កម្មករ កម្មការិនីរោងចក្រកាត់ដេរអ៊ឹមវ៉េកាត់ដេរអន្តរជាតិលីមីធិត ជិត២០០នាក់ បានដួលសន្លប់បន្ថែមទៀត នៅព្រឹកថ្ងៃទី២១ សីហា បន្ទាប់ពីបានចូលធ្វើការងារជាថ្មីបានតែប៉ុន្មាននាទីប៉ុណ្ណោះ។
កម្មការិនីឈ្មោះ ធារី អាយុ២០ឆ្នាំ ដែលទើបងើបពីសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មូលហេតុដំបូង គឺបណ្ដាលមកពីការផ្ទុះម៉ាស៊ីន។ កម្មការិនីរូបនោះបន្តថា បន្ទាប់ពីស្នូរផ្ទុះ គេឃើញអ្នកបច្ចេកទេសជនជាតិចិនយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ភ្លើង។ នាងបន្តថា បន្ទាប់មកគេឃើញផ្សែងហុយខ្មួលខ្មាញ់។ ក្លិនផ្សែងនោះបានបណ្ដាលឲ្យកម្មករ កម្មការិនីដួលសន្លប់ជាបន្តបន្ទាប់ភ្លាមៗ ៖ «ខ្ញុំស្រែកឲ្យចេញពីអគារបើសិនជាមិនចេញមានរឿងអីតំណាងគេមិនដោះស្រាយឲ្យទេ។ បាននាំគ្នារត់ចេញគ្រាន់តែមួយភ្លែតសោះ សន្លប់ប្រហែល ២០នាក់»។
កាលពីថ្ងៃទី២០ សីហា កម្មករជាង ២០០នាក់បានដួលសន្លប់នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ អឹមវ៉េ (MV) ដែលមានទីតាំងស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនេះម្ដងរួចទៅហើយ។ តែការសន្លប់នៅថ្ងៃទី២០នេះ កម្មកររងគ្រោះហាក់មិនសូវធ្ងន់ធ្ងរដូចព្រឹកថ្ងៃ២១ឡើយ។

នៅព្រឹកថ្ងៃ២១ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គេសង្កេតឃើញកម្មការិនីជាច្រើននាក់ មានអាការៈដង្ហក់ខ្លាំង និងខ្លះទៀតប្រកាច់ធ្វើឲ្យស្ថានការណ៍ក្នុងមន្ទីរពេទ្យទាំងមូលច្របូកច្របល់។ គេឮសម្រែកដង្ហោយហៅគ្រូពេទ្យជួយយ៉ាងកងរំពង គួរឲ្យតក់ស្លុត និងសង្វេគចិត្ត ៖ «ហៅគ្រូពេទ្យមក... តាំងស្មារតីឡើងកូន... យកទៅពេទ្យឯកជនទៅម៉ែនៅទីនេះគ្រូពេទ្យជួយមិនទាន់ទេ»។
ការសន្និដ្ឋានក្រៅផ្លូវការពីកម្មករ កម្មការិនីចំពោះការដួលសន្លប់របស់ពួកគេនោះ ថាបណ្ដាលមកពីជាតិគីមីម្យ៉ាង ដែលគេដាក់ក្នុងក្រណាត់ ដើម្បីការពារកុំឲ្យកណ្ដៀរ ឬសត្វល្អិតផ្សេងៗបំផ្លាញក្រណាត់។ ប៉ុន្តែ ថៅកែរោងចក្រអ៊ឹមវីបានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាប្រចាំរោងចក្រនេះ គឺអ្នកស្រី ចាន់ ថន នៅថ្ងៃទី២២ សីហា បានពន្យល់ថា ការសន្លប់របស់កម្មករ កម្មការិនីទាំងពីរថ្ងៃនេះ គឺបណ្ដាលមកពីអារម្មណ៍ភ័យខ្លាច ពុំមែនមកពីការពុលជាតិគីមីអ្វីមួយនោះទេ ៖ «ខ្ញុំថាការសន្លប់នេះមកពីភ័យតាមគ្នា.... គ្មានជាតិគីមីអីទេ។ មកពីពួកគាត់ខ្សោយស្រាប់»។
