តុលាការ​ដោះលែង​អ្នក​ភូមិ​បឹង​កក់​៤​នាក់

ស្ត្រី​នៅ​បឹង​កក់ ៤​នាក់​ដែល​​​បាន​ត​វ៉ានៅ​មុខ​សាលាក្រុង​ ហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់​​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​២៨ វិច្ឆិកា រួច​បញ្ចូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នោះ ត្រូវ​បាន​​ចៅក្រម​​ប្រកាស​ដោះ​​លែង​ឲ្យ​រួច​ខ្លួន​វិញ​ហើយ តែ​តុលាការ​បាន​ដាក់​លក្ខខណ្ឌ​​មួយ​ចំនួន​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​ បាន​ប្រកាស​ដោះលែង​ស្ត្រី ៤​រូប ដែល​តវ៉ា​រឿង​ទំនាស់​ដី​នៅ​តំបន់​បឹង​កក់​​នៅ​ថ្ងៃ​ទី​​២៩ វិច្ឆិកា ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​បាន​សាកសួរ​ជិត​មួយថ្ងៃ​រួច​មក។ ក៏​ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​លោក ឆែ វីរៈ បាន​ចេញ​ដីកា​សម្រេច​ដាក់​​លក្ខខណ្ឌ​​ចំពោះ​​​នារី​ទាំង ៤​រូប​នោះ ដូច​ជា​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​របស់​តុលការ​លើក​ក្រោយ មិន​ត្រូវ​ប្រមាថ​មន្ត្រី​រាជការ ឬ​អាជ្ញាធរ​​សាធារណៈ​ជាដើម។

ចំពោះ​​លក្ខខណ្ឌ​នេះ​ត្រូវ​បាន​​នារី​ទាំង ៤​រូប​នោះ​នៅ​តែ​បដិសេធ បន្ទាប់​​ពី​​ពួកគាត់​​ត្រូវ​បាន​ដោះ​លែង​ក្រោយ​សវនាការ​នោះ៖ «ធម្មតា​នៅ​ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ត្រូវ​តែ​ស្រែក​និយាយ ដើម្បី​បញ្ចេញ​ឲ្យ​អស់​នូវ​ទុក្ខ​កង្វល់​នៅ​ក្នុង​ខ្លួន។ ​ប្រជាជន​គ្រាន់​តែ​បញ្ចេញ​មតិ គឺ​ប្រជាជន​ខុស ទង្វើ​ដែល​គេ​វាយ​កំទេច​ផ្ទះ​ប្រជាជន បូម​ខ្សាច់​ពន្លិច ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី​ភេទ ប៉ះពាល់​ដល់​សិទ្ធិ​កុមារ​ទៀត តើ​គាត់​នោះ​មាន​ទោស​ដែរ ឬ​ទេ?»

ប៉ូលិស​បាន​ចាប់​ខ្លួន​ស្រ្តី ៤​នាក់​នោះ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​ពេល​ពួក​គាត់​កំពុង​តវ៉ា​នៅ​សាលា​ក្រុង​ភ្នំពេញ អំពី​​​រឿង​​ទំនាស់​ដី​ពួក​គាត់​នៅ​បឹង​កក់។ ពួក​គាត់​ទាំង​បួន​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​តុលការ​ក្រុង​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ហើយ​តុលាការ​​បាន​ចោទ​​ពី​បទ​ល្មើស​​ព្រហ្មទណ្ឌ​​ដែល​ត្រូវ​ផ្ដន្តាទោស​ដាក់​ពន្ធនាគារ។ តែ​តុលាការ​បាន​ប្រកាស​​ដោះ​លែង​បណ្ដោះ​អាសន្ន។

មន្រ្តី​ស៊ើប​អង្កេត​អង្គការ​អាដហុក (Adhoc) លោក យី សុខសាន្ត ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​បាន​បង្រា្កប​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​បាត់បង់​ផ្ទះសម្បែង មក​បង្ខំ​ចោទ​ពលរដ្ឋ​ចាប់​ដាក់​ឃុំ និង​បញ្ជូន​ទៅ​តុលាការ គឺ​រឹតតែ​រំលោភ​សិទ្ធិ​កាន់​តែ​ធ្ងន់៖ «រដ្ឋាភិបាល​ដែល​គាត់​ទទួល​ស្គាល់​ថា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ហើយ​គាត់​សុខ​ចិត្ត​ធ្វើការ​ទាមទារ​តាម​ផ្លូវ​ច្បាប់ បែរ​ជា​មិន​ដោះស្រាយ​ឲ្យ​គាត់ បែរ​ជា​ដាក់​ទណ្ឌកម្ម​ឲ្យ​គាត់​បន្ថែម​ទៀត។ នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​សេរីភាព​នៅ​ប្រទេស​កម្ពុជា»

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សំរាប់​សហគមន៍ បាន​ថ្លែង​ថា ករណី​បឹង​កក់ រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ច្រើន។ ទី​១ ការ​ជួល​ដី​ឲ្យ​ឈ្មួញ​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ ខុស​ច្បាប់​ទៅ​ហើយ ទី​២ មិន​បាន​ចុះ​អង្កេត​ពី​ផល​ប៉ះពាល់​មុន​ប្រគល់​ដី​ឲ្យ​វិនិយោគ។ ទី​៣ ពលរដ្ឋ​តវ៉ា​អាជ្ញាធរ​ប្រើ​សមត្ថកិច្ច​បង្រ្កាប និង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ និង​ចាប់​ស្រ្តី​ដាក់​ទោស និង​បញ្ជូន​មក​តុលាការ។

ទំនាស់​ដី​បឹង​កក់ ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ បាន​កើត​ឡើង​រ៉ាំរ៉ៃ​យូរ​មក​ហើយ ដែល​បណ្ដាល​​ឲ្យ​ប្រជាពលរដ្ឋ​បឹង​កក់​បាត់​បង់​ផ្ទះ​​សម្បែង៕