សាក្សី​៦​រូប​ផ្ដល់​សក្ខី​កម្ម​សរសើរ​អត្ត​ចរិត​របស់​អតីត​មេ​គុក​ទួល​ស្លែង

សាក្សី​៦​រូប ដែល​អតីត​ជា​សិស្ស មិត្ត​ភក្តិ និង​ជា​អ្នក​ធ្វើការ​ជាមួយ​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ រហូត​មក​ដល់ ១៩៩៦ សុទ្ធ​តែ​បាន​ប្រាប់​អង្គ​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ថា ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ជា​មនុស្ស​ម្នាក់​ដែល​មាន​អត្ត​ចរិត​ស្លូត​បូត ធ្វើការ​ម៉ឺង​ម៉ាត់ និង​ចេះ​ជួយ​អ្នក​ដទៃ។

0:00 / 0:00

អ្នកស្រី ស៊ូ សាត អតីត​ជា​អ្នក​ធ្លាប់​រៀន​ក្នុង​ក្លឹប​សិក្សា​ជាមួយ​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច និយាយ​ប្រាប់​អង្គ​សវនាការ​ថា លោក កាំង ហ្កេក​អ៊ាវ ជា​មនុស្ស​ស្លូត​បូត ជា​សិស្ស​ល្បី​ឈ្មោះ ដែល​រៀន​ពូកែ ហើយ​ចេះ​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​អ្នក​ដទៃ។

អតីត​សិស្ស​របស់​ជន​ជាប់​ចោទ​ពីរ​រូប គឺ​លោក ទេព សែម និង​លោក ទេព សុខ ថ្លែង​ថា លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច ធ្លាប់​ជា​គ្រូ​ដ៏​ល្អ​ម្នាក់​សម្រាប់​ពួក​លោក ក៏​ដូច​ជា​សិស្ស​ដទៃ​ទៀត ៖ «ខ្ញុំ​បាន​ស្គាល់​លោក​ច្បាស់ លោក​ជា​សាស្រ្ដាចារ្យ​ម្នាក់​ដែល​សិស្ស​របស់​យើង​ខ្ញុំ​ស្រលាញ់​លោក ពេញ​ចិត្ត​នឹង​លោក ក្នុង​ការ​បំពេញ​ភារកិច្ច​បង្រៀន​យើង​ខ្ញុំ។ លោក​មាន​អត្ត​ចរិត​ស្លូត​បូត សុភាព​រាប​សា ហើយ​ជា​ពិសេស លោក​ស្រលាញ់​កូន​សិស្ស​ខ្សោយ កូន​សិស្ស​ក្រីក្រ​នៅ​ជនបទ»

ក្រៅ​ពី​នេះ ក៏​មាន​គ្រូ​បង្រៀន​នៅ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ ចំនួន ៣​រូប ដែល​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហម​អញ្ជើញ​ឲ្យ​ឡើង​មក​ផ្តល់​សក្ខី​កម្ម​ដែរ​នោះ សុទ្ធ​តែ​បាន​សរសើរ​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដែល​គេ​ស្គាល់​តែ​ឈ្មោះ​មួយ​ទៀត​ថា​ជា ហង់ ពិន ក្នុង​អំឡុង​ពេល​ដែល ឌុច ធ្វើ​ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​តំបន់​នោះ។

លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច កំពុង​ជាប់​ចោទ​អំពី​បទ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​សម្លាប់​អ្នក​ទោស​ជាង​មួយ​ម៉ឺន​នាក់​នៅ​មន្ទីរ​ស-​២១ ក្នុង​របប​ខ្មែរ​ក្រហម។

កន្លង​មក មាន​សាក្សី​ខ្លះ​ដែល​ជា​អតីត​អ្នក​ទោស​និង​ជា​បុគ្គលិក​នៅ​មន្ទីរ​ស-​២១ បាន​និយាយ​នៅ​ក្នុង​អង្គ​សវនាការ​ថា ឌុច នៅ​ពេល​នោះ មាន​អត្ត​ចរិត​កាច​សាហាវ ដែល​ពួក​គេ​ខ្លាច​បំផុត​រហូត​មិន​ហ៊ាន​មើល​ចំ។

នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា ឌុច បាន​ឆ្លើយ​ប្រាប់​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​ថា ៖ «ខ្ញុំ​មាន​ទស្សន​វិជ្ជា​មួយ ថា ការ​ខំ​ធ្វើ​ការងារ វា​មាន​មូល​ហេតុ​ពីរ ទី​១ ខំ​ធ្វើ​ឲ្យ​បាន​ល្អ ព្រោះ​ខ្លាច​ស្លាប់ បើ​ធ្វើ​មិន​ល្អ​វា​ស្លាប់ ក៏​ប៉ុន្តែ​មួយ​ទៀត ធ្វើ​ល្អ​ដើម្បី​អ្វី? នេះ​បញ្ហា​មួយ​ផ្សេង​ទៀត។ នេះ​សូម​បញ្ជាក់​ជូន​បញ្ហា​របស់​ខ្ញុំ ចំពោះ​ការងារ​ដែល​ខ្ញុំ​ធ្វើ​វា​មាន​មូល​ហេតុ​ខ្លាច​ស្លាប់»

លោក ជុំ ម៉ី អតីត​អ្នក​ទោស​មួយ​រូប​នៅ​គុក​ទួល​ស្លែង បាន​ឆ្លើយ​តប​នឹង​ការ​លើក​សរសើរ​អំពី​អត្ត​ចរិត​ល្អ​របស់​ជន​ជាប់​ចោទ ឌុច ដូច្នេះ ៖ «ត្រង់​ណា​ស្លូត​បូត? ឌុច ហ្នឹង​ស្លូត​បូត​ឬ? ស្លូត​បូត​ហើយ អស់ ១៦.០០០​នាក់ ស្លូត​បូត​យ៉ាង​ម៉េច? ខ្ញុំ​អត់​ទទួល​យក​បាន​ទេ បញ្ហា​ហ្នឹង»

សវនាការ​លើ​សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច នឹង​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហម​លើក​យក​មក​ធ្វើ​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០០៩៕