singapore-money-banner.jpg


សិង្ហបុរី​ជាមជ្ឈមណ្ឌល​ស្រូបយក​លុយ​លាក់ទុក​របស់​បុគ្គល​ពាក់ព័ន្ធនឹង​អ្នកនយោបាយ​កម្ពុជា


ដោយ៖ ហ្សាក់ អាដាមូវិក ដេវី (Jack Adamović Davies)

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២

កាលពី​ចុងឆ្នាំ២០០២ សារព័ត៌មាននានា​​នៅ​ក្រុងភ្នំពេញ​បាន​ចេញផ្សាយ​ពោរពេញ​ទៅដោយ​ព័ត៌មាន​ពាក់ព័ន្ធនឹង​ពាក្យ​ចចាមអារ៉ាម​ដែលថា​មន្ត្រីប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេសសិង្ហបុរី​បានរកឃើញ​គណនី​ធនាគារ​ជាច្រើន​ដែលមានទឹកប្រាក់​រហូតដល់ទៅ ៨០០លានដុល្លារ​អាមេរិក ហើយដែល​គណនី​ទាំងនោះ​ជារបស់ «ក្រុមអ្នកមាន​អំណាច​នៅ​កម្ពុជា» សរុប​ចំនួន២៦នាក់។ ទឹកប្រាក់​ទាំងនោះ ត្រូវបាន​គេនិយាយថា ក្រុមអ្នកស៊ើបអង្កេត​អាមេរិកាំង​គឺជាអ្នករកឃើញ​ក្រោយពី​បាន​បើកការស្រាវជ្រាវ​តាមដាន​លើ​សំណុំរឿង​របស់​អតីត​មេ​ភេរវកម្ម លោក អូសាម៉ា ប៊ីនឡាឌិន (Osama Bin Laden) ដែលជា​មេក្លោង​នៃ​អំពើវាយប្រហារ​ភេរវកម្ម​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ព័ត៌មាន​​នេះ គឺជា​ដំណឹង​ដ៏​លេចធ្លោ​មួយ។ ទឹកលុយ​ទាំងនេះ ស្មើនឹង​មួយភាគប្រាំ​នៃ​ទិន្នផល​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ប្រទេសកម្ពុជា​ទាំងមូល។ ក៏ប៉ុន្តែ មានបញ្ហា​តែមួយគត់​ពាក់ព័ន្ធនឹង​រឿងរ៉ាវ​នេះ។ បញ្ហា​គឺនៅត្រង់ថា​ទាំង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ទាំង​រដ្ឋាភិបាល​សិង្ហបុរី​សុទ្ធតែ​បាន​បដិសេធ​ថា ពួកគេ​មិនបានដឹង​អំពី​គណនី​ធនាគារ​ដែល​រងនូវ​ការចោទប្រកាន់​ទាំងនេះទេ ឬអំពី​ការស៊ើបអង្កេត​ករណីនេះ​ឡើយ។

២០ឆ្នាំ​ក្រោយមក គេនៅតែ​មិនទាន់អាច​ដឹង​ឱ្យប្រាកដ ថាតើ​អ្នកផ្តើមគំនិត​បញ្ចេញ​ព័ត៌មាន​ចចាមអារាម​នេះ គឺជា​អ្នកបញ្ចេញ​ព័ត៌មាន​សម្ងាត់​ដ៏ក្លាហាន​ម្នាក់ ឬក៏ជា​អ្នកដែល​គ្រាន់តែ​ចង់បាន​ចំណាប់អារម្មណ៍​យ៉ាងណានោះ។ ក៏ប៉ុន្តែ ផ្អែកតាម​ការវិភាគ​​លើកំណត់ត្រា​សាជីវកម្ម និង​អចលនទ្រព្យ​នៅសិង្ហបុរី ការវិភាគនេះ​បាន​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​អំណះអំណាង​ដ៏សាមញ្ញ​នៃ​ព័ត៌មាន​ចចាមអារ៉ាម​នេះ ដែលថា​អ្នកនយោបាយ​ដ៏មានអំណាច​នៅ​កម្ពុជា និង​បុគ្គល​ទាំងឡាយណា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ពួកគេ ពិតជាមាន​នូវ​ទ្រព្យសម្បត្តិ​ដ៏មហាសាល​លាក់ទុក​នៅ​ប្រទេសសិង្ហបុរី​ប្រាកដមែន។

