រំលងទៅមាតិកាចម្បងស្រ្ដីម្នាក់ចោទមន្ត្រីជលផលវាយតប់កូនប្រុសខ្លួនទម្លាក់ទឹកបណ្ដាលឱ្យលង់ស្លាប់
លោកស្រី ស៊ែម មាស ពលរដ្ឋរស់នៅទំនប់៩៤ដែលកំពុងរងគ្រោះពីទឹកជំនន់លិចផ្ទះ ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្នើទៅមន្ត្រីពាក់ព័ន្ធ ឱ្យជួយរកយុត្តិធម៌ឱ្យកូនប្រុសឈ្មោះ សេក បរិ អាយុ២០ឆ្នាំ ដែលបានស្លាប់កាលពីជិត៣ខែមុន។ លោកស្រីថា កាលពីថ្ងៃទី២០ ខែកក្កដា កូនប្រុសលោកស្រី ដែលជាកម្មកររោងចក្រ និងជាអ្នកចម្រៀងតាមអកកេះ បានស្លាប់ បន្ទាប់ពីចេញទៅឆក់ត្រីជាលើកដំបូងជាមួយយុវជនម្នាក់តាមប្រឡាយជិតៗផ្ទះ ហើយត្រូវបានមន្ត្រីជលផលមានគ្នា៦នាក់ ចុះទៅចាប់ទាំងកម្រោល ដោយមានការប្រតាយប្រតប់ទៅលើយុវជនទាំងពីរ។ លោកស្រីថា កូនប្រុសលោកស្រីស្លាប់ដោយមានស្លាកស្នាមជោគលើដងខ្លួន និងមិនមែនជាករណីលង់ទឹកស្លាប់ដោយខ្លួនឯង ដូចការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចឡើយ ខណៈជនរងគ្រោះក៏ជាអ្នកចេះហែលទឹកស្ទាត់ជំនាញដែរនោះ៕