បរិវារលោក ហ៊ុន សែន ម្នាក់ ទិញ «ធនាគារឯកជន» មួយដែលមានប្រវត្តិទុច្ចរិត នៅទីក្រុងឡុងដ៏
ដោយ៖ ហ្សាក់ ដេវី (Jack Davies)
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១គ្រួសារអ្នកមានលុយមានអំណាចខ្មែរម្នាក់ទៀតហើយ ដែលមានចំណងទាក់ទងជិតស្និទ្ធជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជះលុយវាល់លានដុល្លារទិញក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់របស់អង់គ្លេសមួយឈ្មោះ ខុននិកធឹម លីមីតធីត (Connectum Limited) កាលពីចុងឆ្នាំទៅម៉ិញ។ ក្រុមហ៊ុននេះ រកបានប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការផ្តល់សេវាកម្មធ្វើជាឈ្មួញកណ្តាល ឬ អន្តរការីរវាងអាជីកម្មតូចៗ និងក្រុមហ៊ុនផ្តល់ឥណទាន Credit Card ធំៗ ដូចជា ក្រុមហ៊ុន វីហ្សាកាត (VisaCard) និង ក្រុមហ៊ុន ម៉ាសស្ទើរកាត (MasterCard) ជាដើម។
ប្រពន្ធរបស់អតីតរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ គឺអ្នកស្រី ហេង សុខា បានក្លាយជាម្ចាស់កម្មសិទ្ធិកររបស់ក្រុមហ៊ុន ខុននិកធឹម កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ក្រុមអ្នកជំនាញ និយាយថា ការទិញដូរក្រុមហ៊ុននេះ គួរតែជាសញ្ញាព្រមានមួយដល់និយតករហិរញ្ញវត្ថុអង់គ្លេស។
នេះគឺដោយសារតែអ្នកស្រី ហេង សុខា គឺជាប្រពន្ធរបស់អតីតតំណាងរាស្ត្រ និងជាអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលគួរត្រូវពិនិត្យពិច័យយ៉ាងដិតដល់បន្ថែមទៀត ជុំវិញប្រភពនានានៃទ្រព្យសម្បត្តិរបស់ពួកគេ ដោយសារតែប្តីអ្នកស្រីមានប្រវត្តិជាប់ពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលកម្ពុជា អស់ជាច្រើនទសវត្សមកហើយ។ កន្លងទៅ លោក អ៊ឹង ប៊ុនហូវ បានប្រើប្រាស់ឥទ្ធិពលនៃសម្ព័ន្ធមេត្រីភាពក្នុងជួររដ្ឋាភិបាល ដើម្បីបង្កើតសហគ្រាសអាជីវកម្មរកប្រាក់ចំណេញ ដូចជាប្រមូលលុយពីអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ពីក្រុងព្រះសីហនុមករាជធានីភ្នំពេញ ដែលផ្លូវជាតិលេខ ៤ នេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ នេះគ្រាន់តែជារឿងរ៉ាវមួយផ្នែកប៉ុណ្ណោះ។ ចំណែកឯរឿងរ៉ាវមួយផ្នែកទៀត គឺពាក់ព័ន្ធនឹងក្រុមហ៊ុនដែលពួកគេបានទិញកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន ខុននិកធឹម ដែលផ្សាយពាណិជ្ជកម្មខ្លួនឯងថា ជា «ធនាគារឯកជន» បើទោះបីជាក្រុមហ៊ុននេះ មិនទទួលបានអាជ្ញាប័ណ្ណឲ្យប្រតិបត្តិការជាធនាគារក៏ដោយ ត្រូវបានបង្កើតឡើងកាលពី ៧ឆ្នាំមុន ដោយជនជាតិ ឡេតូនី (Latvia) ម្នាក់។ លោកគឺជានាយកប្រតិបត្តិនៅធនាគារឡេតូនី ពីរកន្លែង ហើយដែលធនាគារទាំងពីរនេះ បានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវនៃអំពើលាងលុយកខ្វក់។ នាយកប្រតិបត្តិធនាគារនេះ គឺលោក អេដហ្គារស៍ ឡាសម៉ានីស៍ (Edgars Lasmanis)។ ឪពុករបស់លោកបានរត់គេចខ្លួនអស់ជាច្រើនឆ្នាំដោយសារតែជាប់ពាក់ព័ន្ធនឹងបទល្មើសសូកប៉ាន់ក្នុងរឿងរ៉ាវដាច់ដោយឡែកមួយទៀត។ មានម្តងនោះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ ធ្លាប់បានតែងតាំងបុគ្គលម្នាក់ធ្វើជាដៃគូអាជីវកម្មនៅក្នុងក្រុមហ៊ុន ខុននិកធឹម ដែលបុគ្គលរូបនោះរងនូវការចោទប្រកាន់ជាច្រើនថា ជាជនឆរបោកជើងចាស់ម្នាក់។
រឿងរ៉ាវដែលរិតតែស្រពិចស្រពិលជាងនេះទៀតនោះ គឺថា ម៉ូយរបស់ក្រុមហ៊ុន ខុននិកធឹម ក៏មានរាប់បញ្ចូលទាំងសាខាផ្តល់សេវាកម្មលុយអេឡិចត្រូនិក (cryptocurrency) របស់រុស្ស៊ី ដែលឥឡូវនេះកំពុងប្រឈមនឹងដំណើរការក្ដីក្ដាំនៅប្រទេសរុស្ស៊ី (Russia) ពាក់ព័ន្ធនឹងបទចោទឆបោកអតិថិជនរបស់ខ្លួនអស់ទឹកប្រាក់រាប់សែនដុល្លារ។
ដើម្បីចងក្រងនូវរឿងរ៉ាវជំពាក់ជំពិនដ៏ស្មុគស្មាញនេះ វិទ្យុអាស៊ីសេរី កាលពីពេលកន្លងទៅ បានស្រាវជ្រាវមើលប្រវត្តិរបស់ក្រុមគ្រួសារទាំង ២ គ្រួសារនេះ គឺសែស្រឡាយខាងលោក អ៊ឹង ប៊ុនហូវ នៅកម្ពុជា និង គ្រួសាររបស់លោក អេដហ្គារស៍ ឡាសម៉ានីស៍ នៅឡេតូនី។ បន្ទាប់មក យើងនឹងពិនិត្យមើលថាតើរឿងរ៉ាវរបស់ក្រុមគ្រួសារទាំងពីរត្រកូលនេះ បានពើបប្រសព្វគ្នាដោយរបៀបណា នៅក្នុងពិភពដ៍ធូររលុងនៃវិស័យហិរញ្ញវត្ថុរបស់អង់គ្លេស។
លោក អ៊ឹង ប៊ុនហូវ និង ដំណើរឆ្ពោះទៅរកភាពមានបាន
ការយកលុយទៅវិនិយោគ ឬ ទៅលាក់ទុកនៅក្រៅប្រទេស គឺជាវិធីសាស្ត្រមួយដ៏ពេញនិយមក្នុងចំណោមពួកអ្នកមានលុយមានអំណាចខ្មែរ ដែលមានចំណងមេត្រីភាពស្អិតល្មួតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ វាគឺជានិន្នាការមួយដែល វិទ្យុអាស៊ីសេរី បានចងក្រងជាឯកសារឡើងនៅក្នុងសេចក្ដីរាយការណ៍បែបស៊ើបអង្កេតរបស់យើងជាបន្តបន្ទាប់។
ដំណើរឆ្ពោះទៅរកភាពមានបានរបស់លោក អ៊ឹង ប៊ុនហូវ កើតមានឡើងក្រោយពេលលោកបានបង្កើតក្រុមហ៊ុនជំនួញមួយនៅក្រុងភ្នំពេញ កាលពីឆ្នាំ១៩៩៣ ក្នុងពេលដែលប្រទេសកម្ពុជាបានរៀបចំឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកដំបូង។ ក្រោយមកទៀត ក្រុមហ៊ុននោះ ត្រូវគេស្គាល់ថា មានឈ្មោះជាក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ដែលសព្វថ្ងៃនេះ មានភាគហ៊ុននៅប្រទេសឥណ្ឌា (India) សិង្ហបុរី (Singapore) មីយ៉ាន់ម៉ា (Myanmar) ឬ ភូមា និង ចក្រភពអង់គ្លេស (United Kingdom)។ បើទោះបីជាមានទិន្នន័យតិចតួចបង្ហាញពីសកម្មភាពរបស់ក្រុមហ៊ុននេះកាលពីពេលបើកអាជីវកម្មដំបូង ច្បាស់ណាស់ថា ក្រុមហ៊ុននេះទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ នៅឆ្នាំ១៩៩៦ លោក អ៊ឹង ប៊ុនហូវ បានទទួលគោរមងារ «ឧកញ៉ា» ជាគោរមងារប្រពៃណីមួយដែលចាប់តាំងពីពាក់កណ្តាលទសវត្ស ១៩៩០ មក បានក្លាយជាវិធីសាស្ត្រនៃការចងក្រងទំនាក់ទំនងបែប «ឯងជួយអញ អញជួយឯង» ជាផ្លូវការរវាងគណបក្សប្រជាជនកម្ពុជា និង វណ្ណៈឧកញ៉ា ឬក្រុមឈ្មួញ ដែលទើបនឹងកើតមានឡើងនៅកម្ពុជា។
