ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ថ្មី​២​​ត្រូវ​បាន​ដាក់​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​សាលាក្តី​ខ្មែរ​ក្រហម​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០០៩ លោក William Smith សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​ស្តីទី បាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​ថ្មី​ចំនួន​២ ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត។

0:00 / 0:00

ការ​សម្រេច​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​និង​អន្តរ​ជាតិ​អំពី​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​សួរ​ជន​សង្ស័យ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត ហើយ​ក៏​ត្រូវ​បាន​ដោះស្រាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ ដែល​ឲ្យ​អនុវត្ត​តាម​សំណើ​របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ។

យ៉ាង​ដូច្នេះ​ក្តី លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ថ្លែង​ថា ៖ «តែ​នេះ​មិន​មែន​បាន​ន័យ​ថា នឹង​ត្រូវ​មាន​មនុស្ស​ចាប់​មក​ឃុំ​ខ្លួន​ថ្មី​កើត​ឡើង​នោះ​ទេ។ មាន​ន័យ​ថា គ្រាន់​តែ​ជា​ដីកា​បញ្ជូន​ឲ្យ​ស៊ើប»

បន្ទាប់​ពី​សេចក្តី​សម្រេច​កាល​ពី​សប្តាហ៍​មុន លោកស្រី ជា លាង បាន​ថ្លែង​ថា លោកស្រី​ត្រូវ​តែ​គោរព​តាម​ច្បាប់ ៖ «យើង​ត្រូវ​មើល​ទៅ​តាម​ច្បាប់​កំណត់​និង​នៅ​ក្នុង​សេចក្ដី​សម្រេច។ យើង​អត់​អាច​ធ្វើ​អ្វី​ហួស​ពី​ច្បាប់​ដែល​មាន​នោះ​ទេ»

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក៏​ដូច​ជា​ការ​ថ្លែង​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ដែរ លោក​សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​ស្តីទី William Smith បាន​ថ្លែង​ថា តាម​ច្បាប់ ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​គឺ​ជា​ឯកសារ​សម្ងាត់ ៖ «នៅ​ពេល​ដែល​យើង​បញ្ជូន​រឿង​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត យើង​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម ហើយ​យើង​សម្រេច​មិន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ ហើយ​នៅ​ដំណាក់កាល​នេះ ស្ថិត​នៅ​ជា​ការ​សម្ងាត់​នៅ​ឡើយ»

ក៏​ប៉ុន្តែ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ដោយសារ​ជា​ការ​ចាំបាច់​សម្រាប់​សាធារណ​ជន​ទទួល​ព័ត៌មាន​អំពី​ភាព​ជឿនលឿន​នៃ​ដំណើការ​នីតិ​វិធី វិធាន​ផ្ទៃ​ក្នុង​បាន​អនុញ្ញាត​ឲ្យ​សហ​ព្រះ​រាជ​អាជ្ញា​ផ្តល់​ជូន​សាធារណ​ជន​នូវ​ព័ត៌មាន​សង្ខេប​ខ្លះ​នៅ​ក្នុង​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ ដែល​ក្នុង​នោះ មាន​ការ​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ​ទៅ​លើ​អង្គ​ហេតុ​ផ្សេងៗ​គ្នា​ចំនួន​៨ ស្តីពី​ការ​ធ្វើ​ឃាត​មនុស្ស ការ​ធ្វើ​ទារុណ​កម្ម ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ​ទៀត។

ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចំនួន​២ របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ ដែល​បាន​បញ្ជូន​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ញ្ញា ឆ្នាំ​២០០៩ គឺ​ជា​ការ​ស៊ើប​សួរ​ចំពោះ​ឧក្រិដ្ឋ​កម្ម​នានា ដែល​កំណត់​ទៅ​លើ​ជន​សង្ស័យ​ចំនួន​៥​រូប។

លោក រាជ សម្បត្តិ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ថ្លែង​ថា ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ គ្រាន់​តែ​ជា​ការ​ធ្វើ​ទៅ​តាម​នីតិ​វិធី​សម្រាប់​ស៊ើបសួរ​ប៉ុណ្ណោះ ហើយ​មិន​មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​កំណត់​ចាប់​ខ្លួន​ទេ។ លោក​បន្ថែម​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ក៏​មិន​បាន​អនុវត្ត​ការ​ស៊ើប​សួរ​ដែរ៕