កញ្ញា សួន ទៀង ជាក្រុមមួយនៃសកម្មភាពប្រជាជនដើម្បីការផ្លាស់ប្ដូរ បានថ្លែងថា ដើម្បីប្រារព្ធនូវការរំឭក និងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានកោះពេជ្រចំនួន ១០០ថ្ងៃមកហើយ នៅព្រឹកថ្ងៃអង្គារ ទី១ ខែមីនា មានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាធ្វើចង្ហាន់ទៅវត្ត និមន្តព្រះសង្ឃបង្សុកូល និងអុជធូប ធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅខាងមុខស្ពានកោះពេជ្រ ៖ «អ៊ីចឹងក៏រួមគ្នាទៅគោរពវិញ្ញាណក្ខន្ធឧទ្ទិសកុសលផលបុណ្យជូនគាត់ដែលបានស្លាប់ទៅហ្នឹង»។
កម្មការិនីម្នាក់ កញ្ញា ឆេង ហ៊្វន អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល ដែលបានរួចផុតជីវិតពីលើស្ពានកោះពេជ្រនោះដែរ បានឲ្យដឹងថា នាងមានការសោកស្ដាយណាស់ដែលនាងមិនអាចចូលរួមពិធីនោះ ដោយសារនាងពុំទាន់ជាសះស្បើយ។
កញ្ញាបន្តទៀតថា ៖ «ឧទ្ទិសកុសលឲ្យគេហ្នឹង នឹកឃើញថា ស្ដាយក្រោយ មិនគួរពួកខ្ញុំទៅហ្នឹងទេ។ ព្រឹកមិញ (១ មីនា) ហ្នឹង និយាយជាមួយបងមិត្តភ័ក្ដិខ្ញុំស្លាប់ដែរហ្នឹង នឹកឃើញថា ធ្វើម៉េចបើអ៊ីចឹងហើយ។ ខ្ញុំទៅដាក់ច្បាប់ត ចូលឆ្នាំហើយបានទៅធ្វើ ប៉ុន្តែមិនដឹងដើររួចមិនរួច រដ្ឋបាលគេថា បើអត់ជឿពូទៅសួរអ្នកធ្វើការដូចគ្នាទៅ មិនមែនគេរង់ចាំថែរក្សាឈ្មោះហ្នឹងមួយទេ»។
ឆ្លៀតក្នុងឱកាសនេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានមតិថា លោកមានការសោកស្ដាយណាស់ចំពោះអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ជាពិសេសកម្មករ កម្មការិនីដែលពេញកម្លាំងធ្វើការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក អាត់ ធន់ មានប្រសាសន៍ទៀតថា ៖ «គោលបំណងសំខាន់នៃការរៀបចំឲ្យមានខួប ១០០ថ្ងៃនៃអ្នកស្លាប់ពីព្រឹត្តិការណ៍នេះ ដោយសារព្រឹត្តិការណ៍រន្ធត់ពេក វាធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សច្រើន ដែលមិនគួរឲ្យមាន។ យើងគិតថា វាជាការទទួលខុសត្រូវនៅក្នុងការរៀបចំឲ្យមានកន្លែងកម្សាន្ត ឲ្យមានស្តង់ដារ ធានាសុវត្ថិភាពឲ្យបានត្រឹមត្រូវ»។
នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតដែលបានកើតឡើងនៅលើស្ពានកោះពេជ្រ ដោយសារភ័យស្លន់រត់ជាន់គ្នា នៅក្នុងថ្ងៃទី៣ នៃការប្រារព្ធពិធីបុណ្យអុំទូក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបង្កឲ្យមានអ្នកស្លាប់ចំនួន ៣៥៣នាក់ និងរបួស ៣៩៣នាក់៕