នៅឆ្នាំ២០០១ ក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ទទួលបានសិទ្ធិប្រមូលលុយពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៤។ ផ្លូវជាតិនេះមានប្រវែងជាង ២៣០ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងភ្នំពេញ ទៅក្រុងកំពង់ផែធំបំផុតរបស់កម្ពុជា គឺក្រុងព្រះសីហនុ។ ផ្លូវជាតិនេះដំបូងឡើយត្រូវបានសាងសង់នៅទសវត្ស ១៩៥០ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លុះដល់ដើមទសវត្ស១៩៩០ សហរដ្ឋអាមេរិកក៏នៅបន្តចេញមុខជួយផ្តល់ថវិកាឲ្យជួសជុល និងកែលំអផ្លូវជាតិនេះឡើងវិញដែរ។
ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ តវ៉ាថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទានឲ្យក្រុមហ៊ុន អេហ្សិត គ្រុប ជាសម្ងាត់ ដោយគ្មានការប្រកួតប្រជែង ឬដាក់ដំណើរការឲ្យដេញថ្លៃដោយបើកចំហនោះទេ។ អ្នកខ្លះទៀត ឌឺដងថា ក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគក្រោមកិច្ចសន្យា សាងសង់ ប្រតិបត្តិ និងផ្ទេរ (BOT) បើទោះបីជាផ្លូវជាតិនោះត្រូវបានសាងសង់រួចរាល់អស់ជាច្រើនឆ្នាំមកហើយ ក្រោមជំនួយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។
ក្រោយមកទៀត លោក អ៊ឹង ប៊ុនហូវ បានពង្រឹងទំនាក់ទំនងរបស់លោកកាន់តែរឹងមាំជាមួយគណបក្សកាន់អំណាច នៅពេលដែលលោកត្រូវបានជ្រើសតាំងជាសមាជិកសភា ឬ តំណាងរាស្ត្រឲ្យគណបក្សនេះប្រចាំមណ្ឌលខេត្តតាកែវនៅឆ្នាំ២០០៣។ ការជ្រើសតាំងលោកជាតំណាងរាស្ត្រ ស្តែងឲ្យឃើញពីការយោគយល់កាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលមកលើក្រុមហ៊ុន អេហ្សិត គ្រុប។
មួយខែមុនពេលបោះឆ្នោតជាតិឆ្នាំ២០០៣ ក្រុមហ៊ុន អេហ្សិត គ្រុប ទទួលបាននូវកិច្ចសន្យាតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាល ដើម្បីបង្កើតសេវាកម្មបណ្ដាញទូរស័ព្ទអន្តរជាតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ នៅរដូវក្តៅឆ្នាំ២០០៣ រដ្ឋាភិបាលបានទទួលកម្ចី ៣០លានដុល្លារពីប្រទេសចិន (China) តាងនាមឱ្យក្រុមហ៊ុន អេហ្សិត គ្រុប ដើម្បីវិនិយោគលើការបង្កើតសេវាកម្មបណ្ដាញទូរស័ព្ទអន្តរជាតិតាមប្រព័ន្ធអ៊ីនធឺណិតថ្មីនេះ។
ក្រុមហ៊ុន អេហ្សិត គ្រុប បានផ្ដួចផ្ដើមយកលុយផ្លូវពីរថយន្តតាក់ស៊ី និងយានយន្តធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៤ កាលពីចុងឆ្នាំ២០០៤។ ផែនការនេះបាននាំឲ្យផ្ទុះការតវ៉ាជាច្រើនពីសំណាក់ក្រុមអ្នកបើកបររថយន្ត។ ការតវ៉ាទាំងនេះ ត្រូវបានអាជ្ញាធរប្រដាប់ដោយកាំភ្លើងយន្ត និងដំបងឆក់ បង្ក្រាបយ៉ាងចាស់ដៃ។
អ្នកបើកបររថយន្តតាក់ស៊ីដែលជាអ្នកតវ៉ាម្នាក់ បានប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅពេលនោះថា៖ «ក្រុមហ៊ុននេះមិនបានជួសជុលផ្លូវជាតិនេះទេ។ ផ្លូវជាតិនេះគឺនៅដដែលចាប់តាំងពីពេលដែលអាមេរិកបានសាងសង់រួចមក។ រដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យក្រុមហ៊ុននេះ ប្រមូលប្រាក់ពីពួកយើងនោះទេ ដោយសារតែក្រុមហ៊ុននេះមិនបានធ្វើអ្វីទាល់តែសោះសម្រាប់ជាប្រយោជន៍ដល់ផ្លូវជាតិនេះ»។
ប៉ុន្តែ លុយនៅតែបន្តហូរចូលទៅក្នុងក្រុមហ៊ុន អេហ្សិត គ្រុប ដដែល។ ក្រុមហ៊ុននេះ ក៏បានទទួលអាជ្ញាប័ណ្ណរុករករ៉ែ បុកស៊ីត (bauxite) នៅខេត្តមណ្ឌលគិរី។ អាជ្ញាប័ណ្ណនោះក្រោយមកត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនខ្នាតយក្សរបស់អូស្ត្រាលីមួយឈ្មោះ ប៊ីអេហ្យភី ប៊ីលីថុន (BHP Billiton)។ មិនយូរប៉ុន្មាន រយៈពេលតែពីរទៅបីឆ្នាំក្រោយមកទៀត ក្រុមហ៊ុនអូស្ត្រាលីមួយនេះ បានចាកចេញឈប់ធ្វើអាជីវកម្មនៅកម្ពុជា ក្រោយពីរងការចោទប្រកាន់ថា ក្រុមហ៊ុននេះ បានសូកប៉ាន់លុយចំនួន ២លាន៥សែនដុល្លារ ទៅឲ្យមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះដែរ នៅឆ្នាំ២០០៥ បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេហ្សិត គ្រុប គឺក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៤៤ភាគរយ នៅក្នុងធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា (FTB) ដែលជាក្រុមហ៊ុនរបស់រដ្ឋ។
ចំណងទាក់ទងរវាងលោក អ៊ឹង ប៊ុនហូវ និង មន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា កាន់តែចាក់ឫសគល់ជ្រាលជ្រៅនៅឆ្នាំ២០០៦ នៅពេលដែលលោកត្រូវបានតែងតាំងជាសមាជិកមួយរូបនៃគណៈកម្មាធិការកណ្ដាលរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយប្រពន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី។ កាកបាទក្រហមកម្ពុជា ត្រូវបានពណ៌នាថាជា «សេនាធិការរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់កិច្ចការមនុស្សធម៌»។
លោក អ៊ឹង ប៊ុនហូវ និងការបាត់បង់តំណែង?