វិទ្យុអាស៊ីសេរី បាន​រកឃើញ​ទ្រព្យសម្បត្តិ​នៅសិង្ហបុរី​គ្រប់គ្រង​ដោយ​បុគ្គល​កម្ពុជា​ដែល​ជាប់ពាក់ព័ន្ធនឹង​អ្នកនយោបាយ។ ទ្រព្យសម្បត្តិ​ទាំងនេះ មានតម្លៃ​សរុប​រហូតដល់ទៅ​ជាង ២៣០លានដុល្លារ។ ម្ចាស់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ទាំងនេះ​រួមមាន សាច់ញាតិ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុគ្គលម្នាក់​ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក អតីត​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់ ព្រមទាំង​ប្រពន្ធ កូន និង​បងប្អូន​បង្កើត​របស់​ឧត្ដមសេនីយ៍ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋលេខាធិការ ជាដើម។

នេះគឺជា​រឿងរ៉ាវ​ដំបូង​មួយ​នៃ​សាច់រឿង​ដែល​វិទ្យុអាស៊ីសេរី​នឹង​លាតត្រដាង​ពាក់ព័ន្ធនឹង​ទ្រព្យសម្បត្តិ​ទាំងនោះ អំពីវិធី​ដែល​បុគ្គលទាំងនោះ​ទទួលបាន​ទ្រព្យ​ទាំងនេះ ថាតើពួកគេ​ប្រើទ្រព្យ​ទាំងនេះ​ដើម្បី​អ្វី និង​ថាតើ​ទ្រព្យទាំងនេះ​អាច​ប្រាប់យើង​ឲ្យដឹង​អំពីទំនាក់ទំនង​រវាងលុយកាក់ និង​អំណាច​នៅក្រុងភ្នំពេញ​យ៉ាងណាខ្លះ។


hunsen-cabinet
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបកណ្តាល) ថ្លែងទៅកាន់​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោកនៅ​វិមានសន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។ (រូប៖ អា.អេហ្វ.ប៉េ)

ត្រីធំ

យ៉ាងហោចណាស់​បុគ្គល​ពាក់ព័ន្ធនឹង​អ្នកនយោបាយ​​កម្ពុជា​ចំនួន១៥នាក់ មាន​ផលប្រយោជន៍​អាជីវកម្ម ឬ​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី។ បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ​គឺជា​ពាក្យ​ដែលប្រើប្រាស់​ដោយ​មន្ត្រីប្រឆាំង​អំពើលាងលុយកខ្វក់ ដើម្បី​សំដៅ​ទៅលើ​បុគ្គលទាំងឡាយណា​ដែល​កាន់តំណែង​សាធារណៈ ឬ​មាន​ទំនាក់ទំនង​ជិតដិត​​ជាមួយ​អ្នកកាន់តំណែង​សាធារណៈ ដែលងាយ​រងឥទ្ធិពល​ពី​អំពើសូកប៉ាន់ និង​អំពើពុករលួយ។

ដូចដែលបាន​បង្ហាញ​ក្នុង​ក្រាហ្វិកព័ត៌មាន​ខាងក្រោម គ្រាន់តែ​បុគ្គល ៩នាក់​ក្នុងចំណោម​បុគ្គល​ពាក់ព័ន្ធនឹង​អ្នកនយោបាយ​កម្ពុជា​ទាំង១៥រូប ពួកគេ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៅ​ក្នុងប្រទេស​សិង្ហបុរី ដែលមាន​តម្លៃ​យ៉ាងហោចណាស់​រហូតដល់ទៅ ២៣៤,៦ លានដុល្លារ។ បុគ្គល ៦រូបផ្សេងទៀត គឺជា​ម្ចាស់ភាគហ៊ុន ឬ​ម្ចាស់កម្មសិទ្ធិ​តែម្តង​នៃ​អាជីវកម្ម​នៅ​ប្រទេសសិង្ហបុរី ដែល​គេមិនអាច​ដឹង​ឱ្យប្រាកដ​អំពីទំហំ​នៃ​ទ្រព្យសម្បត្តិ​របស់ពួកគេ។ ក៏ប៉ុន្តែ អាជីវកម្ម​របស់បុគ្គល​ទាំងនោះ ទំនង​មិនមែនជា​អាជីវកម្ម​ដែលមាន​តែសម្បក ឬចុះបញ្ជី​តែនៅលើ​ក្រដាស​នោះទេ។ ផ្អែកតាមផ្លូវច្បាប់ នៅតាម​យុត្តាធិការ​ភាគច្រើន ដែល​ក្នុងនោះ​ក៏រួមមានទាំង​ប្រទេសសិង្ហបុរី​ផង អ្នកប្រកបវិជ្ជាជីវៈ​​​ក្នុង​វិស័យ​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ ត្រូវបាន​គេរំពឹងថា​នឹង​ត្រួតពិនិត្យ​យ៉ាងហ្មត់ចត់​បន្ថែមទៀត នៅពេល​ធ្វើការ​ទាក់ទងនឹង​បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ ដើម្បីធានាថា​លុយរបស់​ពួកគេ​ពិតជា​លុយស្អាតស្អំ។

