ហេតុការណ៍ផ្ទុះអាវុធកណ្ដាលរាជធានីភ្នំពេញ នៅខាងមុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយមន្ត្រីអនុរក្សពន្ធនាគារព្រៃសម្នាក់ ដែលញៀនថ្នាំ និងបានកញ្ឆក់កាំភ្លើងពីសមត្ថកិច្ចដើរល្បាតយកទៅបាញ់រះជាច្រើនគ្រាប់។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ ឲ្យដឹងថា ការធ្វេសប្រហែសរបស់សមត្ថកិច្ចដែលដើរល្បាតមានស្ពាយកាំភ្លើង បានក្លាយជាសោកនាដកម្មមួយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ដែលបណ្ដោយឲ្យបុរសញៀនថ្នាំម្នាក់ឆ្លៀតឱកាសកញ្ឆក់កាំភ្លើងពីសមត្ថកិច្ច រួចយកបាញ់រះទៅលើប្រជាពលរដ្ឋនៅតំបន់អ៊ូអរខាងមុខមន្ទីរពេទ្យរុស្ស៊ី។
លោកបន្តថា សមត្ថកិច្ចនៅមិនទាន់កំណត់ពីមូលហេតុច្បាស់លាស់នៃការបាញ់រះសម្លាប់ពលរដ្ឋនៅឡើយទេ។ តែលោកថា ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ ក្រោយពីបាញ់រះទៅលើពលរដ្ឋ និងមានការដេញប្រមាញ់ពីសមត្ថកិច្ចតាមចាប់យកកាំភ្លើងវិញ។
លោក ទូច ណារ៉ុថ៖ «ពេលដែលសមត្ថកិច្ចយើងកំពុងព្យាយាមតាមគោលដៅដែលយើងកំណត់ថា ជាគោលដៅងាយរងគ្រោះ អាចមានសកម្មភាពប្លន់ ឆក់អីហ្នឹង គឺនៅពេលដែលយើងឈរអ៊ីចឹងទៅ គាត់ស្ទុះរត់ចេញមក គាត់ច្រានសមត្ថកិច្ចឲ្យដួល ហើយយើងដេញតាមៗរហូតទៅ សង្ស័យគាត់ញៀនថ្នាំ ហើយឥឡូវយើងកំពុងធ្វើបន្តកំណត់ពីមូលហេតុឲ្យបានច្បាស់លាស់»។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះថា សូរ វុទ្ធី ហៅពុំ អាយុ ៣៣ឆ្នាំ ជាមន្រ្តីអនុរក្សពន្ធនាគារព្រៃស បានស្លាប់នៅកន្លែងកើតហេតុ។ រីឯស្ត្រីម្នាក់ឈ្មោះ លាង ស៊ីនី អាយុ ៣៤ឆ្នាំ មានកូន ២នាក់ក្នុងបន្ទុក រងគ្រោះធ្ងន់បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីគាត់ត្រូវរបួសចំនួន ២គ្រាប់ចំដើមទ្រូង និងត្រង់ពោះ។ ដោយឡែកអ្នករងរបួសធ្ងន់ និងស្រាល ចំនួន ៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី។
អនុប្រធានមន្ទីរពេទ្យរុស្ស៊ី លោក ជា ឡាហឿន ថា លោកមិនបានដឹងពីស្ថានភាពជនរងគ្រោះនៃការបាញ់រះ ដែលកំពុងសម្រាកព្យាបាលនោះទេ ដោយលោកបានចាកចេញពីកន្លែងធ្វើការមុនហេតុការណ៍កើតឡើង។ តែបើតាមប្រភពពីគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្សី ថា ជនរងគ្រោះទាំងនោះមានស្ថានភាពធ្ងន់ធ្ងរដែលត្រូវការវះកាត់ជាបន្ទាន់។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បន្ទោសចំពោះឧបហេតុផ្ទុះអាវុធនោះថា ជាការធ្វេសប្រហែសរបស់សមត្ថកិច្ច ហើយករណីនេះ ខាងសមត្ថកិច្ចជាអ្នកទទួលខុសត្រូវទាំងស្រុង។
លោក អំ សំអាត៖ «វាជាការទទួលខុសត្រូវរបស់សមត្ថកិច្ចដែលដើរល្បាត ជាពិសេសគឺការប្រើប្រាស់អាវុធរបស់ខ្លួន។ ការប្រើប្រាស់នូវអាវុធនេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជារឿងមួយគួរឲ្យសោកស្ដាយដែរ ព្រោះក្នុងនាមយើងជាសមត្ថកិច្ចដែរ ធ្វេសប្រហែសរហូតឲ្យគេឆក់អាវុធបាន»។
លោក អំ សំអាត ចាត់ទុកថា ករណីនេះជាមេរៀនមួយសម្រាប់ក្រុមសមត្ថកិច្ចទាំងឡាយឲ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់អាវុធរបស់ខ្លួន ហើយថា សមត្ថកិច្ចជាម្ចាស់កាំភ្លើងនៃហេតុការណ៍នេះក៏ត្រូវតែទទួលទោសតាមច្បាប់ ឬពិន័យរដ្ឋបាលផ្នែកកងកម្លាំងប្រដាប់អាវុធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