នៅឆ្នាំ២០០៨ លោក អ៊ឹង ប៊ុនហូវ បានលាលែងពីតំណែងជាតំណាងរាស្ត្រ ហើយលោកបានផ្ទេរកម្មសិទ្ធិក្រុមហ៊ុន អេហ្សិត គ្រុប ទៅឲ្យប្រពន្ធរបស់លោក។ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ គឺក្រសួងនេះហើយដែលមានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រង និងចាត់ចែងសេវាកម្មប្រមូលលុយពីផ្លូវជាតិលេខ ៤ ដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុន អេហ្សិត គ្រុប នេះ។
បន្ទាប់មកទៀត លោក អ៊ឹង ប៊ុនហូវ បានលាលែងពីតំណែងជារដ្ឋលេខាធិការនៅឆ្នាំ២០១៣ ដើម្បីទៅឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំដដែលនោះ។ ក៏ប៉ុន្តែ មិនខុសពីបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតដែរ លោក អ៊ឹង ប៊ុនហូវ បានចាញ់ការប្រកួតបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលទៅគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលកាលណោះគណបក្សនេះរៀបតែនឹងអាចទម្លាក់រដ្ឋាភិបាលបច្ចុប្បន្នចេញពីតំណែងបាន។ នាពេលមួយនោះ ឧកញ៉ារូបនេះ ទំនងជាបាត់បង់ការពេញចិត្តពេញថ្លើមពីលោក ហ៊ុន សែន។ នៅឆ្នាំ២០១៥ លោក អ៊ឹង ប៊ុនហូវ បានលាលែងពីមុខតំណែងជាទីប្រឹក្សារដ្ឋាភិបាល ហើយនៅឆ្នាំបន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាដោយផ្ទាល់ឱ្យដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុន អេហ្សិត គ្រុប លែងឲ្យប្រមូលលុយពីអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ តទៅទៀត។
យ៉ាងណាក៏ដោយ ជោគវាសនារបស់ក្រុមគ្រួសារនេះ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ ចាប់តាំងពីឆ្នាំ២០០៥ មក បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេហ្សិត គ្រុប គឺក្រុមហ៊ុន អាយអិនជី ហូលឌីង បានចាក់ដីលុបបឹងរាប់រយហិកតារ នៅជាយក្រុងភ្នំពេញ ដើម្បីបង្កើតជាទីក្រុងអភិវឌ្ឍន៍ខ្នាតយក្សមួយដែលជាទីក្រុងរណបនៅតំបន់បឹងទំពុន និងបឹងជើងឯក ឬហៅថា «អ៊ឹង ស៊ីធី» (ING City)។ អស់ជាច្រើនឆ្នាំ ក្រុមអង្គការសង្គមស៊ីវិល បានប្រកាសអាសន្នចំពោះគម្រោងនេះ ដោយកត់សម្គាល់ថា គម្រោងនេះ នឹងធ្វើឲ្យពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ប្រឈមនឹងការបាត់បង់ផ្ទះសម្បែង និងដីធ្លីរបស់ពួកគេ ព្រមទាំងធ្វើឲ្យអ្នករស់នៅក្នុងក្រុងភ្នំពេញប្រមាណមួយលាននាក់ប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់។ ទំនងជាឆ្លើយតបនឹងការរិះគន់ទាំងនេះ នៅខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលប្លង់ដី ១៩០ ហិកតារ ដែលបានចេញឲ្យដល់ក្រុមហ៊ុន អាយអិនជី ហូលឌីង នេះ។ ក៏ប៉ុន្តែ ខណៈក្រុមហ៊ុនរងការដកហូតប្លង់កម្មសិទ្ធិដីចំនួន ១៩០ ហិកតារដោយរដ្ឋាភិបាលទៅវិញនេះ ក្រុមហ៊ុនគូសបញ្ជាក់ថា ការលុបចោលប្លង់កម្មសិទ្ធិទាំងនេះ នឹងមិនក្លាយជាឧបសគ្គរាំងស្ទះដល់គម្រោងអភិវឌ្ឍន៍នេះទេ ព្រោះវាមានទំហំតិចជាង ១០ភាគរយនៃផ្ទៃដីគម្រោងទាំងមូលដែលមានទំហំដល់ទៅ ២.៥៧២ ហិកតារ។
សព្វថ្ងៃនេះ ក្រុមហ៊ុន អេហ្សិត គ្រុប នៅតែជាក្រុមហ៊ុនខ្នាតយក្សដ៏ឈានមុខគេមួយនៅកម្ពុជាដដែល។ បើទោះបីជាក្រុមហ៊ុននេះ មិនបានបញ្ចេញព័ត៌មានឲ្យដឹងអំពីទ្រព្យសកម្ម ឬ គណនីរបស់ខ្លួនជាសាធារណៈក៏ដោយ ការវិភាគរបស់ វិទ្យុអាស៊ីសេរី ដោយផ្អែកលើទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ក្លូប៊ល វីតណេស៍ (Global Witness) បានប្រមូលចងក្រងទុក រកឃើញថា ក្រុមហ៊ុនជាច្រើននៅកម្ពុជា ដែលគ្រប់គ្រងដោយប្តីប្រពន្ធមួយគូនេះ គឺលោក អ៊ឹង ប៊ុនហូវ និងអ្នកស្រី ហេង សុខា មានតម្លៃភាគហ៊ុនរួមគ្នា សរុបប្រមាណ ៨១,៨ លានដុល្លារ កាលពីឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ ដោយសារតែតម្លៃភាគហ៊ុននៃក្រុមហ៊ុនឯកជននៅកម្ពុជា កម្រនឹងមានភាពសុក្រឹតដែលឆ្លុះបញ្ចាំងពីទំហំមូលធនពិតប្រាកដ ហើយដោយសារតែអាជីវកម្មជាលក្ខណៈគ្រួសារបានលូតដុះដាលឡើងទាំងនៅក្នុងស្រុក និងទាំងនៅលើឆាកអន្តរជាតិក្នុងរយៈពេល ៧ឆ្នាំ ចុងក្រោយនេះ តម្លៃទ្រព្យសម្បត្តិពិតប្រាកដរបស់ក្រុមហ៊ុន អេហ្សិត គ្រុប សព្វថ្ងៃនេះ ទំនងជាអាចខ្ពស់ជាងនេះឆ្ងាយណាស់។
លោក ឡេអូនីដស៍ ឡាសម៉ានីស៍៖ អតីតមេបញ្ជាការកំពុងរត់គេចខ្លួន