លោក ផាទ្រីក អេលី (Patrick Alley) គឺជា​អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ចំណងជើងថា «មនុស្ស​អាក្រក់បំផុត» (Very Bad People)។ សៀវភៅនេះ​រៀបរាប់​អំពីការងារ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​របស់​ប្រទេសអង់គ្លេស ដែលធ្វើការ​ប្រឆាំងនឹង​អំពើពុករលួយ។ លោកគឺជា​នាយក​ស្ថាបនិកម្នាក់​របស់​អង្គការនេះ ដែល​បានចាប់ផ្តើម​បម្រើការងារ​កាលពី​ទសវត្សទី៩០ ដើម្បី​លាតត្រដាង​អំពើពុករលួយ​នៅ​កម្ពុជា។ ចំពោះលោក ការរកឃើញ​របស់​វិទ្យុអាស៊ីសេរី គឺជា​តឹកតាង​បង្ហាញថា យ៉ាងហោចណាស់​​អ្នកជំនាញ​វិជ្ជាជីវៈ​មួយចំនួន​នៃ​វិស័យហិរញ្ញវត្ថុ​របស់​ប្រទេសសិង្ហបុរី មិនបាន​ពិនិត្យពិច័យ​ឲ្យបាន​ហ្មត់ចត់​ទៅលើ​អាជីវកម្ម​ដែល​ពួកគេ​សម្របសម្រួល​នោះទេ។

លោក ផាទ្រីក អាលី និយាយថា «គ្មានឡើយ​ដែលថា​ពួកគេ​​ពិនិត្យពិច័យ​ឲ្យបាន​ល្អិតល្អន់​នោះ។ ពួកគេ​មិនអាច​ធ្វើដូច្នេះបានទេ ពីព្រោះថា​បុគ្គល​ភាគច្រើន​ដែល​អ្នកកំពុង​និយាយនេះ គឺជា​បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ»។



ប្រទេសស្វីស​នៅ​ភូមិភាគបូព៌ា

ក្រុមអ្នកមានអំណាច​នៅភ្នំពេញ មិនមែន​ជាក្រុមមនុស្ស​ដែល​ជ្រើសរើស​យកវិធី​លាក់ទុក​លុយ​ដ៏សន្ធឹកសន្ធាប់​នៃ​ទ្រព្យសម្បត្តិ និង​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេសសិង្ហបុរី​តែឯងនោះទេ។ រដ្ឋ (សិង្ហបុរី) ដែលជាទីក្រុងមួយនេះ ពោរពេញ​ទៅដោយ​លុយ​ដែលមានប្រភព​មកពី​បណ្តាប្រទេស​ក្នុងតំបន់​ទាំងមូល។ របាយការណ៍​ឆ្នាំ២០១៥​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ពិគ្រោះយោបល់​មួយ ឈ្មោះ បូស្តុន ខនសាល់ធីង គ្រូប (Boston Consulting Group) បានប៉ាន់ស្មាន​ថា មួយភាគបី​នៃ​លុយ​ទាំងអស់​ដែលមានប្រភព​ចេញមក​ពី​ប្រទេសនានា​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​យកទៅលាក់ទុក​នៅឯនាយសមុទ្រ ត្រូវគេរកឃើញ​នៅ​ប្រទេសសិង្ហបុរី។

ក្នុងសៀវភៅ​ចេញផ្សាយ​កាលពីឆ្នាំ២០០៧​ដែលមាន​ចំណងជើង​ថា «ឪពុកធម៌អាស៊ី» (Asian Godfathers) លោក ចូ ស្តាត់វេល (Joe Studwell) សរសេរថា ដោយសារតែ​ឆន្ទៈ​របស់​ប្រទេសសិង្ហបុរី​ក្នុងការទទួលយក​សាច់ប្រាក់ «ដោយ​មានការចោទសួរ​តិចតួច ឬក៏​មិនសួរ​ទាល់តែ​សោះ អំពី​ថាតើ​លុយទាំងនោះ​មានប្រភព​ចេញមក​ពីណា» នេះហើយ ដែលធ្វើឲ្យ​ប្រទេសនេះ​ល្បីឈ្មោះ​ខ្លាំង​ក្នុងចំណោម​មហាសេដ្ឋី​ប្រចាំតំបន់ ដែលមានបំណង​ចង់ «រក្សាទុកលុយ​របស់ពួកគេ​នៅឯ​នាយសមុទ្រ ដោយសារតែ​ភ័យខ្លាចថា​នៅថ្ងៃណាមួយ​ពួកគេ​អាច​នឹងក្លាយជា​ជនរងគ្រោះ​ដោយសារតែ​ការផ្លាស់ប្តូរ​ផ្នែកនយោបាយ។ ការភ័យខ្លាចរបស់​ពួកគេ​គឺជា​រឿង​សមហេតុសមផល។»

