ទីក្រុងឡុងដ៏ កន្លែងដែលពួកអ្នកមានអំណាចខ្មែរកំពុងដើរតាមគន្លងឧក្រិដ្ឋជនរុស្ស៊ីរបស់វិមានក្រឹមឡាំង
ដោយ៖ ហ្សាក់ ដេវី
«របាយការណ៍អំពីរុស្ស៊ី» របស់ចក្រភពអង់គ្លេស បង្ហាញថា ទីក្រុងឡុងដ៍គឺជាឋានសួគ៌របស់សែស្រឡាយអ្នកលួចជាតិ ដែលនេះអាចជាមូលហេតុធ្វើឲ្យទីក្រុងមួយនេះ ក្លាយជាកន្លែងទាក់ទាញពួកអ្នកមានអំណាចក្នុងនយោបាយខ្មែរ យកលុយលួចជាតិដ៏មហាសាលរបស់ពួកគេទៅលាក់ទុកយ៉ាងមានសុវត្ថិភាព។
គណៈកម្មាធិការកិច្ចការសម្ងាត់នៃរដ្ឋសភាអង់គ្លេស កាលពីពេលថ្មីៗនេះ បានលើកឡើងអំពីវិធីសាស្ត្រដែលប្រទេសរុស្ស៊ី (Russia) របស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) ពង្រីកឥទ្ធិពលប្រកបដោយគ្រោះថ្នាក់របស់ពួកគេនៅក្នុងចក្រភពអង់គ្លេស។ ការពង្រីកឥទ្ធិពលនេះ មិនមែនធ្វើឡើងត្រឹមតែតាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង អំពើចារកម្មដ៏ប្រល័យតែប៉ុណ្ណេះនោះទេ។ របាយការណ៍របស់គណៈកម្មាធិការរដ្ឋសភាអង់គ្លេសដដែល ក៏បានពិនិត្យមើលពីវិធីសាស្ត្រដែលភ្នាក់ងារ និងសម្ព័ន្ធមិត្តគ្រាក់ៗរបស់លោក ពូទីន ហើយសំខាន់ជាងគេនោះគឺ ពិនិត្យមើលពីទឹកប្រាក់របស់ពួកគេ ដែលបានបញ្ជ្រាបចូលទៅក្នុងជីវិតពាណិជ្ជកម្ម សង្គម និងនយោបាយនៅទីក្រុងឡុងដ៏ និងអំពីរបៀបដែលភាពងាយរងគ្រោះនៅក្នុងហេដ្ឋារចនាសម្ព័ន្ធច្បាប់ និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស កំពុងតែធ្វើឱ្យទីក្រុងមួយនេះ ក្លាយជាឋានសួគ៌សម្រាប់សែស្រឡាយអ្នកលួចជាតិ និងបរិវាររបស់ពួកគេនៅទូទាំងពិភពលោក។
បើគេនិយាយអំពីរឿងរ៉ាវលុយកាក់ និងឥទ្ធិពលវិញ អ្វីដែលគេហៅថា «ពួកអ្នកមានអំណាចខ្មែរ» ក៏ហាក់ដូចជាកំពុងតែដើរតាមគន្លងមិនខុសគ្នាប៉ុន្មានពីពួកឧក្រិដ្ឋជនជនជាតិរុស្ស៊ីទាំងនេះនោះទេ។ ក្នុងអំឡុងពេលនៃការបន្តស៊ើបអង្កេតរបស់អាស៊ីសេរីទៅលើអចលនទ្រព្យនៅក្រៅប្រទេស ដែលចេះតែបន្តកើនឡើងដូចភ្នំដោយក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអាម៉ីអាថោងរបស់លោកនោះ ទីក្រុងឡុងដ៏បានលេចធ្លោរឡើងម្តងហើយម្តងទៀត ក្លាយជាកន្លែងដែលពួកគេនិយមយកលុយលួចជាតិទៅលាក់ទុក។ សាច់ញាតិរបស់មេដឹកនាំកម្ពុជារូបនេះ និងបុគ្គលទាំងឡាយដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយរដ្ឋអំណាចផ្ដាច់ការរបស់លោក កំពុងទាញយកអត្ថប្រយោជន៍ពីបទប្បញ្ញត្តិបែបធូររលុងរបស់ចក្រភពអង់គ្លេស ដើម្បីលាក់ទុកទ្រព្យសម្បត្តិមហាសាលរបស់ពួកគេ ក្រោមរូបភាពជាការវិនិយោគលើអចលនទ្រព្យនៅទីក្រុងឡុងដ៏ ដែលមិនសូវជាមានការសួរនាំដេញដោលខ្លាំងពីអាជ្ញាធររបស់ប្រទេសមួយនេះ។
