លោកវេជ្ជបណ្ឌិត អ៊ូ ឃីឡាយ ប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ជំងឺរាករូសដែលកើតមានចាប់តាំងពីចុងខែមីនា រហូតមកដល់ពេលនេះ កំពុងរាតត្បាតស្ទើរគ្រប់ភូមិនៅក្នុងខេត្ត ហើយអ្នកជំងឺដែលនាំមកដល់មន្ទីរពេទ្យសុទ្ធតែមានសភាពធ្ងន់ធ្ងរ។
លោកថា មនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យរបស់លោករហូតមកដល់ពេលនេះ មានចំនួន ៥នាក់ ប៉ុន្តែកន្លែងដទៃលោកមិនដឹងប៉ុន្មាននាក់ទេ ៖ «ឥឡូវជិត ២ខែហើយ។ អ្នកជំងឺដែលបានចូលមកសម្រាកពេទ្យហ្នឹង មកដល់ឥឡូវ ៤០០នាក់ ស្លាប់នៅពេទ្យ ៥នាក់។ នៅតាមមណ្ឌលសុខភាព ចំនួនស្លាប់ប៉ុន្មានៗ ខ្ញុំអត់ដឹងទេ! ...លើកទី២ហ្នឹងវាមានភាពធ្ងន់ធ្ងរជាងមុន ធាតុអាកាសវាក្ដៅខ្លាំងពេក ដូចមានសភាពធ្ងន់ធ្ងរច្រើន ដែលធ្វើឲ្យអ្នកជំងឺហ្នឹងស្លាប់ យើងយកមកមិនទាន់ នៅឆ្ងាយៗពេក!»។
តែទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត អ៊ូ ឃីឡាយ បានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ចំនួនអ្នកជំងឺនាំចូលមកមន្ទីរពេទ្យមានចំនួនថយបន្តិច។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិក្បាលតោល ខេត្តបាត់ដំបង បានឲ្យដឹងថា ជំងឺរាកក្អួត ដែលអ្នកភូមិហៅថា ជំងឺអាសន្នរោគ ព្រមទាំងជំងឺកញ្ជ្រឹល បានរាតត្បាតមកលើអ្នកភូមិយ៉ាងខ្លាំង។
អនុប្រធានភូមិក្បាលតោល និងជាប្រធានបណ្ដាញនារីភូមិ គឺអ្នកស្រី ហុង ស៊ីជូ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៤ ឧសភា ថា តាមស្ថិតិដែលអ្នកស្រីស្រង់បាន គិតចាប់ពីអំឡុងពាក់កណ្ដាលខែមេសា រហូតដល់ថ្ងៃ១០ ឧសភា ប្រជាពលរដ្ឋភូមិក្បាលតោលប្រមាណ ២០នាក់បានស្លាប់ដោយសារជំងឺរាកក្អួត ដែលក្នុងនោះមានទាំងប្រជាជនវៀតណាមផងដែរ។
អ្នកស្រីបន្តថា បច្ចុប្បន្នជំងឺរាកក្អួតបានស្ងប់ទៅវិញហើយ តែឥឡូវជំងឺកញ្ជ្រឹលកំពុងរាតត្បាតយ៉ាងខ្លាំងមកលើអ្នកភូមិវិញម្ដង ៖ «អ្នកស្លាប់ដោយសារជំងឺរាកក្អួតហ្នឹងជាង ២០នាក់ ទាំងវៀតណាម ទាំងខ្មែរ ហើយមនុស្សយើងនៅទីនេះ មិនមែននៅតែមួយភូមិទេ នៅច្រើនកន្លែង ពីព្រោះតំបន់នេះអត់មានកន្លែងចតណា៎!»។
ភូមិក្បាលតោលគឺជាភូមិបណ្ដែតទឹកដាច់ស្រយាលមួយ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានព្រំប្រទល់ជាប់ជាមួយនឹងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
អនុប្រធានភូមិក្បាលតោល និងជាប្រធានបណ្ដាញនារីភូមិ គឺអ្នកស្រី ហុង ស៊ីជូ បានសំណូមពរសុំឲ្យអាជ្ញាធរជំនាញមេត្តាចុះមកជួយប្រជាពលរដ្ឋក្នុងភូមិនេះ។
អ្នកស្រី ហុង ស៊ីជូ បានមានប្រសាសន៍ថា ៖ «សូមឲ្យជួយផ្សាយដល់ខាងស្រុក និងខេត្ត ហើយនិងខាងក្រសួង ខាងមន្ទីរពេទ្យអីហ្នឹង មេត្តាជួយយ៉ាងម៉េចដើម្បីមកជួយទប់ស្កាត់ជំងឺកញ្ជ្រឹលដល់បងប្អូនយើង ពីព្រោះនៅទីនេះឥឡូវអត់មានអីរកទេ ប្រជាជនចង់ដាច់បាយហើយ! អ៊ីចឹងគាត់អត់មានលុយយកទៅពេទ្យបង្អែកនៅសៀមរាបទេ! សព្វថ្ងៃប្រើតែថ្នាំខ្មែរ...»។
មេឃុំកោះជីវាំង គឺលោក ប៊ុន បេង មានប្រសាសន៍ថា លោកពុំទាន់ទទួលបានរបាយការណ៍លម្អិតស្ដីពីបញ្ហានេះនៅឡើយទេ។ លោកបន្តថា ប៉ុន្មានថ្ងៃមុននេះបណ្ដាញសុខាភិបាលឃុំបានចុះទៅចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល នៅភូមិក្បាលតោលដែរ តែពុំមានរបាយការណ៍ស្ដីពីការស្លាប់ដោយសារជំងឺរាកក្អួតនោះទេ៕