អធិការស្រុកឆ្លូង គឺលោក ហុង សុកលី បានឲ្យដឹងពីការលិចទូកដនោះថា មកពីមនុស្សឡើងជិះហួសចំណុះ ៖ «១៧នាក់ ក្មេងតែ២នាក់ទេ។ ការលិចហ្នឹងវាជិះលើសចំណុះ ហើយម្ចាស់ទូកដថាឃាត់ដែរ ដល់ពេលជិះៗកឿង ប៉ុន្តែដល់ពេលវាកឿងអ៊ីចឹងទៅ នាំគ្នាចុះរុញទៅ កម្មករដហ្នឹងចុះរុញ គ្រាន់តែរុញផុតពីច្រាំងមក ទូកវាជ្រុលទៅមុខប្រហែលជា៥ម៉ែត្រ លិចនៅនឹងកន្លែងតែម្ដង។ ឥឡូវរកឃើញវិញអស់ហើយ បាត់តែម៉ូតូ៩គ្រឿង»។
លោកអធិការស្រុកឲ្យដឹងបន្ថែមថា ក្រោយកើតហេតុការណ៍នេះម្ចាស់ទូកដក៏រត់គេចខ្លួនបាត់ដែលលោក ឈឺន រិទ្ធ មន្ត្រីនៃអង្គការ KAFDOC បានលើកឡើងថា គួរតែស្វែងរកម្ចាស់ទូកដឲ្យមកទទួលខុសត្រូវចំពោះការស្លាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារខ្វះការការពារសុវត្ថិភាព។
លោក ហុង សុកលី បានបញ្ជាក់ថា ៖ «ម្ចាស់ទូកដខ្លួនឯងត្រូវតែមានឧបករណ៍ជួយសង្គ្រោះ។ ធម្មតាអាជ្ញាធរនិងសមត្ថកិច្ចត្រូវតែតាមរកម្ចាស់ទូកដយកមកផ្ដន្ទាទោស យើងអត់អាចគេចផុតពីការទទួលខុសត្រូវទេ។ ដាក់សំណូមពរទៅអាជ្ញាធរនិងសមត្ថកិច្ចត្រូវតាមរកឲ្យឃើញ ហើយអាជ្ញាប័ណ្ណដែលទទួលទូកដហ្នឹងយ៉ាងម៉េច? ថាមានអាជីវកម្មពិតប្រាកដ អាជីវកម្មហ្នឹងត្រឹមកម្រិតណា? ត្រឹមឃុំ ឬក៏ត្រឹមខេត្ត ឬក៏ស្រុក ឬក៏ខាងអ្នកណាទទួលខុសត្រូវ?»។
លោក ខាំ ភឿន អភិបាលខេត្តក្រចេះ បានផ្តល់សម្ភាសន៍ថា ទូកដនេះពុំមានចុះកិច្ចសន្យាអាជីវកម្មជាមួយអាជ្ញាធរខេត្តឡើយ ប៉ុន្តែលោកនឹងពិនិត្យមើលឡើងវិញម្តងទៀតនូវការចុះកិច្ចព្រមព្រៀងជាមួយឃុំស្រុក។
លោក ខាំ ភឿន បានមានប្រសាសន៍ថា ៖ «យើងក៏បានជួយការចេញថ្លៃស្រង់ទឹក...។ តាមពិតវាមិនមានទេ អាចសុំនៅថ្នាក់ឃុំថ្នាក់អីហ្នឹងណា៎ គ្រាន់តែចម្លងបណ្ដោះអាសន្នពេលទឹកឡើង។ អាហ្នឹងយើងចាំមើលកិច្ចសន្យាឡើងវិញយ៉ាងម៉េច!»។
គួរជម្រាបជូនផងដែរថា ការធ្វើអាជីវកម្មទូកដកន្លងមកនេះមិនត្រូវបានអាជ្ញាធរត្រួតពិនិត្យនិងផ្តល់នូវការថែររក្សាសុវត្ថិភាពសម្រាប់អ្នកដំណើរឡើយ។
លោក ធុន គ្រី អភិបាលរងខេត្តបានបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំឧបត្ថម្ភម្នាក់មួយលានរៀលដល់ជនរងគ្រោះ។
នៅខេត្តក្រចេះក្នុងអំឡុងពេលទឹកជំនន់លិចវាលលិចព្រែក គេច្រើនប្រើទូកជាមធ្យោបាយចម្លង ដែលមន្ត្រីអង្គការក្រៅរដ្ឋាភិបាលស្នើសុំឲ្យមានការត្រៀមពោងការពារទាំងអ្នកជិះ ទាំងអ្នកធ្វើអាជីវកម្ម៕