អតីត​អ្នក​ភូមិ​ដី​ក្រហម​រំឭក​ខួប​២​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ

អតីត​អ្នក​ភូមិ​ដី​ក្រហម​ដែល​រង​ការ​បណ្ដេញ​ចេញ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក​ហើយ នៅ​តែ​បន្ត​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល ដោយ​ពួកគេ​បាន​នាំ​គ្នា​មក​ធ្វើ​ខួប​រំឭក​ថ្ងៃ​ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​លំនៅ​ជា​លើក​ទី​ពីរ នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី រាជធានី​ភ្នំពេញ។

0:00 / 0:00

នៅ​ក្នុង​ពិធី​រំឭក​ខួប ២​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​លំនៅឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១១​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ បាន​ធ្វើការ​បួង​សួង​ដាក់​បណ្ដាសា និង​មាន​ព្រះសង្ឃ​និមន្ត​សូត្រ​មន្ត​ធ្វើ​កិច្ច​បង្សុកូល ខណៈ​នោះ​អ្នក​ភូមិ​រង​គ្រោះ​ស្ទើរ​តែ​ទាំង​អស់​បាន​ស្រក់​ទឹក​ភ្នែក​ទ្រហោ​យំ​ស្ដាយ​ស្រណោះ​លំនៅឋាន​របស់​ខ្លួន ដែល​ធ្លាប់​រស់​នៅ​សុខសាន្ត តែ​បច្ចុប្បន្ន​ពួកគេ​គ្មាន​ទី​ជម្រក មាន​ការ​លំបាក​ផ្នែក​ជីវភាព​ទៅ​វិញ។

អតីត​តំណាង​អ្នក​ភូមិ​តំបន់​ដី​ក្រហម លោក ចាន់ វិចិត្រ បាន​រៀបរាប់​ថា ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ ដើម្បី​រំឭក​ទៅ​ដល់​ថ្ងៃ​ឈឺ​ចាប់​នឹក​ស្មាន​មិន​ដល់ ដែល​អាជ្ញាធរ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន 7NG Group Co.,Ltd. បាន​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន។

លោក ចាន់ វិចិត្រ បន្ត​ដូច្នេះ ៖ «វា​មិន​ខុស​អី​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ចងចាំ​អំពី​របប​ឆ្នាំ ១៩៧៥ ដែល​សម័យ​នោះ គឺ​គេ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទីក្រុង​នេះ​ក៏​ជា​ការ​ចងចាំ​មួយ​ទៀត ជា​ការ​បណេ្តញ​ចេញ​មួយ​ទៀត​យ៉ាង​ព្រៃផ្សៃ»

នៅ​ក្នុង​ពិធី​រំឭក​ខួប​នេះ អ្នក​ភូមិ​ក៏​បាន​ចែក​លិខិត​និយាយ​អំពី​ពិធី​រំឭក​ខួប ២​ឆ្នាំ​នៃ​ការ​បណ្ដេញ​ទាំង​បង្ខំ​នៅ​សហគមន៍​ដី​ក្រហម​ទៅ​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

ខ្លឹមសារ​នៅ​ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា ប្រជាពលរដ្ឋ​សហគមន៍​ដី​ក្រហម​មាន​លំនៅឋាន​ត្រឹម​ត្រូវ​ចំនួន ១៤៤​ខ្នង​ផ្ទះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​មាន​កម្មករ​របស់​ក្រុមហ៊ុន 7NG និង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ប្រមាណ ៥០០​នាក់ បាន​ប្រើ​អំពើ​ហិង្សា​រឹប​អូស​យក​ដី​របស់​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០០៩ កន្លង​ទៅ ហើយ​ប្រជាពលរដ្ឋ​បាន​បង្ខំ​ចិត្ត​ទទួល​យក​ផ្ទះ​មួយ​ល្វែង​ពី​ក្រុមហ៊ុន នៅ​ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បិទ​ទ្វារ​ផ្ទះ​ចោល ខ្លះ​មក​ជួល​ផ្ទះ​នៅ​ភ្នំពេញ​វិញ ខ្លះ​លក់​ផ្ទះ​ទៅ​រក​ទីតាំង​ថ្មី ដោយសារ​នៅ​ឆ្ងាយ​ពី​មុខ​របរ គ្មាន​លុយ​ត​បណ្ដាញ​អគ្គីសនី គ្មាន​សេវា​សុខភាព​សាធារណៈ ប្រព័ន្ធ​ទឹក​ស្អាត និង​សាលារៀន​ជាដើម។

លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ ៤០០​គ្រួសារ​ផ្សេង​ទៀត ដែល​អតីត​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​ដី​ក្រហម កំពុង​ប្រឈម​នឹង​បញ្ហា​ដាច់​ស្បៀង ដែល​គេ​បញ្ជូន​ទៅ​នៅ​តំបន់​ភ្នំ​ឧត្តុង្គ ខែត្រ​កំពង់ស្ពឺ រស់​នៅ​ក្នុង​ខ្ទម​ដំបូល​ប្រក់​តង់​កៅស៊ូ ហើយ​រហែក​រយីករយាក។

ស្ត្រី​ឈ្មោះ ភោគ នីរ៉ា បាន​រៀបរាប់​រំឭក​អំពី​ថ្ងៃ​ឈឺ​ចាប់​នៃ​ថ្ងៃ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ថា កាល​ពី​ឆ្នាំ​២០០៩ អ្នកស្រី​មាន​កូន​ខ្ចី​អាយុ ៣​ខែ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​បាន​បាញ់​ផ្សែង​ពុល​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នកស្រី​ពុល ហើយ​មាន​ជំងឺ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ដែល​ឥឡូវ​នេះ​អ្នកស្រី​បាន​យក​កូន​របស់​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។

អ្នកស្រី​បន្ថែម​ថា ៖ «ពេល​បាញ់​ចូល​មក ប្តី​ខ្ញុំ​ប្រាប់​ថា ឯង​អើយ​រត់​ឡើង​ភ្លើង​ឆេះ​ផ្ទះ​ហើយ គេ​បាញ់​ចូល​មក​ហើយ ភ្លើង​ឆេះ​ផ្ទះ​ហើយ។ ខ្ញុំ​ថា អត់​មាន​ឃើញ​អណ្ដាត​ភ្លើង ឃើញ​ថា ផ្សែង​ងងឹត​ជុក រាវ​រក​កូន កូន​ខ្ញុំ​ដល់​ទៅ​ពីរ​ណោះ បី​តែ​កូន​ចេញ​មក​រៀងៗ​ខ្លួន ឈ្លក់​អស់​ហើយ​មើល​អី​អត់​ឃើញ​ទេ»

ស្ត្រី​មួយ​រូប​ទៀត​ឈ្មោះ ឌុល ចន្ថា បាន​ថ្លែង​ទាំង​ក្ដី​ក្ដុកក្ដួល​ក្នុង​ចិត្ត​នឹក​ស្រណោះ​គ្រា​ដែល​រស់​នៅ​ស្រួល​លើ​ផ្ទះ​របស់​ខ្លួន​តំបន់​ដី​ក្រហម ប៉ុន្តែ​អ្វីៗ​សម្រាប់​គ្រួសារ​របស់​អ្នកស្រី​លែង​មាន​ដូច​កាល​ពី​មុន​ទៀត​ហើយ ដោយសារ​តែ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន។

អ្នកស្រី ឌុល ចន្ថា បាន​បន្ទោស​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​ថា អ្នកស្រី​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​ទេ ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​រដ្ឋាភិបាល​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​របស់​ពួកគាត់ ហើយ​ថែម​ទាំង​មិន​ផ្ដល់​សំណង​សមរម្យ ៖ «ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ណាស់! រាល់​ថ្ងៃ​ខ្ញុំ​លើស​ពី​សត្វ​តិរច្ឆាន​ទៅ​ទៀត ហើយ​ខ្ញុំ​សូម​ផ្តាំ​ទៅ​អន្តរជាតិ​ទាំង​អស់ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទាំង​អស់ សូម​លោក​ធ្វើ​របាយការណ៍ រាយការណ៍​ទម្លាក់​សម្ដេច ហ៊ុន សែន ចោល​ទៅ ខ្ញុំ​ក្តៅ​ណាស់! ខ្ញុំ​មិន​ចង់​រស់​នៅ​ទេ បើ​អ្នក​ណា​មួយ​ចោទ​ថា ខ្ញុំ​និយាយ​នេះ​ក្បត់​ជាតិ និយាយ​ខុស​ច្បាប់ ចាប់​ខ្ញុំ​ទៅ ខ្ញុំ​មិន​ចង់​រស់​នៅ​ទេ»

ទោះ​ជា​យ៉ាងណា មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ដោយ​យោង​លើ​របាយការណ៍​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រូវ ប៉ុន្តែ​លោក​បាន​អះអាង​ថា ការ​អភិវឌ្ឍ​ប្រទេស​វា​តែងតែ​មាន​ការ​ប៉ះពាល់​ខ្លះ​អ៊ីចឹង​ហើយ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «របាយការណ៍​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​របស់​អាមេរិក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន ៧០% នៃ​ប្រជាពលរដ្ឋ បាន​វាយ​តម្លៃ​ខ្ពស់ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ដំណើរ​អភិវឌ្ឍ និង​ដំណើរ​រៀបចំ​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ នៅ​ក្នុង​ចំណោម​ហ្នឹង​វា​មាន ២៤% ដែល​គាត់​និយាយ​ថា មិន​ចំ​ទិសដៅ។ កន្លែង​ហ្នឹង​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់»

នៅ​ពេល​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​នៅ​តែ​មាន​ផែនការ​ដោះស្រាយ​ជូន​អ្នក​ភូមិ​សហគមន៍​ដី​ក្រហម​នេះ​ទៀត ឬ​យ៉ាង​ណា​នោះ? លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​សមត្ថកិច្ច​របស់​លោក​ទេ ដោយ​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា រី​ឯ​អភិបាល​រង​រាជធានី​ភ្នំពេញ លោក នួន សុមេធ បាន​ប្រាប់​ថា លោក​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​អភិវឌ្ឍ​របៀប​នេះ គឺ​ផ្ទុយ​ពី​នយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល ដែល​និយាយ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ។

លោក អំ សំអាត បន្ថែម ៖ «ក្រោយ​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ហើយ សួរ​ថា មាន​ការ​អភិវឌ្ឍ​អី​ខុស​ពី​ការ​បោះ​របង​ទុក​ចោល ការ​សង់​តារាង​បាល់​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន រយៈ​ពេល​ពីរ​ឆ្នាំ គឺ​គ្មាន​អ្វី​សោះ​សម្រាប់​ប្រជាពលរដ្ឋ»

នៅ​ក្នុង​ឱកាស​ធ្វើ​ពិធី​រំឭក​ខួប​លើក​ទីពីរ​នេះ ប្រជាពលរដ្ឋ​ក៏​បាន​ចែក​វីស៊ីឌី វីឌីអូ ចម្រៀង​ដែល​និពន្ធ​ដោយ​សហគមន៍​ដី​ក្រហម​ផង​ដែរ ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ចំនួន ៨​បទ ដែល​និយាយ​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ។ បទ​ចម្រៀង​ទាំង​នោះ​មាន​ចំណង​ជើង​ដូចជា អនិច្ចា​អ្នក​ក្រ ភូមិ​ដី​ក្រហម ជីវិត​អ្នក​ក្រ តុលាការ​អ្នក​មាន ក្រោក​ឡើង​ការពារ​ដី ទំនួញ​ម្ចាស់​ដី មេត្តា​ខ្ញុំ​ផង និង​បទ​ទឹក​ភ្នែក​ដី​ក្រហម។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ពន្យល់​ថា រដ្ឋាភិបាល​បាន​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​ដែល​ចែង​ថា រដ្ឋ​នីមួយៗ​ដែល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ចែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត និង​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​របស់​ប្រជាពលរដ្ឋ។

លោក សៀ ភារម្យ មាន​ប្រសាសន៍​ទៀត​ថា ៖ «បញ្ហា​រាល់​ថ្ងៃ​នេះ គឺ​បញ្ហា​អាហារូបត្ថម្ភ​ហ្នឹង​ឯង គឺ​មុខ​របរ​ក៏​ដូច​ជា​ប្រាក់​ចំណូល ដែល​គាត់​កំពុង​ជួប​លំបាក​យ៉ាង​ខ្លាំងក្លា​សម្រាប់​ពួក​គាត់»

របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​បាន​សរសេរ​ថា គិត​ពី​ឆ្នាំ​១៩៩០ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ជាង ១៣​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ជិត ២០​ម៉ឺន​នាក់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ។ នៅ​ពេល​ខាង​មុខ គឺ​មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​នាក់​ផ្សេង​ទៀត ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​ក្រោម​រូបភាព​អភិវឌ្ឍន៍​នេះ៕