កំណាព្យ៖ គួរ​គេង​គិត​និង​កុំ

ដោយ ព្រាប ចាន់ខាន់ (Chantkhan Preap) ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

១. ចៅ​អើយ​គួរ​គេង​គិត​និង​កុំ តាម​ពាក្យ​បណ្ដាំ​ពី​ដូនតា
គិត​រ៉ាយរ៉ាប់​ប្រាប់​អាវ៉ា អាន​អក្ខរា​សស្ត្រា​ស្លឹករឹត។

២. ចៅ​អើយ​គួរ​គេង​គិត​រំពៃ គួរ​ស្គាល់​តម្លៃ​នៃ​ជីវិត
គួរ​ដឹង​រាក់​ជ្រៅ​ខុស​ត្រូវ​ពិត​ គួរ​យល់​សុចរិត និង​បាបកម្ម។

៣. គួរ​ប្រមូល​មិត្ត​កាត់​សត្រូវ គួរ​ដើរ​តាម​ផ្លូវ​ប្រកាន់​ស្ដាំ
គួរ​ដើរ​គន្លង​ដូន​តា​ផ្ដាំ គួរ​ត្រាច់​ចំណាំ​មាគ៌ា​ល្អ។

៤. គួរ​ស្គាល់​ឲ្យ​ច្បាស់​ពី​កិច្ចការ គួរ​ខំ​ឧស្សាហ៍​ក្រែង​ខ្លួន​ក្រ​
គួរ​ប្រុងប្រៀប​ប្រាណ​ឲ្យ​បាន​ល្អ គួរ​កាន់​ព្រះធម៌​ចិត្ត​ខន្តី។

៥. គេង​ឲ្យ​រវៀស​រហ័ស​ប្រាណ គេង​ប្រៀប​ប្រមាណ​រឿង​វែង​ខ្លី
គេង​ស្រណោះ​ពេល​មាន​តម្លៃ​ គេង​ស្ដាយ​វេលា​ជា​មាស​ប្រាក់។

៦. គេង​កល់​ខ្នល់ខ្នើយ​កើយ​សញ្ជឹង គេង​បូក​ដក​ចែក​លេខ​អត្ត
គេង​ស្អែក​ក្រោក​ឡើង​ខំ​សស្រាក់ គេង​ត្រាប់​កិច្ចការ​កុំ​ទម្រន់។

៧. គេង​នឹក​ប្រយោជន៍​ក្រែង​និរាស គេង​ខ្លាច​គេ​ជៀស​លឿន​ទៅ​មុន
គេង​ខ្លាច​កិច្ចការ​ថ្លោះ​ស៊យ​ស៊ុន គេង​ហើយ​ប្រឹង​ប្រិត​ពិចារណា។

៨. គេង​គូ​ឲ្យ​ជាប់​ឲ្យ​គប្បី គិត​វែង​គិត​ខ្លី​ឲ្យ​ពិស្ដារ​
គិត​ដល់​បង​ប្អូន​គិត​អាត្មា គិត​សព្វ​ប្រការ​ឲ្យ​បាន​ច្បាស់។

៩. គិត​ថ្ងៃ​ទៅ​មុខ​អនាគត គិត​ប្រឹង​ប្រយុទ្ធ​សម្រាប់​ចាស់
គិត​ទាន់​នៅ​ក្មេង​កុំ​ឲ្យ​ខ្វះ គិត​គ្រប់​កិច្ចការ​កុំ​ឲ្យ​សល់។

១០. គិត​កូន​ប្រពន្ធ​ខ្ញុំ​កំដរ គិត​អរិយធម៌​​មាន​តម្កល់
គិត​ស្វែង​រក​ធម៌​ព្រះ​បន្ទាល់ គិត​ហើយ​សឹម​គូ​ណា​ពុំ​ងារ។

១១. កុំ​ឲ្យ​ហ៊ឺហា​ក្រែង​នាំ​ក្រ​ កុំ​ឲ្យ​ទុច្ចរិត​ចិត្ត​ឫស្យា​
កុំ​ឲ្យ​កុហក​ពាក្យ​មុសា កុំ​ឲ្យ​ចោល​ម្សៀត​ឃ្លាត​ញាតិ​មិត្ត។

១២. កុំ​ឲ្យ​កោងកាច​កេងប្រវ័ញ្ច កុំ​ឲ្យ​កំណាញ់​និង​ទុច្ចរិត
កុំ​ឲ្យ​សេពគប់​ក្រុម​ទ្រុស្ត​មិត្ត​ កុំ​ឲ្យ​ប្រព្រឹត្ត​អបាយ​កម្ម។

១៣. កុំ​ភ្លេច​សន្សំ​លុយ​មាស​ប្រាក់ កុំ​ភ្លេច​ពាក្យពេចន៍​តា​បាន​ផ្ដាំ
កុំ​ភ្លេច​ឲ្យ​ទាន​អ្នក​ឃ្លាន​ញ៉ាំ កុំ​ភ្លេច​ម្ដាយ​ឪពុក​អ្នក​មាន​គុណ៕