ព្រៃ​រនាម​២០០​ហិកតារ​រង​ការ​ដុត​បំផ្លាញ​នៅ​ខែត្រ​ពោធិ៍សាត់

ព្រៃ​រនាម​ដែល​ជា​ប្រភេទ​ព្រៃ​លិច​ទឹក​ប្រមាណ ២០០​ហិកតារ​នៅ​ក្នុង​ភូមិ​រាំងទិល ឃុំ​រាំងទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បាន​រង​ការ​ដុត​បំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ ដែល​គេ​សង្ស័យ​ថា​ជា​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជា​អ្នក​បង្ក។

0:00 / 0:00

ប្រធាន​សហគមន៍​នេសាទ​ភូមិ​ព្រែក ដែល​ជា​ភូមិ​មួយ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ភូមិ​រាំងទិល គឺ​លោក ព្រហ្ម សេន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ឧសភា ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​បំផ្លាញ​ព្រៃ​លិច​ទឹក​ប្រមាណ ២០០​ហិកតារ​នៅ​ក្នុង​ភូមិ​រាំងទិល។

លោក ព្រហ្ម សេន បាន​បញ្ជាក់​ថា ៖ «នៅ​ភូមិ​ខ្ញុំ​មាន​ភ្លើង​ឆេះ​ព្រៃ ឆេះ​ប្រហែល ២០០​ហិកតារ ប្រភេទ​ព្រៃ​លិច​ទឹក មាន​ដើម​រាំង ដើម​ផ្ទោល ត្អួ​អី​ហ្នឹង! គ្រប់​ប្រភេទ​ព្រៃ​ៗ​លិច​ទឹក។ ភ្លើង​ដែល​ឆេះ​ហ្នឹង ឆេះ​ដោយ​មាន​គេ​ដុត ប៉ុន្តែ​គ្រាន់តែ​យើង​មិន​ដឹង​នរណា​ដុត! មាន​ខាង​ជល​ផល​អី​គាត់​មក​ត្រួត​ពិនិត្យ​មើល​ដែរ តែ​មិន​អាច​ពន្លត់​បាន រហូត​ដល់​ភ្លៀង​មក​រលត់​ខ្លួន​ឯង​តែម្ដង!»

ភូមិ​រាំងទិល​គឺ​ជា​ភូមិ​នេសាទ​មួយ​មាន​ភូមិ​សាស្ត្រ​ប្រប​នឹង​មាត់​បឹង​ទន្លេ​សាប គឺ​ជា​ភូមិ​ដែល​សំបូរ​ដោយ​ព្រៃ​រនាម ដែល​ជា​ប្រភេទ​ព្រៃ​សម្រាប់​ឲ្យ​មច្ឆា​ជាតិ​ធ្វើ​សំបុក​ពង​កូន នា​រដូវ​បិទ​នេសាទ​ជា​រៀងរាល់​ឆ្នាំ។

អធិការ​នគរបាល​ស្រុក​កណ្ដៀង គឺ​លោក ឈន រិទ្ធិ មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បង្ហាញ​ថា ការ​ឆេះ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ដុត​របស់​ជន​មិន​ស្គាល់​មុខ ដែល​ប្រកប​របរ​រកស៊ី​តាម​មាត់​បឹង​ទន្លេ​សាប ដូច​ជា​នេសាទ​ត្រី ចាប់​សត្វ និង​រក​ឃ្មុំ​ជាដើម មិន​មែន​ជា​ការ​ដុត​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ស្រែ​នោះ​ទេ។

លោក ឈន រិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាជន​ហ្នឹង​ខ្លះ​ទៅ​រក​អី​ៗ​នៅ​ព្រៃ​ហ្នឹង គាត់​ដុត​ទៅ! ជួនកាល​គេ​ដុត​ទៅ ក៏​វា​រាល​អ៊ីចឹង​ទៅ! ប៉ុន្តែ​យើង​រក​មុខ​សញ្ញា​វា​អត់​ឃើញ​ទេ ព្រោះ​ពេល​ទៅ​ធ្វើ​ហ្នឹង​វា​នៅ​ក្នុង​ព្រៃ​អ៊ីចឹង​ណា៎!»

លោក ឯក ចំរើន មន្ត្រី​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ដែល​ជា​សម្ព័ន្ធ​ភាព​នៃ​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ កំពុង​ធ្វើ​ការ​ផ្ដោត​ទៅ​លើ​បញ្ហា​ធនធាន​ធម្មជាតិ បរិស្ថាន និង​ជលផល​ជុំវិញ​បឹង​ទន្លេ​សាប សម្ដែង​ការ​សោក​ស្ដាយ​ព្រៃ​ឈើ​ដែល​ឆេះ​នេះ​យ៉ាង​ខ្លាំង។ លោក​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ការពារ​ភ្លើង​ឆេះ​ព្រៃ​បន្ថែម​ទៀត និង​ចាប់​ជន​ល្មើស​មក​ផ្តន្ទា​ទោស។

លោក ឯក ចំរើន បាន​អះអាង​ថា ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​គេ​ស្រាវជ្រាវ​ប្រហែល​ឃើញ ព្រោះ​ទាក់ទង​មក​អ្នក​ដែល​កាប់​ព្រៃ... បើ​សិន​ជា​សមត្ថកិច្ច​ស្រាវជ្រាវ​រក»

ឯកសារ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្ត​នេះ​មាន​ព្រៃ​លិច​ទឹក​ប្រមាណ ៥០.៣៨៥​ហិកតារ ស្ថិត​ក្នុង​ភូមិ​ចំនួន ១៥ នៃ​ស្រុក​ចំនួន ៣ គឺ​ស្រុក​កណ្ដៀង ស្រុក​បាកាន និង​ស្រុក​ក្រគរ ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ចំនួន ២.៧៨៩​គ្រួសារ គិត​ជា​ចំនួន​មនុស្ស​មាន ១៥.៣០២​នាក់។តំបន់​នេះ​គឺ​ជា​ជម្រក​នៃ​ជីវ​ចម្រុះ សត្វ និង​រុក្ខ​ជាតិ​យ៉ាង​សំខាន់។ ជាង​នេះ​ទៅ​ទៀត វា​ជា​ទី​ជម្រក​ពង​កូន​សម្រាប់​មច្ឆា​ជាតិ។

ប្រធាន​គ្រប់គ្រង​តំបន់​ដី​សើម​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក រស់ ម៉ារ៉ាឌី បាន​ចាត់​ទុក​ភ្លើង​ឆេះ​ព្រៃ​នៅ​ភូមិ​រាំងទិល​នេះ ថា​ជា​ការ​ខូច​ខាត​ផ្នែក​បរិស្ថាន​ដ៏​ធំធេង​មួយ ដែល​ពុំ​ធ្លាប់​មាន​កន្លង​មក​នៅ​ក្នុង​ខេត្ត​នេះ៕