លោក ចូ ស្តាត់វេល សរសេរ​បន្តថា «ទឹកប្រាក់មួយចំនួន​ក្នុង​ធនាគារ​នានា​របស់​ប្រទេស​សិង្ហបុរី គឺជា​មូលធន​បរទេស​ស្របច្បាប់ ខណៈ​ទឹកប្រាក់​មួយចំនួនទៀត​បានមក​ដោយ​ខុសច្បាប់»។ ប៉ុន្តែ លោក​កត់សម្គាល់​ថា សិង្ហបុរី និង​ក្រុងហុងកុង បានបង្ហាញ​ពី «ចំណាប់អារម្មណ៍​តិចតួច​ពាក់ព័ន្ធនឹង​ការញែកឱ្យដាច់​រវាង​ប្រភព​ទាំងពីរនេះ។»

ទោះជាយ៉ាងណា រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប្រទេសសិង្ហបុរី បានចាត់វិធានការ​មួយចំនួន​ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ដែលថា​សិង្ហបុរី​គឺជា​មជ្ឈមណ្ឌល​លាក់ទុក​​លុយ​ដែល​​មានប្រភពដើម​បែបមន្ទិល។ ឧទាហរណ៍ កាលពីឆ្នាំ២០១៧ ប្រទេសនេះ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​​ស្តង់ដារ​រាយការណ៍​ពី​ហិរញ្ញវត្ថុ​ទូទៅ (Common Reporting Standards)។ ស្តង់ដារ​នេះ គឺជា​សន្ធិសញ្ញា​អន្តរជាតិ ដែល​ក្រុមប្រទេស​ចូលរួម​យល់ព្រម​ផ្លាស់ប្តូរ​ព័ត៌មាន​អំពីគណនី​ទាំងឡាយ​នៅក្នុង​ធនាគារ​របស់​ពួកគេ ដែល​កាន់កាប់​ដោយ​ពលរដ្ឋបរទេស។

យ៉ាងណាក៏ដោយចុះ នៅមាន​រឿងរ៉ាវ​វែងឆ្ងាយ​តទៅទៀត​សម្រាប់​ប្រទេសសិង្ហបុរី។ នេះបើយោងតាម​បណ្តាញ​យុត្តិធម៌​ពន្ធដារ (Tax Justice Network) ដែលជា​ក្រុម​ផ្តល់​ការប្រឹក្សាយោបល់​អំពីតម្លាភាព​ហិរញ្ញវត្ថុ។

អង្គការមិនមែន​រដ្ឋាភិបាល​នេះ​បាន​សរសេរ​នៅក្នុង​របាយការណ៍​របស់ខ្លួនមួយ​កាលពី​ឆ្នាំ២០២០ អំពី​រដ្ឋដែល​ជាកោះនោះថា «សិង្ហបុរី​បន្ត​ផ្តល់នូវ​សេវាកម្ម​សម្ងាត់​ជាច្រើន​ដែល​បើកឱកាស​ឱ្យមាន​ការគេចពន្ធ និង​ឱកាស​មិន​ចាំបាច់​បង់ពន្ធ រួមជាមួយនឹង​ការលើកទឹកចិត្ត​ដោយ​បទប្បញ្ញត្តិ និងពន្ធដារ»។

