ទឹក​អណ្តូង​ស្នប់​ក្នុង​៨​ខេត្ត​ក្រុង​នៅ​កម្ពុជា​មាន​ផ្ទុក​ជាតិ​អាសេនិក

ទឹក​អណ្តូង​ស្នប់​នៅ​ក្នុង​ខេត្ត-​ក្រុង​ចំនួន​៨ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា អាសេនិក (Arsenic) ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់។

0:00 / 0:00

អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ឆ្នាំង លោក សុខ ចំណាន មាន​ប្រសាសន៍​ថា ក្នុង​ជំហាន​សាកល្បង​ស្រាវជ្រាវ​របស់​កម្មវិធី​ជាតិ​ត្រួត​ពិនិត្យ​ជាតិ​អាសេនិក​នាពេល​ថ្មី​ៗ​កន្លង​ទៅ​ក្នុង​ទូទាំង​ប្រទេស មាន​ខេត្ត​ក្រុង​ចំនួន​៨ ដែល​មាន​ប្រើប្រាស់​អណ្តូង​ស្នប់​គេ​បាន​រក​ឃើញ​ថា ក្នុង​ទឹក​អណ្តូង​ស្នប់​ជា​ច្រើន​មាន​ផ្ទុក​ជាតិ​អាសេនិក​ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ។

លោក សុខ ចំណាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ធ្វើ​តេស្ដ​ទៅ​ម្ដង​ប្រែប្រួល​អ៊ីចេះ ម្ដង​ប្រែប្រួល​អ៊ីចុះ វា​កើន​ខ្លះ ថយ​ចុះ​ខ្លះ​អ៊ីចឹង ប៉ុន្តែ​ក្រោយ​ពី​មាន​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​មក ខាង​ក្រុម​ការងារ​យើង បាន​ចុះ​ទៅ​ពិនិត្យ​សា​ឡើង​វិញ យើង​ឃើញ​ថា​នៅ​មាន​ដដែល មាន​ការប្រែ​ប្រួល​បន្តិចបន្តួច ពី​មុន​ថា ១០០​PPB ឥឡូវ​ហ្នឹង​ឃើញ​មាន​ការប្រែប្រួល​នៅ​សល់ ៧៥​PPB អ៊ីចឹង​បានន័យ​ថា នៅ​កម្រិត​ខ្ពស់​ដដែល ។ អ៊ីចឹង​ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា តើ​ត្រូវ​ប្រកាស​អាសន្ន​យ៉ាងម៉េច​ទេ វា​លំបាក​ដែរ។ ការ​ប្រកាស​អាសន្ន លុះត្រា​តែ​យើង​ធ្វើ​មួយ​ឃុំ​ហ្នឹង​តែម្ដង បើសិនជា​ឃើញ​មួយ​ឃុំ​ហ្នឹង​ហើយ វា​មាន​បញ្ហា​អ៊ីចឹង ហើយ​យើង​ត្រូវ​ធ្វើ​ការ​តាម​ដាន​ទៀត ដើម្បី​អង្កេត​មើល​ថា តើ​ប្រជាជន​យើង​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ហើយ ឬ​នៅ? ប៉ុន្តែ​បញ្ហា​សុខភាព​របស់គាត់ បើ​គាត់​មិន​ទាន់​មាន​ការលេច​ចេញ​ជា​បញ្ហា​អី ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នៅ​លើ​សារពាង្គកាយ ឬ​ក៏​មាន​ឈឺ​អី​ធ្ងន់ធ្ងរ​យ៉ាង​ណា​នោះ យើង​ក៏​មិន​ទាន់​ហ៊ាន​ប្រកាស​អាសន្ន​ទេ ទាល់តែ​ឆ្លង​ថ្នាក់​ជាតិ​អី ដើម្បី​ឲ្យ​គេ​ជួយ​តាម​ដាន​មើល»

