ម៉ាស៊ីន​ស្កេន​មើល​រោគ​សញ្ញា​ផ្ដាសាយ​ជ្រូក​ត្រូវ​គេ​គ្រោង​ដាក់​នៅ​ព្រលាន​យន្តហោះ

ក្រសួង​សុខាភិបាល​គ្រោង​ដាក់​ម៉ាស៊ីន​ស្កេន​ពីរ​គ្រឿង​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ត្រួត​ពិនិត្យ​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក។

0:00 / 0:00

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​មាន​គម្រោងការ​ដាក់​ម៉ាស៊ីន​ស្កេន​ចំនួន​ពីរ​គ្រឿង​នា​សប្តាហ៍​ខាង​មុខ​ឆាប់ៗ​នេះ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​និង​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ត្រួត​ពិនិត្យ​ឬ​តាមដាន​មើល​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក​ក្នុង​ចំណោម​ទេសចរ​បរទេស​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​នៅ​គ្រា​ដែល​ជំងឺ​នេះ​កំពុង​គំរាម​កំហែង​ពិភពលោក។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ជា​អនុ​ប្រធាន​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​មែន​តែ​ពីរ​ហ្នឹង​ទេ ខាង​ខេត្ត​នៅ​តាម​ផ្លូវ​គោក​ក៏​យើង​ធ្វើ​ដែរ»

លោក​បាន​ឲ្យ​ដឹង​ថា ចំណែក​ឯ​ច្រក​ចេញ​ចូល​នៅ​ព្រំដែន​កម្ពុជា​ថៃ និង​ច្រក​ចេញ​ចូល​កម្ពុជា​វៀតណាម​នឹង​មាន​ការត្រួត​ពិនិត្យ​ផងដែរ​ដោយ​ក្រុម​មន្រ្តី​ជំនាញ​ខាង​ជំងឺ​ឆ្លង ប៉ុន្តែ​គ្មាន​ម៉ាស៊ីន​ស្កេន​សម្រាប់​ត្រួត​ពិនិត្យ​ទេ។

លោក លី សូវ៉ាន់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​រៀបចំ​ផែនការ​ផ្សព្វផ្សាយ​អំពី​ការអប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​យល់​ដឹង​អំពី​វិធានការ​បង្ការ​ចំនួន​៥​ចំណុច​ដូច​ជា ទី​១ កុំ​ប៉ះពាល់​អ្នក​ជំងឺ, ទី​២ អ្នក​ដែល​កើត​ជំងឺ​ផ្តាសាយ​គប្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ, ទី​៣ ត្រូវ​ប្រើប្រាស់​ក្រដាស​ឬ​ក្រមា​នៅ​ពេល​ក្អក​ឬ​ផ្ដាសាយ​ម្តងៗ, ទី​៤ លាង​ដៃ​នឹង​សាប៊ូ​និង​ទឹក​អាល់កុល​ដើម្បី​សម្លាប់​មេរោគ និង ទី​៥ បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​និង​ហាត់​ប្រាណ​ជា​ប្រចាំ។

ទាក់ទង​នឹង​ការបង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថៃ្ង​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ៖ «ឧបករណ៍ សម្ភារៈ​ទន់​ខ្សោយ តែ​វិធី​គ្រប់គ្រង​ហានិភ័យ​លើ​បញ្ហា​សុខភាព​សាធារណៈ​គឺ​មិន​ទន់​ខ្សោយ​ទេ»

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​កាលពី​ថៃ្ង​ទី​២៧ ខែ​មេសា​កន្លង​ទៅ​នេះ សម្ដែង​ការព្រួយ​បារម្ភ​នៃ​ការឆ្លង​នៃ​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក H1N1ដែល​កំពុង​តែ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ីកូ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​កើត​ជំងឺ​នេះ​នៅ​ទ្បើយ​ទេ។

ចំណែក​ឯ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​គម្រោងការ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​នា​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​នោះ​នៅ​ក្នុង​តំបន់ ក្រោយ​ពី​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ស្តីពី​ការគំរាម​កំហែង​ជីវិត​មនុស្ស​នៅ​ក្នុង​ពិភពលោក​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក។

ផែ្អក​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ប្រទេស​ម៉ិចស៊ីកូ​ដែល​ជា​ប្រភព​នៃ​ជំងឺ​នេះ​មាន​មនុស្ស​ស្លាប់​ចំនួន​ជាង​១៥០​នាក់​ហើយ និង​បាន​បញ្ជា​ឲ្យ​សម្លាប់​សត្វ​ជ្រូក និង​បិទ​ទីតាំង​ភោជនីយដ្ឋាន​និង​រោង​ភាពយន្ត​មួយចំនួន​នៅ​ក្នុង​ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក​មាន​កូន​ក្មេង​ស្លាប់​ម្នាក់​នៅ​ក្នុង​រដ្ឋ​តិចសាស់​ដោយសារ​ជំងឺ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​អូស្រ្តាលី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ហើយ រីឯ​ប្រទេស​ជប៉ុន​កំពុង​តែ​រឹត​បន្តឹង​ទិដ្ឋាការ​ចំពោះ​ជនជាតិ​ម៉ិចស៊ីកូ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​ផ្ដាសាយ​ជ្រូក​នោះ៕