អង្គការ​បណ្តាញ​យុត្តិធម៌​ពន្ធដារ បាន​ចេញផ្សាយ​សន្ទស្សន៍​ការណ៍សម្ងាត់​ផ្នែកហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់ខ្លួន ​កាលពី​ថ្ងៃទី១៧ ខែឧសភា ដោយ​ដាក់ចំណាត់ថ្នាក់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឯនាយសមុទ្រ ថា «ចូលដៃ​យ៉ាងសកម្ម​ជួយ​ឱ្យ​បុគ្គលនានា​អាចលាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ពី​សំណាញ់ច្បាប់»។ ប្រទេសសិង្ហបុរី​ដែលបាន​ជាប់លេខ៥ កាលពីឆ្នាំកន្លងទៅ បាន​រអិលធ្លាក់​ពីរលេខ​ទៀត​ក្លាយជា​យុត្តាធិការ​ទីបី​ដ៏អាក្រក់ជាងគេ​បំផុត​នៅលើ​សាកលលោក ទន្ទឹមពេល​ដែល​មាន​របាយការណ៍​ចោទប្រកាន់​ស្តីពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​រដ្ឋដែលជា​ក្រុងមួយនេះ​ថា មានភាព​កាន់តែ​សម្ងាត់ខ្លាំងទៅៗ។ សិង្ហបុរី​កំពុង​រីករាយ​ក្នុងការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​ដល់អតិថិជន​ដែលមិនមែនជា​អ្នកស្នាក់នៅ​ក្នុងប្រទេសខ្លួន ហើយ​ទំហំ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុនេះ​កើនឡើង​៩ភាគរយ។ ចំណែក​សហរដ្ឋអាមេរិក​ជាប់ចំណាត់ថ្នាក់​លេខមួយ​ក្នុងឆ្នាំនេះ ដោយរងនូវ «ការដាក់ពិន្ទុអាក្រក់​បំផុត​មិនធ្លាប់មាន​ពីមុនមក ចាប់តាំងពី​មានការ​ដាក់ចំណាត់ថ្នាក់​ជាលើកដំបូង​កាលពី​ឆ្នាំ២០០៩»។

អ្នកនាំពាក្យ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (Monetary Authority of Singapore) បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះទេ។ រីឯ​ក្រសួងហិរញ្ញវត្ថុ​សិង្ហបុរី​ក៏​មិនបាន​ឆ្លើយតប​នឹង​ការស្នើសុំ​អត្ថាធិប្បាយ​ជុំវិញរឿងនេះ​ឡើយ គិតត្រឹម​ម៉ោង​ផ្សាយនេះ។


singapore-finance
អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី លោក ហេង ស្វី គៀត (Heng Swee Keat) ថ្លែងសុន្ទរកថា​នៅឯ​សន្និសីទកំពូល​លើកទី៨ ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​សិង្ហបុរី និង​ធនាគារពិភពលោក ប្រព្រឹត្តទៅ​នៅ​ប្រទេសសិង្ហបុរី កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨។ (រូប៖ អា.អេហ្វ.ប៉េ)

មិត្តដែល​ត្រូវការពេល​ដើម្បី​ពិសោធន៍

ចំណងទាក់ទង​រវាង​កម្ពុជា និង​សិង្ហបុរី មានលក្ខណៈ​ស៊ីជម្រៅ ដែល​ជារឿយៗ​ផ្តើមចេញមកពី​វិស័យពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ។ អតីត​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក សុខ អាន បាន​សរសេរ​អត្ថបទមួយ​កាលពីឆ្នាំ២០១២ អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរនេះ ថា «សិង្ហបុរី​គឺជាមិត្ត​របស់​កម្ពុជា ដែល​ត្រូវការពេល​ដើម្បី​ពិសោធន៍»។

លោក​អះអាងថា មិត្តភាព​នេះ​បាន​កើតមានឡើង​ចាប់តាំងពី​រដូវក្តៅ​ក្នុងឆ្នាំ១៩៦៥ នៅពេលដែល​សិង្ហបុរី​បាន​ប្រកាស​ទាមទារ​ឯករាជ្យ ហើយ​កម្ពុជា​គឺជា «ប្រទេសដំបូង​គេ​បង្អស់មួយ​ដែល​បានប្រកាស​​ទទួលស្គាល់​ឯករាជ្យ​របស់​ប្រទេសនេះ។»

សិង្ហបុរី​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ក្រុងភ្នំពេញ​ក្រោយការឡើង​កាន់អំណាច​របស់​ក្រុមខ្មែរក្រហម​កាលពីឆ្នាំ១៩៧៥។ ក៏ប៉ុន្តែ ប្រទេសនេះ​មិនបាន​ធ្វើតាម​ប្រទេសភាគច្រើននៅលើ​ពិភពលោក​ដែលបាន​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្មទាំងស្រុង​ជាមួយ​របបខ្មែរក្រហម​នេះទេ។

