មន្ត្រី៖ បារម្ភ​ខ្លាច​បាត់បង់​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ

សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រពៃណី វប្បធម៌​នានា​ទាក់​ទិន​ទៅ​នឹង​ការ​រស់​នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់ ជា​ពិសេស​សម្រាប់​បម្រើ​ដល់​ការ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ របស់​ភ្ញៀវ។
ដោយ សួន សុផលមុន្នី
2013.01.04
បន្ទាយឆ្មារ ៣០៥ ប្រាសាទ​បន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខែត្រ​បន្ទាយមានជ័យ។
RFA Photo/Savyouth

ប៉ុន្តែ មន្ត្រី​សហគមន៍​បាន​សម្ដែង​ក្ដី​បារម្ភ​ថា នៅ​ថ្ងៃ​អនាគត សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ដែល​ចង​ក្រង​ឡើង​ដោយ​ក្រុម​អ្នក​ភូមិ​នោះ នឹង​ត្រូវ​បាត់​បង់។

តើ​មូលហេតុ​អ្វី​បាន​ជា​សហគមន៍​នោះ​មិន​អាច​រក្សា​លំនឹង​របស់​ខ្លួន​បាន?

សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ គឺ​ជា​ឈ្មោះ​សហគមន៍​មួយ​ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ បច្ចុប្បន្ន សហគមន៍​នេះ​មាន​សកម្មភាព​ជាច្រើន​សម្រាប់​បម្រើ​សេវាកម្ម​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។ សេវាកម្ម​ទាំង​នោះ​មាន​ដូច​ជា សេវាកម្ម​មគ្គុទ្ទេសក៍ សេវាកម្ម​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ សេវាកម្ម​ម្ហូប​អាហារ និង​ផ្ទះ​សំណាក់​ជា​ដើម។

ផ្ទះ​សំណាក់​សហគមន៍​ចំនួន ៧​ខ្នង ផ្ទះ​សហគមន៍​ខ្លះ​មាន​បួន​បន្ទប់ ផ្ទះ​ខ្លះ​ទៀត​មាន​បី​បន្ទប់ និង​ពីរ​បន្ទប់ សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់​អាស្រ័យ​នៅ​ពេល​ពួក​គេ​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ។ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ចង​ក្រង​ឡើង​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ប្រជាពលរដ្ឋ​ដែល​ចូល​រួម​មាន​ចំនួន ៤​ភូមិ​នៅ​ជុំវិញ​ប្រាសាទ​បន្ទាយឆ្មារ។

លោក បៀង ស៊្រួន ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ បាន​ថ្លែង​ថា សហគមន៍​បាន​ផ្ដល់​សេវាកម្ម​ដូច​ជា​ការ​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ ផ្ទះ​ស្នាក់​អាស្រ័យ ការ​ជិះ​រទេះ​គោ កង់​សម្រាប់​ជួល ម៉ាស៊ីន​គោយន្ត និង​អាហារ​កញ្ចប់​សម្រាប់​ភ្ញៀវ នៅ​ពេល​ពួក​គេ​ទៅ​ទស្សនា​នៅ​តំបន់​ឆ្ងាយ​ពី​ប្រាសាទ​បន្ទាយឆ្មារ ដូច​ជា​នៅ​ប្រាសាទ​បន្ទាយ​ទ័ព អាង​មេ​បុណ្យ អាង​ជើង​គ្រោះ។

