លោកវរសេនីយ៍ទោ ស្រី វុត្ថា ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តក្រចេះ ដែលបានចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ នាភូមិបន្ទាយអាមេរិក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ លោកបានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ថា ឃាតកម្មបាញ់សម្លាប់កាលពីយប់ថ្ងៃទី១៦ មករា បានបណ្ដាលឲ្យពលរដ្ឋចំនួន ២នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៤នាក់។
លោក ស្រី វុត្ថា បានបញ្ជាក់ថា ឃាតកម្មនេះសមត្ថកិច្ចជំនាញកំណត់បានមុខសញ្ញាខ្លះហើយ និងកំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។ លោក ស្រី វត្ថា បានសន្និដ្ឋានជំហានដំបូងថា ឃាតកម្មនេះអាចជារឿងគំនុំ មិនមែនជាករណីឃាតកម្មនយោបាយនោះទេ។
លោកបន្តថា ឃាតកម្មនេះកើតឡើងនៅចន្លោះម៉ោង ៧ ទៅម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ដោយឃាតកបានបាញ់រះជាងដប់គ្រាប់មកលើពិធីហូបចុកមានមនុស្សចំនួន ១១នាក់ នៅផ្ទះជនរងគ្រោះឈ្មោះ ឈិន ម៉ាប់ ស្ថិតក្នុងភូមិបន្ទាយអាមេរិក ស្រុកស្នួល ខេត្តក្រចេះ។
យុវជន ឈិន ម៉ាប់ ដែលរស់រានមានជីវិតពីការបាញ់សម្លាប់ បានឲ្យដឹងថា ឃាតកបានលបបាញ់ពីបរិវេណក្រៅផ្ទះ ហើយគ្មាននរណាម្នាក់អាចមើលឃើញមុខឃាតកទេ ព្រោះខ្មាន់កាំភ្លើងឈរនៅទីងងឹត។
ទាក់ទងឃាតកម្មនេះ លោក សំរិទ្ធ វណ្ណា ជាមន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តក្រចេះ ដែលបានចុះអង្កេតដល់ទីតាំងមានឃាតកម្មស្លាប់មនុស្ស ថ្លែងថា ករណីឃាតកម្មនេះ លោកមិនទាន់មានព័ត៌មានច្បាស់នៅឡើយទេ ដោយកំពុងចុះស៊ើបអង្កេតដល់មូលដ្ឋាន។
លោក ជួង ស៊ាងហាក់ ជាស្នងការនគរបាលខេត្តក្រចេះ។ លោកមិនទាន់ធ្វើអត្ថាធិប្បាយ ឬក៏សន្និដ្ឋានទៅលើឃាតកម្មបាញ់សម្លាប់មនុស្សនៅភូមិបន្ទាយអាមេរិក ដែលត្រូវឃាតកបាញ់សម្លាប់នេះទេ ព្រោះប៉ូលិសកំពុងស៊ើបអង្កេត។
មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះដល់អាយុជីវិត មានឈ្មោះឈ្មោះ ភឿន វឿន អាយុ ៣០ឆ្នាំ និងឈ្មោះ វ៉ែន គង់ អាយុ ៣៥ឆ្នាំ រស់នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកប្រជាពលរដ្ឋរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានឈ្មោះ លោក យិត សំណាង អាយុ ២៨ឆ្នាំ ជាម្ចាស់ផ្ទះ ហន វិចិត្ត ២៦ឆ្នាំ ឈ្មោះ ភឿន វ៉ា អាយុ ២០ឆ្នាំ និងជនរងគ្រោះ ឆន ភឿន អាយុ ៣៣ឆ្នាំ៕
