យ៉ាងហោចមានមនុស្ស៩នាក់បានស្លាប់ និងផ្ទះសម្បែងអ្នកស្រុករាប់រយខ្នងបានត្រូវបំផ្លាញនៅក្នុងខេត្តកំពង់ធំ ដោយសារខ្យល់ព្យុះកំបុតត្បូងកេតសាណា ដែលបានបោកបក់ចំកាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៩។
មន្ត្រីសាលាខេត្តកំពង់ធំបានឲ្យដឹងថា ក្រុមកាកបាទក្រហមកម្ពុជាប្រចាំខេត្តនេះកំពុងប្រតិបត្តិការចុះចែកជំនួយសង្រ្គោះបន្ទាន់ជាស្បៀងអាហារ និងដំបូលតង់កៅស៊ូ ទៅឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារ នៅស្រុកសណ្តាន់ ដែលកំពុងបាត់បង់ទីជម្រកនិងរងគ្រោះដោយសារខ្យល់ព្យុះ និងកំពុងគំរាមកំហែងបន្តដោយទឹកជំនន់ទៀតផងនោះ។
អភិបាលខេត្តកំពងធំ លោក ឈុន ឈន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញាថា ក្រុមការងារកាកបាទក្រហមកម្ពុជា បានចុះប្រតិបត្តិការទៅដល់កន្លែងកើតហេតុ ហើយបានចែកស្បៀងអាហារនិងដំបូលតង់កៅស៊ូ សម្រាប់ជនបាត់បង់ទីជម្រកកាលពីព្រឹកថ្ងៃពុធ។
មន្ត្រីដដែលបានមានប្រសាសន៍ទៀតថា នៅខេត្តកំពង់ធំ គឺខ្យល់ព្យុះបំផ្លាញផ្ទះជាង៣០០ខ្នងនិងប្រជាពលរដ្ឋ៩នាក់ស្លាប់ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ហើយពេលនេះស្រុកចំនួន៣កំពុងគំរាមកំហែងដោយទឹកជំនន់ ដែលហូរខ្លាំងចេញពីស្ទឹងសែន។
អភិបាលស្រុកសណ្តាន់ លោក ស៊ឹម វណ្ណា បានមានប្រសាសន៍ថា ខ្យល់ព្យុះបានបក់បោកខ្លាំងមកលើឃុំសណ្តាន់ កាលពីវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៩ ខែកញ្ញា បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួនជាង៣២០ខ្នងបានខូចខាត ប្រជាពលរដ្ឋចំនួន៩នាក់ស្លាប់ និងជាង១០នាក់រងរបួស។
មន្ត្រីស្រុកដដែលបានមានប្រសាសន៍ថា ពេលនេះខ្យល់ព្យុះបានស្ងប់ស្ងាត់ហើយ ប៉ុន្តែភ្លៀងនៅតែបន្តឥតដាច់ បណ្តាលឲ្យទឹកចាប់ផ្តើមជន់ បង្ខំឲ្យប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមជម្លៀសទៅរកទីទួល។
លោក ស៊ឹម វណ្ណា មានប្រសាសន៍ដូច្នេះ ៖ «មានភូមិ៣ដែលរងគ្រោះ។ ភូមិទឹកម្លាង ភូមិជរ និងភូមិស្វាយ។ ស្លាប់បាត់បង់ជីវិត៩នាក់ របួសជាង១០នាក់ទៀត ហើយផ្ទះ៣២១ខ្នង»។
អភិបាលស្រុកបារាយណ៍នៃខេត្តកំពង់ធំដែរ គឺលោក ហាក់ ម៉ូវសេង បានមានប្រសាសន៍ថា ឃុំ២នៃស្រុករបស់លោក គឺឃុំចើងដើង និងឃុំគគីរធំ បានប៉ះព្យុះដែរកាលពីម៉ោងជាង៨យប់ ធ្វើឲ្យផ្ទះ៤១ខ្នងបានដួលរលំ និងផ្ទះ១២៥ខ្នងផ្សេងទៀតបានខូចខាតដំបូលនិងជញ្ជាំង។
លោកអភិបាលស្រុកបារាយណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងឃុំនោះ១៥នាក់បានរងរបួស និង២នាក់ក្នុងចំណោមនោះបានរងរបួសធ្ងន់។