ក្នុងអំឡុងពេលដែលលោក អ៊ឹង ប៊ុនហូវ កំពុងពង្រីកអាជីវកម្មនៅកម្ពុជា លោក ឡេអូនីដស៍ ឡាសម៉ានីស៍ (Leonids Lasmanis) ដែលជាឪពុករបស់ស្ថាបនិកក្រុមហ៊ុន ខុននិកធឹម ឯណោះវិញ ក៏កំពុងប្រឹងប្រែងធ្វើការដើម្បីឈានទៅកាន់តំណែងក្នុងជួរថ្នាក់ដឹកនាំនៃកងកម្លាំងជាតិឃ្លាំមើលព្រំដែននៃប្រទេសឡេតូនី ដែលទើបនឹងទទួលបានឯករាជ្យថ្មីថ្មោងពីអតីតសហភាពសូវៀត។
មិនខុសពីនៅកម្ពុជា ប្រទេសឡេតូនី នៅឆ្នាំ១៩៩៣ បានរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកដំបូង បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់។ ស្ថិតនៅជាប់សមុទ្របាល់ទិច (Baltic Sea) និងជាប់ព្រំប្រទល់ជាមួយប្រទេស រុស្ស៊ី (Russia) ឡេតូនី គឺជាអតីតរដ្ឋមួយក្នុងចំណោមរដ្ឋទាំង ១៥ ដែលជារដ្ឋទើបបង្កើតថ្មីក្រោយបំបែកខ្លួនចេញពីសហភាពសូវៀត (Soviet Union)។ រដ្ឋបំបែកខ្លួនទាំងនេះ ជ្រើសរើសយកវិធីដឹកនាំប្រទេសរៀងៗខ្លួនក្រោយពីលទ្ធិកុម្មុយនិស្តបានដួលរលំ។
ក៏ប៉ុន្តែ លោក ឡេអូនីដស៍ ឡាសម៉ានីស៍ បានជួបនូវភាពបរាជ័យច្រើនជាងលោក អ៊ឹង ប៊ុនហូវ ក្នុងអំឡុងពេលអន្តរកាលនៃប្រទេសរបស់លោក។ លោកត្រូវបានប្រធានាធិបតីនៃប្រទេសឡេតូនី បណ្តេញចេញពីតំណែងជាមេបញ្ជាការកងកម្លាំងជាតិឃ្លាំមើលព្រំដែន កាលពីខែមិថុនា ឆ្នាំ១៩៩៣ ដោយសារតែបានធ្វើឲ្យបាត់បង់កាំភ្លើងវែងស្វ័យប្រវត្តិជាច្រើនគ្រឿងនៅកន្លែងលាក់ទុកអាវុធមួយកន្លែង។ ក្រោយពីបោះបង់ចោលជីវិតជាយោធាទៅបន្តអាជីពក្នុងវិស័យនយោបាយវិញ ឈ្មោះរបស់លោក ឡេអូនីដស៍ ឡាសម៉ានីស៍ ត្រូវបានកាសែតយកទៅចុះផ្សាយព្រោងព្រាតនៅឆ្នាំ២០០០ ដោយសារតែកាលណោះ លោកជាតំណាងរាស្ត្រក្នុងសភាក្រុង រីហ្គា (Riga City Assembly) ហើយលោកបានបាញ់ខ្លួនឯងក្នុងពេលកំពុងស្រវឹងស្រា ដោយប្រើកាំភ្លើងដៃរបស់លោក។
របួសនោះមិនបានបណ្តាលឲ្យលោកស្លាប់នោះទេ ក៏ប៉ុន្តែ លោកបាននៅរស់រានមានជីវិតមកបន្តជួបនឹងរឿងរ៉ាវទុរយសមួយទៀតនៅឆ្នាំ២០០៦ នៅពេលដែលរដ្ឋអាជ្ញាបានចោទប្រកាន់លោកថាបានពាក់ព័ន្ធនឹងផែនការសូកប៉ាន់ក្រុមប្រឹក្សាក្រុង ក្នុងទឹកប្រាក់ដល់ទៅរាប់ម៉ឺនអឺរ៉ូ។ ជាជាងប្រឈមមុខនឹងដំណើរការក្ដីក្ដាំជាមួយនឹងអ្នកសមគំនិត ហើយដែលអ្នកទាំងអស់នោះសុទ្ធសឹងតែត្រូវបានផ្ដន្ទាទោសនោះ លោក ឡេអូនីដស៍ ឡាសម៉ានីស៍ បានជ្រើសរើសយកវិធីរត់គេចខ្លួន។ សេចក្ដីរាយការណ៍នានាឲ្យដឹងថា លោកបានរត់ទៅលាក់ខ្លួននៅប្រទេសរុស្ស៊ី (Russia) ហើយកាលពីឆ្នាំទៅម៉ិញ លោកបានក្លាយជាមនុស្សដែលទីភ្នាក់ងារអនុវត្តច្បាប់របស់សហភាពអឺរ៉ុប ហៅកាត់ថា យូរ៉ូប៉ូល (Europol) តាមប្រមាញ់ចាប់ខ្លួនបំផុត។
លោក ឡេអូនីដស៍ ឡាសម៉ានីស៍ មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងរ៉ាវនេះបានទេ។ រីឯ មន្ត្រីតុលាការនៃប្រទេសឡេតូនី វិញ បានប្រាប់ វិទ្យុអាស៊ីសេរី ថា ពួកគេមិនអាចផ្តល់អត្ថាធិប្បាយជុំវិញសំណុំរឿងនេះបានឡើយ។
លោក អេដហ្គារស៍ ឡាសម៉ានីស៍ (Edgars Lasmanis)៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
ក្នុងពេលដែលឪពុកកំពុងរត់គេចខ្លួនពីបទចោទប្រកាន់ថាប្រព្រឹត្តិអំពើសូកប៉ាន់ កូនប្រុសច្បងរបស់លោក គឺលោក អេដហ្គារស៍ ឡាសម៉ានីស៍ កំពុងសាងកេរ្តិ៍ឈ្មោះក្នុងវិស័យហិរញ្ញវត្ថុ ហើយទទួលបានការចាប់អារម្មណ៍មិនរំពឹងទុក ពីប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងវ័យ ២៧ ឆ្នាំ លោកបានក្លាយជាប្រធានផ្នែកទីផ្សារនៅធនាគារមួយរបស់ប្រទេសឡេតូនី ដែលមានឈ្មោះថា ម៉ាល់ធីបង់កា (Multibanka)។ នៅខែមេសា ឆ្នាំ២០០៥ ធនាគារនេះត្រូវបានក្រសួងរតនាគារអាមេរិក ដាក់បញ្ចូលឈ្មោះជាស្ថាប័ន «ពាក់ព័ន្ធផ្ទាល់នឹងអំពើលាងលុយកខ្វក់»។
ក្រសួងរតនាគារអាមេរិក អះអាងថា ធនាគារ ម៉ាល់ធីបង់កា នេះ បានអនុញ្ញាតឲ្យឧក្រិដ្ឋជនអន្តរជាតិ ប្រើប្រាស់សេវាកម្មព័ត៌មានសម្ងាត់ និងលេខគណនីសម្ងាត់ ដូចដែលអនុវត្តដោយធនាគារនៅប្រទេសស្វីស (Switzerland) «ដើម្បីជួយសម្រួលឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដោយអនុញ្ញាតឲ្យឧក្រិដ្ឋជនលាក់បាំងផលចំណេញខុសច្បាប់របស់ពួកគេ»។
កាលណោះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ គឺជាអ្នកនាំពាក្យមិនផ្លូវការរបស់ធនាគារនេះ។ លោកធ្វើជាអ្នកនាំពាក្យឲ្យធនាគារនេះ ឆ្លើយតបនឹងក្រុមអ្នកសារព័ត៌មាន ដោយបានបដិសេធថា ធនាគារ ម៉ាល់ធីបង់កា មិនបានជាប់ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ ឬក៏ពុំបានដឹងអំពីអត្តសញ្ញាណរបស់អតិថិជនភាគច្រើនដែលខ្លួនមាននោះទេ។
