ទស្សនៈ​ជុំវិញ​ការ​ចូល​និវត្តន៍​តាម​ការ​កំណត់​អាយុ

ទស្សនៈ​ខ្វែង​គ្នា​២ កំពុង​តែ​លេច​ឡើង​ទាក់ទង​នឹង​ការ​ចូល​និវត្តន៍​តាម​កំណត់​អាយុ។ ទស្សនៈ​នេះ​បាន​កើត​ចំពោះ​បុគ្គលិក​មន្ត្រី​រាជការ​នៃ​ក្រសួង​អប់រំ ដែល​ខ្លះ​មិន​ចង់​ចូល​និវត្តន៍​ទេ​ដោយសារ​តែ​បញ្ហា​ជីវភាព។

0:00 / 0:00

តាម​ច្បាប់​ដែល​បាន​ចែង​នៅ​ក្នុង​ក្រសួង​អប់រំ ការ​កំណត់​ចូល​និវត្តន៍ គឺ​សម្រាប់​បុរស ត្រូវ​មាន​អាយុ​៦០​ឆ្នាំ ហើយ​ចំណែក​ស្ត្រី​ត្រូវ​មាន​អាយុ ៥៥​ឆ្នាំ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ថ្មីៗ​នេះ ដែល​បង្ហាញ​ថា យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​ចំនួន ១៣​រូប​នៅ​ក្នុង​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​ចូល​និវត្តន៍​តាម​ការ​កំណត់​អាយុ ដូច​ដែល​បាន​ចែង​ទុក​ក្នុង​ច្បាប់​នោះ​ទេ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ បាន​អះអាង​ថា អ្វី​ដែល​បាន​សរសេរ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កន្លង​មក​នោះ គឺ​ជា​ការពិត ព្រោះ​ថា លិខិត​នោះ​បាន​ឲ្យ​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់ ដែល​មិន​ព្រម​ចូល​និវត្តន៍​ទាំង​នោះ។

លោក រ៉ុង ឈុន បន្ថែម​ថា បន្ទាប់​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ បាន​សរសេរ​លិខិត​ទៅ​ជូន​ក្រសួង​អប់រំ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​ចូល​និវត្តន៍​តាម​ការ​កំណត់​អាយុ​មក លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​គោរព​ច្បាប់​ភ្លាម។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «លោក​នាយក​រដ្ឋមន្រ្តី​បាន​ចេញ​សារាចរ​ណែនាំ​នៅ​ថ្ងៃ​ទី​១២ មករា លេខ​០១ បន្ទាប់​ពី​សមាគម​បាន​ដាក់​លិខិត​នៅ​ថ្ងៃ​៥ ទៅ​ក្រសួង​អប់រំ​ឲ្យ​ចាត់​ការ​ជុំវិញ​បញ្ហា​អ្នក​ដែល​ពន្យារ​អាយុ​មិន​ព្រម​ចូល​និវត្តន៍​ហ្នឹង»

ការ​ទាមទារ​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​តាម​ការ​កំណត់​នេះ គឺ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង ជា​ពិសេស​ដល់​បញ្ហា​សេដ្ឋកិច្ច​របស់​មន្ត្រី​តូច​តាច​មាន​បទ​ពិសោធន៍​ល្អៗ ដែល​មន្ត្រី​ទាំង​នោះ​បាន​សិក្សា​ស្រាវជ្រាវ​កន្លង​មក។

ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច គ្រូប​ង្រៀន​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង ឈ្មោះ រដ្ឋ សារី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​ស្រុក​ដែល​អ្នកគ្រូ​បង្រៀន អ្នក​ដែល​ចូល​និវត្តន៍​តាម​ការ​កំណត់​អាយុ គឺ​មាន​ជីវភាព​យ៉ាប់​យ៉ឺន​ណាស់។