គោលនយោបាយបើកទ្វារចំហ ក្នុងតម្លៃប្រកបដោយគ្រោះថ្នាក់មួយ
នៅឆ្នាំ១៩៩៤ ចក្រភពអង់គ្លេស បានដាក់ចេញនូវកម្មវិធី «ទិដ្ឋការសម្រាប់វិនិយោគិន» ដែលអនុញ្ញាតឱ្យជនបរទេសណាក៏ដោយដែលមានបំណងចង់វិនិយោគលុយ ២លានផោន (២,៥ លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចរបស់អង់គ្លេស អាចស្នាក់នៅក្នុងប្រទេសនេះបានរយៈពេល ៣ឆ្នាំ ៤ខែ។ របាយការណ៍អំពីរុស្ស៊ី អះអាងថា ការចេញលិខិតអនុញ្ញាតដ៏មានតម្លៃ ឲ្យរស់នៅក្នុងប្រទេសអង់គ្លេសបែបនេះ ដែលត្រូវគេស្គាល់ថាជា «ទិដ្ឋាការប្រភេទទី១ (សម្រាប់វិនិយោគិន)» គឺជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញជនជាតិរុស្ស៊ី ដែលមានទ្រព្យស្តុកស្តម្ភឲ្យមករស់នៅក្នុងប្រទេសអង់គ្លេស។ ២០ឆ្នាំក្រោយមក ចក្រភពអង់គ្លេស បានផ្តល់ទិដ្ឋាការដល់វិនិយោគិនជាជនជាតិរុស្ស៊ីសរុបចំនួន ១២០រូប គ្រាន់តែក្នុងឆ្នាំ២០១៤ តែមួយឆ្នាំ។
នៅឆ្នាំបន្ទាប់ ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលអង់គ្លេសបានផ្តល់ទិដ្ឋាការប្រភេទនេះដល់នាង នេត ធីតាច័ន្ទធីម៉ា ដែលកាលនោះស្ត្រីរូបនេះមានវ័យ ២០ឆ្នាំនៅឡើយ ដែលនាងគឺជាកូនស្រីបង្កើតរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងប្រពន្ធឈ្មោះ ហ៊ុន គឹមឡេង ដែលត្រូវជាក្មួយស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) លោក នេត សាវឿន ប្រពន្ធ និងកូនៗទាំងបីនាក់របស់លោក ដោយសារតែរងការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងការកាងអំណាចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវក្រសួងការបរទេសអាមេរិក មិនផ្តល់ទិដ្ឋាការឲ្យចាប់តាំងពីឆ្នាំ២០១៧មក ព្រោះតែលោកបានចូលរួមចំណែក «ធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ» ដែលបម្រាមនេះបានរារាំងពួកគេមិនឱ្យជាន់ទឹកដីអាមេរិកបាន។
រដ្ឋាភិបាលអង់គ្លេសហាក់ដូចជាមិនសូវខ្វាយខ្វល់នឹងបញ្ហានេះប៉ុន្មាននោះទេ។ នាង នេត ធីតាច័ន្ទធីម៉ា បន្តរស់នៅទីក្រុងឡុងដ៍ កន្លែងដែលបច្ចប្បុន្ននាងកំពុងរៀនបន្តយកសញ្ញាបត្រថ្នាក់បណ្ឌិត ហើយដែលក្រុមគ្រួសាររបស់នាងជារឿយៗបានទៅលេងនាងនៅទីនោះ។
ទោះយ៉ាងណា របាយការណ៍អំពីរុស្ស៊ី បានរកឃើញថា កម្មវិធីទិដ្ឋាការសម្រាប់វិនិយោគិន ត្រូវការ «ការកែសម្រួលឡើងវិញ»។ ការណ៍នេះបង្ហាញឲ្យឃើញថា មានមនុស្សមានប្រវត្តិមិនល្អជាច្រើនកំពុងព្យាយាមចូលទៅកាន់ចក្រភពអង់គ្លេស តាមច្រកទ្វារខាងក្រោយមួយនេះ។