លោក​បន្ត​ថា ផ្ទះ​សំណាក់​របស់​សហគមន៍​មាន​តម្លៃ​ត្រឹម​តែ ៧​ដុល្លារ​ក្នុង​មួយ​យប់។ តម្លៃ​នេះ​គិត​ស្មើ​គ្នា​ទាំង​អស់ ទាំង​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ជាតិ។ ថ្លៃ​ម្ហូប​អាហារ​សម្រាប់​ភ្ញៀវ​ម្នាក់ សហគមន៍​គិត​ថ្លៃ ៤​ដុល្លារ ដោយ​មាន​ម្ហូប​ខ្មែរ​ពីរ​មុខ អម​ទៅ​ដោយ​បង្អែម​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត៖ «ព្រោះ​ការ​រៀបចំ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ នៅ​តំបន់​នេះ គឺ​ចង់​បង្ហាញ​ពី​អ្វី​ដែល​ជា​របស់​ខ្មែរ របស់​មូលដ្ឋាន​ផ្ទាល់​តែ​ម្ដង ព្រោះ​ចុងភៅ​មួយ​ចំនួន​ដែល​យើង​បាន​បញ្ជូន​ទៅ​ទីក្រុង​ភ្នំពេញ បាន​ចូល​រួម​វគ្គ​តាម​សណ្ឋាគារ​មួយ​ចំនួន​ដែរ»

បច្ចុប្បន្ន សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ មាន​សមាជិក​ចំនួន ៧៤​នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ម្ចាស់​ផ្ទះ ចុងភៅ គណៈកម្មការ ក្រុម​មគ្គុទ្ទេសក៍ ក្រុម​ភ្លេង​ប្រពៃណី​បុរាណ​ខ្មែរ ក្រុម​នារី​បុក​អំបុក​ខ្មែរ ក្រុម​បរ​រទេះគោ ក្រុម​បរ​គោយន្ត។ សម្ភារៈ​របស់​សហគមន៍​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ​បេតិកភណ្ឌ​ពិភពលោក។ អង្គការ​នេះ​បាន​ឧបត្ថម្ភ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ លើ​សម្ភារៈ​សម្រាប់​ដឹក​ជញ្ជូន ដូច​ជា​គោយន្ត។

លោក បៀង ស៊្រួន ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ បាន​ថ្លែង​ថា ការ​ទូទាត់​ចំណាយ​ទៅ​លើ​ដំណើរ​ការ ទៅ​លើ​ប្រាក់​ឈ្នួល និង​សកម្មភាព​នានា សហគមន៍​ជា​អ្នក​ទទួល​ខុស​ត្រូវ៖ «ដូច​ជា​ប្រាក់​ចំណាយ​កម្មករ​ដែល​ដឹក យើង​ប្រមូល​ពី​គាត់​មក យក​មក​ទូទាត់​ឲ្យ​គាត់ សល់​ពី​ចំណាយ​ផ្សេងៗ ចំណាយ​ទៅ​លើ​ការ​ថែ​រក្សា​គោយន្ត ចាក់​ប្រេង​ចាក់​ម៉ាស៊ូត​អី​ហ្នឹង។ ប៉ុន្តែ​គម្រោង​មួយ​ហ្នឹង យើង​មិន​ទាន់​ហ៊ាន​ថា​ជោគជ័យ ១០០% ទេ ព្រោះ​កន្លង​មក​យើង​មាន​ការ​ជួប​ប្រទះ​នូវ​ការ​ខ្វះ​ខាត ដូច​ជា​អ្នក​ប្រើប្រាស់​មិន​ទាន់​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​របស់​យើង។ អ្នក​ប្រើ​ប្រាស់​ផ្នែក​ខាង​ធុង​សំរាម​អត់​ទាន់​បាន​គ្រប់គ្រាន់​ទេ។ អ៊ីចឹង នៅ​ពេល​យើង​ត្រូវ​ការ​លុយ​ទូទាត់​សម្រាប់​ឲ្យ​អ្នក​ដឹក អ្នក​ធ្វើ​ការ​ហ្នឹង គឺ​យើង​ត្រូវ​ប្រើ​មូលនិធិ​មួយ​ចំនួន​ពី​មូលនិធិ​សល់​ពី​វិស័យ​ទេសចរណ៍​ហ្នឹង យក​ទៅ​ទូទាត់​ឲ្យ​គាត់​ដែរ»