ប៉ុន្តែកម្មការិនីឈ្មោះ ស្រី ល័ក្ខណ៍ អាយុ១៨ឆ្នាំ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃ២១ សីហាថា នៅថ្ងៃទីមួយនាងគ្រាន់តែទទួលអារម្មណ៍វិលមុខ ធេងធោង តែនៅថ្ងៃទី២ គឺសន្លប់តែម្ដង។ នាងអះអាងមុននេះនាងមានសុខភាពមាំមួន មិនដែលឈឺថ្កាត់ និងសុំច្បាប់ឈប់ម្ដងណាឡើយ ក្នុងរយៈពេលជិត ២ឆ្នាំមកហើយ ដែលនាងបានចូលធ្វើការងារក្នុងរោងចក្រអ៊ឹមវីនេះ ហើយក៏គ្មានអារម្មណ៍ភ័យខ្លាចដោយឃើញកម្មករដូចគ្នាសន្លប់នោះដែរ។ ស្រី ល័ក្ខណ៍ បន្តថាដំបូងនាងទទួលអារម្មណ៍ណែនទ្រូង និងវិលមុខ រួចបន្ទាប់មកក៏លែងដឹងខ្លួនតែម្ដង ៖ «ខ្ញុំកំពុងអង្គុយអ៊ីចឹង ស្រាប់តែដូចជាថប់ដង្ហើម តឹងទ្រូងហើយសន្លប់តែម្តង។ ខ្ញុំទើបតែចូលឆែកអាវមិនទាន់រួចមួយផង ក៏សន្លប់មុនគេទៅ»។
ប្រភពពីប្រធានសហជីពឧស្សាហកម្មវាយនភណ្ឌ ប្រចាំរោងចក្រអ៊ឹមវ៉េ គឺអ្នកស្រី ជួប សំអុល បានឲ្យដឹងថា បន្ទាប់ពីការសន្លប់របស់កម្មករជាង ២០០នាក់ នៅថ្ងៃសុក្រទី២០ សីហា អ្នកស្រីបានសំណូមពរឲ្យកម្មករផ្អាកការងារសិន តែភាគីខាងរោងចក្រគេមិនព្រម ទើបបណ្ដាលឲ្យកើតមានការសន្លប់កម្មករ នាថ្ងៃបន្ទាប់ គឺថ្ងៃសៅរ៍ ទី២១ សីហា ចំនួន ១៦៥នាក់ថែមទៀតយ៉ាងដូច្នេះ ៖ «ក្រុមហ៊ុនថាឲ្យកម្មករចូលធ្វើការវិញនៅថ្ងៃច័ន្ទ តែខ្ញុំបារម្ភណាស់ ព្រោះគេមិនទាន់បានឲ្យផ្នែកជំនាញមកពិនិត្យនៅឡើយ។ខ្ញុំខ្លាចតែកម្មករសន្លប់ដូចថ្ងៃមុនទៀតទេ»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង គឺលោក ប្រាក់ វ៉ុន មានប្រសាសន៍ថា លោកពុំទាន់ទទួលការអនុញ្ញាត ឬការបញ្ជាណាមួយឲ្យចុះទៅវិភាគស្រាវជ្រាវពីមូលហេតុ ដែលបណ្តាលឲ្យកម្មករ កម្មការិនី សន្លប់យ៉ាងច្រើនដូច្នេះនៅឡើយទេ។
ប្រធានមន្ទីរពេទ្យខេត្ត គឺលោក សូរិន្ទ ទីរ៉ាវុឌ្ឍី បានពន្យល់ពីមូលហេតុដែលកម្មការិនីមានអាការៈប្រកាច់នោះថា ៖ «កម្មករដែលប្រកាច់ខ្ញូរដៃជើងនោះ គឺមកពីគាត់ខ្វះជាតិកាល់ស្យូម។ រឿងជាតិពុលយ៉ាងណានោះ លុះត្រាតែទៅធ្វើពិសោធដល់កន្លែងកើតហេតុទើបដឹង»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺលោក ពេញ វិបុល ដែលបានចុះពិនិត្យហេតុការណ៍ផ្ទាល់ នៅឯមន្ទីរពេទ្យខេត្ត មានប្រសាសន៍ថា លោកបានយល់ស្របដូចលោកអភិបាលខេត្ត