របាយការណ៍ លើកឡើងថា «ចាំបាច់ត្រូវមានវិធីសាស្ត្ររឹងមាំបន្ថែមទៀត ក្នុងដំណើរការអនុម័តផ្តល់ទិដ្ឋាការប្រភេទនេះ» ។
«របៀបវារៈដើម្បីភាពរុងរឿង»
ទិដ្ឋាការសម្រាប់វិនិយោគិន គឺជាផ្នែកមួយនៃភាពងាយរងគ្រោះជាច្រើន ដែលត្រូវអ្នកនិពន្ធនៃរបាយការណ៍អំពីរុស្ស៊ី ពណ៌នាថា ជា «របៀបវារៈដើម្បីភាពរុងរឿង» របស់រដ្ឋាភិបាលអង់គ្លេស។
នៅពីក្រោយរបៀបវារៈនេះ គឺផលប្រយោជន៍ដល់ការពង្រីកសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដែលតម្រូវឲ្យប្រទេសមួយនេះស្វាគមន៍មូលធនពីបរទេស ចូលមកក្នុងទីផ្សារអចលនទ្រព្យ និងការវិនិយោគនៅទីក្រុងឡុងដ៏របស់ខ្លួន ដោយឆ្លងកាត់ការពិនិត្យពិច័យ ឬបទប្បញ្ញត្តិបន្តិចបន្តួច។
របាយការណ៍ដដែលអះអាងថា «មានសំណួរមួយចំនួន» ដែលគេអាចសួរនាំពាក់ព័ន្ធនឹងប្រភពដើមនៃទ្រព្យសម្បត្តិដ៏មហាសាលទាំងនេះ» ។
របាយការណ៍បន្តថា វិធីសាស្ត្របែបនេះ «ផ្តល់នូវយន្តការល្អឥតខ្ចោះ អនុញ្ញាតឲ្យហិរញ្ញវត្ថុខុសច្បាប់ អាចត្រូវបានគេលាង ឬបង្វិលតាមរយៈអ្វីមួយដែលគេហៅថា ជា «ម៉ាស៊ីនលាងលុយ» នៅទីក្រុងឡុងដ៏។
សមាសធាតុសំខាន់មួយនៃម៉ាស៊ីនលាងលុយនោះ គឺទីផ្សារអចលនទ្រព្យដ៏ប្រណីតរបស់ទីក្រុងមួយនេះ ជាទីដែលពួកអ្នកមានវណ្ណៈខ្ពស់នៅកម្ពុជា បានយកលុយដ៏មហាសាល របស់ពួកគេទៅចាក់បញ្ចូលស្ទើតែមិនគួរឲ្យជឿ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ បងស្រីរបស់នាង នេត ធីតាច័ន្ធធីម៉ា ដែលជាមន្រ្តីបម្រើការងារនៅក្រសួងការបរទេសកម្ពុជា គឺនាង នេត ធីតាវិឈុណា បានទិញផ្ទះប្រណីតពីរល្វែងជាប់គ្នានៅតំបន់ ឃែនស៊ីងតុន (Kensington)ក្នុងតម្លៃ ៥,៥ លានផោន (៦,៩ លានដុល្លារ)។ ប្លង់សម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យនេះ ដែលអាស៊ីសេរីទទួលបាន បង្ហាញឲ្យឃើញថា ស្ត្រីវ័យ ២៤ ឆ្នាំរូបនេះ បានទិញអចលនទ្រព្យនោះ ដោយគ្មានកម្ចីពីធនាគារសូម្បីតែមួយសេន ពោលគឺនាងបានប្រើលុយសុទ្ធសរុបជិត ៧ លានដុល្លារ នៅពេលទិញផ្ទះប្រណីតទាំងនោះ។
នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយ អាស៊ីសេរី បណ្ឌិត លី ម័រហ្គេនបេសឺរ (Lee Morgenbesser) នៃសកលវិទ្យាល័យ ហ្គ្រីហ្វីត (Griffith University) នៃប្រទេសអូស្ត្រាលី មានប្រសាសន៍ថា នៅពេលណាដែលលុយវាល់លានដុល្លារចាកចេញពីកម្ពុជា លុយទាំងនោះ ទំនងជាបានមកពីប្រភពកខ្វក់។