យោងតាម​តេឡេក្រាម​ការទូត​របស់​ក្រសួងការបរទេស​អាមេរិក ផ្សាយដោយ​គេហទំព័រ វីគីលីក (Wikileaks) នៅឆ្នាំ១៩៧៦ កប៉ាល់ទំនិញ​មួយ​បាន​ចាកចេញ​ពី​កំពង់ផែ​ហុងកុងឆ្ពោះទៅកាន់​ក្រុងព្រះសីហនុ ដោយមានផ្ទុក​ទំនិញ ៣ពាន់តោន។ កប៉ាល់នោះ​ដោត​ទង់ជាតិ​​សិង្ហបុរី។ នៅឆ្នាំបន្ទាប់ របប​កម្ពុជាប្រជាធិបតេយ្យ​ដែល​ពិភពលោក​មិនចង់​រាប់រក​មួយនេះ បានបញ្ជា​ទិញប្រេងម៉ាស៊ីន និង​ប្រេង យ៉ាងហោចណាស់​ក្នុងតម្លៃ ១លានដុល្លារ (ស្មើនឹង ៤,៦លានដុល្លារ​សព្វថ្ងៃ ដោយបូកបញ្ចូល​តម្លៃ​អតិផរណា) ដោយផ្ទាល់​ពីប្រទេសសិង្ហបុរី។ សារព័ត៌មាន​នានា​បានរាយការណ៍​ថា មន្ត្រីសិង្ហបុរី​បាន «ចាប់​អារម្មណ៍ខ្លាំង​ក្នុងរឿង​ទិញត្រីទឹកសាប [ពីកម្ពុជា] ហើយ​បាន​បញ្ជាទិញត្រី​ចំនួន ៣០ ទៅ៥០ តោន​ក្នុងមួយ​សប្តាហ៍ ប្រសិនបើ​កប៉ាល់​សិង្ហបុរី​យល់ព្រម​ចូលចត​នៅ​កំពង់ផែ​កំពង់សោម។»

តេឡេក្រាម​ការទូត​របស់​ក្រសួងការបរទេស​អាមេរិក​ឆ្នាំ២០០៦ បាន​កត់សម្គាល់​ថា នៅពេលដែល​សិង្ហបុរី​បាន​ចាប់ផ្តើម​ចំណងការទូត​ឡើងវិញ​ជាមួយ​កម្ពុជា​នៅឆ្នាំ១៩៩២ កម្រិត​នៃ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​នេះ​​នៅមិនទាន់​ល្អប្រសើរ​នៅឡើយទេ ពិសេស​ពី​ភាគីសិង្ហបុរី បើទោះបីជា​ទំនាក់ទំនង​ខាងក្រៅ​មើលទៅ​ហាក់​មានភាព​ល្អូកល្អិន​នឹង​គ្នាក្តី។

អតីតៈ​ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីស្យា ហឺរបូល (Patricia Herbold) បាន​រំឮក​ឡើងវិញ​ថា «រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី លោក ចច យ៉ូវ (George Yeo) បាន​និយាយថា កម្ពុជា​ត្រូវបាន​កសាងឡើងវិញ​ដោយ​យឺតៗ ជាមួយនឹង​ក្តីសង្ឃឹម​មួយចំនួន​នៅក្នុង​ប្រទេសនេះ។ បើទោះជា​លោក ហ៊ុន សែន ជាមនុស្ស «ឃោរឃៅ​ព្រៃផ្សៃ» និង «ស៊ីវិល័យ​ដោយផ្នែក» ក៏ដោយ ក៏លោកគឺជា​មេដឹកនាំ​ដែលមាន​សមត្ថភាព​ប្រសើរជាងគេ​ក្នុងចំណោម​ឥស្សរជន​ផ្សេងទៀត​សម្រាប់​កម្ពុជា​នៅពេលនោះ។»


hunsen-singapore
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងឆ្វេង) ដែលទៅបំពេញ​ទស្សនកិច្ច​នៅសិង្ហបុរី ធ្វើ​វន្ទនកិច្ច​នៅចំពោះមុខ​កងការពារ​សិង្ហបុរី អមដោយ​សមភាគីរបស់​លោក​គឺលោកនាយករដ្ឋមន្ត្រី​សិង្ហបុរី លោក ហ្គោ ចុកតុង (Goh Chok Tong) ក្នុងអំឡុងពេល​ពិធីស្វាគមន៍​មួយ​នៅ​ឯវិមាន​ប្រធានាធិបតី​សិង្ហបុរី កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០។ (រូប៖ អា.អេហ្វ.ប៉េ