អ្នកគ្រូ រដ្ឋ សារី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មន្រ្តី​ដែល​មិន​ចង់​ចូល​និវត្តន៍ ជា​ពិសេស​លើ​វិស័យ​អប់រំ គ្រូ​បង្រៀន​បាន​ជា​មិន​ចង់​ចូល​និវត្តន៍​ហ្នឹង ព្រោះ​ថា ការ​ដែល​នៅ​បង្រៀន​ធម្មតា ធ្វើការ​ហ្នឹង ប្រាក់​ខែ​ហ្នឹង​វា​តិច ដល់​ពេល​ចូល​និវត្តន៍​ទៅ ប្រាក់​ខែ​ហ្នឹង​កាន់​តែ​តិច​ទៀត មាន​ន័យ​ថា គេ​កាត់​ពាក់​កណ្ដាល ៥០%។ អ៊ីចឹង​មន្រ្តី​ហ្នឹង​អត់​ចង់​ចូល​និវត្តន៍​ទេ ចង់​នៅ​បម្រើ​ការងារ​ទៅ​វា​បាន​ប្រាក់​បៀវត្សរ៍​ច្រើន គ្រាន់​តែ​វា​មិន​ច្រើន​អាច​ចិញ្ចឹម​រស់ វា​តិច​តួច ក៏​ប៉ុន្តែ​វា​ច្រើន​ជាង​ពេល​យើង​ចូល​និវត្តន៍»

លោក រ៉ង ឈុន បាន​មាន​ប្រសាសន៍​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​ថា លោក​យល់ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ដែរ តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​រាជការ​ទាំង​អស់​គួរ​គោរព​តាម​ផ្លូវ​ច្បាប់ ៖ «ខ្ញុំ​គិត​ថា បើ​ច្បាប់​បាន​កំណត់ ហើយ​ត្រូវ​តែ​ដល់​អាយុ​ត្រូវ​តែ​ចូល​និវត្តន៍។ ខ្ញុំ​គិត​ថា អ្នក​ដែល​ថា មាន​សមត្ថភាព​ខ្លាំង ពេល​ដែល​គាត់​ចូល​និវត្តន៍​ទៅ យើង​អាច​ឲ្យ​គាត់​ប្រឹក្សា​សម្រាប់​អ្នក​ក្មេងៗ​បន្ត​វេន​បន្ត​ទៅ​ទៀត​ទៅ​អាហ្នឹង​វា​ជា​ការ​ល្អ​ដែរ ជៀសវាង​ទុក​ឲ្យ​មន្រ្តី​នៅ​យូរ​ទៅ ហើយ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង យើង​គិត​ថា គាត់​អត់​បាន​មាន​ឱកាស​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ ការងារ​អី​ហ្នឹង»

បើ​តាម​សម្តី​របស់​លោកគ្រូ សម ទិត គ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចូល​និវត្តន៍​មន្រ្តី​ទាំង​អស់ ជា​ពិសេស​មន្ត្រី​នៃ​ក្រសួង​អប់រំ អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​បន្ត​បទពិសោធន៍ និង​ចំណេះ​ដឹង​ទូទៅ ដល់​មនុស្ស​ជំនាន់​ក្រោយ តាម​ស្ថាប័ន​រដ្ឋ​និង​ឯកជន ដូចជា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម។

លោកគ្រូ សម ទិត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពេល​ដែល​ចូល​និវត្តន៍​ហ្នឹង មាន​ន័យ​ថា គាត់​មាន​ឱកាស​នឹង​ធ្វើការ​តាម​អង្គការ ធ្វើការ​តាម​សហគមន៍ ឬ​ធ្វើការ​តាម​ក្រុម​ផ្សេងៗ អង្គការ​ផ្សេងៗ ដែល​គាត់​អាច​ធ្វើ​កិច្ចការ​បាន។ ហើយ​ជួនកាល​គាត់​ចូល​និវត្តន៍​មែន ប៉ុន្តែ​គេ​នៅ​ត្រូវការ​គាត់ ដូច​ថា គាត់​ទៅ​ជា​ជំនួយ ទៅ​ជា​អ្នក​ជួយ​ជា​ទីប្រឹក្សា ជា​អ្នក​ផ្ដល់​សម្រាប់​មនុស្ស​ដែល​ធ្វើការ​បន្ទាប់​ពី​គាត់»

លោកគ្រូ សម ទិត បាន​បន្ថែម​ថា តែ​បើ​មន្ត្រី​ដល់​កំណត់​ចូល​និវត្តន៍ ហើយ​មិន​ព្រម​ចូល​និវត្តន៍​នោះ ផលវិបាក​អាច​ផ្នែក​សេដ្ឋកិច្ច​និង​ការ​ចែក​រំលែក​បទ​ពិសោធន៍ នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដល់​មនុស្ស​ជំនាន់​ក្រោយ។