យ៉ាងណាក៏ដោយ ១៥ ខែក្រោយមកទៀត ធនាគារ ម៉ាល់ធីបង់កា បានផ្លាស់ប្ដូរជំហររបស់ខ្លួន។ ក្រោយពីបានពិនិត្យមើលឡើងវិញនូវផលប័ត្រវិនិយោគរបស់ខ្លួន ធនាគារនេះបានប្រាប់ទៅក្រសួងរតនាគារអាមេរិក វិញថា ខ្លួនបានលុបចោលទំនាក់ទំនងជាមួយអតិថិជនជាង ២.៦០០ នាក់។ ផ្អែកតាមរបាយការណ៍របស់ក្រសួងរតនាគារអាមេរិក អតិថិជនទាំងនោះ «គ្មានបំណង ឬពុំបានគោរពតាមបទដ្ឋានប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានដែលធ្វើឲ្យប្រសើរឡើង របស់ធនាគារ ម៉ាល់ធីបង់កា នោះទេ»។ និយាយក្នុងន័យសាមញ្ញ គឺពួកគេទាំងនេះជាអតិថិជនដែលធនាគារមិនអាចកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ។ ការអារសាច់ស្អុយចោលនេះ បានធ្វើឲ្យធនាគារ ម៉ាល់ធីបង់កា បាត់បង់នូវគណនីអតិថិជនបរទេសរបស់ខ្លួនរហូតដល់ទៅ ៩៨ភាគរយ និងបាត់បង់ជាងពាក់កណ្តាលនូវគណនីអតិថិជនក្នុងស្រុករបស់ខ្លួន។
នៅឆ្នាំ២០០៨ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បានចាកចេញពីធនាគារ ម៉ាល់ធីបង់កា ទៅចូលរួមជាមួយធនាគារនៃប្រទេសឡេតូនី មួយទៀត ឈ្មោះថា ឡាតវីហាស៍ ប៉ាស្តា បង់កា (Latvijas Pasta Banka) ក្នុងតំណែងជានាយករងរបស់ធនាគារនេះ។ នៅឆ្នាំ២០១២ ធនាគារ ឡាតវីហាស៍ ប៉ាស្តា បង់កា (ដែលចាប់ពីពេលនោះមកបានប្តូរឈ្មោះទៅជា ធនាគារ LPB វិញ) បានទទួលយកអតិថិជនជាក្រុមហ៊ុនខ្មោចមានឈ្មោះតែនៅលើក្រដាស (shell companies) មកពីក្រៅប្រទេស និងបុគ្គលជាច្រើន ដែលមានចំណងទាក់ទងជាមួយក្រុមអ្នកនយោបាយនៃសាធារណរដ្ឋម៉ុលដូវ៉ា (Moldova)។ ក្នុងរយៈពេល ២ឆ្នាំក្រោយមកទៀត គណនីជាច្រើនដែលបានបើកនៅធនាគារ LPB នេះ តាងនាមឲ្យក្រុមហ៊ុនខ្មោចមានឈ្មោះតែនៅលើក្រដាសនៅក្រៅប្រទេសទាំងនោះ បានដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងគម្រោងការខុសច្បាប់មួយ។ យោងតាមរបាយការណ៍មួយដែលចងក្រងដោយធនាគារជាតិនៃប្រទេសម៉ុលដូវ៉ា កាលពីឆ្នាំ២០១៥ ក្នុងគម្រោងការនោះ ទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ ត្រូវបានផ្ទេរចេញពីស្ថាប័នហិរញ្ញវត្ថុធំៗ ៣នៃប្រទេសម៉ុលដូវ៉ា។
និយតករហិរញ្ញវត្ថុនៃប្រទេសឡេតូនី បានពិន័យធនាគារ LPB នូវទឹកប្រាក់ចំនួន ៣០៥.០០០ អឺរ៉ូ (ស្មើនឹងប្រមាណ ៣៦០.០០០ ដុល្លារអាមេរិក) កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារតែធនាគារនេះខកខានមិនបានបញ្ឈប់ការទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងការបោកប្រាស់នៅ ម៉ុលដូវ៉ា។ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បានចាកចេញពីធនាគារនេះនៅឆ្នាំ២០១៧ មួយឆ្នាំមុនពេលដែលធនាគារនេះ រងនូវការផាកពិន័យបន្ថែមទៀតក្នុងទឹកប្រាក់រហូតដល់ទៅ ២,២ លានអឺរ៉ូ (ស្មើនឹងប្រមាណ ២,៦ លានដុល្លារ) ដោយសារតែធនាគារនេះបានបន្តរំលោភបទប្បញ្ញត្តិប្រឆាំងនឹងការលាងលុយកខ្វក់។
ក្រុមហ៊ុន ខុននិកធឹម៖ តំណែងជាអភិបាលក្រុមហ៊ុនតែមួយថ្ងៃ
នៅខែមីនា ឆ្នាំ២០១៤ ក្នុងពេលដែលលោកនៅបម្រើការងារជានាយករងនៃធនាគារ LPB នៅឡើយ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បានបង្កើតក្រុមហ៊ុនមួយឈ្មោះ ខុននិកធឹម លីមីតធីត នៅទីក្រុងឡុងដ៏។ គឺក្រុមហ៊ុននោះហើយដែលត្រូវប្រពន្ធលោក អ៊ឹង ប៊ុនហូវ ទិញយកកាលពីចុងឆ្នាំ២០២០។
ក្នុងរយៈពេល ១២ខែ នៃការបង្កើតក្រុមហ៊ុននេះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បានជ្រើសរើសយកដៃគូសហកម្មសិទ្ធិករម្នាក់ជាជនជាតិអេស្តូនី (Estonia) ឈ្មោះលោក ជួរី ប៉ាអាល់ (Juri Paal)។ ក្នុងអំឡុងពេលដដែលនោះ គឺនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ លោក ជួរី ប៉ាអាល់ ត្រូវបានតែងតាំងជាអភិបាលនៃក្រុមហ៊ុននោះ។ រឿងរ៉ាវដ៏អាថ៌កំបាំងបំផុតនោះ គឺថា នៅថ្ងៃទី៣០ ខែកក្កដា ក្នុងឆ្នាំដដែល ក្រុមហ៊ុននេះបានដាក់ឯកសារបញ្ជាក់ថា លោក ជួរី ប៉ាអាល់ លែងជាម្ចាស់ភាគហ៊ុនណាមួយនៅក្នុងក្រុមហ៊ុននេះទៀតហើយ។ ឯកសារនោះបញ្ជាក់ទៀតថា លោកបានលាលែងចេញពីតំណែងជាអភិបាលរបស់ក្រុមហ៊ុននេះតាំងតែពីពេលមុនមកម្ល៉េះ ពោលគឺការលាលែងរបស់លោកចុះកាលបរិច្ឆេទមុនថ្ងៃចុះហត្ថលេខា គឺនៅថ្ងៃទី០៦ ខែមីនា។
យោងតាមលោក ក្រាម បារ៉ូវ (Graham Barrow) ដែលជាអ្នកជំនាញឧក្រិដ្ឋកម្មហិរញ្ញវត្ថុមួយរូប និងជាអ្នកផ្តល់ប្រឹក្សាដល់ធនាគារអំពីបញ្ហានានាពាក់ព័ន្ធនឹងអនុលោមភាពផ្នែកហិរញ្ញវត្ថុរបស់ធនាគារ លោកបាននិយាយថា «នេះមិនមែនជាររៀបរបបការងារដែលក្រុមហ៊ុនធម្មតាធ្វើការនោះទេ»។
