១. សម្លកកូររបស់ខ្មែរ មិនថាក្រុងស្រែចូលចិត្តក្រៃ
ក្នុងមួយអាទិត្យហូបពីរថ្ងៃ ម៉ែស្លផ្ទាល់ដៃឆ្ងាញ់ខ្លាំងណាស់។
២. សម្លកកូររបស់ខ្មែរ គ្រឿងគ្រៅផ្សំផ្សែច្រើនស្អេកស្កះ
បន្លែក្នុងភូមិមានមិនខ្វះ កូនចាំឱ្យច្បាស់កុំច្រឡំ។
៣. រមៀតរំដេងគល់ស្លឹកគ្រៃ កូនស្រីលកលៃឱ្យស័ក្ដិសម
ថែមអង្ករលីង[1]ច្បាស់ជាហំ ប្រហុកផ្សែផ្សំឆ្ងាញ់ពិសា។
៤. កកូរផ្លែត្នោតឆ្ងាញ់ពិសេស លាយបន្លែច្រេសឆ្ងាញ់ម្ល៉េះណា
បានបង់ស្លឹកម្រុមមិនធម្មតា ឆ្ងាញ់ខ្លាំងអស្ចារ្យណាកូនស្រី។
៥. ផ្កាកណ្ដឹងគោ[2]លាយនឹងត្រប់ បន្លែគ្រប់សព្វស្លនឹងត្រី
ឬក៏ស្លសាច់ទុកជូនប្ដី កូនមានសេរីប្ដីស្នេហ៍ស្និទ្ធ។
៦. កកូរសាច់មាន់ឬសាច់ជ្រូក ហុតឮសូរគ្រូកព្រោះចាប់ចិត្ត
ឯផ្កាក្រសាំងចូលកៀកកិត ថ្នាក់ថ្នមផ្ដេកផ្ដិតនឹងផ្កាល្ហុង។
៧. បើកូនចង់ឆ្ងាញ់ត្រូវផ្សំគ្រឿង សម្លកូនសឿងល្បីដល់ក្រុង
ភាសាបារាំងឆ្លើយថាបុង[3] អ្នកក្រៅអ្នកក្នុងពោលសរសើរ។
៨. ឱះឱ! កូនស្រីសម្លាញ់ម្ដាយ ទោះជិតឬឆ្ងាយដែលកូនដើរ
សម្លកកូរខុសប្រហើរ មិនត្រូវញ៉ាំញ៉ើរឿងដាំស្ល។
៩. កូនចៅស្រីៗម្ដាយផ្ដែផ្ដាំ កំណត់ចំណាំធ្វើបន្ត
នេះជាដំណែលច្រើនដំណ ជាម្ហូបកម្រមានក្នុងលោក៕
[1] អង្ករយកទៅលីងឱ្យឆ្អិតកុំឱ្យខ្លោចពេក គេបុក ឬកិន ប្រើក្នុងពេលស្លកកូរ។
[2] វល្លិមួយប្រភេទស្លឹកស្រដៀងនឹងទំពាំងបាយជូរ ផ្កាចងចង្កោមពណ៌សលាយស្វាយ ជាបន្លែកកូរ។
[3] ពាក្យខ្ចីពីបារាំង មានន័យថាល្អ។