ដោយឡែក​សម្រាប់​ខេត្ត​កំពង់ឆ្នាំង ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​អណ្តូង​ស្នប់​ចំនួន ២,២៨៨ នៅ​ទូទាំង​ខេត្ត ក្នុង​នោះ​មាន ១១៧​អណ្តូង មាន​ផ្ទុក​សារជាតិ​អាសេនិក​ទៅ​ហើយ ៖ «បើសិន​ជា​ឃើញ​ផល​ប៉ះពាល់​ខ្លាំងក្លា​ហើយ យើង​ទៅ​រក​មធ្យោបាយ​ដោះស្រាយ​ជូន​គាត់ យើង​ត្រូវ​ធ្វើ​អាង ពាង ដើម្បី​ឲ្យ​គាត់​ត្រង​ទឹក​ភ្លៀង ឬ​ក៏​ជីក​ស្រះ ឬ​ក៏​ជីក​អណ្ដូង​លូ​អី ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ហ្នឹង​ជូន​គាត់។ កន្លង​មក​យើង​ធ្លាប់​បាន​ធ្វើ​ដែរ ដូច​ជា​នៅ​ឃុំ​ត្រពាំងចាន់ នៅ​ភូមិ​ក្បាលដំរី យើង​បាន​ដោះស្រាយ​ករណី​ហ្នឹង​មួយ​ករណី​ហើយ។ នៅ​ត្រពាំងចាន់ ក្បាលដំរី​នោះ គឺ​គ្រប់​អណ្ដូង សូម្បី​តែ​អណ្ដូង​លូ ក៏​មាន​អាសេនិក​ដែរ អ៊ីចឹង​យើង​បាន​ដោះស្រាយ ខាង​អង្គការ​យូនីសេហ្វ លោក​បាន​ធ្វើ​ពាង យើង​ផ្ដល់​ធុង​ចម្រោះ​ទឹក​ស្អាត។ ក៏ប៉ុន្តែ​មិន​ជា​ធ្ងន់ធ្ងរ​ពេក​ដែរ​ទេ នៅ​ខាង​ក្បាលដំរី ក៏ប៉ុន្តែ​អណ្ដូង​នៅ​ហ្នឹង​វា​តិច យើង​មើល​ទៅ​អណ្ដូង​ប្រហែល​ជា ១៥​អណ្ដូង មើល​ទៅ​ឃើញ​មាន ១៥​ហ្នឹង»

ការរក​ឃើញ​ជាតិ​អាសេនិក​ក្នុង​ទឹក​អណ្តូង​ស្នប់ បាន​ក្លាយ​ជា​ក្តីកង្វល់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជនបទ។

ស្ត្រី​វ័យ​កណ្តាល​ឈ្មោះ អ៊ុក សារ៉េន មាន​ទី​លំ​នៅ​ភូមិ​ព្រៃក្រោល ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា អណ្តូង​របស់គាត់​ពុំ​ឃើញ​មាន​អង្គការ ឬ​អាជ្ញាធរ​មក​ពិនិត្យ​ទេ។ គាត់​បន្ត​ថា ប្រហែល​ជា​មក​ពី​អណ្តូង​របស់គាត់​បុក​ដោយ​ខ្លួន​ឯង ៖ «អណ្ដូង​ខ្ញុំ​ជីក​ឆ្នាំ ២០០២ ប៉ុន្តែ​អណ្ដូង​នេះ​អត់​សូវ​ថ្លា ដោយ​មាន​ដូច​ថា យើង​ដាំ​ទៅ​មាន​ជាតិ​កំបោរ​អី​អ៊ីចឹង​ដែរ ប៉ុន្តែ​ប្រជាជន​អត់​ហើយ ចេះ​តែ​នាំ​គ្នា​ប្រើ​ទៅ ហើយ​អត់​ដែល​មាន​​អង្គការ​ណា​មក​ពិនិត្យ​មើល​ទឹក​ហ្នឹង ថា​មាន​ស្អី​ៗ គឺ​អត់​ដែល​ទេ បើ​អណ្ដូង​អ្នក​អង្គការ​ជួយ​ផ្សេងៗ​ហ្នឹង ដូច​មាន ៣-៤​អណ្ដូង ក្នុង​ភូមិ​ហ្នឹង គេ​មក​ពិនិត្យ​តែ​អណ្ដូង​ហ្នឹង អណ្ដូង​ឯកជន​គឺ​អត់​មាន​ទេ ហើយ​ប្រជាជន​ចេះ​តែ​ប្រើ​ទៅ ដែល​ធ្វើ​របស់​ឯង»

