១. ពាក្យជួញពាក្យជួយ តើពាក្យមួយៗ មានន័យយ៉ាងណា
ដើម្បីឱ្យច្បាស់ ក្មេងចាស់សិក្សា ត្រូវប្រើប្រាជ្ញា
ពិនិត្យសេចក្ដី។
២. ពាក្យជួញប្រែថា ចង់បានផ្លែផ្កា របស់អ្វីៗ
ឱ្យបានផលច្រើន កើតកើនសាថ្មី សេះគោក្របី
ត្រីសាច់អង្ករ។
៣. គេដាក់ដើមចូល ចង់បានចំណូល រីកលូតបន្ត
បើគេហ៊ានចាយ ចំណាយ ក ខ គេគិតថា អ
មុខតែបានអញ។
៤. ហ៊ានចំណាយដើម មើលឃើញដល់ថ្លើម ស្គាល់ផ្ទក់ស្គាល់ក្រាញ់
ហុតទឹកមើលកាក ពិបាកនឹងចាញ់ អ្នកជួញមុខខ្លាញ់
ស៊ីឆ្ងាញ់ខ្លាំងណាស់។
៥. ធ្វើជាចំណាយ ហ៊ានស៊ីហ៊ានចាយ គេមើលឃើញច្បាស់
មើលឃើញច្រកចេញ ចំណេញក្រៃក្រាស់ ជួនកាលខាតខ្លះ
តែចំណេញយូរ។
៦. រីឯពាក្យជួយ ជំរុញលើកស្ទួយ ចង់ឱ្យគេធូរ
ផ្ដល់ជាគំនិត រួមគិតរួមគូរ ប្រៀបដូចជាគ្រូ
បង្រៀនឱ្យចេះ។
៧. ពាក្យជួយនេះណា ក្នុងចិត្តប្ដេជ្ញា គឺមិនគេចវេះ
ឱ្យជាកម្លាំង តតាំងកិលេស[1] បង្កើនចំណេះ
ឱ្យដូចបំណង។
៨. ធ្វើឱ្យគេស្រួល មិនមែនបបួល ហើយទាសំណង
ធ្វើដោយសុទ្ធចិត្ត ទោះល្អិតប៉ុនល្អង គ្មានឡើយសៅហ្មង
នឹងរឿងគុណស្រ័យ។
៩. សរុបមកវិញ ជួញគឺលក់ទិញ ក្នុងចិត្តស្រមៃ
ថាមានចំណូល ហូរចូលរាល់ថ្ងៃ បង្កើនកម្រៃ
សម្រាប់ខ្លួនគេ។
១០. ចំណែកខាងជួយ ប្រឹក្សាជំនួយ ធ្វើមិនទំនេរ
គ្មានគិតចំណេញ ចូលចេញអ្វីទេ គ្មានឡើយងាករេ
ទន់ទេព្រោះលាភ៕
[1] សេចក្ដីសៅហ្មង
