ក្នុងចំណោមស្ត្រីទាំងបួននាក់នោះ មានម្នាក់ជាអនីតិជនត្រូវមេខ្យល់បោកបញ្ឆោតឲ្យទៅរកស៊ីជួញដូរផ្លូវភេទ ហើយពួកគេសម្រេចចិត្តរត់មកវិញដល់ខេត្តកោះកុង កាលពីថ្ងៃអង្គារ ទី៨ មករា។
មន្ត្រីសិទ្ធិមនុស្ស និងអាជ្ញាធរខេត្តកោះកុង កំពុងស៊ើបអង្កេតរកមុខសញ្ញាមេខ្យល់បោកបញ្ឆោតក្មេងស្រីឲ្យទៅរកស៊ីផ្លូវភេទនៅប្រទេសថៃ។
មន្ត្រីសម្របសម្រួលនៃអង្គការអាដហុក ប្រចាំនៅខេត្តកោះកុង លោក នាង បូរ៉ាទីណូ។ លោកបានឲ្យដឹងថា កាលពីថ្ងៃទី៨ មករា ស្រ្តី ៤នាក់ បានលួចរត់គេចចេញពីផ្ទះបននៅស្រុកខ្លងស៊ុន ខេត្តត្រាត ប្រទេសថៃ ជាប់នឹងខេត្តកោះកុង កម្ពុជា។
លោក នាង បូរ៉ាទីណូ៖ «ការដែលពួកគាត់រត់ចេញពីផ្ទះបនហ្នឹង ដោយសារតែពួកគាត់ត្រូវធ្វើទុក្ខបុកម្នេញពីម្ចាស់ហាង ហើយភ្ញៀវបង្ខំលើរាងកាយគាត់ បង្ខំឲ្យរួមភេទមិនឲ្យលុយគាត់។ ទាក់ទងនឹងការរួមភេទហ្នឹងដែរ គាត់សម្រេចរត់ច្រើនលើកច្រើនសាហើយ ទើបថ្ងៃទី៨ ហ្នឹង គាត់រត់បានសម្រេច»។
លោកមានប្រសាសន៍ឲ្យដឹងទៀតថា ស្ត្រីជនរងគ្រោះបានបង្ហាញពីអត្តសញ្ញាណ និងឈ្មោះជនសង្ស័យ ហើយជនសង្ស័យខ្លះជាមុខសញ្ញាចាស់ ហើយករណីនេះអង្គការសិទ្ធិមនុស្សនៅខេត្តកោះកុង កំពុងកសាងសំណុំរឿងនេះ និងត្រូវការកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធដោយយកចិត្តទុកដាក់។
ទាក់ទងបញ្ហានេះ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៅខេត្តកោះកុង លោក ស្រី ធុច មានប្រសាសន៍នៅថ្ងៃពុធ ទី៩ មករា ថា ការស្វែងរកជនល្មើសជារឿងមួយលំបាក ពីព្រោះគេពុំស្គាល់អាសយដ្ឋាន ឬព័ត៌មានលម្អិតពីជនសង្ស័យ ម្យ៉ាងជនគ្រោះក៏មិនព្រមដាក់ពាក្យប្ដឹងពីរឿងនេះដែរ៖ «ឈ្មោះអ៊ីចឹងច្រើន... សួរថាស្គាល់មិនច្បាស់ គេថាឃើញតែមួយភ្លែតអត់ចាំបាន មិនដឹងផ្ទះសម្បែងនៅណា ឈ្មោះ ត្រកូលឈ្មោះអី ចាំមើលស្រាវជ្រាវមើលមើល៍ធ្វើឲ្យអស់លទ្ធភាព»។
ទាក់ទងជនរងគ្រោះមិនប្ដឹងនេះ លោក នាង បូរ៉ាទីណូ មានប្រសាសន៍ថា តាមការសាកសួរ គឺពួកគេចង់ទៅផ្ទះបានឆាប់ ដោយសារពួកគេមានសុខភាពមិនសូវល្អ ម្យ៉ាងអាចមកពីពួកគេខ្លាចមានគេធ្វើបាបសាច់ញាតិ និងស្ត្រីខ្មែរមួយចំនួនទៀតប្រមាណជា ១០នាក់ ដែលរត់ចេញមកមិនទាន់បាន។
លោក នាង បូរ៉ាទីណូ៖ «អ្វីដែលជាគោលគំនិតសំខាន់ដែលគាត់ឆ្លើយចំពោះមុខខ្ញុំ គឺប្អូនស្រីគាត់ម្នាក់ក្នុងចំណោមស្រី ៤នាក់ហ្នឹង គឺអត់ទាន់ឆ្លងមកដល់ទឹកដីខ្មែរទេ អ៊ីចឹងគាត់បានព្យាយាមទាក់ទងគ្នាជាមួយមេបនថា បើប្អូនគាត់បានមកដល់ទឹកដីខ្មែរវិញ គាត់អត់ប្តឹងទេ តែបើអត់មកដល់ទេ គាត់ត្រូវការប្តឹងបន្ត អ៊ីចឹងពួកគាត់ប្រហែលជាមានលក្ខខណ្ឌជាមួយនឹងមេបនហ្នឹងហើយ ទើបពួកគាត់អត់ប្ដឹងផ្ដល់ដោយសារគាត់ខ្លាចសុវត្ថិភាពប្អូនស្រីគាត់នៅទឹកដីថៃ ហើយក្មេងៗស្រីដែលចង់មកដែរ អត់បានមកនោះ អាយុតិចៗណាស់ ១៧ ១៨ឆ្នាំ ក៏មាន។ ការភ័យខ្លាចដែរ ហើយសូមអង្វរអ្នកទាំងបួនហ្នឹងឲ្យជួយសង្គ្រោះឲ្យពួកគាត់បានមកដល់ទឹកដីខ្មែរដែរ»។
ស្រ្តី ៤នាក់ដែលត្រូវគេជួញដូរនោះ មានអាយុ ១៤ឆ្នាំម្នាក់ ដែលមេខ្យល់យកទៅកាលពីថ្ងៃទី០១ មករា និង ៣នាក់ មានអាយុប្រហែល ២០ឆ្នាំ ត្រូវគេជួញដូរកាលពី ៣ខែមុននេះ។
ករណីជួញដូរមនុស្សនៅឆ្នាំ២០១២ ដល់ដើមឆ្នាំ២០១៣ មាន ១៣ករណី ក្នុងនោះករណីជួញដូរមនុស្សមាន ៤ករណីដែលឆ្លងកាត់តាមខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។