គួរ​រំឭក​ផង​ដែរ​ថា នៅ​តាម​ជនបទ​នៃ​ប្រទេស​កម្ពុជា បញ្ហា​ទឹក​ស្អាត​នៅ​តែ​ចោទ​នៅ​ឡើយ។រាជរដ្ឋាភិបាល​បាន​កំណត់​ថា រដ្ឋ​អាច​សម្រេច​ទិសដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​បាន​ត្រឹម​តែ​ពី ៤០​ទៅ ៤៥% ប៉ុណ្ណោះ រហូត​ដល់​ឆ្នាំ ២០១២។

អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង លោក សុខ ចំណាន ពន្យល់​ថា កម្រិត​នៃ​សារធាតុ​អាសេនិក​នៅ​ក្នុង​អណ្តូង​ស្នប់ ប្រសិនបើ​វា​មាន​ក្នុង​កម្រិត​តិច គឺ​ទឹក​នោះ​អាច​ប្រើប្រាស់​បាន ៖ «បើតាម​អង្គការ​សុខភាព​ពិភពលោក យើង​គិត​ថា បើសិនជា​វា​នៅ​ក្រោម​កម្រិត​ស្តង់ដារ ១០PPB នៅ​អាស៊ី​យើង គេ​ឲ្យ​ប្រើ​ដូច​ជា​នៅ​ចិន​អី​ហ្នឹង​គេ​ឲ្យ​ប្រើ។ ប៉ុន្តែ​ករណី​ស្រុក​យើង​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ អនុញ្ញាត​ឲ្យ​ប្រើ​ពី ៥ ទៅ ១០PPB ផល​ប៉ះពាល់​វា​មិន​មាន​ទេ។ អ៊ីចឹង​បើសិនជា​លើស​ពី​ហ្នឹង​ទៅ ចាប់​ពី៥០ ឡើង​ទៅ គឺ​ផលប៉ះពាល់​វា​ធ្ងន់ធ្ងរ»

តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា សារធាតុ​អាសេនិក​អាច​មាន​នៅ​ក្នុង​ជម្រៅ​យ៉ាងហោចណាស់​ក៏​ពី​៣០ម៉ែត្រ​ឡើង​ទៅ​ក្នុង​ស្រទាប់​ក្រោម​ដី។ ហេតុនេះ​ហើយ អណ្តូង​ដៃ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ចៀស​ផុត​ពី​មាន​សារធាតុ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី មាន​ប្រសាសន៍​ថា អ្នក​ប្រើប្រាស់​ទឹក​ដែល​មាន​សារធាតុ​អាសេនិក រយៈពេល​ចាប់​ពី​៥​ឆ្នាំ ទៅ ១០​ឆ្នាំ​ឡើង​ទៅ អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ​ដូច​ជា ស្បែក ឈាម បេះដូង ថ្លើម សួត ខួរក្បាល ផ្លោកនោម និង​តម្រង​នោម​ជាដើម។ ហើយ​រោគ​សញ្ញា​ដែល​ងាយ​សម្គាល់​គឺ​ស្បែក​ឡើង​ក្រាស់​ដុះ​ពក​លើ​បាត​ដៃ បាត​ជើង ដែល​បញ្ហា​នេះ​បាន​កើត​មាន​រួច​ហើយ នៅ​ឯ​ឃុំ​កំពង់កុង ស្រុក​កោះធំ ខេត្ត​កណ្ដាល។

លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី មាន​ប្រសាសន៍​ដូច្នេះ ៖ «ស្រុក​ណា​ក៏​មើល​មិន​ជា​ដែរ បើ​អាហ្នឹង​វា​ចេញ​មក មិន​មែន​ចេញ​ភ្លាម​ឯណា មិន​មែន​ដូច​រោគ​អេដស៍ ប៉ះ​ភ្លាម​ទៅ​ប៉ុន្មាន​ខែ​វា​ចេញ​សញ្ញា មិន​មែន​ដូច​បូស វា​រោគ​ចូល​ភ្លាម​ឯណា។ អា​នេះ​វា​រ៉ាំរ៉ៃ ចូល​ទៅ​តាម​ទឹក​នោម​អី ទៅ​ក្រលៀន ពោះវៀន ជ្រាប​ចូល​ទៅ​នៅ​ក្នុង​ឈាម​យើង​ទៅ ហើយ​បាន​ជាប់​នៅ​សក់​ឯណោះ។ អ៊ីចឹង​ហើយ​បាន​គេ​កាត់​សក់ ហើយ​បូម​ឈាម​យក​ទៅ​មើល​ហ្នឹង​បាន​ដឹង​ថា អាសេនិក​វា​នៅ​ហ្នឹង ហើយ​មាន​អណ្ដូង​ប៉ុន្មាន​កម្រិត​របស់​គេ។ ហើយ​មហារីក​ជើង​ហ្នឹង ឃើញ​ហើយ ស្រុក​យើង​មិន​ដែល​មាន​ទេ ឃើញ​នៅ​ព្រែក​ឫស្សី​ហ្នឹង យើង​ចៀរ​ចោល​វា​កើត​ទៀត ធ្វើ​ទុក្ខ​ដល់​ក្បាល​ដល់​អី អ៊ីចឹង​បាន​សាហាវ​ណាស់»

អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង លោក សុខ ចំណាន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទោះបី​ជា​គ្មាន​ឧបករណ៍​វិទ្យាសាស្ត្រ​ក៏​គេ​អាច​ដឹង​ថា​ទឹក​នោះ​មាន ឬ​គ្មាន​ជាតិ​អាសេនិក​បាន​ដែរ។ លោក​បាន​ពន្យល់​ពី​ការ​ពិសោធ​យ៉ាង​សាមញ្ញ​ថា ៖ «ទឹក​តែ ពណ៌​ទឹក​តែ​យើង​ញ៉ាំ​បាន តែ​បើ​ជ្រលក់​ទៅ​វា​ឡើង​ពណ៌​ស្វាយ អាហ្នឹង​គឺ​យើង​សន្និដ្ឋាន​ថា វា​អាច​មាន​អាសេនិក​ហ្នឹង។ នេះ​ជា​វិធី​សាមញ្ញ​ដែល​ខ្ញុំ​ក៏​បាន​រៀន​សូត្រ​ពី​ឯកឧត្ដម​ណែនាំ​ដែរ»

លោក សុខ ចំណាន បន្ត​ថា ទឹក​អណ្តូង​ដែល​មាន​ជាតិ​អាសេនិក នៅ​តែ​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​បោក​គក់ ឬ​ងូត​បាន​ដោយ​ពុំ​មាន​បញ្ហា​ឡើយ ហើយ​ក៏​អាច​ប្រើប្រាស់​សម្រាប់​ពាហនៈ​បាន​ដែរ លើក​លែង​តែ​ការ​យក​ទៅ​ពិសា ឬ​ដាំ​ស្ល​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​ក្រុង​ទាំង​៨ ដែល​គេ​រក​ឃើញ​មាន​សារធាតុ​អាសេនិក​ក្នុង​ទឹក​អណ្តូង​ស្នប់​នោះ រួម​មាន​ខេត្ត​កណ្តាល កំពង់ចាម ក្រចេះ កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ក្រុង​ប៉ៃលិន និង​តំបន់​ជាយ​ក្រុង​ភ្នំពេញ៕