អ្នកនិពន្ធសៀវភៅអំពីរបបផ្តាច់ការនៅអាស៊ីអាគ្នេយ៍ បណ្ឌិត លី ម័រហ្គេនបេសឺរ បន្តថា «ប្រសិនបើចំនួនទឹកប្រាក់នោះ ចេញមកពីប្រភពណាមួយមកពីតំបន់អាស៊ីអាគ្នេយ៍ លើកលែងតែប្រទេសសិង្ហបុរី នោះលុយទាំងនោះទំនងជាលុយកខ្វក់បានមកពីអំពើពុករលួយ បក្ខពួកនិយម ឬអំពើកិបកេងលុយរដ្ឋ» ។
គិតត្រឹមពេលចេញផ្សាយអត្ថបទនេះ ទាំងនាង នេត ធីតាវិឈុណា និងទាំងនាង នេត ធីតាច័ន្ទធីម៉ា មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយលម្អិតជុំវិញរឿងនេះទេ។
លុយដើម្បីប្រែធាតុចូលទៅកាន់សង្គមហៃសូនៅចក្រភពអង់គ្លេស
ឆ្លៀតឱកាសពីការមិនធ្វើដំណើរខ្វាត់ខ្វែងជុំវិញពិភពលោកតាមជើងយន្ដហោះឯកជននោះ មីងរបស់ស្ត្រីទាំងពីរនាក់នេះ គឺអ្នកស្រី ហ៊ុន ចន្ថា រស់នៅចម្ងាយតែ ៥០ម៉ែត្រ ពីកន្លែងរបស់នាង នេត ធីតាវិឈុណា កំពុងរស់នៅ គឺនៅក្នុងផ្ទះល្វែងប្រណីតមួយដែលមានតម្លៃលើសពី ៥ លានដុល្លារ។ ដូចដែលបានរៀបរាប់លម្អិតនៅក្នុងសេចក្តីរាយការណ៍ស៊ើបអង្កេតរបស់អាស៊ីសេរី ផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នៅពេលដែលរស់នៅក្នុងរាជធានីរបស់ប្រទេសអង់គ្លេស អ្នកស្រី ហ៊ុន ចន្ថា មមាញឹកណាស់ចូលរួមក្នុងកម្មវិធីសប្បុរសធម៌សង្គម។ ជារឿយៗ គេឃើញអ្នកស្រីតែងថតរូបសម្ញែងបង្អួតមុខមាត់របស់អ្នកស្រីនៅក្នុងកម្មវិធីសប្បុរសធម៌សង្គមហៃសូ កន្លែងដែលមនុស្សសង្គមហៃសូផឹកស្រាសំប៉ាញ ហើយនាំគ្នានិយាយពីរឿងបរិច្ចាគលុយសប្បុរសធម៌។
ទោះយ៉ាងណា នៅទីក្រុងឡុងដ៍ ពេលខ្លះសូម្បីតែកម្មវិធីបរិច្ចាគលុយសប្បុរសធម៌ក៏ដោយ ក៏នៅតែអាចមានចំណុចអាក្រក់របស់វាដែរ នេះបើយោងតាមរបាយការណ៍អំពីរុស្ស៊ី។ អ្នកនិពន្ធបានរកឃើញថា លុយដែលមានប្រភពដើមគួរឱ្យសង្ស័យជាច្រើន បានមកដល់រាជធានីរបស់ចក្រភពអង់គ្លេស ជារឿយៗ ត្រូវគេបង្ហូរចូលទៅក្នុងកម្មវិធីសប្បុរសធម៌សង្គម ដែលគេហៅថាជាកម្មវិធីដើម្បី «លុបលាងកេរ្តិ៍ឈ្មោះ»។ ដោយជះលុយទាំងដុលៗរបស់ពួកគេទៅលើអង្គការសប្បុរសធម៌ វប្បធម៌ និង នយោបាយ បុគ្គលគួរឱ្យសង្ស័យដែលមានទំនាក់ទំនងស្អិតល្មួតជាមួយលោក វ្លាឌីមៀ ពូទីន អាចទទួលបាននូវការឈរជើងដ៏រឹងមាំនៅក្នុងមជ្ឈដ្ឋានសង្គម នយោបាយ និងជំនួញរបស់អង់គ្លេស។
សេចក្តីរាយការណ៍ស៊ើបអង្កេតរបស់អាស៊ីសេរី បានរកឃើញថា កាលពីឆ្នាំ២០១៥ អ្នកស្រី ហ៊ុន ចន្ថា ដែលត្រូវជាក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន បានចេញលុយបង់ថ្លៃកម្មវិធីអាហារថ្ងៃត្រង់ដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌ ឲ្យតំណាងរាស្ត្រអង់គ្លេសមួយចំនួន។