លោក សម ទិត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​សិន​ជា​គាត់​អត់​ចេញ ការងារ​ហ្នឹង គេ​អត់​ត្រូវការ​ហ្នឹង​គេ​អត់​ត្រូវការ​រើស​ថែម​ទេ តំណែង​គាត់​ហ្នឹង​ត្រូវ​កាន់​រហូត អ៊ីចឹង​ក្មេងៗដែល​ត្រូវ​ចប់​ហ្នឹង អត់​មាន​ការងារ​ធ្វើ​ច្រើន​ជាង។ ការពិត​មនុស្ស​ត្រូវ​តែ​បង្រៀន​មនុស្ស​ដទៃ​ទៀត​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ ប្រសិន​បើ​មិន​ទុក​ឱកាស​សម្រាប់​ឲ្យ​អ្នក​ដទៃ​ធ្វើ​កិច្ចការ​កន្លែង​ហ្នឹង​ជំនួស​គាត់​ហ្នឹង បើ​សិន​ជា​គាត់​ដួល​នៅ​ថ្ងៃ​ណា​មួយ​ទៅ ការងារ​ហ្នឹង​ត្រូវ​ស្ទះ ព្រោះ​អត់​មាន​នរណា​អាច​ធ្វើ​បាន។ បើ​យើង​គិត​ថា គាត់​អាយុ ៦០ មិន​ទាន់​ដល់​ពេល​ទេ មិន​ទាន់​អាច​សម្រាក​បាន​ទេ យើង​គិត​ឲ្យ​គាត់​ធ្វើ ឲ្យ​គាត់​ធ្វើ ហើយ​អ្នក​នៅ​ខាង​ក្រោយ​មិន​អាច​ធ្វើ​កិច្ចការ​កន្លែង​គាត់​ហ្នឹង​បាន ធ្វើ​បាន​ក៏​ត្រូវការ​ចំណាយ​ពេល​យូរ​ដែរ»

តើ​មនុស្ស​ជំនាន់​ក្រោយ មក​ទល់​ពេល​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ក្នុង​ការ​ទទួល​យក​មុខ​នាទី​ដែល​មន្ត្រី​ជំនាន់​មុន នឹង​បន្សល់​ទុក​ឲ្យ​នោះ? លោក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ រ៉ុង ឈុន បាន​បញ្ជាក់​ថា មនុស្ស​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ គឺ​មាន​គុណ​ប្រយោជន៍​ទាំង​អស់​គ្នា តែ​មនុស្ស​ជំនាន់​ក្រោយ ហាក់​ទាន់​សម័យ​ជាង មនុស្ស​ជំនាន់​មុន​បន្តិច។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​សមត្ថភាព​មនុស្ស​ជំនាន់​បន្ត​បន្ទាប់ ពីព្រោះ​គាត់ បើ​គិត​ធៀប​ទៅ​នឹង​មនុស្ស​ជំនាន់​មុន គឺ​មាន​ការ​អប់រំ​មាន​លក្ខណៈ​ទំនើប ដូច​ជា​ប្រើ​កុំព្យូទ័រ ឬ​មួយ​មាន​ប្រព័ន្ធ​អេឡិចត្រូនិក​ហ្នឹង​ទំនើប ប៉ុន្តែ​មនុស្ស​ជំនាន់​ចាស់​ក៏​មិន​អន់​ដែរ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា គាត់​នឹង​មាន​សមត្ថភាព​បន្ត​វេន​ចំពោះ​ចាស់ៗ​ដែល​ចូល​និវត្តន៍»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​នេះ គ្រូ​បង្រៀន​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​បណ្តុះ​បណ្តាល​មនុស្ស​ជាតិ​ខ្មែរ​ជំនាន់​ក្រោយ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ណា ដល់​បញ្ហា​ក្រពះ​របស់​អ្នក​ដែល​ត្រួស​ត្រាយ​ផ្លូវ​ដល់​ក្មេង​ជំនាន់​ក្រោយ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​តែ​ចូល​និវត្តន៍​តាម​ការ​កំណត់​នៃ​ច្បាប់?៕