ដោយសុំឲ្យមន្ទីរការងារខេត្តពិភាក្សាជាមួយភាគីរោងចក្រ ឲ្យកម្មករផ្អាកការងារជាបណ្ដោះអាសន្ន ដើម្បីឲ្យផ្នែកជំនាញសិក្សាពីហេតុផល ដែលបណ្ដាលឲ្យកម្មករសន្លប់នោះសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្ថែមទៀត ៖ «ខ្ញុំបានយល់ស្របជាមួយលោកអភិបាលខេត្តថា ឲ្យកម្មករឈប់ជាបណ្ដោះអាសន្ន ទម្រាំរកឃើញមូលហេតុចាំឲ្យចូលធ្វើការវិញ តែខាងរោងចក្រមិនអនុវត្តតាម ទើបមានរឿងនៅថ្ងៃបន្ទាប់»។
ប៉ុន្តែភាគីរោងចក្រចចេសទើបកើតមានហេតុការណ៍កម្មការិនីសន្លប់នៅថ្ងៃបន្ទាប់ដូច្នេះ។ ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង គឺលោក ពៅ ស៊ីថា ថ្លែងថា បន្ទាប់ពីមានការដួលសន្លប់កម្មការិនី នៅថ្ងៃសៅរ៍ ទី២១ សីហា មន្ទីរបានសុំគោលការណ៍បន្ទាន់មួយ ពីក្រសួងផ្អាកដំណើរការរោងចក្រនេះមួយរយៈពេលខ្លី ដើម្បីឲ្យផ្នែកជំនាញធ្វើការស្រាវជ្រាវពីមូលហេតុ ដែលបណ្ដាលឲ្យកម្មការិនីដួលសន្លប់រួចរាល់សិន ទើបអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលធ្វើការវិញ ៖ «លោកអភិបាលខេត្តបានសំណូមពរឲ្យក្រុមហ៊ុនផ្អាកការងារថ្ងៃច័ន្ទថែមមួយថ្ងៃទៀត ដើម្បីពិនិត្យពីមូលហេតុដែលនាំឲ្យកម្មករសន្លប់សិន។ ខាងរោងចក្រគេយល់ព្រមហើយ។ តែចំពោះអ្នកដែលមានសុខភាពធម្មតា ចូលធ្វើការនៅថ្ងៃច័ន្ទដដែល»។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមអាដហុកការពារសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានបន្ទោសចំពោះភាពយឺតយ៉ាវក្នុងការធ្វើកិច្ចអន្តរាគមន៍របស់អាជ្ញាធរពាក់ព័ន្ធថា ជាមូលហេតុនាំទៅដល់ការសន្លប់កម្មការិនីរាប់រយនាក់ នៅថ្ងៃបន្ទាប់ គឺថ្ងៃ២១ សីហា ចំនួន១៥៨នេះ។
ប្រភពពីសហជីពមូលដ្ឋានបានឲ្យដឹងថា រហូតដល់ល្ងាចថ្ងៃទី២២ សីហា ពុំទាន់មានផ្នែកជំនាញចុះទៅធ្វើការវិភាគ ឬធ្វើកោសល្យវិច័យនៅក្នុងរោងចក្រនេះនៅឡើយ។ ឯភាគីខាងរោងចក្របានតម្រូវឲ្យកម្មករដែលមិនបានសន្លប់ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅនោះ ត្រូវចូលធ្វើការវិញនៅថ្ងៃច័ន្ទ ទី២៣ សីហា។
សហជីពទាំង៣ ក្នុងរោងចក្រនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពកម្មករ។ ប្រភពពីមន្ទីរការងារខេត្តបានឲ្យដឹងថា រោងចក្រអ៊ឹមវីមានកម្មករ កម្មការិនី និងបុគ្គលិក សរុបប្រមាណ ៤ពាន់នាក់ កំពុងធ្វើការក្នុងរោងចក្រនេះ៕