លោកបន្តថា «វាជាសញ្ញាបញ្ជាក់ថា មានរឿងរ៉ាវមិនត្រឹមត្រូវបានកើតឡើង។ មែនទែនទៅ ជាការពិបាកណាស់ក្នុងការនិយាយថា រឿងរ៉ាវទាំងនោះជាអ្វីឱ្យពិតប្រាកដនោះ។ នៅពេលដែលខ្ញុំធ្វើការជាមួយធនាគារនានា ជុំវិញការស៊ើបអង្កេតពីខាងភាគីធនាគារ ខ្ញុំតែងតែស្វែងរកមើលពីភាពមិនប្រក្រតី និងសញ្ញាព្រមាននានា។ ការផ្លាស់ប្តូរការគ្រប់គ្រងបែបនេះ គឺជាផ្នែកមួយនៃភាពមិនប្រក្រតីទាំងនោះហើយ»។
មិនមែនមានតែរឿងរ៉ាវមុខតំណែងអំពិលអំពែករបស់លោក ជួរី ប៉ាអាល់ នោះទេ ដែលធ្វើឲ្យគេគិតគូរដល់បញ្ហាអនុលោមភាពផ្នែកហិរញ្ញវត្ថុនៃវិជ្ជាជីវៈរបស់ធនាគារនោះ។ គ្រាន់តែនៅរយៈពេល ២ឆ្នាំមុននេះ លោកក៏បានធ្វើអាជីវកម្មដោយដាក់ឈ្មោះកំណើតរបស់លោកថា ជួរី ហ្សីទីន (Juri Zitin) ទៅវិញ។
នៅខែមេសា ឆ្នាំ២០១៣ កាសែតប្រចាំថ្ងៃមួយរបស់ប្រទេសអេស្តូនី ឈ្មោះថា ប៉ុស្តិ៍ ថាមស៍ (Post Times) បានភ្ជាប់លោក ជួរី ហ្សីទីន ទៅនឹងអ្វីមួយដែលកាសែតនេះបានពណ៌នាថាជា «សំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតនៅក្នុងប្រទេសអេស្តូនី»។ ផែនការលាងលុយកខ្វក់ដែលរងនូវការចោទប្រកាន់នោះ ពាក់ព័ន្ធនឹងទឹកប្រាក់រុស្ស៊ីក្នុងតម្លៃ ៧៥ លានដុល្លារអាមេរិក។ ដំបូងឡើយ លុយទាំងនោះ ត្រូវបានផ្ទេរចូលទៅក្នុងគណនីជាច្រើននៅក្នុងធនាគារនៃប្រទេសអេស្តូនី។ រួចមក លុយទាំងនោះត្រូវបានគេប្តូរទៅជាលុយអឺរ៉ូ ឬ ដុល្លារ មុននឹងបញ្ជូនត្រលប់មកកាន់ប្រទេសរុស្ស៊ីវិញឆ្លងកាត់តាមច្រកព្រំដែននៃប្រទេសនេះ។ កាសែតដដែលបានស្រង់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយរបស់លោក ជួរី ហ្ស៊ីទីន ដែលលោកបានសារភាពថា បានចែកចាយ «ព័ត៌មានអវិជ្ជមាន» ពាក់ព័ន្ធនឹងនិយោជិតជាច្រើនរូបនៃទីភ្នាក់ងារប្រឆាំងអំពើលាងលុយកខ្វក់នៃប្រទេសអេស្តូនី។ លោកថា លោកធ្វើដូច្នេះ តាមបញ្ជាពីមេកើយរៀបចំផែនការលាងលុយកខ្វក់ដែលរងការចោទប្រកាន់នោះ។
ក្រុមហ៊ុន ខុននិកធឹម៖ ម៉ូយដែលមានចំណងទាក់ទងជាមួយវិមានក្រឹមឡាំង (Kremlin)
នៅឆ្នាំ២០១៦ ពីរឆ្នាំបន្ទាប់ពីលោក អេដហ្គារស៍ ឡាសម៉ានីស៍ បានបង្កើតក្រុមហ៊ុន ខុននិកធឹម ក្រុមហ៊ុននេះបានរាយការណ៍អំពីប្រាក់ចំណេញជាលើកដំបូងរបស់ខ្លួន បើទោះបីជាក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញត្រឹមតែ ៨១៩ ផោន (ស្មើនឹង ១.១២៣ ដុល្លារអាមេរិក) ក៏ដោយ។ ប៉ុន្តែ តួលេខប្រាក់ចំណេញនោះ ក្រោយមកទៀតបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលដ៏ឆាប់រហ័ស។ ក្នុងឆ្នាំឈានទៅខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានរាយការណ៍ថា ខ្លួនរកបានប្រាក់ចំណេញ ២,៣ លានផោន (ស្មើនឹង ៣,១ លានដុល្លារអាមេរិក) ហើយបានអះអាងថា ខ្លួនគ្រប់គ្រងប្រាក់របស់អតិថិជនដែលមានតម្លៃសរុប ៨២ លានផោន (ស្មើនឹង ១១២ លានដុល្លារអាមេរិក)។ ក្រុមហ៊ុននេះបានរាយការណ៍ពីជោគជ័យស្រដៀងគ្នានេះនៅឆ្នាំបន្តបន្ទាប់មកទៀត។
ក្នុងឆ្នាំឈានទៅខែមីនា ឆ្នាំ២០២០ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ បានកើនឡើងទ្វេដងរហូតដល់ ៤,៥ លានផោន (ស្មើនឹង ៦,១ លានដុល្លារអាមេរិក)។ ក្នុងខែដំបូងនៃឆ្នាំហិរញ្ញវត្ថុនោះ គឺនៅខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន ខុននិកធឹម បានជ្រើសរើសយកដៃគូថ្មីមួយធ្វើជាម៉ូយអាជីវកម្មរបស់ខ្លួន។ នោះគឺ ក្រុមហ៊ុន គ្រីពតូយូនីវើស៍ (CryptoUniverse)។
ក្រុមហ៊ុននេះផ្តល់នូវសេវាកម្មជួលទីតាំងផ្តល់បរិក្ខារដល់អតិថិជនសម្រាប់ការរុករកប្រាក់ឌីជីថល (digital mining) ដូចជា ប៊ីតខ័ញ (Bitcoin) ជាដើម។ ដោយបានចុះបញ្ជីក្រុមហ៊ុននៅប្រទេសអេស្តូនី នៅឆ្នាំ២០១៨ វត្តមាននៃប្រតិបត្តិការក្រៅប្រទេសរបស់ក្រុមហ៊ុន គ្រីពតូយូនីវើស៍ នេះ មួយភាគធំ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ គឺនៅប្រទេសរុស្ស៊ីនេះហើយដែលពាក្យបណ្តឹងព្រហ្មទណ្ឌជាច្រើន ត្រូវបានគេដាក់ប្តឹងប្រឆាំងនឹងក្រុមហ៊ុនមួយនេះ និងអភិបាលរបស់ក្រុមហ៊ុននេះ នៅរដូវក្តៅនៃឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានចុះល្បាតឆែកឆេរការិយាល័យរបស់ក្រុមហ៊ុននេះរួចមក។ នៅខែមីនា ឆ្នាំ២០២១ តុលាការនៅទីក្រុង សាន់ធ៍ ភីធឺស៍បឺក (St. Petersburg) បានចេញបញ្ជាឲ្យបើកសវនាការកាត់ក្តីក្រុមហ៊ុននេះ ជុំវិញការចោទប្រកាន់នានាពាក់ព័ន្ធនឹងលុយរាប់សែនដុល្លារ។
