អាជ្ញាធរខ្មែរខេត្តព្រះវិហារបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃប្រមាណ៥០នាក់ប្រដាប់ដោយអាវុធបានលើកគ្នាចូលមកក្នុងព្រំដែនខ្មែរនៃតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃអង្គារ ទី១៥ ខែកក្កដានេះ ។
មន្ត្រីសំខាន់របស់កងរាជអាវុធហត្ថប្រចាំស្រុកជាំក្សាន្តមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីវេលាម៉ោង២រសៀលថ្ងៃអង្គារថា កងទាហានឈុតខ្មៅថៃប្រដាប់ដោយអាវុធគ្រប់ដៃបានលើកគ្នាចូលមកដល់ទីវត្តរបស់ខ្មែរមួយនៅខាងលិចប្រាសាទព្រះវិហារ ហើយកងកម្លាំងថៃជាច្រើនបានកាន់កាប់នៅលើតំបន់ជណ្តើរបូរាណនៃទឹកដីខ្មែរ ដោយបានបិទច្រកមិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលទៀតផង ។
មន្ត្រីដដែលបានឲ្យដឹងថា ៖ «ទាហានឈុតខ្មៅវាប្រដាប់ដោយអាវុធកំប៉្លេតែម្ដង នៅវត្តលើប្រាសាទហ្នឹង ។ មិនទាន់ធ្វើការដកចេញនៅឡើយទេ ចាំមើលការចរចាគ្នាពេលខាងក្រោយទៀតមិនដឹងថាយ៉ាងណាទេ» ។
តាមឆ្មាំព្រំដែនខ្មែរបានឲ្យដឹងថាមានប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារកំពុងតែនៅក្នុងតំបន់ដែលទាហានថៃចូលលុកលុយនោះនៅឡើយ ។
ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារបានផ្តល់ព័ត៌មានមកវិទ្យុអាស៊ីសេរី កាលពីវេលាម៉ោងប្រមាណ១២និង១៥នាទី មុនពេលដែលទូរស័ព្ទរបស់ពួកគេត្រូវបានបិទថា កងទាហានឈុតខ្មៅថៃកំពុងសំរុកចូលមកច្រកខាងលិចនៃប្រាសាទ កាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ហើយបានចូលដល់វត្តរបស់ខ្មែរជាប់អតីតព្រលានយន្តហោះ ។
ប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា ៖ «គេចូលមកខាងទឹកដីយើងតែម្ដង ជណ្ដើរបូរាណ កន្លែងវត្ត ទាហានខ្មៅប្រហែល៥០-៦០នាក់ សុទ្ធតែកាំភ្លើង... ថ្ងៃហ្នឹងខ្លាំងណាស់ ។ ឥឡូវនាំគ្នាភ័យ ឥឡូវខ្ញុំឡើងទៅប្រាសាទទី១ ទី២» ។
បើតាមការអះអាងរបស់អ្នកភូមិខ្មែរថាការសំរុកចូលមករបស់កងទាហានឈុតខ្មៅថៃបានកើតឡើងប្រមាណ៣ម៉ោង បន្ទាប់ពីព្រះសង្ឈមួយអង្គ ដូនជី និងតាជី២នាក់ជាជនជាតិថៃ បានផ្លោះរបងច្រកទ្វារព្រំដែនចូលមកក្នុងទឹកដីខ្មែរ ហើយអាជ្ញាធរខ្មែរបានចាប់ខ្លួនបញ្ជូនទៅវិញ តែមានការប្រកែកមិនព្រមទៅវិញពីព្រះសង្ឈ ដូនជី និងតាជីជាជនជាតិថៃនោះ ។
អ្នកភូមិដដែលបានឲ្យដឹងថា ៖ «មានលោកសង្ឃមួយអង្គ យាយជីម្នាក់ និងតាជីម្នាក់ ពីម៉ោង ៦ ដល់ម៉ោង ៧ លួចផ្លោះរបងមកសមាធិនៅខាងដីយើងកាន់កាប់» ។
ទោះយ៉ាងណាមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា លោក ចតុរុន ឆៃយាខាំ បានមានប្រសាសន៍ថា លោកពុំបានដឹងអំពីការចាប់ខ្លួនជនជាតិថៃទាំងនោះនៅឡើយទេ ។
តាមឆ្មាំព្រំដែនខ្មែរបានអះអាងថា ទាហានឈុតខ្មៅរបស់ថៃបានព្យាយាមចូលមកដាក់លួសបន្លារនៅប៉ែកខាងលិចប្រាសាទតាំងពីថ្ងៃសៅរ៍កន្លងមកម៉្លេះ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ លោកវរសេនីយ៍ឯក សោម បុប្ផារ័ត្ន មិនបានអធិប្បាយលម្អិតពីបញ្ហានោះទេ ដោយលោកគ្រាន់តែមានប្រសាសន៍ថា លោកបានទទួលព័ត៌មាននេះហើយ ប៉ុន្តែលោកមិនអាចនិយាយបានពីព្រោះវាប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ ។
លោកវរសេនីយ៍ឯក សោម បុប្ផារ័ត្ន បានមានប្រសាសន៍ថា ៖ «ខ្ញុំទទួលព័ត៌មានហ្នឹងបានហើយ មិនទាន់ច្បាស់ ។ បើសិនលោកចង់បានច្បាស់ ទាល់តែទាក់ទងសួរទៅខាងយោធភូមិភាគបានដឹង» ។
សូមបញ្ជាក់ថាការលើកទ័ពរបស់កងទាហានឈុតខ្មៅថៃចូលមកក្នុងទឹកដីខ្មែរនៅថ្ងៃអង្គារនេះ មិនទាន់ត្រូវបានគេដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែវាបានកើតឡើងមួយថ្ងៃនៅបន្ទាប់ពីនៅទីក្រុងភ្នំពេញ មន្ត្រីរដ្ឋាភិបាលខ្មែរបានរៀបចំធ្វើពិធីដ៏ធំសម្បើមមួយនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីអបអរសាទរចំពោះជោគជ័យនៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីយប់ថ្ងៃច័ន្ទកន្លងមក ៕