តួលេខ​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​លោក ហ៊ុន សែន ជាប្រធាន បង្ហាញថា រាល់ការយល់ឃើញខុស​ដែល​រដ្ឋាភិបាល​សិង្ហបុរី​អាចមាន​ទៅលើ​ភាពស៊ីវិល័យ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ប៉ះពាល់​ដល់​ទំហំ​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរឡើយ។ ក្នុងចន្លោះ​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានរាយការណ៍ថា កម្ពុជា​ទទួលបាន​ការវិនិយោគ​តែ ៥១៧លាន​ដុល្លារ​ពី​ប្រទេសសិង្ហបុរី។ លោក សុខ អាន បានសរសេរ​កាលពី​ឆ្នាំ២០១២ ថា «ចំនួន​ធុរជន​កម្ពុជា​ទៅធ្វើ​ទស្សនកិច្ច​នៅ​សិង្ហបុរី និង​សហគ្រិន​សិង្ហបុរី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យមើល​ឱកាស​ធ្វើអាជីវកម្ម កើនឡើង​ជាបន្តបន្ទាប់»។

បីឆ្នាំក្រោយមក កូនប្រុស​របស់​លោក សុខ អាន គឺលោក សុខ ពុទ្ធិវុធ ដែលបាន​រៀបការ​ជាមួយ​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាលី បាន​ក្លាយជា​ធុរជន​ម្នាក់​ក្នុងចំណោម​ធុរជន​​កម្ពុជា​ទាំងនោះ។ នៅឆ្នាំ២០១៥ លោកបាន​បង្កើត​ក្រុមហ៊ុនមួយ​ឈ្មោះ SM Waypoint Pte., Ltd. នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​នេះ បានក្លាយទៅជា​ម្ចាស់កម្មសិទ្ធិ​របស់​ក្រុមហ៊ុន SM Waypoint Co., Ltd., ​នៅ​កម្ពុជា ដែលផ្តល់​សេវាកម្ម​លក់​យន្តហោះ​ឈ្លបយកការណ៍​ដ្រ្តូន (surveillance drones) ជូន​អតិថិជន។

មិនខុសពី​ក្រុមហ៊ុនសិង្ហបុរី​ភាគច្រើន​ដែល​វិទ្យុអាស៊ីសេរី​បាន​រកឃើញ ដែលថា​ត្រូវបាន​កាន់កាប់​ដោយ​បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ​ជនជាតិ​កម្ពុជានោះ ក្រុមហ៊ុន SM Waypoint មិនបាន​ប្រកាស​គណនី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ឡើយ។ ការណ៍​នេះ​ធ្វើឲ្យ​គេពិបាក​ដឹងឱ្យ​ប្រាកដ​ថាតើក្រុមហ៊ុននេះ​មានតម្លៃប៉ុណ្ណា។


ចំណែកតូចមួយ​នៃ​ទ្រព្យសម្បត្តិមហាសាល​របស់​ពួកគេ

ការពិបាក​ក្នុងការកំណត់​នូវទំហំរួម​នៃ​ទ្រព្យសម្បត្តិ​ជាប់ពាក់ព័ន្ធនឹង​អ្នកនយោបាយ​កម្ពុជា​នៅសិង្ហបុរី នេះ គឺជា​ដោយសារតែ​មានភាពងាយស្រួល​ក្នុងការ​កាន់កាប់​ទ្រព្យសកម្ម​ដោយ​អនាមិក​នៅក្នុង​រដ្ឋ​ដែលជាទីក្រុងមួយនេះ។ វិទ្យុអាស៊ីសេរី អាច​កំណត់អត្តសញ្ញាណ​ទ្រព្យសកម្ម​ទាំងនេះបាន​តាមរយៈ​​ទិន្នន័យអាជីវកម្ម​ផ្លូវការ​ដែល​អនុញ្ញាត​ឲ្យអ្នកប្រើប្រាស់​ស្វែងរក​ឈ្មោះ​អភិបាល​ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។

ទោះយ៉ាងណា មានវិធីជាច្រើន​ក្នុងការ​កាន់កាប់​អាជីវកម្ម និង​ទ្រព្យសម្បត្តិ​នៅ​ប្រទេសសិង្ហបុរី ដោយមិនចាំបាច់​បង្ហាញឈ្មោះ​នៅក្នុង​លទ្ធផល​នៃការស្វែងរក។ ជាឧទាហរណ៍ ច្បាប់​របស់​រដ្ឋដែលជា​កោះនេះ​អនុញ្ញាតឱ្យ​បង្កើត​ក្រុមហ៊ុន​ទិញ និង​លក់ហ៊ុន​បែបអនាមិក ដែលរួចពន្ធ និង​មិនចាំបាច់​ចុះបញ្ជី។ តាមរយៈការធ្វើដូច្នេះ បុគ្គលនានា​អាច​គ្រប់គ្រង​ទ្រព្យសកម្ម​របស់ពួកគេ​ដោយពុំចាំបាច់​ប្រកាស​កម្មសិទ្ធិ​របស់​ពួកគេ​ជាសាធារណៈ ឬដល់​អាជ្ញាធរ​នោះឡើយ។