សូម្បីតែនៅមុនពេលដែលក្រុមហ៊ុន គ្រីពតូយូនីវើស៍ ក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតនៃសំណុំរឿងព្រហ្មទណ្ឌនេះ ក៏មានសញ្ញាព្រមានដែលក្រុមអ្នកជំនាញប្រឆាំងអំពើពុកលួយ និយាយថា គួរតែជាក្តីបារម្ភសម្រាប់មន្ត្រីអនុលោមភាពផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន ខុននិកធឹម។
គេហទំព័រ ក្រុមហ៊ុន គ្រីពតូយូនីវើស៍ ពណ៌នាថា ក្រុមហ៊ុននេះ «ប្រតិបត្តិការដោយ» ក្រុមហ៊ុនខ្មោចមានឈ្មោះតែនៅលើក្រដាស សញ្ជាតិ អេកូស (ស្កុត) មួយ ឈ្មោះថា ក្រុមហ៊ុន មីអូថេក អ៊ីមផិក អិលភី (Miotech Impex LP)។ បង្កើតឡើងនៅឆ្នាំ២០១៧ ដៃគូចុះបញ្ជីរបស់ក្រុមហ៊ុន មីអូថេក នេះ គឺជាបុគ្គលជនជាតិហុងគ្រី (Hungary) ពីរនាក់។ ឈ្មោះរបស់ពួកគេត្រូវបានចុះបញ្ជីថា ជានាយកគ្រប់គ្រងក្រុមហ៊ុនខ្មោចមានឈ្មោះតែនៅលើក្រដាសនេះ ដែលក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់ និងអំពើពុករលួយ រាប់តាំងពីនៅប្រទេសអ៊ុយក្រែន (Ukraine) រហូតដល់ប្រទេសស៊ីប (Cyprus)។
នៅខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន គ្រីពតូយូនីវើស៍ បានចុះកិច្ចព្រមព្រៀងវិនិយោគបណ្តាក់ទុនរួមគ្នាមួយជាមួយលោក ឌីមីឌ្រី ម៉ារីនីចេវ (Dmitry Marinichev) ដែលជាជំនួយការរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin)។ ការចូលហ៊ុនរួមគ្នានេះ បានបំប្លែងរោងចក្រអាលុយមីញ៉ូមមួយកន្លែងដែលគេបោះបង់ចោល ឲ្យទៅជាទីតាំងផ្ទុកបរិក្ខារសម្រាប់រុករក ប៊ីតខ័ញ (Bitcoin)។ រោងចក្រនេះ ត្រូវបានគេបោះបង់ចោលបន្ទាប់ពីកម្មសិទ្ធិករ លោក អូឡិក ដឺរីសប៉ាស្កា (Oleg Derispaska) ដែលជាបរិវាររបស់លោក ពូទីន បានក្លាយជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់អាមេរិក។ ទណ្ឌកម្មនោះត្រូវបានលុបចោលទៅវិញនៅខែមករា ឆ្នាំ២០១៩ ក៏ប៉ុន្តែអតីតរោងចក្រអាលុយមីញ៉ូមនេះ នៅតែបន្តប្រតិបត្តិការជាមជ្ឈមណ្ឌលរុករករូបិយប័ណ្ណឌីជីថលដដែល។
ក្រុមហ៊ុន គ្រីពតូយូនីវើស៍ មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយលម្អិតនោះទេ ក៏ប៉ុន្តែសកម្មភាពអស់ទាំងនេះ គួរតែក្លាយជាសញ្ញាព្រមានខ្លះសម្រាប់ក្រុមហ៊ុន ខុននិកធឹម។ នេះបើយោងតាមលោក បិន ខោវ៍ដុក (Ben Cowdock) ប្រធានអ្នកស៊ើបអង្កេត នៃអង្គការតម្លាភាពអន្តរជាតិប្រចាំចក្រភពអង់គ្លេស (Transparency International UK)។
លោក បិន ខោវ៍ដុក ប្រាប់ វិទ្យុអាស៊ីសេរី ថា «ដំបូងឡើយ អ្នកគួរតែបានគិតគូរពីការពិនិត្យពិច័យរបស់ពួកគេទៅលើក្រុមហ៊ុនទើបបង្កើតថ្មី ប៊ីតខ័ញ នៅប្រទេសរុស្ស៊ី ហើយបន្ទាប់មក ពិនិត្យលើប្រតិបត្តិការសាច់ប្រាក់ជាបន្តបន្ទាប់ដែលកើតចេញពីក្រុមហ៊ុននោះ ថាតើអាចមានសកម្មភាពគួរឲ្យសង្ស័យមួយចំនួនកើតចេញពីការបង្កើតក្រុមហ៊ុននោះដែរឬទេ ដែលពួកគេគួរតែអាចប្រទះឃើញ»។
ក្រុមហ៊ុន ខុននិកធឹម៖ សញ្ញាព្រមានសម្រាប់និយតករ
ខណៈពុំមានភស្តុតាងណាមួយបញ្ជាក់ថា ក្រុមហ៊ុន ខុននិកធឹម បានរំលោភច្បាប់ក៏ដោយ ក្រុមអ្នកជំនាញដែល វិទ្យុអាស៊ីសេរី បានពិគ្រោះយោបល់ជាមួយ បាននិយាយថា មានកត្តាជាច្រើនរួមចំណែកឱ្យក្រុមហ៊ុននេះមានហានិភ័យខ្ពស់ ជាពិសេសនាពេលឥឡូវនេះតែម្តង ដោយសារតែក្រុមហ៊ុននេះត្រូវបានគ្រួសារមួយដែលមានទំនាក់ទំនងជាមួយនឹងពួកអ្នកមានលុយមានអំណាចនៅកម្ពុជា បានទិញយក។ យ៉ាងហោចណាស់ ពួកគេនិយាយថា ធនាគារនានាដែលធ្វើការជាមួយក្រុមហ៊ុននេះ និងនិយតករដែលត្រួតត្រាបញ្ហាអនុលោមភាពផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ គួរតែឃ្លាំមើលឱ្យបានដិតដល់ចំពោះសកម្មភាពនានារបស់ក្រុមហ៊ុន ខុននិកធឹម។
ជាប្រពន្ធរបស់អតីតតំណាងរាស្ត្រ និងរដ្ឋលេខាធិការ អ្នកស្រី ហេង សុខា ត្រូវបានគេចាត់ទុកថាជា «បុគ្គលពាក់ព័ន្ធនឹងអ្នកនយោបាយ»។ ស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានតម្រូវឱ្យធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ខ្ពស់បំផុតចំពោះអតិថិជនដែលជាបុគ្គលពាក់ព័ន្ធនឹងអ្នកនយោបាយ ហើយតាមដានប្រតិបត្តិការសាច់ប្រាក់របស់ពួកគេ ដើម្បីស្វែងរកសញ្ញាណដែលថា ពួកគេអាចត្រូវបានផ្តល់មូលនិធិតាមរយៈប្រាក់ទទួលបានមកពីឧក្រិដ្ឋកម្ម ឬអំពើពុករលួយ។