ចំណែកនៅខេត្តសៀមរាបពុំទាន់បានជួបប្រទះព្យុះទេ ប៉ុន្តែមន្ត្រីខេត្តបានសម្ដែងការព្រួយបារម្ភបញ្ហាទឹកជំនន់ដោយសារភ្លៀង ហើយនាវាដឹកភ្ញៀវទេសចរណ៍ពីតំបន់ចុងឃ្នៀសតាមទន្លេសាបទៅក្រុងភ្នំពេញ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ទឹកភ្លៀងកាន់តែលិចខ្លាំងទៅៗនៅជុំវិញខេត្តនេះ ហើយប្រសិនបើភ្លៀងនៅតែបន្តគឺជាការគួរឲ្យបារម្ភ ហើយប្រសិនបើស្ថានការណ៍ចាំបាច់ដែលនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ពេលណានោះ ខេត្តនឹងបិទចរាចរណ៍តាមភាពជាក់ស្តែង។
លោក ស៊ូ ភិរន្ទ មានប្រសាសន៍ដូច្នេះថា ៖ «ទឹកកាន់តែឡើងទៅខ្លាំងទៅៗដែរ ទឹកភ្លៀងលិចផ្លូវជាតិលេខ៦ តាមបណ្ដាស្រុកលិចទាំងអស់ដែរ បើសិនភ្លៀង នៅព្យុះជាប់មួយថ្ងៃពីរថ្ងៃនេះ យើងមានការព្រួយបារម្ភដែរ»។
សូមបញ្ជាក់ថាទូរទស្សន៍កម្ពុជា បានចាក់ផ្សាយការប្រកាសអាសន្នរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែសីហាកន្លងមក ឲ្យប្រជាពលរដ្ឋនិងមន្ត្រីរបស់រដ្ឋប្រុងប្រយ័ត្នខ្យល់ព្យុះកំបុតត្បូង ដែលនឹងអាចបោកបក់ចំខេត្តមួយចំនួនភាគឦសាន និងខេត្តតាមតំបន់ទន្លេសាបនៃប្រទេសកម្ពុជា។
ស្ថានភាពខ្យល់ព្យុះនៅក្នុងខេត្តរតនគិរី
ក្រុមអាជ្ញាធរខេត្តរតនគិរីរាយការណ៍ថា មនុស្សម្នាក់ស្លាប់និងផ្ទះសម្បែងរបស់អ្នកភូមិរាប់ពាន់គ្រួសារ រួមទាំងសត្វពាហនៈ ទ្រព្យសម្បត្តិ ស្រូវស្រែកំពុងត្រូវទឹកជំនន់ទន្លេសេសានជន់លិចនៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០០៩។
គ្រោះមហន្តរាយនេះកើតឡើងតាំងពីវេលាទៀបភ្លឺថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០០៩ បន្ទាប់ពីមានភ្លៀងធ្លាក់និងខ្យល់បោកបក់មកលើខេត្តរតនគិរី ធ្វើឲ្យទឹកទន្លស្រែពកជន់លិចយ៉ាងគំហុក នៅបណ្តាភូមិឃុំមួយចំនួននៅស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកតាវែង។
លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាសបញ្ជាក់ ៖ «តាមភូមិតាមអីទឹកនៅតែបន្តឡើងទេ។ សម្ភារៈយើងជម្លៀសមិនទាន់ទេ ហើយផ្ទះមួយចំនួនលិច។ នៅបញ្ហាដោះស្រាយស្បៀងឲ្យគាត់ គាត់វាអត់មានជម្រក»។
លោក ដក់ ស អភិបាលស្រុកអូរយ៉ាដាវបន្ថែម ៖ «៤ភូមិនៅឃុំសេសានហ្នឹងលិចទាំងអស់ បាត់បង់ទាំងគោ ក្របីអីខ្លះ ហើយមនុស្សងាប់ម្នាក់»។
មន្ត្រីអាជ្ញាធរខេត្តរតនគិរី កំពុងធ្វើការសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ហើយក៏ពុំទាន់រកឃើញតួលេខជាក់លាក់ស្តីពីទំហំនៃការខូចខាតពីគ្រោះទឹកជំនន់នោះទេ។