សហគមន៍​បាន​ឲ្យ​ដឹង​ថា តម្លៃ​កង់​សម្រាប់​ជួល​ក្នុង​មួយ​គ្រឿង គឺ​គេ​ជួល​ឲ្យ​ភ្ញៀវ​មួយ​លើក​ថ្លៃ ១​ដុល្លារ​កន្លះ ឬ​មួយ​ដុល្លារ​ហា​សិប​សេន ស្នើ ៦​ពាន់​ប្រាក់​រៀល។ ប៉ុន្តែ សហគមន៍​មាន​កង់​ចំនួន​តែ ៥​ទេ។ នៅ​ពេល​មាន​ភ្ញៀវ​ត្រូវ​ការ​ជួល​កង់​ច្រើន សហគមន៍ និង​លៃលក​ជួល​កង់​របស់​សិស្ស​សាលា កង់​របស់​អ្នក​ភូមិ​បន្ថែម​ទៀត។ សេវា​មគ្គុទ្ទេសក៍​វិញ សហគមន៍​បាន​ផ្ដល់​សម្រាប់​បកប្រែ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​ទាក់​ទិន​ប្រាសាទ​បន្ទាយឆ្មារ។ ពួក​គេ​អាច​និយាយ​ពី​វប្បធម៌ និង​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ។

ភ្ញៀវ​បរទេស​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ ស្នាក់​នៅ​មួយ​យប់ ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ។ ពួក​គេ​បាន​ប្រើ​សេវាកម្ម​របស់​សហគមន៍ ដូច​ជា​ការ​ទទួល​ទាន​អាហារ ស្ដាប់​ភ្លេង​ប្រពៃណី​បុរាណ​ខ្មែរ។

លោក បៀង ស៊្រួន បញ្ជាក់​ថា ភ្ញៀវ​បរទេស​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ គឺ​ពួក​គេ​បាន​កក់​កន្លែង​ស្នាក់​នៅ​ជាមួយ​សហគមន៍ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហៅ​ថា​អ៊ីមែល។ ភ្ញៀវ​មួយ​ចំនួន ពួក​គេ​បាន​កក់​ដោយ​ផ្ទាល់​តាម​ទូរស័ព្ទ​របស់​សហគមន៍។ សហគមន៍​ឲ្យ​ដឹង​ថា សម្រាប់​ការ​ស្នាក់​នៅ គឺ​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​របស់​ភ្ញៀវ។

លោក បៀង ស៊្រួន ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ បាន​ថ្លែង​ថា ភ្ញៀវ​អឺរ៉ុប មួយ​ចំនួន ពួក​គេ​ចូល​ចិត្ត​ស្នាក់​នៅ​ដោយ​ភាព​ស្ងប់ស្ងាត់​នៅ​ក្រោយ​ពី​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួច ប៉ុន្តែ​នៅ​មាន​ភ្ញៀវ​មួយ​ចំនួន ដូច​ជា​ជន​ជាតិ​កូរ៉េ និង​ជន​ជាតិ​បារាំង នៅ​ពេល​ពួក​គេ​ទទួល​ទាន​អាហារ​ពេល​ល្ងាច សហគមន៍​បាន​ប្រគំ​ភ្លេង​បុរាណ​ខ្មែរ​កំដរ។ សហគមន៍​តែង​តែ​ផ្ដល់​សេវា​នៅ​ពេល​ភ្ញៀវ​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច នៅ​ពេល​ភ្ញៀវ​ស្ដាប់​កម្សាន្ត​នោះ សហគមន៍​ក៏​មាន​កម្មវិធី​រាំ​លេង​កម្សាន្ត​ជាមួយ​គ្នា ទាំង​ភ្ញៀវ ទាំង​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ភូមិ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ម៉ៅ ស៊ី មន្ត្រី​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ នៅ​មាន​ចំនួន​តិចតួច​បំផុត។ មូលហេតុ ដោយ​សារ​នៅ​តំបន់​នោះ​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ ទាំង​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​អ្នក​ភូមិ​ពុំ​មាន​ភ្លើង​អគ្គិសនី​របស់​រដ្ឋ​ប្រើ​ប្រាស់​នៅ​ឡើយ៖ «មក​ដល់​ពេល​នេះ កម្រិត​នៃ​ភ្ញៀវ​ទេសចរ​មាន​កម្រិត​តិច​ណាស់ បើ​យើង​អាច​ពិនិត្យ​មើល​តាម​ការ​គ្រប់គ្រង​របស់​យើង​ខ្ញុំ​ក្នុង​មួយ​ឆ្នាំ អាច​បាន​ពី ៥០០​ទៅ ៦០០​នាក់។ វា​អាស្រ័យ​ទៅ​លើ​ផ្លូវ និង​ប្រព័ន្ធ​ព័ត៌មាន។ ឥឡូវ​នេះ គេ​កាន់​តែ​ស្គាល់​ច្បាស់​ហើយ ប្រាសាទ​បន្ទាយឆ្មារ តាម​ប្រព័ន្ធ​វេបសាយ (Website) ប្រព័ន្ធ​ហ្វេសបុក (Facebook) អី​អ៊ីចឹង​ទៅ។ យើង​អាច​ទូលំ​ទូលាយ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ទាំង​អស់​ហ្នឹង»

ចំនួន​ភ្ញៀវ​ទេសចរ​តិច មិន​អាច​ធ្វើ​ឲ្យ​សហគមន៍​រក​ចំណូល​បាន​ច្រើន​នោះ​ទេ ហើយ​សហគមន៍​នេះ​គ្រាន់​តែ​បង្កើត​ឡើង​ដើម្បី​បម្រើ​ភ្ញៀវ​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា នៅ​ពុំ​ទាន់​បាន​បោះ​ជំហាន​ទៅ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​បន្ទាយឆ្មារ ឲ្យ​បាន​ខ្លាំងក្លា​នៅ​ឡើយ។

ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ អាច​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ទៅ​ថ្ងៃ​អនាគត។

ប្រធាន​សហគមន៍ លោក បៀង ស៊្រួន បាន​ថ្លែង​ថា មគ្គុទ្ទេសក៍​របស់​សហគមន៍​បាន​ទទួល​ការ​ហ្វឹកហាត់​ផ្នែក​មគ្គុទ្ទេសក៍​រួច​រាល់​រយៈពេល​ជិត​មួយ​ឆ្នាំ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​អង្គការ​មួយ​ ឈ្មោះ​ថា អង្គការ​គាំពារ​មរតក។ អង្គការ​នេះ បាន​បញ្ជូន​គ្រូ​ជន​ជាតិ​អាម៉េរិកាំង ទៅ​បង្រៀន​ភាសា​អង់គ្លេស។ ប៉ុន្តែ​ជា​អកុសល អង្គការ​នេះ​ពុំ​បាន​ជួយ​ចប់​ចុង​ចប់​ដើម​ទេ ដោយ​បញ្ជាក់​ប្រាប់​សហគមន៍​ថា អង្គការ​ជួយ​បាន​តែ​ប៉ុណ្ណឹង សូម​ឲ្យ​សហគមន៍​ដោះស្រាយ​ខ្លួន​ឯង​ទៅ​តាម​រយៈ​ការ​ពឹងពាក់​ស្ថាប័ន​របស់​រដ្ឋ ដូច​ជា​មន្ទីរ​ទេសចរណ៍ និង​ក្រសួង​ទេសចរណ៍ ជាដើម។

បញ្ហា​នេះ ធ្វើ​ឲ្យ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ មើល​ឃើញ​ថា នៅ​ពេល​អនាគត តំបន់​ប្រាសាទ​បន្ទាយឆ្មារ នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ពេញ​ទំហឹង មាន​ផ្លូវ​ស្រួល​ធ្វើ​ដំណើរ ភ្ញៀវ​បរទេស​សម្រុក​ទៅ​កម្សាន្ត​ច្រើន។ នៅ​ពេល​នោះ គេ​នឹង​បញ្ជូន​មគ្គុទ្ទេសក៍​ទៅ​ពី​ទីក្រុង​ភ្នំពេញ​សម្រាប់​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ ហើយ​មគ្គុទ្ទេសក៍​របស់​សហគមន៍ និង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ នឹង​ត្រូវ​បាត់​បង់​ការងារ​ជា​ពុំខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។