លោក ក្រាម បារ៉ូវ និយាយប្រាប់ វិទ្យុអាស៊ីសេរី ថា «នរណាក៏ដោយ ដែលពួកគេទូទាត់លុយកាក់ជាមួយ នឹងត្រូវបានរំពឹងថា ត្រូវតែកំណត់អត្តសញ្ញាណអំពីទំនាក់ទំនងទាំងនោះ និងវាយតម្លៃពីហានិភ័យរបស់ពួកគេ។ ដូច្នេះ ពួកគេអាចកំណត់ថា ជាអ្នកមានហានិភ័យខ្ពស់។ ខ្ញុំមិនអាចស្រមៃឃើញថា មានធនាគារណាមួយអាចទទួលយកបុគ្គលទាំងនេះឡើយ ហើយប្រាកដណាស់ រឿងរ៉ាវដូច្នេះ នឹងមិនកើតមានឡើងនៅចក្រភពអង់គ្លេសនោះទេ»។
ខណៈលោក អេដហ្គារស៍ ឡាសម៉ានីស៍ និងលោក ជួរី ប៉ាអាល់ មិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយលម្អិតលើបញ្ហាអស់ទាំងនេះដូចដែលបានលើកឡើងក្នុងអត្ថបទនេះ លោក ក្រាម បារ៉ូវ ប្រាប់ វិទ្យុអាស៊ីសេរី ថា ប្រវត្តិនៃការត្រួតពិនិត្យរបស់បុគ្គលទាំងនោះ គួរតែត្រូវបានកត់សម្គាល់ដោយអាជ្ញាធរត្រួតពិនិត្យអនុលោមភាពផ្នែកហិរញ្ញវត្ថុ FCA ដែលជានិយតកររបស់អង់គ្លេស។
នៅចក្រភពអង់គ្លេស រាល់បុគ្គលទាំងឡាយណាដែលមានបំណងចង់ចាត់ចែង ឬធ្វើជាកម្មសិទ្ធិកររបស់ក្រុមហ៊ុនដែលបញ្ញត្តិដោយអាជ្ញាធរនេះ ជាដំបូង ត្រូវឆ្លងកាត់វិញ្ញាសារបស់និយតករ «ថាតើពួកគេជាបុគ្គលសមស្រប និងពេញលក្ខណៈសម្បត្តិ» ដែរឬទេ។ ក្នុងចំណោមលក្ខខណ្ឌតម្រូវទាំងនេះ ក៏រួមមាន «ថាតើបុគ្គល ឬអាជីវកម្មណាមួយដែលបុគ្គលរូបនោះបានជាប់ពាក់ព័ន្ធជាមួយ ត្រូវបានស៊ើបអង្កេត ដាក់វិន័យ រឹតត្បិត ឬផ្អាក ឬត្រូវបានរិះគន់ដោយនិយតករ ឬស្ថាប័នជំនាញណាមួយ តុលាការ ឬសាលាក្តី មិនថាជាសាធារណៈ ឬជាឯកជន ដែរឬទេ»។
ក្នុងន័យនេះ តំណែងជាន់ខ្ពស់របស់លោក អេដហ្គារស៍ ឡាសម៉ានីស៍ នៅធនាគារ ម៉ាល់ធីបង់កា និងធនាគារ ឡាត់វីហាស ប៉ាស្តា បង់កា ក្នុងអំឡុងពេលមានបញ្ហាជាមួយក្រសួងរតនាគារអាមេរិក និងនិយតករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសឡេតូនី ទំនងជាមានបញ្ហា។
លោក ក្រាម បារ៉ូវ និយាយថា ការផ្សាយជាសាធារណៈនូវព័ត៌មានមិនអំណោយផល បង្កឡើងដោយឪពុករបស់ស្ថាបនិកក្រុមហ៊ុននេះ គឺលោក ឡេអូនីដស៍ ឡាស់ម៉ានីស៍ ដែលកំពុងរត់គេចខ្លួន និងលោក ជួរី ប៉ាអាល់ ដែលបានជួបនូវរឿងរ៉ាវប្រទាញប្រទង់ជាច្រើននោះ គួរតែ «ច្បាស់ណាស់ថា» នឹងទទួលបាននូវការគិតគូរពីសំណាក់ស្ថាប័នអាជ្ញាធរត្រួតពិនិត្យអនុលោមភាពផ្នែកហិរញ្ញវត្ថុ FCA របស់អង់គ្លេស មុននឹងសម្រេចចិត្តថាតើត្រូវឯកភាពលើពាក្យសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ខុននិកធឹម ដែរឬយ៉ាងណានោះ។
«ប្រាកដណាស់ថា មានការទាក់ទងគ្នា ពីព្រោះរឿងមួយដែលអ្នកចាំបាច់ត្រូវធ្វើនោះ គឺពិនិត្យមើលលើអ្វីមួយដែលពួកគេហៅថា ជាការផ្សាយជាសាធារណៈនូវព័ត៌មានមិនអំណោយផលនានានៅតាមប្រព័ន្ធផ្សព្វផ្សាយ។» លោក ក្រាម បារ៉ូវ ថ្លែងបន្តថា «តើការណ៍នោះប៉ះពាល់ដល់ការគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញសកម្មភាពដោយប្រុងប្រយ័ត្ន និងហ្មត់ចត់ដែរឬទេ? វាគឺជារឿងរ៉ាវសំខាន់មួយ»។
ក្រុមហ៊ុន ខុននិកធឹម និងម្ចាស់កម្មសិទ្ធិករថ្មីរបស់ក្រុមហ៊ុននេះ គឺជាដៃគូប្រកបដោយការងឿងឆ្ងល់ នៅត្រង់ថា គេពិបាកនឹងប្រាប់ថាតើអាជីវកម្មរបស់អ្នកស្រី ហេង សុខា នៅកម្ពុជា និងចំណងទាក់ទងផ្នែកនយោបាយ បង្កើតបានជាហានិភ័យខ្លាំងជាងនេះដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ខុននិកធឹម នេះ ឬក៏ថា ម្ចាស់កម្មសិទ្ធិករកាលពីពេលមុនរបស់ក្រុមហ៊ុននេះ និងសកម្មភាពនានារបស់ពួកគេ បង្កើតបានជាហានិភ័យធ្ងន់ធ្ងរជាងនេះដល់អាជីវកម្មរបស់អ្នកស្រី ហេង សុខា ទៅវិញនោះ ឬយ៉ាងណា។ ដោយសារតែក្រុមហ៊ុន ខុននិកធឹម មិនបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយជាច្រើនលើកលើបញ្ហាដែលបានលើកឡើងក្នុងអត្ថបទនេះ ហើយពុំបានចេញសេចក្ដីថ្លែងការណ៍ណាមួយជាសាធារណៈអំពីការផ្លាស់ប្តូរកម្មសិទ្ធិករនៅក្នុងក្រុមហ៊ុននេះ អ្វីដែលបានជំរុញចិត្តឲ្យអ្នកស្រី ហេង សុខា ទិញក្រុមហ៊ុននេះ និងវិនិយោគក្នុងអាជីវកម្មថ្មីនេះ នឹងនៅតែជារឿងរ៉ាវអាថ៌កំបាំងដដែល។
យ៉ាងណាក៏ដោយ អ្វីដែលកាន់តែច្បាស់នោះ គឺថា ប្រាកដជាមានលេចចេញឡើងនូវសណ្ឋាននៃអ្នកជាប់ពាក់ព័ន្ធនយោបាយជាជនជាតិកម្ពុជា កំពុងតែនាំគ្នាវិនិយោគប្រាក់រាប់លានផោននៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មនៅអង់គ្លេស៕
គេហទំព័ររចនាដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ក្រាហ្វិក៖ វីនស៍ មីដូវស៍ (Vince Meadows)
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ផល ណែលសិន (Paul Nelson), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី
© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២១