សមត្ថភាពរបស់ឥស្សរជនបរទេសដែលជះលុយរបស់ពួកគេ ដើម្បីបានមុខមាត់ និងមានវត្តមានផ្ទាល់ជាមួយអ្នកនយោបាយអង់គ្លេស តាមរយៈការបរិច្ចាគប្រាក់នេះ ផ្តល់ឱ្យពួកគេមកវិញនូវទំនាក់ទំនងផ្ទាល់ជាមួយក្រុមអ្នកធ្វើគោលនយោបាយរបស់ប្រទេសនេះ នេះបើយោងតាមអ្នកនិពន្ធសៀវភៅ «ដែនដីប្រាក់៖ រឿងរ៉ាវផ្ទៃក្នុងរបស់បក្ខពួកសែស្រឡាយអ្នកលួចជាតិ ដែលកំពុងក្តោបក្តាប់ពិភពលោក» របស់លោក អូលីវើ ប៊ូឡ័រ (Oliver Bullough)។
លោក ប៊ូឡ័រ ប្រាប់អាស៊ីសេរីថា «ប្រសិនបើអ្នកអាចសន្ទនាគ្នាបានតែ ១០នាទី ជាមួយនរណាម្នាក់ ហើយពួកគេពន្យល់ប្រាប់ពីអ្វីដែលពួកគេកំពុងធ្វើនោះ នោះអ្នកទំនងជាមើលឃើញពីទស្សនៈរបស់មន្ត្រីអង់គ្លេសទាំងនោះ»។
លោកបន្តថា «នោះហើយជាមូលហេតុដែលសមនឹងចំណាយលុយដ៏សន្ធឹកសន្ធាប់ ដើម្បីទទួលបានកន្លែងអង្គុយមួយរួមតុជាមួយរដ្ឋមន្រ្តី ឬអ្នកមុខអ្នកការអង់គ្លេស ព្រោះនេះមិនមែនជាការសូកប៉ាន់ពួកគេនោះទេ តែវាគ្រាន់តែជាការសួរនាំ ដើម្បីចង់ដឹងអំពីទស្សនៈរបស់ពួកគេ ហើយវាជារឿងរ៉ាវទទួលបានជោគជ័យដ៏អស្ចារ្យ។»
កន្លែងដែលពុករលួយខ្លាំងជាងគេបំផុតនៅលើភពផែនដី
បើនិយាយតាមបែបប្រពៃណីវិញ កម្ពុជា និងរុស្ស៊ីគឺជាកន្លែងពុករលួយខ្លាំងឆ្ងាយដាច់ពីចក្រភពអង់គ្លេស។ ការពិតនៃរឿងរ៉ាវនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងចំណាត់ថ្នាក់ពិភពលោក ដូចជាសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលតាមសន្ទស្សន៍នោះ ចក្រភពអង់គ្លេស ទទួលបានចំណាត់ថ្នាក់លេខ ១២ ជាប្រទេសមានភាពប្រសើរខាងប្រឆាំងអំពើពុករលួយ ខណៈទីក្រុងមូស្គូ ឈរនៅលេខរៀងទី១៣៧ រីឯកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៦២ ស្ទើរតែជិតបាតតារាងជាប្រទេសប្រព្រឹត្តិអំពើពុករលួយខ្លាំង ក្នុងចំណោម ១៩៨ប្រទេស។
ប៉ុន្តែ នៅឆ្នាំ២០១៦ អ្នកកាសែតដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសអ៊ីតាលី ដែលចូលចិត្ត សរសេរអត្ថបទពីរឿងរ៉ាវរបស់សង្គមម៉ាហ្វីយ៉ា គឺលោក រ៉ូប៊ឺតូ សាវីយ៉ាណូ (Roberto Saviano) និយាយថា អង់គ្លេសជា «កន្លែងពុករលួយបំផុតនៅលើភពផែនដី» ដោយសារតែភាពងាយស្រួល ដែលផលលាភបានមកពីឧក្រិដ្ឋកម្មនានា អាចត្រូវបានគេលាងសម្អាតយ៉ាងមានសុវត្ថិភាពនៅក្នុងទីក្រុងមួយនេះ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត ឌឺ ហ្គាដឌៀន (The Guardian) របស់អង់គ្លេស ថា «ទីក្រុងឡុងដ៍ គឺជាមជ្ឈមណ្ឌលសំខាន់ជាងគេមួយ សម្រាប់បម្រើឲ្យអំពើលាងលុយកខ្វក់របស់ឧក្រិដ្ឋជន ពោលគឺសំខាន់ជាងនៅកោះ កៃម៉ាន់ (Cayman Islands) ទៅទៀត» ដែលលោកចង់សំដៅដល់ឋានសួគ៌ហិរញ្ញវត្ថុមួយស្ថិតនៅតំបន់សមុទ្រការីប៊ីន (Caribbean) ។