ឈ្មោះ សេវ ឌឿន រស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវបញ្ជាក់ថា អ្នកភូមិកំពុងប្រឈមមុខគ្រោះថ្នាក់ដោយសារទឹកឡើងយ៉ាងគំហុក ហើយសុខចិត្តបោះបង់ចោលទ្រព្យសម្បត្តិ សត្វពាហនៈ រត់មករកទីទួលដើម្បីអាយុជីវិត ក៏ប៉ុន្តែអ្នកភូមិដែលរស់នៅតាមចម្ការឆ្ងាយៗមិនដឹងជោគវាសនាបែបណាឡើយ។
លោក សេវ ឌឿន បញ្ជាក់ដូច្នេះថា ៖ «អត់បាយគ្រប់គ្នា ខ្លះយំខ្លះអី អត់មានតង់ប្រក់អីផង គ្រោះថ្នាក់ដល់ជីវិតដែរតាមមើលពួកនៅចម្ការហ្នុង»។
ចំណែកឈ្មោះ ឱម ណាន រស់នៅភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស បញ្ជាក់ដែរថា អ្នកភូមិកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ដូចគ្នា ៖ «ទីរួមស្រុកលិចជិតដល់ដំបូលហើយ ម្នាក់ៗខ្វែងដៃខ្វែងជើងជញ្ជូនអីវ៉ាន់»។
ប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី លោក ថា ប៊ុនថាក់ មានប្រសាសន៍ថា ស្ថាប័ននេះកំពុងត្រូវការស្បៀងអាហារ សំពត់កៅស៊ូ សម្រាប់កាហូបចុកនិងការស្នាក់នៅបណ្តោះអាសន្នរបស់អ្នកភូមិដែលកំពុងរស់នៅតាមទីទួលសុវត្ថិភាព។
លោក ថា ប៊ុនថាក់ មានប្រសាសន៍ដូច្នេះ ៖ «ធនធានខាងខ្ញុំកាកបាទក្រហមហ្នឹងមានតិច ហើយប្រជាជនកំពុងតែជម្លៀស ហើយឥឡូវប្រជាជនកំពុងតែវឹកវរ»។
លោក អ៊ូ ឡាង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរី ឲ្យដឹងថាទឹកជំនន់នេះបណ្តាមកពីព្យុះដែលមានឥទ្ធិពលរយៈពេលពីរថ្ងៃទៀត។ លោកថាអ្នកភូមិរស់នៅតាមដងទន្លេនៅតំបន់នេះត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្ននិងស្វែងរកទីទួលសុវត្ថិភាព។
លោក អ៊ូ ឡាង បានឲ្យដឹងដូច្នេះ ៖ «ព្យុះមកពីសមុទ្រចិន មកពីហ្វ៊ីលីពីនមក។ ខាងរដ្ឋអំណាចគាត់មានវិធានការរៀបចំជម្លៀសប្រជាជនហើយ»។
រហូតមកទល់នឹងរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០០៩ ភ្លៀងនៅតែបន្តធ្លាក់ ទឹកទន្លេនៅតែបន្តឡើង ហើយកំពុងឈានលិចស្រុកចំនួនបីទៀត គឺស្រុកវ៉ឺនសៃ ស្រុកលំផាត់ និងស្រុកកូនមុំ។ ចំណែកតាមកំណាត់ផ្លូវជាតិលេខ៧៨ ពីខេត្តរតនគិរីទៅខេត្តស្ទឹងត្រែង ដើមឈើបានបាក់រលំជាច្រើនកន្លែងធ្វើឲ្យចរាចរណ៍ជួបការលំបាក។
ផ្ទះ២ខ្នងនិងទូកប្រមាណ១៥គ្រឿងត្រូវបំផ្លាញដោយសារខ្យល់ព្យុះនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនិងទូកតូចធំប្រមាណ១៥គ្រឿងត្រូវបានខ្យល់ព្យុះកំបុតត្បូងបោកបក់បណ្តាលឲ្យក្រឡាប់លិចក្នុងទឹកនៅឯឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តែពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

