សហជីពសេរីកម្មករ នៅថ្ងៃសៅរ៍ ទី២២ ខែមករា បានព្រមានថា គេនឹងរៀបចំពិធីកូដកម្មកម្មករធំមួយនៅឆ្នាំក្រោយ បើសិនជារដ្ឋាភិបាលខ្មែរនៅតែអូសបន្លាយពេលវេលាមិនព្រមវែកមុខឃាតកពិតសម្លាប់លោក ជា វិជ្ជា នោះទេ។
នៅក្នុងពិធីដាក់កម្រងផ្កានៃការរំឭកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅក្បែររបងវត្តលង្កា កណ្ដាលក្រុងភ្នំពេញ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនាពេលបច្ចុប្បន្ន ត្រូវជាប្អូនប្រុសបង្កើតសពលោក ជា វិជ្ជា បានថ្លែងថា គេមិនអាចទុកឲ្យមានការអូសបន្លាយដូច្នេះទៀតឡើយ ៖ «សាក្សី និងភស្តុតាងនៅមានជីវិត អ៊ីចឹងយើងទុកមួយឆ្នាំឲ្យរដ្ឋាភិបាល ហើយបើអត់ទេ កម្មករនឹងធ្វើកូដកម្មអត់ធ្វើការងារ»។
តំណាងសហជីពជាច្រើន តំណាងរាស្ត្រ និងតំណាងអង្គការ តំណាងអង្គការសង្គមស៊ីវិល និងកម្មករជាច្រើននាក់ ដែលតែងតែបានចូលរួមនៅក្នុងពិធីរំឭកនេះ នៅតែបន្តការរំឭកវិញ្ញាណក្ខន្ធជាមួយនឹងការទាមទារឲ្យមានការសង់ស្តូបរូបសំណាក លោក ជា វិជ្ជា និងទាមទារនៃការផ្ដល់គោរមងារដល់លោក ជា វិជ្ជា ជាវីរជនកម្មករ និងទាមទារឲ្យមានការចាប់ឃាតកមកផ្ដន្ទាទោស ដើម្បីផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។
នៅពីមុខកម្រងផ្កាធំៗដែលមានតាំងរូបថតលោក ជា វិជ្ជា ក្រុមកម្មករបាននាំគ្នាចូលអុជធូបម្តងម្នាក់ៗ ដើម្បីធ្វើការបួងសួងក្រោមក្រសែភ្នែកឃ្លាំមើលរបស់ក្រុមប៉ូលិសជាច្រើននាក់។
កម្មករឈ្មោះ វណ្ណ បូរ៉េត អាយុ ៣០ឆ្នាំ ដែលបានចូលរួមរាល់ឆ្នាំក្នុងការប្រារព្ធវិញ្ញាណក្ខន្ធនេះថ្លែងថា ៖ «ខ្ញុំយល់ថា រដ្ឋាភិបាលគាត់អសមត្ថភាពដែលមិនបានរកមុខឃាតកដែលបានបាញ់លោក ជា វិជ្ជា ស្លាប់ហ្នឹង។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលរកមុខឃាតកឲ្យបានឆាប់បំផុត ដើម្បីឲ្យពួកខ្ញុំជាកម្មករមានភាពកក់ក្ដៅ ពីព្រោះខ្ញុំគោរពលោក ជា វិជ្ជា»។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពការងារមានប្រសាសន៍ថា ៖ «កម្មករយើងចង់ឃើញនូវការធ្វើកិច្ចការហ្នឹង បើសិនជាឃាតកមិនត្រូវបានចាប់វាជាការគំរាមមួយមកដល់ចលនាការងារ ឬក៏អ្នកធ្វើការផ្នែកសិទ្ធិមនុស្សលើកក្រោយៗទៀត ហើយវាក៏ជាការបង្ហាញមួយមិនល្អសម្រាប់អ្នកប្រឹងធ្វើការងារដើម្បីសិទ្ធិមនុស្ស ហេតុនេះហើយបានជាយើងនាំគ្នាមកថ្ងៃនេះ»។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងដូច្នេះ ៖ «លោក ជា វិជ្ជា គឺជាវីរបុរសរបស់កម្មករ ដូច្នេះហើយយើងមកគោរពវិញ្ញាណក្ខន្ធ ហើយម្យ៉ាងទៀតដើម្បីបង្ហាញថា ជំហររបស់យើងគឺសុំឲ្យរដ្ឋាភិបាលវែកមុខឃាតកពិតប្រាកដជូនលោក ជា វិជ្ជា ជាពិសេសសូមស្ថាប័នអន្តរជាតិ ភ្នាក់ងារ FBI ជួយអន្តរាគមន៍រឿងនេះផង»។
លោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងថា ការទាមទារយុត្តិធម៌ចំពោះអ្នកស្លាប់ទាំងឡាយហាក់ដូចជាដដែល ប៉ុន្តែគ្មានលទ្ធផលទេ។ ក្រុមសហជីពបានគ្រោងថា នឹងរៀបចំប្រមូលអ្នកចង់បានយុត្តិធម៌ទាំងឡាយ ដើម្បីដង្ហែក្បួនទៅតុលាការក្រុងភ្នំពេញ ដើម្បីជំរុញឲ្យមានការដោះស្រាយបញ្ហានេះ។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «យើងនឹងអាចប្រមូលផ្ដុំអ្នកដែលចង់បានយុត្តិធម៌ទៅតុលាការក្រុងភ្នំពេញ ដើម្បីជំរុញឲ្យមានការវែកមុខរកឃាតកបាញ់សម្លាប់ ជា វិជ្ជា»។
អតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញ ដែលតែងដឹកនាំកម្មករជាច្រើនម៉ឺននាក់ក្នុងការទាមទារដំឡើងប្រាក់បៀវត្សរ៍ និងទាមទារលក្ខខណ្ឌការងារល្អប្រសើរ គឺលោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់កាលពី ៧ឆ្នាំមុន គឺកាលនៅឆ្នាំ២០០៤ នៅក្បែររបងវត្តលង្កា ខណៈពេលដែលលោកកំពុងអានកាសែតពេលព្រឹកព្រលឹម។
ក្រោយពីការបាញ់ប្រហារនោះភ្លាមៗ អាជ្ញាធរបានចាប់ខ្លួនមនុស្ស ២នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ដោយសង្ស័យថា មានពាក់ព័ន្ធនឹងការសម្លាប់នេះ ក្រោយមកតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសដាក់ពន្ធនាគារអ្នកទាំងពីរចំនួន ២០ឆ្នាំ។ ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០០៩ ក្រោយពីការឃុំឃាំងអស់ជាង ៥ឆ្នាំ តុលាការកំពូលបានដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងតម្រូវឲ្យសាលាដំបូងពិនិត្យបញ្ហានេះឡើងវិញ។
មកដល់ពេលនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា ក្រុមនគរបាលនៅមិនទាន់បានទទួលលិខិតបញ្ជាឲ្យស៊ើបអង្កេតរឿងនេះបន្តទៀតពីតុលាការនៅឡើយទេ ៖ «រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃមិនទាន់បានទទួលការណែនាំឲ្យស៊ើបអង្កេតអីបន្តទៅទៀតទេ»។
តុលាការក្រុងភ្នំពេញ មិនអាចទាក់ទងដើម្បីបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយ នៅថ្ងៃសៅរ៍ ទី២២ ខែមករានេះ។
កាលពីថៃ្ងទី១៧ ខែសីហា ឆ្នាំ២០០៩ កន្លងទៅ តុលាការសាលាឧទ្ធរណ៍បានប្រកាសសាលដីកាបង្គាប់ឲ្យសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បើកការស៊ើបអង្កេតជាថ្មីបន្ថែមទៀត ជុំវិញសំណុំរឿងរបស់លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសនោះដែរ។
បុគ្គលិកអ្នកការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ថ្លែងថា ការចាប់ឃាតក ឬមិនចាប់ វាអាស្រ័យទៅលើឆន្ទៈរបស់អាជ្ញាធរទេ ពីព្រោះថា មានករណីឃាតកម្ម និងបទល្មើសជាច្រើនដែលអាជ្ញាធរបានចាត់វិធានការរកឃើញឃាតកនៅពេលកន្លងមក៕