នៅពេលដែលភាពហ៊ឺហារឆើតឆាយស៊ីវិល័យតាមដងវិថីនានានៃមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងឡុងដ៍ ហាក់ដូចជាពិភពមួយដែលនៅឃ្លាតឆ្ងាយពីតំបន់អាណាធិបតេយ្យលាយឡំដោយក្រុមជនអន្ធពាលជើងកាងយ៉ាងណាក៏ដោយនោះ ក៏អំពើហិង្សាបែបឧក្រិដ្ឋ និងអំពើពុករលួយនយោបាយ ដែលហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងមួយនេះ បានជួយរកប្រាក់ចំណេញខ្លាំងឲ្យនោះ កំពុងតែជះក្លិនមិនល្អដែរ។
សេចក្តីរាយការណ៍បែបស៊ើបអង្កេតមួយកាលពីឆ្នាំ២០១៧ របស់បណ្តាញព័ត៌មានអនឡាញឈ្មោះ BuzzFeed ស្តីពី «ពីប្រទេសរុស្ស៊ីបានមកដោយឈាម» បានលើកឡើងនូវការព្រួយបារម្ភដែលថា ការស្លាប់របស់ជនបរទេសជាជនជាតិរុស្ស៊ីចំនួន ១៤នាក់ និងសហការីជនជាតិអង់គ្លេសរបស់ពួកគេ គឺជាលទ្ធផលនៃយុទ្ធនាការអំពើឃាតកម្មដោយមានបញ្ជាផ្ទាល់ពីទីក្រុងម៉ូស្គូ។ របាយការណ៍អំពីរុស្ស៊ី កត់សម្គាល់ថា ប្រធានគណៈកម្មាធិការកិច្ចការមហាផ្ទៃរបស់រដ្ឋសភាអង់គ្លេស បានពណ៌នាសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអនឡាញ BuzzFeed ថា ធ្វើឡើងដោយផ្អែកលើ «ភស្តុតាងពាក់ព័ន្ធជាច្រើនគួរឲ្យទុកចិត្ត»។
ពលរដ្ឋខ្មែរដែលមានលុយកាក់ច្រើនក្រាស់ក្រែល ហើយរងការចោទប្រកាន់ថាមានអតីតកាលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើហិង្សា ឬឧក្រិដ្ឋកម្មនានានោះ បានលេចមុខលេចមាត់ឡើង ជាបន្តបន្ទាប់នៅលើទឹកដីនៃទីក្រុងឡុងដ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយពួកគេភាគច្រើន បានទៅលេងផ្ទះល្វែងប្រណីតនេះយ៉ាងហោចណាស់ក៏មួយកន្លែងដែរនៅតំបន់ ឃែនស៊ីងថុន នេះ ។
លោក នេត សាវឿន បានមកលេងផ្ទះល្វែងប្រណីតរបស់ប្រពន្ធលោកដែលមានតម្លៃ ១,៩៥ លានផោន (២,៤ លានដុល្លារ) ដែលប្តីប្រពន្ធមួយគូរនេះ បានទិញនៅមួយថ្ងៃបន្ទាប់ពីលោកឈានចូលវ័យ ៥០ ឆ្នាំ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) បានហៅអគ្គស្នងការនគរបាលជាតិរូបនេះថា ជានាយឧត្តមសេនីយ «បាតដៃកខ្វក់» ក្នុងចំណោម នាយឧត្តមសេនីយ៍ «បាតដៃកខ្វក់១២រូប» របស់ប្រទេសកម្ពុជា ដោយសារតែប្រវត្តិតួនាទីរបស់ លោក ដែលរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពីទារុណកម្ម និងអំពើប្រហារជីវិតមនុស្ស។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្អូនថ្លៃលោក នេត សាវឿន ត្រូវប្រទេសអូស្ត្រាលី បដិសេធមិនផ្តល់ទិដ្ឋាការឲ្យ។ លោកត្រូវគេរាយការណ៍មកថា ការបដិសេធនេះ គឺដោយសារតែលោកជាប់ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន។ ទោះបីជាមានការបដិសេធម្តងហើយម្តងទៀតទៅនឹងការចោទប្រកាន់បែបនេះក៏ដោយ ក៏លោក ហ៊ុន តូ មិនអាចធ្វើឱ្យប្រទេសមួយនេះផ្លាស់ប្តូរជំហរនេះឡើយហើយថ្មីៗនេះ កាលពីខែមេសា ក៏មានការអំពាវនាវជាច្រើននៅរដ្ឋធានីកង់បេរ៉ា (Canberra) ជំរុញឱ្យរដ្ឋាភិបាលអូស្រ្តាលីដាក់ទណ្ឌកម្មមកលើរូបលោក។
ជាថ្មីម្តងទៀត ការព្រួយបារម្ភបែបនេះទំនងជាមិនបានរារាំងដល់លទ្ធភាពរបស់លោក ហ៊ុន តូ ឲ្យលោកអាចដើរលេងបានតាមដងវិថីនានានៅទីក្រុងឡុងដ៏ ជាកន្លែងដែលគេឃើញរូបលោក នៅក្នុងរូបថតកាលពីឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសកាលពីពេលនោះ បានបញ្ចេញព័ត៌មានប្រាប់រដ្ឋសភាអង់គ្លេសថា កាលពីឆ្នាំមុន មានមន្ត្រីការទូតជនជាតិខ្មែរមួយរូប ត្រូវបានស្នើឱ្យចាកចេញពីចក្រភពអង់គ្លេស បន្ទាប់ពីប៉ូលីសមូលដ្ឋាន បានចោទប្រកាន់មន្ត្រីការទូតរូបនោះ ពីបទ«កាន់កាប់អាវុធដោយមានចេតនាបង្កឲ្យមានរបួសស្នាម»។
អាស៊ីសេរី បានព្យាយាមទាក់ទងសុំអត្ថាធិប្បាយជុំវិញឧប្បទ្ទវហេតុនេះពីក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស ប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថា ពួកគេមិនធ្វើអត្ថាធិប្បាយលើករណីបុគ្គលនោះទេ។
ប្រទេសពីរ ប្រព័ន្ធតែមួយ
នៅក្នុងសេចក្តីផ្តើម របាយការណ៍អំពីរុស្ស៊ី ពិពណ៌នាប្រទេសរុស្ស៊ីថា ជាប្រទេស «ខ្លាំងបំផុត ហើយក៏ទន់ខ្សោយបំផុតដែរ» ដោយផ្សារភ្ជាប់ភាពខ្លាំងរបស់ប្រទេសនេះទៅនឹងជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ និងឋានៈជាប្រទេសដែលទទួលបានមរតកពីសមិទ្ធិផលរបស់អតីតសហភាពសូវៀត។ ប្រទេសកម្ពុជា មិនមានការអះអាងស្រដៀងគ្នានេះទេ ចំពោះជ័យជម្នះរបស់ប្រទេសមួយនេះ នាពេលថ្មីៗនេះ លើកលែងតែការបរាជ័យរបស់ពួកខ្មែរក្រហម ដែលភាគច្រើននៃអតីតកម្មាភិបាល និងមេបញ្ជាការនៃរបបនោះ ឥឡូវនេះបានបញ្ជ្រាបខ្លួនចូលទៅបម្រើការងារក្នុងជួររដ្ឋាភិបាលជាមួយលោក ហ៊ុន សែន។ ប៉ុន្តែ ក្រុងភ្នំពេញ និងក្រុងម៉ូស្គូ មានលក្ខណៈដូចគ្នាក្នុងទម្រង់ជាច្រើន។
ក្នុងពេលផ្តល់ភស្តុតាងដល់គណៈកម្មាធិការកិច្ចការសម្ងាត់ និងសន្តិសុខរបស់រដ្ឋសភាអង់គ្លេស ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស បានពិពណ៌នាអំពី «ទំនាក់ទំនងកខ្វក់រវាងជំនួញ អំពើពុករលួយ និង អំណាចរដ្ឋនៅក្នុងប្រទេសរុស្ស៊ី»។ សេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ក៏គេអាចនិយាយសំដៅដល់ប្រទេសកម្ពុជាដែរ ដែលភាពជោគជ័យផ្នែកជំនួញ ជារឿយៗ តម្រូវឲ្យមានការបង់លុយ និងសេវាមិនចាំបាច់នានាបន្តកន្ទុយគ្នាដូចភ្នំ ដល់បណ្តាញសែស្រឡាយអ្នកលួចជាតិ ដែលមានលោក ហ៊ុន សែន ចាំទទួលផលប្រយោជន៍នៅពីលើកំពូល។