លោក ហេង មនោ មេឃុំផាត់សណ្តាយ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុដែលបានទៅផ្ទាល់ដល់ទីកើតហេតុនោះថា នៅម៉ោងប្រមាណ១:១៥នាទីអធ្រាត្រថ្ងៃទី២៩ ឆ្លងចូលថ្ងៃ៣០ ខែកញ្ញា មានខ្យល់ព្យុះកំបុតត្បូងមួយលាយឡំដោយភ្លៀងផ្គរបក់សន្ធាប់យ៉ាងខ្លាំងមកលើទីប្រជុំជនឃុំផាត់សណ្តាយ ហើយរហូតមកដល់ម៉ោង៣:៣០នាទីថ្ងៃដដែលនេះ សន្ទុះខ្យល់គ្រាន់តែបន្ថយឥទ្ធិពលបន្តិច ប៉ុន្តែនៅតែមានសន្ទុះខ្លាំងនៅឡើយ។
លោក ហេង មនោ បានឲ្យដឹងថា ៖ «ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋយើងនៅក្នុងភូមិផ្សោតហ្នឹងអស់២ខ្នង ផ្ទះបណ្ដែតទឹកក្រឡាប់បាត់បង់សម្ភារៈនៅក្នុងផ្ទះទាំងអស់។ ខាងបឹងស្បូវហ្នឹង ភូមិមួយតូចនៅកណ្ដាលព្រៃហ្នឹងគឺមានបាក់ផ្ទះមួយដែរ ហើយនៅតាមភូមិប្រជាពលរដ្ឋផ្សេងៗទៀតហ្នឹងមានលិចទូកហើយនិងកាណូតមួយចំនួនទៀត»។
លោក ហ៊ន ម៉ៃ ប្រជានេសាទមួយរូបដែលកំពុងទាញយឹតខ្សែពួរដែលចងភ្ជាប់ផ្ទះគាត់ទៅនឹងបង្គោលមួយបោះជាប់ក្នុងទឹកស្ទឹងសែននោះ មានប្រសាសន៍សម្ដែងពីក្តីកង្វល់ចំពោះខ្យល់ព្យុះដែលកំពុងមានឥទ្ធិពលខ្លាំងក្លានៅឡើយនោះថា ៖ «ផ្ទះដែលនៅបណ្ដែតលើទឹកហ្នឹងគឺជួបបញ្ហាច្រើនណាស់ពេលខ្យល់ព្យុះម្ដងៗ។ ជួបការលំបាកច្រើនណាស់ពេលខ្យល់ព្យុះនេះ ៥-៦ថ្ងៃរកអីក៏រកមិនបាន តែត្រីរកហូបផ្ទាល់ខ្លួនក៏រកមិនបានផង»។
អ្នកស្រី ចាន់ អ៊ី រៀបរាប់បន្ថែមទាំងទឹកមុខនៅមានការភ័យខ្លាចនៅឡើយពីសកម្មភាពខ្យល់ព្យុះដែលបានបក់បោកមកលើផ្ទះបណ្តែតទឹករបស់គាត់ថា ៖ «មើលខ្សែ រៀបចំចងថែមខ្សែទាំងយប់ហ្នឹងទៅ។ បាចទឹកទូក អត់បានឈប់សម្រាក ខ្លាចលិច។ វាភ្លៀងរហូត ខ្យល់រហូត រលកខ្យល់រហូតអ៊ីចឹងទៅ ចេះតែខ្លាចក្រែងទៅ ប្រយ័ត្នខ្សែចងថែមអី ខ្លាចវាដាច់»។
គួរបញ្ជាក់ថា នៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលខ្មែរបានចេញសេចក្តីណែនាំលេខ០២សណនស្តីពីការត្រៀមវិធានការទុកជាមុនចំពោះព្យុះកំបុតត្បូងឈ្មោះ កេតសាណា។ សេចក្តីណែនាំនេះបានបញ្ជាក់ថា ព្យុះកំបុតត្បូងឈ្មោះ កេតសាណា នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយចាប់ពីម៉ោង១រំលងអធ្រាត្រថ្ងៃទី២៩ កញ្ញាទៅ វានឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងមកលើព្រះរាជាណាចក្រកម្ពុជា។
តំបន់ដែលអាចទទួលឥទ្ធិពលខ្លាំងរួមមានបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដូចជា រតនគិរី, មណ្ឌលគិរី, ក្រចេះ, ស្ទឹងត្រែង, កំពង់ធំ និងកំពង់ចាម។ លុះថ្ងៃ៣០ កញ្ញា ព្យុះនេះនឹងមានឥទ្ធិពលទៅលើតំបន់ពាយព្យនៃប្រទេស ដែលរួមមានខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន៕