សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​មួយ​នៅ​កៀនស្វាយ រក​ឃើញ​ក្មេង​ស្រី​៣៦​នាក់

កម្លាំង​ចម្រុះ​អាជ្ញាធរ​ស្រុក​កៀនស្វាយ និង​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កណ្ដាល បាន​សហការ​គ្នា​ធ្វើ​ការ​ចុះ​ឆែកឆេរ និង​ឃាត់​ខ្លួន​ម្ចាស់​ផ្ទះ​ម្នាក់ ដែល​បាន​ចិញ្ចឹម​ក្មេង​ស្រី​ចំនួន ៣៦​នាក់ ហើយ​គេ​សង្ស័យ​ថា បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

អភិបាល​ស្រុក​កៀនស្វាយ លោក ហេង ហៀម បាន​ប្រាប់​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​១ សីហា ក្រុម​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ផ្ដើម​ធ្វើ​ការ​ចុះ​ឆែកឆេរ​លំនៅ​មួយ​របស់​ឈ្មោះ ស៊ូ ឈុំ ស្ថិត​ក្នុង​ភូមិ​របោះ​អង្កាញ់ ឃុំ​ព្រែកឯង ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដែល​បាន​ចិញ្ចឹម​ក្មេង​ស្រី​ៗ​ទុក​រយៈពេល ២​សប្តាហ៍។

លោក​បញ្ជាក់​ថា តាម​ការ​សម្ភាស​ជា​បឋម​របស់​សមត្ថកិច្ច ជន​សង្ស័យ​បាន​ឆ្លើយ​ថា ផ្ទះ​នេះ​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន អេភី ធូសាន (AP TOSAN) នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ហើយ​ក្មេង​ស្រី​ទាំង​នេះ​ត្រៀម​លក្ខណៈ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក ហេង ហៀម បាន​បញ្ជាក់​ថា ៖ «ក្នុង​ការ​ពិនិត្យ​រដ្ឋបាល​នេះ យើង​មាន​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ស្រុក ដោយ​មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទះ និង​ទៅ​យើង​ឃើញ​មាន​ការ​ប្រមូល​ផ្តុំ​ទុក​នូវ​យុវតី​ចំនួន ៣៦​នាក់។ ប៉ុន្តែ​យើង តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​សាមី​ខ្លួន​ដែល​គ្មាន​ឯកសារ​អី​ទាំង​អស់ ក្នុង ៣៦​នោះ មាន​លើស​អាយុ ១៨​ឆ្នាំ ៣៤​នាក់ ក្រោម ១៨ មាន ២​នាក់។ ប៉ុន្តែ​ធាតុ​ពិត យើង​ពិនិត្យ​ឃើញ​ថា មិន​ដូច​មាន​ការ​ឆ្លើយ​ហ្នឹង​ទេ! បាន​ធ្វើ​កំណត់​ហេតុ ហើយ​នាំ​សាមី​ខ្លួន​ទាំង​អស់​ទៅ​ខេត្ត ដើម្បី​សួរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ និង​ស្នងការ​រង​ខេត្ត​កណ្ដាល ដើម្បី​បំភ្លឺ​ជុំវិញ​លទ្ធផល​នៃ​ការ​សួរ​ចម្លើយ​ជន​សង្ស័យ និង​ក្មេង​ៗ​ស្រី​ទាំង​នេះ ក៏​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​រុញ​ដាក់​គ្នា​មិន​ផ្ដល់​សម្ភាសន៍​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក កែវ សុជាតិ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា លោក​ទើប​តែ​ទទួល​បាន​សំណុំរឿង​ពី​ស្នងការ​នគរបាល​ខេត្ត ក៏​ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​ទៀត​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ៖ «កំពុង​សួរ​ចម្លើយ សួរ​អី​សិន! បើ​មិន​ទាន់​ធ្វើ​ការងារ​អី​ផង ម៉េច​ដឹង​ចំណាត់​ការ​បន្ត​ទៀត!»

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ចំនួន ៣៦​នាក់ និង​ម្ចាស់​ផ្ទះ​ឈ្មោះ ស៊ូ ឈុំ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល តាំង​ពី​ថ្ងៃ​អាទិត្យ ទី​១ សីហា​នេះ៕

ចែក​រំលែក​រឿង​នេះ​ទៅ FacebookOpens in new window ]