សម្ព័ន្ធមិត្តសំខាន់ៗគ្រាក់ៗភាគច្រើនរបស់លោក ពូទីន នៅទីក្រុងឡុងដ៏ មានប្រភពចេញមក ពីអតីតជាមិត្តរួមការងារ ឬសហការីរបស់លោក នៅក្នុងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី។ ស្រដៀងគ្នានេះដែរ ក្រុមឥស្សរជនខ្មែរមួយចំនួនដែលមានអចលនទ្រព្យនៅទីក្រុងឡុងដ៏ ក៏មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរដ្ឋអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ដែរ។
មិនមែនមានតែអ្នកស្រី ហ៊ុន គឹមឡេង និង នាង នេត ធីតាវិឈុណា ដែលត្រូវជាប្រពន្ធ និងកូនស្រីរបស់មន្រ្តីប៉ូលីសផុតលេខនៅកម្ពុជាត្រឹមនេះទេ ដែលមានទ្រព្យសម្បត្តិរួមគ្នានៅទីក្រុងឡុងដ៍ ក្នុងតម្លៃសរុបជាង ១០ លានដុល្លារនោះ។ អ្នកស្រី ហ៊ុន ចន្ថា ជាម្ចាស់អចលនទ្រព្យតម្លៃជិត ៧ លានដុល្លារ បើទោះជាឥឡូវនេះអ្នកស្រីបានរៀបការម្តងទៀតក៏ដោយ ក៏អ្នកស្រីធ្លាប់បានរៀបការជាមួយប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃរបស់កម្ពុជា គឺ លោក ឌី វិជ្ជា ដែរ។ គ្មានអ្នកណាក្រៅតែពីលោក នេត សាវឿន ក្នុងមុខតំណែងជាអគ្គស្នងការនគរបាលជាតិ ដែលជាបងថ្លៃនាង ហ៊ុន ចន្ថា នោះទេ ជាអ្នកចុះហត្ថលេខាឯកភាពសុំឲ្យមានការតម្លើងបុណ្យស័ក្តិដល់លោក ឌី វិជ្ជា។
របាយការណ៍អំពីរុស្ស៊ី ស្តែងឲ្យឃើញពីភាពស្រដៀងគ្នានៃការប៉ុនប៉ងប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលប្រកបដោយគ្រោះថ្នាក់របស់ពួកអ្នកមានអំណាច ឬឥស្សរជនក្រុងមូស្គូ នៅចក្រភពអង់គ្លេស ដូចពាក្យដែលថា «គោបាត់ទើបធ្វើរបង» យ៉ាងដូច្នោះដែរ។ តើបេសកកម្មរបស់ពួកអ្នកមានអំណាចខ្មែរ ចេញពីក្រុងភ្នំពេញទៅកាន់ទីផ្សារអចលនទ្រព្យ នៅតំបន់ ឃែនស៊ីងថុន នៃក្រុងឡុងដ៏ ចក្រភពអង់គ្លេស នឹងបង្កើតឲ្យមាននូវលំនាំដូចគ្នា នូវកន្លែងឈរជើងដ៏រឹងមាំ ដូចដែលក្រុមឧក្រិដ្ឋជនរុស្ស៊ីនៅតំបន់ មេយ៍ហ្វ៊ែរ (Mayfair) មកពីក្រុងម៉ូស្គូ កំពុងតែប្រព្រឹត្តិយ៉ាងដូច្នេះ ដែរឬទេ?
គេហទំព័ររចនាដោយ៖ Minh-Ha Le
-------------
ក្រាហ្វិក៖ Vince Meadows, Rebel Pepper
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ H. Leo Kim, Mat Pennington
-------------
Photographs: RFA
-------------
រូបថត៖ RFA
© ផលិតដោយវិទ្យុអាស៊ីសេរី