លើសពីនេះទៀត ការដាក់ឈ្មោះ​នាយក​ និង​ម្ចាស់ភាគហ៊ុន​ជាតំណាង​ជំនួសដោយ​សិទ្ធិប្រទាន ដើម្បី​លាក់កំបាំង​ម្ចាស់កម្មសិទ្ធិដើម កំពុងតែ​ត្រូវបាន​គេនិយម​យក​មកអនុវត្ត និង​ត្រូវបានយោគយល់។

នៅពេលដែល​ព្រះអង្គម្ចាស់​នរោត្តម រ៉ាវីចក្រ ដេញថ្លៃ​មិនបាន​សម្រេច​យក​ក្លឹបបាល់ទាត់បារាំង​មួយ​ឈ្មោះ សាំង-អេទ្យែន (Saint Étienne) កាលពីឆ្នាំកន្លងទៅ ឯកសារនានា​ទទួលបាន​ដោយ​ វិទ្យុអាស៊ីសេរី បង្ហាញថា ព្រះអង្គម្ចាស់​អង្គនេះ​បាន​ធ្វើដូច្នេះ​គឺតាមរយៈ​ក្រុមហ៊ុន​សម្បក​ដែល​មាន​ឈ្មោះតែនៅលើក្រដាស​នៅសិង្ហបុរី។ ក្រុមហ៊ុននោះ​មានឈ្មោះ​ម្ចាស់កម្មសិទ្ធិ​តែនៅលើ​ក្រដាស​ជា​ពលរដ្ឋ​សិង្ហបុរីម្នាក់​ដែល​ពុំមាន​ចំណង​ទាក់ទង​ច្បាស់លាស់​ជាមួយនឹង​ព្រះអង្គម្ចាស់​អង្គនោះទេ។


Cambodia’s Prince Norodom Ravichak
ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ បញ្ចេញ​ប្រតិកម្មទៅ​នឹង​ការដេញថ្លៃ​ដ៏ចម្រូងចម្រាស​របស់​ព្រះអង្គ​យក​ក្លឹបបាល់ទាត់បារាំងមួយ ឈ្មោះ សាំង-អេទ្យែន នៅក្នុងអត្ថបទមួយ​ចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកាសែត​កីឡា​ប្រចាំថ្ងៃ​របស់​បារាំង​ឈ្មោះ ឡេគីប (L'Equipe)។

ខណៈ​ប្រទេសសិង្ហបុរី​បានអនុម័ត​ច្បាប់​​កាលពី​ខែមករា ដើម្បី​ផ្សារ​ភ្ជិត​ចន្លោះប្រហោង​នានា​ក្នុងច្បាប់​របស់ខ្លួន​ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​បញ្ចេញព័ត៌មាន​អំពី​អត្តសញ្ញាណ​នៃ​បុគ្គលដែល​តែងតាំង​ជានាយក និង​ម្ចាស់ភាគហ៊ុន​ធ្វើជា​តំណាង​ជំនួស​តាមរយៈ​សិទ្ធិប្រទាន គេត្រូវរង់ចាំមើល​ថាតើច្បាប់នេះ​នឹង​ត្រូវបាន​អនុវត្ត​យ៉ាងតឹងរឹង​ក្នុងកម្រិតណា។

ជាសង្ខេប ទឹកប្រាក់​សរុប ២៣៤លានដុល្លារ គឺគ្រាន់តែជា​ចំណែក​ដ៏តូចមួយ​នៃ​ទ្រព្យសម្បត្តិមហាសាល​របស់​បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ​កម្ពុជា​​នៅ​សិង្ហបុរី។

លោក អាលី នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាននិយាយ​ក្នុងបទសម្ភាសន៍មួយ​ជាមួយ វិទ្យុអាស៊ីសេរី កាលពីខែ​កន្លងទៅថា «ប្រសិនបើ​នេះគឺជាអ្វីដែលគេដឹង​ជា​សាធារណៈ តើនៅមានរឿងរ៉ាវ​អ្វីខ្លះ​ទៀត​ដែល​គេមិនដឹង កំពុងកើតមាន​ពីខាងក្រោយ​នោះ?»





ក្រាហ្វិក៖ រ៉យទ័រ (Reuters)/វិទ្យុអាស៊ីសេរី
-------------
កែសម្រួល​អត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ផល ណែលសិន (Paul Nelson), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
រចនាគេហទំព័រ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី

© រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​វិទ្យុអាស៊ីសេរី ឆ្នាំ២០២២