​វេទិកា​អ្នក​ស្ដាប់៖ តើ​​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ២សែន​រៀល ជា​ការ​ជំនួស​ក្រដាស​ប្រាក់ដាច់​ខូចខាត​ពិត​ប្រាកដ ឬជា​សញ្ញា​បង្ហាញ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី២២ ខែតុលា​ បាន​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​បោះ​ពុម្ព និង​ធ្វើ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ២សែន​រៀល របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

លោក សម រង្ស៊ី អះអាង​ថា ការ​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​ក្នុង​តម្លៃ​ប្រមាណ ១ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដាក់​ឱ្យ​ចរាចរ​​ពេល​នេះ គឺ​ជា​សញ្ញា​មួយ​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ដួល​រលំ​ថែម​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី១៦ ខែតុលា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បោះ​ពុម្ព និង​ឲ្យ​ធ្វើ​ចរាចរ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២សែន​រៀល ឬ​ស្មើនឹង ៥០ដុល្លា ចំនួន ២០លាន​សន្លឹក។ រដ្ឋាភិបាល​ថា ការ​បោះ​ក្រដាស​ប្រាក់​បន្ថែម​នេះ គ្រាន់តែ​ដើម្បី​ជំនួស​ក្រដាស​ប្រាក់​ចាស់​ខូច​ដាច់ដោច​តែ​ប៉ុណ្ណោះ តែ​មេ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​សេដ្ឋកិច្ច​ផង​ថា នេះ​គ្រាន់តែ​ជា​លេស​បិទបាំង​តម្រូវការ​សាច់​ប្រាក់​ខ្លាំង​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤៕