបានផ្ដាច់ខ្លួនពីរបបនេះកាលពីអំឡុងឆ្នាំ១៩៧៧។
ក្រុមមេធាវីរបស់លោក Yune អះអាងថា អ្នកស្រី ហ៊ុន ចន្ថា និងប្ដីរបស់គាត់ បានបោកប្រាស់លោក Yune ចំនួន ៩៥,០០០ ដុល្លារ ដោយសារពួកគេនៅជំពាក់ថ្លៃកាបូបយួរដៃចំនួនពីរចុងក្រោយ។ ក្រុមមេធាវីដដែលនេះ ក៏បានចោទប្រកាន់ដែរថា ប្តីប្រពន្ធមួយគូរនេះ បានប៉ុនប៉ងធ្វើឲ្យប៉ូលិសចាប់ខ្លួនលោក Yune ហើយបរិហារកេរ្តិ៍លើរូបគាត់ ដោយភ្ជាប់លោក Yune ទៅនឹងសកម្មភាពឧក្រិដ្ឋ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយ។ ការពិតនៅពីក្រោយការណ៍ដែលថា អ្នកណាជាអ្នកប្រព្រឹត្តិកំហុស ហើយប្រព្រឹត្តិដោយរបៀបណានោះ មិនត្រូវបានគេលាតត្រដាងឲ្យដឹងជាសាធារណៈនៅឡើយទេ។
កាលពីខែមីនា ឆ្នាំ២០១៥ អ្នកស្រី ហ៊ុន ចន្ថា និងលោក Dupuis បានសុខចិត្តទម្លាក់ចោលរឿងក្ដីក្ដាំរបស់ពួកគេ មុនពេលដែលចៅក្រមសម្រេចសេចក្ដីលើអង្គហេតុនៃរឿងនេះ។ ទាំងលោក Yune និងទាំងក្រុមមេធាវីរបស់លោកនៅក្នុងដំណើររឿងក្ដីក្ដាំនេះ មិនបានឆ្លើយតប ផ្ដល់អត្ថាធិប្បាយលើរឿងនេះទេ។
ចាប់តាំងពីពេលនោះមក អ្នកស្រី ហ៊ុន ចន្ថា បានបង្ហាញពីភាពប្រយ័ត្នប្រយែង ក្នុងការបង្ហាញរូបភាពរបស់អ្នកស្រីនៅលើបណ្ដាញសង្គម Instagram។ អ្នកស្រីបានបង្កើនចំនួនមិត្តភ័ក្ដិនៅទីក្រុងឡុងដ៏ ដោយអ្នកស្រីមិនសូវនិយាយអំពីរឿងរ៉ាវទាក់ទងនឹងមរតករបស់ក្រុមគ្រួសារអ្នកស្រីនោះទេ។
កាលពីខែតុលា ឆ្នាំ២០១៧ អ្នកស្រី បានអង្គុយក្បែរតារាកំប្លែងលោក Jimmy Carr ក្នុងពេលកំពុងទទួលទានអាហារថ្ងៃត្រង់បែបស៊ីផឹកមួយ នៅឯភោជនីយដ្ឋានមួយនៅតំបន់អភិជន Mayfair ដែលស្រាមួយដបអាចមានតម្លៃដល់ទៅ ២០,០០០ ផោន (២៦,២៣៣ ដុល្លារ)។
គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើប្តីអ្នកស្រី ហ៊ុន ចន្ថា បានអមដំណើរអ្នកស្រីចូលរួមទទួលទានអាហារថ្ងៃត្រង់ នាពេលនោះនោះទេ។ ទោះយ៉ាងណា ប្រសិនបើប្តីអ្នកស្រី ទៅជាមួយអ្នកស្រី នោះប្ដីរបស់អ្នកស្រី និងលោក Carr ទំនងជាអាចមានរឿងរ៉ាវសម្ងាត់ត្រូវនិយាយគ្នាហើយ។ គឺពួកគេទាំងពីរនាក់នេះហើយ ជាអតិថិជននៃផែនការរត់ពន្ធមិនបានសម្រេចដ៏ធំមួយ ដែលគេអោយឈ្មោះថាផែនការ Rushmore។
នៅឆ្នាំ២០១២ លោក Carr រងការរិះគន់ជាសាធារណៈក្នុងសារព័ត៌មានអង់គ្លេស ដោយសារតែបានចូលរួមពាក់ព័ន្ធក្នុងផែនការរត់ពន្ធ Rushmore នេះ។ គម្រោងការនេះ នឹងជួយពួកគេឲ្យគេចពន្ធក្នុងទឹកប្រាក់រាប់សិបលានដុល្លារ ក្នុងម្នាក់ៗ ក្រោមរូបភាពផ្ទេរប្រាក់ចំណូលរបស់ពួកគេ ចូលទៅក្នុងមូលនិធិសប្បុរសធម៌ និងក្រុមហ៊ុនឯនាយសមុទ្រ។
អាជ្ញាធរពន្ធនៃចក្រភពអង់គ្លេស បានបញ្ឈប់គម្រោងការរបស់ពួកគេនេះ នៅមុនពេលដែលពួកគេអាចផ្ទេរលុយបានដោយជោគជ័យ សូម្បីតែមួយសេននៃលុយរាប់សិបលានផោនរបស់ពួកគេតាមវិធីនេះ។ របាយការណ៍ជាបន្តបន្ទាប់ចេញដោយគណៈកម្មការសប្បុរសធម៌ អង់គ្លេស និងវែលហ្ស៍ (Charity Commission of England and Wales) បានបង្ហាញពីបរាជ័យដ៏អាម៉ាសនៃគម្រោងការនេះ។
