(បទកាកគតិធម្មតា)
១. បែបបទចម្រៀង លន្លោចសូរ្យសៀង រណ្ដំពីរោះ
កំណាព្យកាព្យឃ្លោង លំដាប់កិត្តិយស សំដៅឈានឆ្ពោះ
បន្ថយស្ត្រែះរោគ។
២. សាមុតសុទ្ធា កម្មកាចវេរា បានលាចាកលោក
ខ្មេះខ្មោចអាវខ្មៅ អស់ខ្មែរគគោក ក្ដោបក្ដាប់ជ័យជោគ
ទោសទុក្ខសាសន៍ឯង។
៣.ប៉ែន រ៉ន សុស ម៉ាត់ អ៊ិន យ៉េងបង់បាត់ ណារីស្ញប់ស្ញែង
ហុកសេងល្បីល្បាញ ពេលច្រៀងសម្ដែង សំឡេងអង្វែង
ខ្មែរស្គាល់ស្នាដៃ។
៤. ម្ចាស់ស្លាប់ចោលបទ ប្រជាប្រាកដ ពីរោះសម័យ
ជាង៥០ឆ្នាំ សោភ័ណថ្លាថ្លៃ អាឡោះអាល័យ
ក្រអៅក្រអួន។
៥.បទស្លាប់ចោលម្ចាស់ ណាយប្រាកដណាស់ ត្បិតមិនមាំមួន
មួយឆាវមួយខែ យុវអង្រួន ទិញ២ ៣ ៤
រលប់រលាប។
៦. រត់តាមអ្នកស្ដាប់ ន័យមិនចំណាប់ ព្រឺសំឡេងព្រាប
ថ្ងូរផងរាប់ផង ចុងជួនជ្រុះជ្រាប ដំណើររោលរាប
មិនលង់អារម្មណ៍។
៧. កើតភ្លែតស្លាប់ភ្លាម មិននៅទីមទាម ចាប់ឆ្នោតច្រឡំ
ចាក់ផ្សាយចេញលក់ ហ៊ឺហាហាក់ហំ ស្អុះស្អាប់តែស្អំ
មនុស្សទាន់សម័យ។
៨. ម្ចាស់ស្លាប់បទរស់ មិនឈ្មុលមានឈ្មោះ តម្លាតម្លៃ
អាយុយូរឆ្នាំ ទឹកដមទឹកដៃ កេរកាលកែច្នៃ
លន្លង់ជាប់ចិត្ត។
៩. ម្ចាស់រស់បទស្លាប់ ដូចឃើញមានស្រាប់ គ្មានអ្វីផ្ដេកផ្ដិត
ប្រៀបដូចជាផ្សែង ក្លិនមិនឈ្ងុយឆ្ងិត អត្ថន័យកម្រិត
រស់មិនយូរឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
