ប្រជាពលរដ្ឋចំនួន៤៣គ្រួសារនៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានមកសម្ដែងការតវ៉ាសុំកិច្ចអន្តរាគមន៍នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុងនោះ ដើម្បីបញ្ឈប់គម្រោងការរបស់ក្រុមហ៊ុន ហេងហ៊ុយ និងក្រុមហ៊ុន សុខហុង ដែលចង់បណ្តេញប្រជាពលរដ្ឋសេសសល់៤៣គ្រួសារនោះចេញពីលំនៅនិងដីធ្លីកសិកម្មចំនួន២០០ហិកតារនាពេលឆាប់ៗនេះ នៅគ្រាដែលឱសានវាទរយៈពេលមួយខែជិតមកដល់ហើយ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ សីហា មានក្រុមប្រដាប់អាវុធចំនួន១០នាក់បានមកអាមេកាំភ្លើងគំរាមប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋម្នាក់តំណាងឲ្យប្រជាពលរដ្ឋ៤៣គ្រួសារនោះមកតវ៉ានៅមុខសាលាស្រុកស្រែអំបិលបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាចក្រោយពីបានទទួលសេចក្តីជូនដំណឹងពីក្រុមហ៊ុន ហេងហ៊ុយ កាលពីពេលថ្មីៗនេះ ឲ្យរុះរើផ្ទះសម្បែងឬចាកចេញដោយស្ម័គ្រចិត្ត ៖ «ឈ្មោះលោក សុខ ហុង និងលោក ហេង ហ៊ុយ គាត់ដាក់លិខិតជូនដំណឹងដើម្បីរុះរើផ្ទះប្រជាពលរដ្ឋចំនួន៤៣គ្រួសារនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានថែ្លងថា កាលពីពេលមុនប្រជាពលរដ្ឋមានសរុបចំនួន៦៣គ្រួសារ ប៉ុន្តែនាពេលនេះគឺនៅសល់តែ៤៣គ្រួសារតែប៉ុណ្ណោះមានផ្ទៃដីកសិកម្មសរុបចំនួន២០០ហិកតារកំពុងតែមានទំនាស់ជាមួយនឹងក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន ហេងហ៊ុយ និងក្រុមហ៊ុន សុខហុង តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
ប្រជាពលរដ្ឋចំនួន៤៣គ្រួសារនេះមិនមានប្លង់កម្មសិទ្ធិលើដីធ្លីកសិកម្មនោះទេ ប៉ុន្តែមានលិខិតសម្គាល់ចេញដោយអាជ្ញាធរនៅមូលដ្ឋាន ហើយក្រុមហ៊ុនពីរខាងលើបានប្តឹងគ្នាដណ្តើមយកដីធ្លីរបស់ប្រជាពលរដ្ឋទាំងនោះនៅក្នុងដែនការពារដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ៖ «ហើយមកដល់ពេលហ្នឹងមានសកម្មភាព ដូចជាកងកម្លាំងប្រដាប់អាវុធដែលយើងមិនស្គាល់មុខ មានចំនួនមួយឡាន ហើយបានអាម៉េក្រោកក្រាកៗ របៀបថាសម្លុតអ៊ីចឹង»។
មិនអាចទាក់ទងតំណាងក្រុមហ៊ុនទាំងពីរខាងលើបានទេនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ជុំវិញការតវ៉ានិងការចោទប្រកាន់ខាងលើនេះ។ ប៉ុន្តែតំណាងក្រុមហ៊ុន ហេងហ៊ុយ ធ្លាប់បានមានប្រសាសន៍ថា ក្រុមហ៊ុនបែងចែកដីធ្លីជូនប្រជាពលរដ្ឋទាំងនោះក្នុងមួយគ្រួសារទទួលបានដីធ្លីទំហំបណ្តោយ៣០ម៉ែត្រនិងទទឹង២០ម៉ែត្រ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិកាន់កាប់នៅលើដីធ្លីនោះតាំងពីឆ្នាំ១៩៩៣មកដើម្បីដាំចម្ការអំពៅ ៖ «នៅហ្នឹងវាប្ដឹងផ្ដល់គ្នាយូរហើយ ជាមួយ សុខ ហុង។ ប្ដឹងផ្ដល់គ្នាចប់ហើយ អនុវត្តសាលក្រម»។
លោក ប៊ុន ទ្បឺត ជាអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលកំពុងតែទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋខាងលើនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរខាងលើនោះគ្រោងអនុវត្តតាមដីការបស់តុលាការនាពេលឆាប់ៗនេះដើម្បីរិបយកដី។
លោក ប៊ុន ឡឺត បានមានប្រសាសន៍ថា ៖ «ដល់ស្អែកហើយគាត់ទើបមកថ្ងៃហ្នឹង បែបមិនអាចពន្យារបានទេ ព្រោះពេលវេលាអត់បានមួយថ្ងៃផងធ្វើម៉េចទាន់»។
លោក ចាន់ សុវ៉េត អ្នកអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា អាដហុក បានមានប្រសាសន៍ថា ៖ «សាលក្រមហ្នឹងគឺអនុវត្តចំពោះអ្នកមាន វាបែរជាមកប៉ះជាមួយអ្នកក្រីក្រដែលពាក់ព័ន្ធរឿងដីហ្នឹងឯង»។
លោកបានឲ្យដឹងថា អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួនពីរ គឺអង្គការលីកាដូនិងអាដហុក នឹងរួមគ្នាទៅតាមដានការអនុវត្តសាលក្រមនាពេលឆាប់ៗនេះ៕