របាយការណ៍ដដែលសរសេរឈ្មោះក្រុមហ៊ុន Romangate Limited ជាក្រុមហ៊ុនអង់គ្លេស ថាដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងការនេះ។ ទាំងលោក Carr និង លោក Dupuis គឺជានាយកក្រុមហ៊ុន Romangate។
យ៉ាងណាក៏ដោយ អ្នកស្រី ហ៊ុន ចន្ថា នៅតែរីករាយក្នុងការបង្ហាញពីរបៀបរបបរស់នៅដ៏ហ៊ឺហារបស់អ្នកស្រី ដល់ក្រុមអ្នកគាំទ្ររបស់អ្នកស្រីចំនួន ៥២,០០០ នាក់នៅលើបណ្ដាញសង្គម Instagram។ អ្នកស្រីបានបង្ហោះរូបថតរបស់អ្នកស្រីជាមួយក្រុមគ្រួសារ ថតដោយជាងថតរូបម៉ូដែលអាជីព។ ជាងថតរូបទាំងនោះ ធ្វើដំណើរតាមអ្នកស្រី ហ៊ុន ចន្ថា និងលោក Dupuis ចាំផ្ដិតយករូបភាពពួកគេប្រណីតៗនៅឯទីសម្រាកកាយជនបទនៅទីក្រុងញូវយ៉ក (New York) ឬជិះរថភ្លើង Orient Express។
នៅក្នុងទំព័រ Instagram របស់អ្នកស្រី ហ៊ុន ចន្ថា អ្នកស្រីបានថតរូបសែលហ្វី ជាមួយតារាហូលីវូដ Goldie Hawn និងតារាចម្រៀងប៉ប់ (Pop) លោក Boy George។ ក្នុងនោះ ក៏មានរូបថតផ្លូវការចាប់ពីខែធ្នូ ឆ្នាំ២០១៦ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅពេលដែលក្រុមគ្រួសារនេះ បានចូលគាល់ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី។
អ្នកស្រី ហ៊ុន ចន្ថា ចូលគាល់ព្រះមហាក្សត្រ នរោត្តម
សីហមុនី នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ប្រភព៖
Instagram
អ្នកស្រី ហ៊ុន ចន្ថា និងលោក Dupuis មិនបានឆ្លើយតបទៅនឹងការសុំអត្ថាធិប្បាយលម្អិតលើរឿងរ៉ាវទាំងអស់នេះនោះទេ។ យ៉ាងណាក៏ដោយ ការចំណាយពេលជាមួយតារាល្បីៗ និងរូបថតបង្ហាញមូដដ៏សម្បើមរបស់ពួកគេ អាចធ្លាក់ចូលទៅក្នុងគន្លងមួយ។ អ្នកនិពន្ធសៀវភៅ MoneyLand លោក Oliver Bullough សរសេរថាមនុស្សស្រករក្រោយ ដែលជាកូនចៅរបស់វណ្ណៈអ្នកដឹកនាំនៅក្នុងប្រទេសផ្ដាច់ការ តែងតែចម្លងតាមវប្បធម៌របស់តារាល្បីៗ។
លោក Bullough បាននិយាយថា “វាមិនមែនជារឿងចម្លែកទេសម្រាប់កូនចៅនៃសែស្រឡាយលួចជាតិ ក្លាយជាតារាលើបណ្ដាញសង្គម Instagram ។ ពួកគេគិតថា វាទំនងដូចជាជំនឿដែលថា "ប្រសិនបើខ្ញុំថតរូបទាំងអស់ ហើយមានអ្នកថតរូបដើរហែហមតាមខ្ញុំ ពេលនោះខ្ញុំនឹងមានភាពល្បីល្បាញ"។ ដោយមិនដឹងអំពីមូលហេតុដែលថាអ្នកថតរូបដើរតាមតារាល្បីៗបែបនេះ តាមពិតទៅពួកគេល្បីឈ្មោះរួចជាស្រេចហើយនោះ” ។
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោក នៅមហាវិទ្យាល័យ Occidental College នៅក្រុង Los Angeles បណ្ឌិត អៀ សុផល ហៅការប៉ុនប៉ងលុបលាងកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ហ៊ុន ចន្ថា នេះ ថាជារឿងឥតប្រយោជន៍។ លោកថា "អ្នកស្រីមានបាបកម្មពីកំណើត នោះគឺបាបកម្មនៃគ្រួសារត្រកូលហ៊ុន។” លោកបន្តថា “នាងមិនអាចគេចផុតពីបាបកម្មនេះបានឡើយ” ៕